បារាំង​កំពុង​ដាក់​ពង្រាយ​នាវា​ចម្បាំង​១២​គ្រឿង និង​កំពុង​​ពិចារណា​​ការ​ពារ​នាវា​ដឹក​ប្រេង​នៅ​ច្រក​សមុទ្រ Hormuz

ប្រទេស​បារាំង កំពុង​ដាក់​ពង្រាយ​នាវា​ចរណ៍​ប្រហែល ១២ គ្រឿង រួម​ទាំង​ក្រុម​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​មេឌី​ទែ​រ៉ា​ណេ សមុទ្រ​ក្រហម និង​អាច​ឈាន​ទៅ​ដល់​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ផ្នែក​​ការ​​ពារ​​ដល់​សម្ព័ន្ធ​មិត្ត​ ដែល​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា។

ថ្លែងនៅក្នុងប្រទេសស៊ីប មុនពេលទៅទស្សនានាវាផ្ទុកយន្តហោះ Charles de Gaulle ដែលបានមកដល់​សមុទ្រមេឌី​ទែរ៉ា​ណេ​​ភាគខាងកើត នាចុងសប្តាហ៍នេះ ប្រធានាធិបតី Emmanuel Macron បានព្យាយាម​ផ្ដល់ភាពជឿជាក់ឡើង​វិញ​ដល់សមភាគីស៊ីប បន្ទាប់ពីដ្រូនជាច្រើនត្រូវបានស្ទាក់ចាប់បាន ខណៈ​កំពុងហោះសំដៅទៅរកកោះនេះកាល​ពីសប្តាហ៍មុន។

លោក Macron បានមានប្រសាសន៍បន្ទាប់ពីជំនួបជាមួយប្រធានាធិបតី Nikos Christodoulides និងនាយករដ្ឋមន្ត្រី​ក្រិក Kyriakos Mitsotakis នៅទីក្រុង Paphos ថា៖ «នៅពេលដែលប្រទេសស៊ីបរងការវាយ​ប្រហារ នោះអឺរ៉ុបក៏​រង​ការ​វាយ​ប្រហារដែរ»។

បណ្តាប្រទេសនៅអឺរ៉ុបភាគច្រើន ត្រូវបានគេផាត់ចេញឱ្យនៅក្រៅ ខណៈដែលជម្លោះរវាងសហរដ្ឋអាមេ​រិក អ៊ីស្រា​អែល និងអ៊ីរ៉ង់ ​បានកើនឡើងកម្ដៅ ដែលប៉ះពាល់ដល់បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ និងអូសទាញប្រទេស​លីបង់ឱ្យធ្លាក់ចូលក្នុងសមរភូមិ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hezbollah ដែល​គាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារ​លើអ៊ីស្រាអែល។

ប៉ុន្តែជាមួយនឹងផ្លូវនាវាចរណ៍នៅមជ្ឈិមបូព៌ាដែលកំពុងរងផលប៉ះពាល់ ហើយតម្លៃប្រេងបានហក់ឡើងខ្ពស់​ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល មហាអំណាចអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាថាតើត្រូវការពារផល​ប្រយោជន៍របស់ពួក​គេ​ដោយ​របៀបណា។

លោក Macron បានមានប្រសាសន៍ថា៖ «គោលបំណងរបស់យើងគឺរក្សាជំហរការពារយ៉ាងតឹងរ៉ឹង ដោយ​ឈរ​ជាមួ​យ​បណ្តាប្រ​ទេស​ទាំង​អស់ ដែលរងការវាយប្រហារដោយអ៊ីរ៉ង់នៅក្នុងការសងសឹករបស់​ខ្លួន ដើម្បីធានានូវភាពជឿជាក់របស់យើង និងដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពតានតឹងក្នុង​តំបន់។ ជាចុងក្រោយ យើងមានគោលដៅធានា​នូវសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខផ្លូវទឹក»។

សកម្មភាពកងទ័ពជើងទឹកចម្បាំងរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់នេះ គឺផ្តោតលើប្រតិបត្តិការ Aspides (មាន​ន័យ​ថា “ខែល” ជាភាសាក្រិក) ដែលជាបេសកកម្មជើងទឹកនៅសមុទ្រក្រហមត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ ២០២៤ ដើម្បី​ការពារនាវាពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និង​គាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ក្នុងសង្គ្រាម​ជាមួយអ៊ីស្រាអែល។

លោក Mitsotakis បានលើកឡើងថា៖ «ខ្ញុំក៏នឹងចូលរួមជាមួយសហការីអឺរ៉ុបដទៃទៀត ដើម្បីពង្រឹងប្រតិ​បត្តិ​ការ Aspides ជាមួយនឹងនាវាបន្ថែមទៀត»។ លោកបន្តថា៖ «មានពួកយើងតិចតួចណាស់ដែលកំពុង​ចូល​រួម ប៉ុន្តែនៅទីនេះផងដែរ យើងនឹងត្រូវបង្ហាញសាមគ្គីភាពអឺរ៉ុបឱ្យកាន់តែជាក់ស្តែង»។

លោក Macron ដែលកងទ័ពជើងទឹករបស់លោកបានផ្តល់នាវាចម្បាំងមួយគ្រឿងរួចហើយសម្រាប់បេសកកម្មនោះ បាន​មានប្រសាសន៍ថា នឹងមាននាវាសរុបចំនួនពីរគ្រឿង ប៉ុន្តែជារួម បារាំងនឹងដាក់ពង្រាយ​នាវាចម្បាំងចំនួន ៨ គ្រឿង ក្រុមនាវាផ្ទុកយន្តហោះ និងនាវាផ្ទុកឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងទៅ​កាន់តំបន់នោះ។

លោក Macron បានបញ្ជាក់ថា យុទ្ធនាការនោះអាចនឹងរួមបញ្ចូលទាំងច្រកសមុទ្រ Hormuz ផងដែរ ដើម្បីគាំទ្រដល់នាវាពាណិជ្ជកម្ម និងនាវាដឹកប្រេងដែលជាការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តើរៗ ឱ្យបានឆាប់បំផុតតាម​ដែល​អាចធ្វើទៅបាន បន្ទាប់ពីដំណាក់កាលជម្លោះដ៏ស្រួចស្រាវបំផុតបានបញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ