ក្រុមអ្នកឃ្លាំមើល ហៅការលើកឡើងរបស់ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលថា ផ្ទះតាម៉ុក មិនបានបាត់បង់ទៅប្រទេសថៃដូចការអះអាងនោះ ជាការព្យាយាមបិទបាំងកំហុសរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហើយថាការណ៍នេះ មេដឹកនាំនឹងកាត់ដីតាមព្រំដែនឱ្យទៅថៃ ដើម្បីការពារអំណាច ដូចធ្លាប់ធ្វើជាមួយវៀតណាម កន្លងមកដែរ។
ការលើកឡើងរបស់អ្នកតាមដាននេះ ក្រោយពីរូបភាពវីដេអូមួយ ត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គមថ្មីៗនេះ ដែលវីដេអូនោះ មានរូប លោក សុខ ទូច ឈរជាប់របាំងព្រំដែន ហើយអត្ថាធិប្បាយថា ផ្ទះតាម៉ុកមិនត្រូវបានថៃដណ្តើមយកទៅគ្រប់គ្រងដូចការអះអាងកន្លងមកនោះទេ។
វីដេអូមួយនោះ ត្រូវគេដឹងថា លោក សុខ ទូច ថតនៅច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៩ ខែមីនា ដោយអះអាងថា មិនមានទាហានថៃ គ្រប់គ្រងផ្ទះតាម៉ុកនៅច្រកជាំស្រងាំ ស្រុកអន្លង់វែង ដូចការផ្សព្វផ្សាយនោះទេ។
លោក សុខ ទូច ថ្លែងថា៖ «មកដល់នេះ លឺគេនិយាយថាផ្ទះតាម៉ុកយកអី ផ្ទះតាម៉ុកនៅក្រោមឯណោះ! បាទ នៅទេអត់ទេ នេះគឺព្រំដែនរវាងកម្ពុជា-ថៃ យើងបានដាក់បន្លាលួសហ្នឹង គឺជារបងព្រំដែនអន្តរជាតិ។ អញ្ចឹងនៅច្រកជាំស្រងាំ គឺនៅទេ អញ្ចឹងកុំចេះតែថាអី»។
វីអូឌី មិនអាចរកការបញ្ជាក់បន្ថែមពីលោកបណ្ឌិត សុខ ទូច បានទេ នៅថ្ងៃទី១០ ខែមីនានេះ ដើម្បីចង់ដឹងថា តើការដែលលោកនិយាយនៅចង់សំដៅទៅលើភាគីណាមួយ។
ចំណែក តំណាងរាស្ត្របក្សប្រឆាំង និងជាអ្នកតាមដានកិច្ចការព្រំដែន លោក អ៊ុំ សំអាន ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១០ ខែមីនា នេះថា លោក សុខ ទូច និយាយត្រូវមួយផ្នែក ប៉ុន្តែព្យាយាមបិទបាំងការបាត់បង់ទឹកដីច្រើនកន្លែងទៀត រួមទាំងទីតាំងផ្ទះតាម៉ុក។
បើតាមលោក អ៊ុំ សំអាន ការនិយាយរបស់លោក សុខ ទូច បានចូលរួមបំភ្លៃការពិត ដើម្បីបិទបាំងភាពកម្សោយរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើឱ្យបាត់ទឹកដីខ្មែរទៅថៃចំនួន៤៥ទីងតាំង។ លោកថា ផ្ទះតាម៉ុកមាន៣ទីតាំង មួយទីតាំងខ្មែរគ្រប់គ្រង ចំណែក២ទីតាំងទៀត ត្រូវថៃដណ្តើមគ្រប់គ្រងរួចហើយ។
មួយវិញទៀត លោកថា ការលើកឡើងរបស់លោក សុខ ទូច ជាសញ្ញាប្រាប់ថា រដ្ឋាភិបាលកំពុងព្យាយាមបិទបាំងការបាត់បង់ទឹកដីទៅប្រទេសថៃ ហើយថា វាក៏ជាការផ្តល់សញ្ញាថា រដ្ឋាភិបាលនឹងកាត់ដីឱ្យថៃ ដើម្បីតែរក្សាអំណាច ដូចមេដឹកនាំ ធ្លាប់ធ្វើជាមួយវៀតណាម កន្លងមកដែរ ។
លោក អ៊ុំ សំអាន និយាយថា៖ «ឥឡូវមិនដឹង សុខ ទូច គាត់ធ្លាប់និយាយទៅ លោក ហេង សំរិន ធ្លាប់និយាយអញ្ចឹងថា លោក ហេង សំរិន ហ្នឹងទៅយកដីវៀតណាមមកទេ ផ្ទះលោក ហេង សំរិន យកដីយួន មានន័យថា យើងខ្មែរយើងហ្នឹងទៅយកដីវៀតណាម។ នេះបែបចង់ថាខ្មែរយើងទៅយកដីសៀមទៀត តិចទៀតប្រហែលអាចចោទខ្មែរយើង ប្រជាពលរដ្ឋទៅរស់នៅលើដីសៀមទៀត ភូមិជោគជ័យ ភូមិព្រៃចាន់ ឬក៏បឹងត្រកួន តិចទៀតទាមទារមិនបាន និយាយអញ្ចឹងដែរ លោក សុខ ទូច»។
សម្រាប់ លោក អ៊ុំ សំអាន ផ្ទះតាម៉ុក មាននៅច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនបានបាត់ទៅថៃទេ ព្រោះវាចូលជ្រៅក្នុងដីខ្មែរណាស់ ចំណែកពីរទីតាំងទៀតនៅខេត្តព្រះវិហារ ត្រូវថៃដណ្តើមគ្រប់គ្រង។
លោកថា ការលើកឡើង របស់លោក សុខ ទូច ដើម្បីលើកជើងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងស្អំចិត្តពលរដ្ឋថា ១៤ទីតាំងដែលបាត់នោះ មិនមានផ្ទះតាម៉ុកទេ។ លោកយល់ថា ការចេញមុខរបស់លោក សុខ ទូច ដើម្បីច្រានចោលការផ្សព្វផ្សាយរបស់លោកកន្លងមក ដោយសាររដ្ឋាភិបាលអសមត្ថភាពទាមទារទឹកដីមកវិញ ព្រមទាំងចង់បិទមាត់ពលរដ្ឋ ឬអាចបន្តចាប់ពលរដ្ឋដាក់គុកថែមទៀត ចំពោះអ្នកណាដែលហ៊ាននិយាយថា រដ្ឋាភិបាលធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃ ដូចដែលរដ្ឋាភិបាលធ្លាប់ចាប់ពលរដ្ឋដាក់គុក ចំពោះអ្នកដែលនិយាយរឿងធ្វើឱ្យបាត់បង់ទឹកដីទៅវៀតណាម ។
លោកថា៖ «អាហ្នឹងវាហានិភ័យនឹងធ្វើឲ្យបាត់បង់ទឹកដីយើងមិនត្រឹមតែ ១៤ទីតាំងហ្នឹងទេ រហូតដល់បាត់ ៤៥ទីតាំងហ្នឹង មិនអាចទាមទារមកវិញបានទេ អាហ្នឹង។ ដូច្នេះកុំព្យាយាមបំបិទមាត់ប្រជាពលរដ្ឋមិនឲ្យនិយាយការពិត ហើយព្យាយាមដោះស្រាយបញ្ហាទាមទារទឹកដីហ្នឹងមកវិញ តាមរយៈការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជាជាងបំបិទមាត់ប្រជាពលរដ្ឋ ដូចដែលដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម»។
យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានលើកឡើងនៅថ្ងៃទី១០ខែមីនានេះថា កម្ពុជាមិនជ្រើសរើសយកការប្រើកងកម្លាំងដើម្បីដោះស្រាយបញ្ហាព្រំដែនទេ ហើយបន្តអះអាងថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង ទោះបីយោធាថៃពេលនេះ កំពុងសម្រុកមិនដកដៃរាយលួសបន្លាពង្រីកព្រំដែន ដោយឯកតោភាគី រំលោភយកដីខ្មែរ ទាំងគ្មានការរំខានពីកម្ពុជាក្តី។
លោកថា៖ «ការស្វែងការបទឈប់បាញ់ និងការគោរព និងអនុវត្តបទឈប់បាញ់ គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្ស ពោលគឺជាការបញ្ចប់នូវការស្លាប់ការរងរបួស និងការខូចខាតផ្សេងទៀត មកលើប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូតវិញ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីថា ការថ្លែងរបស់លោក សុខ ទូច គឺដើម្បីបន្លំស្ថានការណ៍ប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលបញ្ជាឱ្យគាត់ទៅនិយាយប៉ុណ្ណោះ។ មានន័យថា គេឱ្យលោក សុខ ទូច ទៅសម្ដែងមួយឈុតនៅអន្លង់វែង ហើយលោកស្នើកុំឱ្យពលរដ្ឋចាប់អារម្មណ៍រឿងនេះ ព្រោះលោក សុខ ទូច គ្រាន់តែនិយាយការពារតួនាទី និងលាងភាពអាម៉ាស់របស់រដ្ឋាភិបាល ចំពោះមុខពលរដ្ឋខ្មែរ ដែលថៃកំពុងឈ្លានពានកាន់កាប់ដីខ្មែរទេ។
លោក ម៉ែន ណាត ថ្លែងថា៖ «គេឱ្យគាត់ទៅនិយាយអញ្ចឹងទៅ ដើម្បីលាងមុខលាងមាត់ កុំឱ្យថា រដ្ឋាភិបាលហ្នឹងវាចាញ់ប្រៀបថៃខ្លាំងពេក វាអន់ពេក ហើយថា ចង់ឱ្យលោក សុខ ទូច និយាយទៅកាន់ពួកអ្នកប្រឆាំងថា កុំចេះតែប្រឆាំងខុសរឿង អត់នៅទីតាំងកើតហេតុ អត់ដឹងរឿងអីផង ចេះតែនិយាយផ្ដេសផ្ដាសអញ្ចឹងណា។ គេចង់ទម្លាក់តម្លៃដល់អ្នកផ្តល់ព័ត៌មាន ដល់អ្នកប្រឆាំងនោះ»។
ចំណែកមន្ត្រីបក្សប្រឆាំងក្នុងស្រុក បន្តទទូចដល់រដ្ឋាភិបាលប្រើយន្តការតុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីថៃវិញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១០ ខែមីនាថា បញ្ហាបូរណភាពទឹកដី វាមិនអាចកាត់ថ្លៃបានទេ មានន័យថា វាថ្លៃជាងអាយុជីវិតរបស់លោកទៅទៀត។ លោកថា បើបាត់បង់ជីវិត វានឹងមានការកកើតឡើងជាបន្តបន្ទាប់ និងមានមនុស្សបន្តវេន។ ប៉ុន្តែបើទឹកដីបាត់ នោះការទាមទារយកមកវិញនឹងលំបាក។ ទោះយ៉ាងណា លោកមិនទាន់ឃើញមានដំណោះស្រាយ ឬមួយបណ្តេញថៃឱ្យចេញពីទឹកដីកម្ពុជាទាំង ១៤ទីតាំងវិញនៅឡើយ ហើយលោកបន្តទាមទារឱ្យរដ្ឋាភិបាលប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីអាចយកឈ្នះថៃបាន។
លោក រ៉ុង ឈុន ថ្លែងថា៖ «ក្នុងនាមពលរដ្ឋ ក៏ដូចជានាមខ្ញុំ ក៏ដូចជាគណបក្សកម្លាំងជាតិយើង ព្រួយបារម្ភ ហើយយើងតែងតែផ្តល់អនុសាសន៍ទៅដល់រដ្ឋាភិបាល ឱ្យប្រើប្រាស់យន្តការច្បាប់ តាមរយៈតុលាការអន្តរជាតិ ដូចជា ICC, ICJ ហើយជាពិសេស យើងក៏បានផ្តល់អនុសាសន៍ឱ្យប្រើប្រាស់ គេហៅថា នូវកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជា ដើម្បីគេហៅថាស្នើ ធ្វើលិខិតស្នើសុំឱ្យសហប្រធាននៃកិច្ចព្រមព្រៀងហ្នឹង កោះប្រជុំបន្ទាន់ទាក់ទងករណីដែលសៀមរំលោភបំពានឈ្លានពានមកលើដែនអធិបតេយ្យនៃកម្ពុជាយើង»។
អ្នកឃ្លាំមើលកិច្ចការព្រំដែន យល់ថា ករណីលោក សុខ ទូច ចេញមុខ គឺជាការបន្លប់ស្ថានការណ៍ ដូចព្រឹត្តិការណ៍នគរសង្គ្រានចូលឆ្នាំរបស់ លោក ហ៊ុន ម៉ានី ដែរ ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពទាមទារទឹកដីខ្មែរ៤៥ទីតាំង ដែលថៃដណ្តើមគ្រប់គ្រង យកត្រឡប់មកវិញ។
ពួកគេថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិ ហើយបន្តបង្កើតព្រឹត្តិការណ៍ផ្សេង ដើម្បីគេចចេញពីការទទួលខុសត្រូវ និងអាចក្លាយជាឱកាសដែលរដ្ឋាភិបាលបំភ្លៃពលរដ្ឋ ដូចដែលលោក ហ៊ុន សែន ធ្លាប់កាត់ដីឱ្យវៀតណាម នៅភូមិលោក ហេង សំរិន ដើម្បីរក្សាអំណាចតត្រកូលដូច្នោះដែរ៕









