ចាប់ពីម៉ោង ៥ព្រឹកព្រលឹម រហូតដល់ម៉ោង ១០ព្រឹក អាជីវករខេត្តស្ទឹងត្រែងកំពុងមមាញឹកលក់ត្រី ដែលអ្នកនេសាទចាប់បានពីដងទន្លេមេគង្គនៅខេត្តស្ទឹងត្រែង។ រីឯត្រីខ្លះទៀត អ្នកនេសាទចាប់បានពីទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក មកដាក់លក់ផ្តុំគ្នានៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង។
ប្រជាសហគមន៍នេសាទ អះអាងថា ត្រីដែលអាជីវករតាំងលក់នៅផ្សារខេត្តស្ទឹងត្រែងមួយចំនួន ដូចជា ត្រីក្អែក ត្រីប៉ាសេអ៊ី ត្រីរៀល និងត្រីព្រួលជាដើម ភាគច្រើនគេប្រើឧបករណ៍ឆក់ក្តៅ និងត្រជាក់។ ត្រីខ្លះគេវេចខ្ចប់ដឹកលក់តាមបណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញ ។
ប្រជាសហគមន៍នេសាទរស់នៅកោះស្រឡាយ អ្នកស្រី អ៊ំ ឈី ប្រាប់វីអូឌី នៅថ្ងៃទី១០ ខែមិនាថា អ្នកភូមិខ្លះបោះបង់មុខរបរនេសាទលក្ខណៈគ្រួសារ ដោយសារចាប់ត្រីលែងបានដូចមុន ហើយបច្ចុប្បន្នមានតែឈ្មួញធំៗប៉ុណ្ណោះដែលបន្តមុខរបរនេសាទ ដោយសារពួកគេមានសម្ភារៈ និងឧបករណ៍នេសាទទំនើបចាប់ត្រី។
អ្នកស្រីបន្ថែមថា ការប្រើឧបករណ៍នេសាទខុសច្បាប់រួមមាន ឆក់ក្តៅ ត្រជាក់ បំផ្ទុះគ្រាប់បែក និងថ្នាំបំពុល ជាកត្តារួមផ្សំសំខាន់ធ្វើឱ្យត្រីថយចុះ ជាពិសេសត្រីប៉ាសេអ៊ី និងត្រីប៉ាវា កំពុងប្រឈមដាច់ពូជ។
អ្នកស្រី អ៊ំ ឈី និយាយថា៖ «កាលពីមុនយើងចង់ហូប យើងបង់តែមួយភ្លែតបានហួប តែឥលូវដោយថ្ងៃ ថ្ងៃណាត្រីអត់ឡើងមក អត់បាន បានដែរតែអត់សមកម្លាំងយើងរក»។
កន្លងទៅ អាជ្ញាធរខេត្តស្ទឹងត្រែង តែងតែផ្សព្វផ្សាយច្បាប់ជលផល និងហាមពលរដ្ឋមិនឱ្យនេសាទប្រើឧបករណ៍នេសាទខុសច្បាប់។ មន្ត្រីជលផលធ្លាប់បង្ហាញពីបញ្ហាប្រឈមខ្លះៗ ដោយសារដែននេសាទធំធេង ខ្វះខាតសម្ភារៈ ខ្វះខាតធនធានមនុស្ស មិនអាចបំពេញតម្រូវការអភិរក្សនៃវិសាលភាពជលផលតាមដងទន្លេមេគង្គធំទូលំទូលាយគ្រប់ជ្រុងជ្រោយនោះឡើយ។
ប្រជានេសាទម្នាក់ទៀតរស់នៅស្រុកសៀមរាប លោក ស៊ី សុភាព ត្អូញត្អែរថា ពលរដ្ឋពិបាកនឹងរកត្រីបរិភោគលក្ខណៈគ្រួសារ ដោយសារត្រីថយចុះច្រើន ខុសគ្នាស្រឡះកាលពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ អ្នកនេសាទនៅតាមដងទន្លេទាំងបី នៃខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ងាយស្រួលចាប់ត្រីផ្គត់ផ្គង់ជីវភាពដោយសារសម្បូរត្រីមិនដូចបច្ចុប្បន្ននោះឡើយ។
លោកថា នៅគ្រាដែលត្រីសម្បូរអ្នកភូមិខ្លះ អាចរកចំណូលពីការនេសាទជាលក្ខណៈគ្រួសារ និងសល់ត្រីលក់ចេញទៅទីផ្សារទៀតផង។
លោក ស៊ី សុភាព និយាយថា៖ «មិនមែនដូចមុន មុនស្រួលរកគេឆក់ច្រើនពេក ទៅនោះសហគមន៍គេ ទាល់បង់គេ បានដាក់។ រកត្រីតាមសហគមន៍ខ្លួនឯង ភូមិខ្លួនឯង»។
រដ្ឋបាលជលផលខេត្តស្ទឹងត្រែង ឱ្យដឹងថា នៅទន្លេមេគង្គលើ ទន្លេសេសាន ស្រែពក មានពពួកត្រីមេពូជសំខាន់ៗដូចជា ត្រីត្រសក់ -ត្រីឆ្កោក- ត្រីព្រួល- ត្រីក្របី -ត្រីគល់រាំង -ត្រីសណ្តាយ -ត្រីខ្យា- ត្រីប៉ាវ៉ា – ប៉ាសេអ៊ី ជាដើម កំពុងរស់នៅក្នុងអន្លង់អភិរក្ស បន្តពងកូននៅរដូវបិទនេសាទ។
ប្រជាសហគមន៍នេសាទម្នាក់ទៀតរស់នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ លោក សូ សុផល សង្កេតឃើញថា មិនត្រឹមតែទិន្នផលត្រីប៉ុណ្ណោះទេថយចុះ សូម្បីសត្វផ្សោតធ្លាប់តែសម្បូរទាក់ទាញភ្ញៀវទេសចរ ក៏បន្តថយចុះច្រើនដែរ។
លោកថា ក្រុមជនល្មើសប្រើឧបករណ៍នេសាទទំនើប និងទូកលឿន លួចឆក់ត្រីក្នុងតំបន់អភិរក្ស ធ្វើឱ្យត្រីតាមដងទន្លេមេគង្គខ្លះដាច់ពូជ។ ប្រការនេះ លោកស្នើឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់នេសាទឱ្យពេញលេញ និង លុបបំបាត់អំពើពុករលួយ ទើបអាចអភិរក្សត្រីគង់វង្ស បង្កើនជីវភាពសហគមន៍។
លោក សូ សុផល និយាយថា៖ «ត្រីផ្សោតកាលនៅឆ្នាំ១៩៩៧ គ្រាន់ខ្ញុំចុះទន្លេ ខ្ញុំមើលទៅឃើញផ្សោតលោតចុះឡើង ធ្វើឱ្យយើងឃើញ។ ទី២មក ដូចជាត្រីប៉ាវ៉ា ត្រីបាក់មុខ ត្រីប៉ាសេអ៊ី បាត់អស់លែងឃើញ។ កាលដែលបាត់មិនមែនបាត់ឯងៗទេ ពាក់ព័ន្ធបទល្មើសផ្សេង។ ខ្ញុំស្នើឱ្យថ្នាក់ដឹកនាំជួយទប់ស្តាត់កន្លែងហ្នឹង កន្លែងបទល្មើសហ្នឹង»។
ប្រធានសហគមន៍អន្លង់អភិរក្សត្រីមេពូជសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង លោក លី សុចិត្រា សង្កេតឃើញថា ការប្រែប្រួលរបបទឹកទន្លេមេគង្គខុសប្រក្រតី ឆ្នាំខ្លះរដូវប្រាំងទឹកទន្លេឡើងចុះខ្លាំង ហើយរដូវវស្សាបែរជាទឹកស្រក ធ្វើឱ្យជីវចម្រុះដងទន្លេមេគង្គ ពិបាកនឹងបន្សាំ។ រីឯការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយទៀត ធ្វើឱ្យទឹកទន្លេឡើងចុះខុសគន្លងធម្មជាតិ ជាបញ្ហារួមផ្សំធ្វើឱ្យប៉ះពាល់ជីវចម្រុះដងទន្លេមេគង្គ។
លោក លី សុចិត្រា និយាយថា៖ «វាប្រែប្រួលរបបទឹកជូនកាលខែប្រាំងវាឡើង ខែវស្សាវាស្រកអ៊ីចឹង។ របបទឹកប្រែប្រួលបច្ចុប្បន្នយើងឃើញទី០១ ការអភិវឌ្ឍន៍ហួសកម្រិត នៅតាមដងទន្លេមេធំៗប៉ែកខាងលើ របរទឹកវាធ្វើឱ្យប៉ះពាល់ដែរ។ ទី០២ ធម្មជាតិតែម្តង វាបម្រែបម្រួលអាកាសធាតុដូចភ្លៀងមិនទៀងទាត់»។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្ត លោក ម៉ែន គុង បដិសេធចំពោះការថយចុះទិន្នផលត្រី ដោយលោកសំអាង តាមរបាយការណ៍រដ្ឋបាលជលផលឆ្នាំ២០២៥ថា ទិន្នផលត្រីកើនឡើងវិញ ហើយចំនួនសត្វផ្សោតក៏កើនឡើងដែរ ដោយសារកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរទប់ស្កាត់បទល្មើសនេសាទដោយបានបញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការ។
លោកថា អាជ្ញាធរយកចិត្តទុកដាក់អភិរក្សត្រីផ្សោត អន្លង់ត្រីមេពូជ និងការថែរក្សាធនធានធម្មជាតិ ក្នុងតំបន់រ៉ាមសារ តាមដងទន្លេមេគង្គ ដែលជាកន្លែងត្រីបង្កកំណើតយ៉ាងសំខាន់។ លោកអំពាវនាវឱ្យពលរដ្ឋកុំទិញត្រី ដែលនេសាទបានដោយប្រើឧបករណ៍ឆក់ ដែលច្បាប់ហាមឃាត់។
លោក ម៉ែន គុង ថ្លែងថា៖ «យើងមានឆន្ទៈច្បាស់លាស់ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសនេសាទផងដែរ។ យើងអាចវាយតម្លៃបានថា ការបង្ក្រាបបទល្មើសទទួលបានជោគជ័យ ធ្វើឱ្យស្ថានភាពបរិមាណផលនេសាទកើនឡើង កើនឡើងវិញ បើសិនផ្អែករបាយការណ៍ឆ្នាំ២០២៥។ ហើយសត្វផ្សោតយើងទទួលស្គាល់ ឆ្នាំ២០០៧ ២០០៩ ផ្សោតថតចុះ តែបច្ចុប្បន្ន ២០២៥ មានការកើនឡើងវិញ។ អំពាវនាវបងប្អូនពលរដ្ឋការពារធនធានធម្មជាតិនៅខេត្តស្ទឹងត្រែង»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ យល់ថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរត្រូវពង្រឹងអនុវត្តច្បាប់ឱ្យគ្រប់ជ្រុងជ្រោយ និងសហការជាមួយសហគមន៍នេសាទផ្ដល់ព័ត៌មាន រាយការណ៍ជូនសមត្ថកិច្ចជំនាញចុះបង្ក្រាបឱ្យទាន់ពេល។ លោកសង្កេតឃើញថា ពលរដ្ឋខ្លះបោះបង់មុខរបរនេសាទ ដោយសារចាប់ត្រីលែងបាន ប៉ះពាល់មុខរបរពួកគាត់។
លោកថា៖ «ផលិតផលត្រីប្រហុកផ្អក យើងមានត្រីស្រស់ មានត្រីងៀត ត្រីឆ្អើល អ្វីៗទាំងអស់ជាអាហារប្រចាំថ្ងៃ បើត្រីថយចុះ នឹងប៉ះពាល់។ ប៉ះពាល់ដល់មុខរបរ និងអ្នកទទួលទានអាហារ ជាពិសេសប្រជានេសាទជាដើម»។
របាយការណ៍រដ្ឋបាលជលផល ឱ្យដឹងថា ដងទន្លេមេគង្គខេត្តស្ទឹងត្រែង មានសហគមន៍នេសាទជាង៦០សហគមន៍ កំពុងបំពេញការងារអភិរក្សត្រីមេពូជនៅតាមអន្លង់អភិរក្សនីមួយៗ។
របាយការណ៍បឋមសម្រាប់ឆ្នាំ២០២៥ បង្ហាញថា ផលនេសាទទឹកសាបសរុបនៅកម្ពុជាមានការកើនឡើង ១០ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ រីឯនៅខេត្តស្ទឹងត្រែង ការគ្រប់គ្រងតំបន់អភិរក្សធ្វើឱ្យស្តុកត្រីកើនឡើងរហូតដល់ ៧០ ភាគរយ ក្នុងតំបន់គ្រប់គ្រងមួយចំនួន។
ក្រសួងកសិកម្មបង្ហាញរបាយការណ៍ឆ្នាំ២០២៤ ថា ផលនេសាទនៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែងជាង ៤ពាន់តោន (៤,៤១៥) ដែលកើនឡើង ២០៩ តោន ធៀបនឹងឆ្នាំ ២០២៣។ កំណើននេះ បន្តវិជ្ជមានក្នុងឆ្នាំ២០២៥ ដោយសារការរឹតបន្តឹងការបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែប្រជាសហគមន៍នេសាទ អះអាងថា ទិន្នផលត្រីតាមដងទន្លេថយចុះជារៀងរាល់ឆ្នាំ ហើយអ្នកភូមិភាគច្រើនបានបោះបង់មុខរបរនេសាទលក្ខណៈគ្រួសារ។
ប្រជាសហគមន៍ទទូចឱ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយ អប់រំពលរដ្ឋកុំចោលសំរាម ឬប្លាស្ទីក(Plastic)ចូលទន្លេ អនុវត្តច្បាប់នេសាទម៉ឺងម៉ាត់ និងលុបបំបាត់អំពើពុករលួយ នឹងរួមចំណែកធ្វើឱ្យត្រីតាមដងទន្លេកើនឡើងវិញ៕









