សង្គ្រាម​រវាង​សហរដ្ឋ​អាមេ​រិក និង​អ៊ីរ៉ង់ គឺ​ជា​ការ​រំខាន​ដល់​​​ការ​​ផ្គត់​ផ្គង់​ប្រេង​ដ៏​ធំ​បំ​ផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ

យោង​តាម​ការ​វិភាគ​របស់​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់ Rapidan Energy បាន​ឱ្យ​ដឹង​ថា សង្គ្រាម​របស់​សហ​រដ្ឋ​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ បាន​បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ធំ​បំផុត​ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​មាន​ទំហំ​ធំ​ជាង​ទ្វេ​ដង​នៃ​កំណត់​ត្រា​ចាស់​ ក្នុង​អំឡុង​វិបត្តិ​មជ្ឈិម​បូព៌ា​នា​ឆ្នាំ​១៩៥០។

ប្រហែល ២០% នៃលំហូរ​ផ្គត់​ផ្គង់​ប្រេង​ពិភព​លោក​ត្រូវ​បាន​រំខាន​អស់​រយៈ​ពេល ៩​ថ្ងៃ​មក​ហើយ ខណៈ​ដែល​ចរា​ចរណ៍​នាវា​​ដឹក​ប្រេង​តាម​ច្រក​សមុទ្រ Hormuz នៅ​តែ​បន្ត​ជាប់​គាំង។ តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ខ្ពស់​ជាង ១០០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ក្រុមហ៊ុនប្រឹក្សាថាមពលខាងលើ បានប្រាប់អតិថិជននៅក្នុងកំណត់សម្គាល់ កាលពីថ្ងៃទី​៨​ខែ​មីនា​ថា ការ​រំខាន​ដ៏​ធំ​បំផុតមុនពេលសង្គ្រាមបច្ចុប្បន្ន គឺបានកើតឡើងក្នុងអំឡុងវិបត្តិស៊ុយអេ (Suez Crisis) ឆ្នាំ​១៩៥៦ នៅពេលដែលចក្រ​ភព​អង់គ្លេស បារាំង និងអ៊ីស្រាអែល បានវាយលុកចូលឧបទ្វីបស៊ីណៃ (Sinai) របស់​អេហ្ស៊ីប។ ក្នុងវិបត្តិនោះ ប្រហែល ១០% នៃលំហូរផ្គត់ផ្គង់ប្រេងពិភពលោកនាពេលនោះត្រូវបានរំខាន។

អ្នកវិភាគរបស់ Rapidan បានប្រាប់អតិថិជនថា ការរំខានដែលបង្កឡើងដោយការបិទច្រកសមុទ្រនេះ មាន​ទំហំជិត​បីដងនៃវិបត្តិដែលបង្កឡើងដោយការដាក់ទណ្ឌកម្មប្រេងរបស់អារ៉ាប់ក្នុងឆ្នាំ​១៩៧៣។ ការដាក់​​ទណ្ឌកម្មរបស់អារ៉ាប់​នាពេលនោះ បានរំខានដល់ការផ្គត់ផ្គង់ប្រេងសកលប្រហែល ៧%។

អ្នកវិភាគ បានបន្តថា ភាពខុសគ្នាខ្លាំងរវាងវិបត្តិផ្គត់ផ្គង់នៃសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិក្នុងអតីតកាល គឺពិភពលោក​មិនមានសមត្ថភាពផលិតប្រេងបម្រុង (spare capacity) ដើម្បីដោះស្រាយបញ្ហានេះទេ។ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមីរ៉ាត កាន់កាប់សមត្ថភាពផលិតបម្រុងដ៏ច្រើនលើសលប់ ប៉ុន្តែពួកគេត្រូវបានកាត់​ផ្តាច់ពីទីផ្សារប្រេងពិភព​លោក​ដោយ​សារការបិទច្រកសមុទ្រ Hormuz។

អ្នកវិភាគ Rapidan បានលើកឡើងថា៖ «ជម្លោះនេះ មិន​ត្រឹម​តែ​បាន​ធ្វើ​ឱ្យ​ចំណែក​នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​សកល​ដ៏​ខ្ពស់​​ជា​ប្រវត្តិ​សាស្ត្រ​ត្រូវ​បាត់​បង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​រំខាន​ដល់​បណ្តា​ប្រទេស​សំខាន់ៗ​ ដែល​មាន​សមត្ថ​ភាព​ផលិត​​បម្រុង​ក្នុង​ពេល​ដំណាល​គ្នា​ផង​ដែរ។ លទ្ធ​ផល​គឺ​ទីផ្សារ​ដែល​មិន​មាន​អ្វី​សម្រាប់​ទប់​ទល់​ឡើយ។ មិន​មាន​អ្នក​ផលិត​ណា​ម្នាក់ អាច​ឈាន​ជើង​ចូល​មក​ជួយ​បាន​ទេ»។

អ្នកវិភាគ បានបន្ថែមថា នេះមានន័យថា ទីផ្សារប្រេងពិភពលោក នឹងត្រូវស្វែងរកតុល្យភាពដោយការកាត់បន្ថយ​តម្រូវការ តាមរយៈការដំឡើងថ្លៃ​ប្រេងយ៉ាងគំហុក។ ពួកគេបាននិយាយថា កន្លែងបម្រុងប្រេងយុទ្ធសាស្ត្រ​របស់សហរដ្ឋ​​អាមេរិក (U.S. Strategic Petroleum Reserve) មានកម្រិត «មានកំណត់ និងមិនគ្រប់​គ្រាន់​ដើម្បីប៉ះប៉ូវទាំង​ស្រុង» ចំពោះការផ្គត់ផ្គង់ដែលជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស ដោយសារការបិទ​ច្រកសមុទ្រ Hormuz នោះទេ។

យោងតាមក្រសួងថាមពល កន្លែងបម្រុងប្រេងយុទ្ធសាស្ត្របច្ចុប្បន្នមាន ៤១៥ លាន​បារ៉ែល ដែល​ស្មើ​នឹង​​ប្រហែល ៥៨% នៃ​សមត្ថ​​ភាពសរុបដែលបានអនុញ្ញាតចំនួន ៧១៤ លានបារ៉ែល។

មន្ត្រីសេតវិមានម្នាក់បានប្រាប់ CNBC កាលពីថ្ងៃទី​៦ខែ​មីនា​ថា រដ្ឋបាល​លោក Trump ជឿ​ជាក់​ថា «ទីផ្សារ​ប្រេង​នៅ​តែ​មាន​ការ​ផ្គត់​ផ្គង់​​ល្អ ហើយ​ប្រសិន​បើ​យើង​ត្រូវ​ចាត់​វិធាន​ការ​បន្ថែម​យើង​នឹង​ធ្វើ​វា»។

អ្នកវិភាគ Rapidan បាននិយាយថា បណ្តាប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នឹង​ស្ថិត​ក្រោម​​​សម្ពាធ​ក្នុងការបញ្ចេញស្តុកយុទ្ធសាស្ត្ររបស់ពួកគេ ពីព្រោះនេះគឺជា «ជម្រើសចុងក្រោយតែមួយ​គត់សម្រាប់ឆ្លើយតបនឹងការផ្គត់ផ្គង់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ