ភរិយា​​កង​ទ័ព​​​នៅ​​​មុំ​​​បី​ម្នាក់​​ដង្ហោយ​​រក​​ជំនួយ​​ព្យាបាល​​ប្ដី​​ដែល​​​រង​​​របួស​​ដោយ​សារ​​ផ្សែង​ពុលនិ​ង​​ខូច​​ក្រលៀន

ភរិយា​​កង​ទ័ព​​​ជួរ​​មុខ​​ម្នាក់​ប្រចាំ​ការ​​នៅ​​តំបន់​​​មុំ​​បី ខេត្ត​​ព្រះ​វិហារ ​ដង្ហោយ​​រក​​ជំនួយ​​ព្យាបាល​​ប្ដី ​ដែល​​រង​របួស​​ដោយ​សារ​​​ផ្សែង​​ពុល​​ក្នុង​​ពេល​​​​ថៃ​​វាយ​​ប្រហារ​​ឈ្លាន​ពាន​​ជា​​​លើក​​ទី​ពីរ ខណៈ​ជំងឺ​យោធិន​រូប​នោះ ឈាន​ដល់​ដំណាក់​កាល​លាង​ឈាម និង​ត្រូវ​ដូរ​ក្រៀន ដើម្បី​សង្គ្រោះ​ជីវិត។

អ្នកស្រី សុត ឃន ដែលថាត្រូវជាភរិយាទាហានជួរមុខរូបនោះ​ បាន​ថ្លែង​​ប្រា​ប់​​វីអូឌី​​នៅ​​​ថ្ងៃ​​​ទី​១១ ខែ​មីនា​ថា ស្វាមី​​អ្នក​​ស្រី​ គឺលោក យ៉ែម ឡាំង បាន​​រង​​របួស​​ដោយ​​ផ្សែង​​ពុល ក្នុង​​ពេល​​ប្រយុ​ទ្ធ​គ្នា ដែល​បាន​​ដឹក​​មក​​ព្យាបាល​​​នៅ​​រាជ​ធានី​​ភ្នំពេញ។

អ្នកស្រី​អះអាង​ថា ក្រោយ​ត្រូវ​​ផ្សែង​ពុល និង​ដឹក​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ប្ដី​អ្នក​ស្រី​​​ក៏​​ត្រូវ​​បាន​​គ្រូពេទ្យ​​រក​​ឃើញ​​មាន​​ជំងឺ​ខូច​​តម្រង​នោម ឬ​​ខូច​​ក្រលៀន​មួយ​ទៀត។ អ្នកស្រី​បន្ត​ថា ស្វាមី​អ្នកស្រី​ត្រូវ​លាង​ឈាម​​ជា​ប្រចាំ ១​សប្ដាហ៍ ៣​ដង នៅ​មន្ទីរពេទ្យ​​ព្រះតេតុមាលា ឬ​ពេទ្យ​ធំ។

ដោយ​ជួប​ក្ដី​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​អ្នកស្រី​ពុំ​អាច​ធ្វើ​ការ​អ្វី​បាន​ក្រៅ​ពី​នៅ​ថែ​ប្ដី​រាល់​ថ្ងៃ ទើប​អ្នកស្រី សុត ឃន ទទូច​ស្នើ​​ដល់​រដ្ឋាភិបាល​ជួយ​ព្យាបាល​​ក្រលៀន​ស្វាមី​​អ្នកស្រី​​ឱ្យ​បាន​ជា​សះស្បើយ​ឡើង​វិញ។

អ្នកស្រី សុត ឃន និយាយ​ថា៖ «ចាស! ខ្ញុំចង់​ឱ្យ​បាន​ប្ដីខ្ញុំ​បាន​ដូរ​ក្រលៀន ហើយ​និង​ឱ្យ​បាន​កូន​ខ្ញុំ​រៀន​ចប់​អញ្ចឹង​ណា៎​បង។ ខ្ញុំនឹង​សង្ឃឹមអី រកអីទៀតទេបងអើយ ព្រោះអីថវិកាក៏ខ្ញុំអត់មាន ហើយ​អ្នក​ថែ​មាន​តែខ្ញុំ ហើយខ្ញុំក៏អត់ស្រួលដែរ​​ណា៎»។

បច្ចុប្បន្ន ​អ្នកស្រី ​និង​ស្វាមី​ជួល​បន្ទប់​តូច​មួយ​តម្លៃ ៥០​ដុល្លារ​​ក្នុង​១ខែ នៅ​ទួលសង្កែ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​មក​ពេទ្យ​ធំ​លាង​​ឈាម​​ជា​ប្រចាំ។ ទោះ​យ៉ាងណា អ្នកស្រី​ថា ការ​លាង​ឈាម​និង​សម្រាក​ពេទ្យ​ពុំ​ត្រូវ​ចំណាយ​ទេ ប៉ុន្តែ​អ្នកស្រី​ត្រូវ​ទិញ​ថ្នាំ​ក្រៅ​​ខ្លះៗ​​តាម​វេជ្ជបញ្ជា​​របស់​​គ្រូពេទ្យ ក្រោម​ហេតុផល​ថា ថ្នាំ​នៅ​ឱសថស្ថាន​ក្រៅ​មាន​ថ្នាំ​ល្អ​ត្រូវ​នឹង​ស្ថាន​ភាព​​​ជំងឺ​​ប្ដី​​អ្នក​ស្រី។

លោក យ៉ែម ឡាំង មាន​​វ័យ ៤៣​ឆ្នាំ បម្រើ​ជា​កងទ័ព​នៅ​ខេត្ត​ព្រះវិហារ ១៨ឆ្នាំ​ហើយ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ត្រៀម​ជួរ​មុខ​នៅ​តំបន់​​មុំបី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ តាំង​ពី​មុន​ផ្ទះ​សង្គ្រាម​លើក​ទី១ ខែ​កក្កដា ២០២៥​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី សុត ឃន ជា​ភរិយា។ ពួកគេ​មាន​កូន ២​នាក់​​ស្ថិត​ក្នុង​បន្ទុក និង​កំពុង​រៀនសូត្រ​ផង។

ក្រៅ​ពី​ប្រាក់​ខែ​ទាហាន​របស់​ស្វាមី អ្នកស្រី​ពុំ​​មាន​ចំណូល​អ្វី​ផ្សេង​មក​ទ្រទ្រង់​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ​ទេ ទាំង​កូន​រៀន បន្ទប់​​ជួល ថ្នាំ​ប្ដី ហើយ​​ត្រូវ​សង​លុយ​ធនាគារ​​ប្រចាំ​ខែ​ដែល​អ្នកស្រី​ជំពាក់​រហូត ១​ម៉ឺន​ដុល្លារ ពី​ការ​ជួល​អាត្រាក់​ព្យួរ​ស្រែ​ជាដើម។

ក្រោយ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ ធនាគារ​ជាតិ​កម្ពុជា ​បាន​ចេញ​សារចរ​លុប​បំណុល​ទាហាន​ដែល​បាត់​បង់​ជីវិត​ទាំង​ស្រុង និង​​បន្ធូរ​បន្ថយ និង​ពន្យារ​ពេល​បង់​ត្រឡប់​ទៅ​ធនាគារ​សម្រាប់​ទាហាន​រង​របួស។

ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ជួយ​ដល់​កង​ទ័ព​ជួរមុខ ក្រោយ​​សង្គ្រាម​។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​វីអូឌី នៅ​ថ្ងៃ​ទី១១ ខែ​មីនា ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ធានា​សុខមាលភាព​​របស់​កងទ័ព ដោយ​មិន​ត្រូវ​ឱ្យ​គ្រួសារ​កងទ័ព​ជួប​ការ​​លំបាក​នោះ​ទេ។

លើស​​​ពី​​នេះ ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ត្រូវ​ប្រើ​ថវិកា​ជាតិ​ឱ្យ​ចំ​គោលដៅ ជា​ពិសេស​ទាហាន​ដែល​លះបង់​សាច់​ស្រស់​​ឈាម​​ស្រស់​​ការពារ​បូរណភាព​ទឹក​ដី និង​បញ្ឈប់​ប្រើ​លុយ​ខុស​ខ្ទង់​ដូចជា ចំណាយ​លុយ​ទិញ​សកម្មជន​បក្ស​ប្រឆាំង​​ឱ្យ​ចូល​គាំទ្រ​​ខ្លួន​​ជាដើម។

លោក អ៊ុំ សំអាន និយាយថា៖ «បាទ! ជំងឺខូចក្រលៀន​ហ្នឹង គឺថា… ជា​ការ​យក​ចិត្តទុកដាក់​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែរ ព្រោះ​គាត់​មាន​បញ្ហា​សុខភាព ក៏​ដោយសារ​តែ​គាត់​នៅ​ការពារ​ទឹកដី​ជួរ​មុខ​​ហ្នឹង ហើយករណីហ្នឹង វាមិនច្រើនប៉ុន្មាន​ទេ អាហ្នឹង​គួរតែ​ជួយ​សង្គ្រោះគាត់ កុំ​យក​លុយ​កាក់​ទៅ​ចំណាយ​ទិញ​សកម្មជន​បក្សប្រឆាំង រៀបចំ​បុណ្យ​អង្គរ​សង្ក្រាន្ត​ហ្នឹង ដែល​ជា​រឿង​ឥត​ប្រយោជន៍​បាទ»។

វីអូឌី ​ពុំ​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី១១ ខែ​មីនា ស្ដីពី​ករណី​ទាហាន​ដែល​ខូច​ក្រលៀន​​រូប​​នេះ។ តែ​យ៉ាងណា ​លោក ប៉ែន បូណា ថ្លែង​កាល​ពី​ថ្ងៃ​ទី១០ ខែមីនា ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​​នូវ​​គោល​នយោ​បាយ និង​​​យន្តការ​ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​គ្រួសារ​កងទ័ព​ដូចជា​បង្កើត​មុខរបរ ជួយ​កូនៗ​​ពួកគេ​ឱ្យ​រៀន​ចប់​បរិញ្ញាបត្រ និង​​រៀបចំ​ឥណទាន​សាជាថ្មី និង​ដោះស្រាយ​បំណុល​ជូន​យុទ្ធជន​ក្នុង​សមរភូមិ ព្រម​​ទាំង​​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​​ក្រុម​គ្រួសារ​យុទ្ធជន​ជាដើម។

​លោក ប៉ែន បូណា និយាយ​ថា៖ «សកម្មភាព​នេះ​​ស​បញ្ជាក់​ឱ្យ​ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់​ដឹកនាំ និង​ប្រជា​ជន​​កម្ពុជា​ទាំងអស់ ចងចាំ​ជានិច្ច​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរកងទ័ព វីរ​កងនគរបាល​ជាតិ និង​វីរកងរាជ​អាវុធ​ហត្ថ ដែល​បាន​បូជា​ជីវិត​ដើម្បី​ការពារ​ទឹកដី និង​ការពារ​សេចក្ដី​សុខសាន្ត​ជូន​ប្រជា​ពលរដ្ឋខ្​មែរគ្រប់ៗគ្នា»។

នេះ​ជា​ករណី​ទី​១​​ដែល​កងទ័ព​ជួរ​មុខ រង​របួស​​ពី​ផ្សែង​ពុល​របស់​ថៃ និង​ខូច​ក្រលៀន​ត្រូវ​ការ​លាង​ឈាម​ជា​ប្រចាំ ក្រោយ​​ការ​វាយ​​ប្រហារ​ឈ្លាន​ពាន​របស់​ថៃ។ សម្រាប់​អ្នកស្រី សុត ឃន កំពុង​មើល​ថែ​ប្ដី​ដែល​ដេកដួល​តែ​ក្នុង​បន្ទប់​តូច និង​ត្រូវ​លាង​ឈាម​​ពេល​ធ្វើ​ទុក្ខ​ម្ដង គឺ​ត្រូវ​ការ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល។ លើស​ពី​នេះ ​អ្នកស្រី​មាន​បំណង​ធំ​​ជាង​គេ គឺ​ចង់​បាន​ការ​ព្យាបាល​​តាមរយៈ​ការ​ដូរ​ក្រលៀន​ឱ្យ​ស្វាមី ដើម្បី​ឱ្យ​ស្វាមី​អាច​បន្ត​ជីវិត​មើល​ថែ​គ្រួសារ និង​ជា​​ការ​ទទួល​បាន​ផល​តប​ស្នង​មក​វិញ ពី​រដ្ឋាភិបាល ដែល​ស្វាមី​អ្នកស្រី​បាន​ប្ដូរ​ជីវិត​ការពារ​ទឹកដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ