សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសសកម្មជនសង្គម លោក ធូ វ៉ាឃីម ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងរឹបអូសឧបករណ៍អេឡិចត្រូនិចមួយចំនួន ក្រោមការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការក្រុងភ្នំពេញ បានបើកសវនាការលើសំណុំរឿងលោក ធូ វ៉ាឃីម ដោយសាលក្រមនឹងប្រកាសនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។
លោក អែម ចន្ថា មេធាវីមកពីសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលការពារក្តីឱ្យ លោក ធូ វ៉ាឃីម បានឱ្យដឹងថា តុលាការបានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសកូនក្តីរបស់លោក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងបានរឹបអូសទូរស័ព្ទម៉ាកអាយហ្វូនមួយគ្រឿង និងកុំព្យូទ័រ(Laptop)មួយគ្រឿង ដោយតុលាការមិនបានធ្វើការសម្អាងហេតុនោះទេ។
តែយ៉ាងណា លោកថា កាលពីថ្ងៃសវនាការ តុលាការបានអានសេចក្តីសម្រេច ដែលចោទលោក ធូ វ៉ាឃីម ដោយផ្អែកទៅលើភស្តុតាងព្រីនចេញពីទូរសព្ទអាយហ្វូន ជុំវិញការបញ្ចេញមតិ ការខំមិន(Commen) និងការចែករំលែក(Share)របស់គាត់នៅក្នុងបណ្តាញសង្គម ពីបញ្ហាសង្គមផ្សេងៗ ក្នុងនោះមានការដឹកនាំរបស់រដ្ឋាភិបាល បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការព្រួយបារម្ភរឿងជាតិ រឿងទឹកដីជាដើម។
សម្រាប់លោកមេធាវី អែម ចន្ថា ចាត់ទុកការសម្រេចរបស់តុលាការដែលផ្តន្ទាទោសលោកកូនក្តីរបស់លោក ថាជារឿងអយុត្តិធម៌ និងធ្ងន់ធ្ងរ ខណៈកូនក្តីរបស់លោកគ្រាន់តែបញ្ចេញមតិរិះគន់ដើម្បីស្ថាបនា ឬកែលម្អ ពុំមានចេតនាណាមួយញុះញង់ ឬបង្កចលលាចលក្នុងសង្គមឡើយ។
លោកថា៖ «ការសម្រេចរបស់តុលាការនេះធ្ងន់ធ្ងរ ហើយមិនអាចទទួលយកបានទេ ចំពោះការសម្រេចដាក់ទោសកូនក្តីខ្ញុំ ២ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល ព្រោះអ្វីដែលគាត់ធ្វើនៅក្នុងអង្គហេតុនេះ យើងមើលឃើញទៅ បើយើងនិយាយពីប្រទេសយើង យើងត្រឡប់ទៅមើលប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋមានសិទ្ធិសម្តែងមតិពាក់ព័ន្ធនឹងនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការព្រួយបារម្ភពីជោគវាសនាជាតិ ពីការដឹកនាំពីទឹកដី ដែលទាំងអស់នេះ គឺមានចែងនិងបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាសន្ធិសញ្ញាផ្សេងៗរបស់អន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ឬការបញ្ចេញមតិ ជាថ្នាក់ដឹកនាំ ជាមន្ត្រីសាធារណៈ វាជាគោលដៅមួយដែលប្រជាពលរដ្ឋអាចនឹងធ្វើការរិះគន់បាន ក្នុងការកែលម្អ ប្រជាពលរដ្ឋគ្មានចេតនាណាមួយទៅធ្វើឱ្យមានចលាចលទេ គាត់គ្រាន់តែចង់ធ្វើម៉េចឱ្យស្ថានការណ៍វាល្អ ធ្វើម៉េចឱ្យការដឹកនាំជាតិវាល្អប៉ុណ្ណឹង ធ្វើម៉េចឱ្យប្រទេសជាតិគង់វង្សឋិតឋេរ នេះជាការសម្តែងមតិរបស់គាត់ចឹងណា»។
លោក ធូ វ៉ាឃីម ត្រូវបានឃុំខ្លួន ចាប់តាំងពីពេលដែលលោកត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ មុនពេលចាប់ខ្លួន លោក វ៉ាឃីម តែងតែលើកឡើងពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី បញ្ហាសង្គម បរិស្ថាន និងបញ្ហាព្រំដែនជាដើម។
ខណៈពេលដែល លោក វ៉ាឃីម ធ្លាប់ជាអតីតព្រះសង្ឃមួយអង្គ លោកធ្លាប់ត្រូវបានទទួលរងការគំរាមកំហែង និងរំលោភបំពានពីអាជ្ញាធរស៊ីវិល និងផ្នែកសាសនា ជាច្រើនដង។
លោក ធូ អ៊ុង បងប្រុសលោក ធូ វ៉ាឃីម បង្ហាញការសោកស្តាយដែលតុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសប្អូនប្រុសរបស់លោកដាក់ពន្ធនាគារដល់ ២ឆ្នាំ ទាំងដែលប្អូនរបស់លោកពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
លោកនិយាយថា៖ «សោកស្តាយដែលខាងតុលាការគេកាត់ទោសឱ្យជាប់ ២ឆ្នាំ ទាំងដែលប្អូនខ្ញុំមិនមានកំហុសអី និងពិន័យជាប្រាក់ ៤លានរៀល ខ្ញុំទទួលយកអត់បានទេ សុំសំណូមពរឱ្យខាងតុលាការកាត់ក្តីឱ្យយុត្តិធម៌តិចទៅ ព្រោះគ្នាគ្មានកំហុសអី[…]ស្នើសុំខាងតុលាការបន្ធូរបន្ថយទោសខ្លះទៅ គ្នាដូចថាអត់ ទី១ ម្តាយខ្ញុំគឺខ្វះខាតខ្លះ គ្មានលុយគ្មានកាក់ណាយកមកបង់ខាងតុលាការ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃពុធនេះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការព្រួយបារម្ភចំពោះការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ទៅលើប្រជាពលរដ្ឋ និងសកម្មជននានាដែលសកម្មក្នុងការបញ្ចេញមតិពីបញ្ហាសង្គមនិងបញ្ហាផ្សេងៗ។
លោកថា ការបញ្ចេញមតិជាមូលដ្ឋានគ្រឹះចម្បងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែបើការបញ្ចេញមតិត្រូវបានរឹតត្បិត លំហរសេរីភាពកាន់តែរួមតូចទៅ និងមានការធ្វើទុក្ខបុកម្នេញទៅលើអ្នកហ៊ានបញ្ចេញមតិ ចង់មិនចង់ វានឹងប៉ះពាល់ដល់មុខមាត់របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ព្រោះកម្ពុជាជាប្រទេសប្រកាន់ប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់សច្ចាប័នទៅលើឧបករណ៍សិទ្ធិមនុស្សនានា ជាពិសេស សិទ្ធិពលរដ្ឋ និងនយោបាយ។
លោក នី សុខា បន្ថែមថា៖ «ដើម្បីបង្ហាញពីការកែលម្អពីបញ្ហាសិទ្ធិមនុស្សដែលរដ្ឋាភិបាលបច្ចុប្បន្ន តែងតែទទួលរងនូវការរិះគន់ពីសំណាក់មតិអន្តរជាតិ ក៏ដូចជាមតិជាតិ ខ្ញុំគិតថា រដ្ឋាភិបាល ទី១ គួរតែពិចារណានៅក្នុងការដោះលែងអ្នកដែលជាប់ឃុំដោយមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីជាការបង្ហាញឱ្យឃើញពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការកែលម្អនិងបើកនូវលំហរសេរីភាពទាំងអស់ហ្នឹង ក៏ដើម្បីជាប្រយោជន៍សម្រាប់រដ្ឋាភិបាល ក្នុងការដែលឱ្យប្រជាពលរដ្ឋ មានសេចក្តីក្លាននៅក្នុងការបញ្ចេញមតិ ដើម្បីកែលម្អបន្តទៅទៀតដែរ។ ទី២ ខ្ញុំគិតថា កាលដែលរដ្ឋាភិបាលបន្តចាប់ហ្នឹង គឺមិនមែនជារឿងអីសម្រាប់ចំណេញសម្រាប់រដ្ឋាភិបាលទេ ដូច្នេះការអនុវត្តនូវច្បាប់មួយចំនួន ពិសេសក៏ដូចជាក្រមព្រហ្មទណ្ឌ នៅក្នុងមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌ ដែលបង្ហាញអំពីការរឹតត្បិតទៅដល់សេរីភាពជាមូលដ្ឋាន ពិសេសសេរីភាពបញ្ចេញមតិហ្នឹង គួរតែត្រូវបានពិចារណាក្នុងការធ្វើវិសោធនកម្ម ដើម្បីកែលម្អវាឡើងវិញផងដែរ ជៀសវាងកុំឱ្យយើងអនុវត្តក្រមហ្នឹងទៅ វាធ្វើឱ្យប៉ះពាល់ទៅដល់សេរីភាពរបស់ប្រជាពលរដ្ឋ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ គូសបញ្ជាក់ដែរថា ការបញ្ចេញមតិដែលការលើកឡើងពីភាពអសកម្មរបស់អាជ្ញាធររដ្ឋ ឬព័ត៌មានដែលលើកឡើងពីកង្វល់ ឬបញ្ហានានាកើតមានក្នុងសង្គម មិនមែនជារឿងអាក្រក់ទេ តែផ្ទុយទៅវិញ វាជាការជួយដល់រដ្ឋាភិបាលក្នុងការទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងធ្វើការដោះស្រាយបើសិនជារឿងនោះជារឿងពិត ហើយវាក៏ជួយដល់ឱ្យប្រទេសមានការអភិវឌ្ឍផងដែរ។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ លោក ធូ វ៉ាឃីម ស្ថិតក្នុងចំណោមមនុស្សចំនួន ៩៧ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំ ដោយការប្រើប្រាស់សិទិ្ធរបស់ខ្លួន តាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស៕









