សហគមន៍ ១២ភូមិ រស់នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ជាប់ព្រំប្រទល់ប្រទេសវៀតណាម ខឹងសម្បារនឹងក្រុមហ៊ុនរបស់វៀតណាមមួយនេះថា ប្រើល្បិចកុហកពួកគាត់ដដែលៗជាច្រើនឆ្នាំមកហើយ ធ្វើឱ្យពលរដ្ឋរង់ចាំដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងស្តារធនធានធម្មជាតិឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះបានបំផ្លាញទំហំព្រៃឈើ ឈូសឆាយភ្នំ និងលុបអូរធម្មជាតិជាង១០កន្លែង ដោយពុំបានកាត់ឆ្វៀលចេញពីតំបន់វិនិយោគស្របតាមកិច្ចសន្យាជាមួយរដ្ឋាភិបាល។
តំណាងសហគមន៍ជនជាតិដើមភាគតិចកាចក់រស់នៅភូមិកាក់ លោក សល់ សើយ ប្រាប់វីអូឌីនៅថ្ងៃទី១១ ខែមីនាថា កន្លងទៅ អ្នកភូមិប្តឹងទាមទារសំណងពីក្រុមហ៊ុនទារចំនួន ១លានដុល្លារ ដើម្បីយកថវិកាអភិវឌ្ឍន៍សហគមន៍ និងស្តារធនធានធម្មជាតិដែលបាត់បង់ ។
រីឯនាយកក្រុមហ៊ុនធ្លាប់សន្យាចរចានៅចំពោះមុខតំណាងសហគមន៍ថា នឹងផ្តល់សំណងជាង ៣៨ ម៉ឺនដុល្លារអាមេរិក ក៏ប៉ុន្តែមកទល់ពេលនេះជាង ៤ឆ្នាំទៅហើយ ក្រុមហ៊ុនមិនអនុវត្តតាមការសន្យានោះឡើយ។ លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនវៀតណាមមួយនេះប្រើល្បិចខិលខូចកុហកសហគមន៍ ។
លោកថា៖ «ក្រុមហ៊ុនគេសុំ ៣៨ម៉ឺន ៨ពាន់ប៉ុន្មានរយទៀតនោះ ខែ២ចាំ ខែ៣ ដល់ខែ៣ មិនដឹងខែប៉ុន្មានទេ។ ឱ្យៗមិនដឹងនៅណាទេ ឱ្យយូរហើយ»។
លោក សល់ សើយ បន្ថែមថា កាលពីឆ្នាំ២០១៨ អាជ្ញាធរ និងក្រុមហ៊ុនបានសន្យាថា នឹងកាត់ឆ្វៀលចេញពីក្រុមហ៊ុនទំហំជាង ៧រយហិកតា (៧២៤) ឱ្យសហគមន៍ប្រើប្រាស់សមូហភាព ដែលជាកន្លែងប្រតិបត្តិប្រពៃណីជនជាតិដើមភាគតិចកាចក់ ដោយក្នុងនោះមានតំបន់ព្រៃកប់សព អូរធម្មជាតិ និងភ្នំអារក្ស ជាដើម ក៏ប៉ុន្តែមកទល់ពេលនេះក៏ស្ងាត់ដែរ គ្មានដំណោះស្រាយឱ្យជ្រះស្រឡះនៅឡើយទេ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចម្នាក់ទៀតរស់នៅភូមិកាក់ ឃុំតាឡាវ លោក សល់ ស្វែត សង្កេតឃើញថា ក្រោយពីមានវត្តមានក្រុមហ៊ុនវៀតណាមខ្នាតយក្សមួយនេះ វិនិយោគដីសម្បទានតំបន់នោះ ជនជាតិដើមភាគតិចចារ៉ាយ ១២ភូមិ រងទុក្ខវេទនា ដោយសារបាត់បង់ព្រៃអាស្រ័យផល កន្លែងឃ្វាលគោ ព្រៃអារក្ស ទឹកអូរធម្មជាតិជាង ១០ កន្លែង និងព្រៃកប់សព ជាពិសេសតំបន់ភ្នំធម្មជាតិ ដែលជាតំបន់ជំនឿរបស់សហគមន៍។
លោកថា បច្ចុប្បន្នកន្លែងដែលសម្បូរដោយធនធានធម្មជាតិ ព្រៃភ្នំ ទឹកអូរ និង ព្រៃឈើធំធេង ដែលផ្តល់សុខដុមរមនាដល់ជនជាតិដើមភាគតិច ប្រែក្លាយជាចម្ការកៅស៊ូ និងចម្ការស្វាយធំល្វឹងល្វើយដាច់កន្ទុយភ្នែក គ្រប់គ្រងដោយក្រុមហ៊ុនឯកជន។
លោក សល់ ស្វែត និយាយថា៖ «គេកាប់ព្រៃឈើ ដើមឈើធំៗអត់មានទៀតទេ។ កន្លែងយើងធ្លាប់រកស៊ី កន្លែងអូរ កន្លែងច្រប់ គេសំអាងថា រដ្ឋ ចុងក្រោយរដ្ឋហ្នឹងមានដឹងណា»។
វីអូឌី មិនទាន់អាចទាក់ទង សុំការបំភ្លឺជុំវិញរឿងនេះ ពីអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បាននៅឡើយទេ។ ចំណែកតំណាងក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ក៍មិនទាន់អាចទាក់ទងបានដែរ គិតត្រឹមម៉ោងផ្សាយនេះ។
កន្លងទៅ អង្គការសមធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីនេះ និងជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវតាមការសន្យា ប្រគល់ដីជូនសហគមន៍វិញ។
អង្គការនេះថា នៅពេលរង់ចាំការសម្រេចពីក្រសួងកសិកម្ម ក្រុមហ៊ុនវៀតណាមបានឈូសឆាយភ្នំអារក្សចំនួន២កន្លែង ឈូសឆាយតំបន់ដីសើម ឈូសឆាយតំបន់បាញ់សត្វតាមបែបប្រពៃណី និងឈូសឆាយ ដីកប់សព។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ហៅកាត់ថា អាដហុក (ADHOC) លោក នី សុខា យល់ថា តំណាងសហគមន៍ជនជាតិដើមភាគតិច១២ភូមិ គួរតែប្តឹងក្រុមហ៊ុនទៅតុលាការ ក្នុងករណីដែលក្រុមហ៊ុនមិនគោរពតាមការសន្យាពាក់ព័ន្ធនឹងផ្តល់សំណង។
លោកបញ្ជាក់ថា តុលាការមានសិទ្ធិចាប់បង្ខំឱ្យក្រុមហ៊ុនទទួលខុសត្រូវតាមការសន្យា។
លោកថា៖ «ប្តឹងពីអ្វីដែលគាត់បំពានលើកិច្ចសន្យា យើងមិនមែនប្តឹងលើរឿងដីហ្នឹងវិញទេ តែយើងប្តឹងរឿងបំពានកិច្ចសន្យា ដើម្បីឱ្យតុលាការសម្រេច។ កិច្ចសន្យាភាគីទាំងពីរ មិនអាចចាប់បង្ខំក្រុមហ៊ុនបានទេ។ មានតែប្តឹងបញ្ហានេះទៅតុលាការទៅ ដើម្បីឱ្យតុលាការសម្រេច»។
របាយការណ៍របស់អង្គការសមធម៌កម្ពុជា ឱ្យដឹងថា ជនជាតិដើមភាគតិច១២សហគមន៍ ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំសរុប១៣៧០ គ្រួសារបានរងគ្រោះនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ។
រីឯដីស្រែចម្ការរបស់សហគមមន៍ជនជាតិដើមភាគតិចកាចក់ជាង ១ម៉ឺន៩ពាន់ហិកតា ត្រូវក្រុមហ៊ុនយក្សមួយនេះគ្រប់គ្រង និងកាន់កាប់។ អង្គការដដែល បន្ថែមថា ការបាត់បង់ដីធ្លីនេះធ្វើឲ្យការស្វែងរកផលិតផលព្រៃឈើ និងអាហាររបស់ជនជាតិដើមភាគតិចទាំងនេះថយចុះច្រើន រួមមាន បាត់បង់ឈើ រកជ័រចុង ការរកត្រី ឃ្មុំ អុស ថ្នាំបុរាណ សត្វព្រៃ ផ្លែឈើព្រៃ បន្លែព្រៃ វល្លិ៍ និងផ្ដៅជាដើម។
កាលពីឆ្នាំ២០១០ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន៥ម៉ឺនហិកតាដល់ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ងអាញ់ យ៉ាឡាយ ដើម្បីធ្វើការវិនិយោគលើការដាំដំណាំកៅស៊ូរយៈពេល៩៩ឆ្នាំ៕









