រដ្ឋសភា​និង​ព្រឹទ្ធ​សភា​រង​ការ​​​ស្តី​បន្ទោស​​​ថា​នៅ​​សម្ងំ​ស្ងៀម​​ខណៈ​​​ថៃ​​ដណ្តើម​​កាន់​កាប់​​ទឹក​ដី​​ខ្មែរ​

តំណាង​រាស្ត្រ​​នៃ​​រដ្ឋ​សភា និង​​ព្រឹទ្ធ​សភា​កម្ពុជា ដែល​​​ស៊ី​ប្រាក់​​​ខែ​រាស្ត្រ​​បង់​​ពន្ធ​​ក្នុង​​​ម្នាក់​ៗ ៥ពាន់​​ដុល្លារ​​ក្នុង​​មួយ​​ខែ​​នោះ​ ត្រូវ​បាន​​​គេ​មើល​​ឃើញ​ថា បាន​​​នៅ​​ស្ងៀម​​ស្ងាត់ ​មិ​ន​​ឃើញ​​កោះ​​ហៅ​​រដ្ឋ​​មន្ត្រី​​​ការ​ពារ​​ជាតិ​​ឬ​នាយក​​រដ្ឋ​​មន្ត្រី​ ​​ទៅ​​សាក​សួរ​​រឿង​​ថៃ​ចូល​​កាន់​​កាប់​ទឹក​​ដី​​កម្ពុជា​​ក្នុង​​ទំហំ​រាប់​​រ​យ​គីឡូ​ម៉ែត្រ​​ការ៉េ ​និង​​​នៅ​​តែ​បន្ត​​រុល​​ចូល​​រាយ​​បន្លា​លួស​​វាទ​យក​​​ដី​​ខ្មែរ​​តាម​​អំពើ​ចិត្ត​​ជា​រៀង​​រាល់​​ថ្ងៃ​​ដោយ​​គ្មាន​​ការ​ទប់​​ស្កាត់​នោះ​​ឡើយ​។

លោក ​ម៉ែន ណាត ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្លែង​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​១១ខែ​មីនា​នេះ​​ថា ការ​ដែល​កង​ទ័ព​ថៃ​បាន​​ដណ្តើម​​កាន់​​កាប់​​ឈរ​ជើង​​នៅ​​លើ​​ទឹក​​​ដី​​កម្ពុជា​​​បាញ់​​កម្ទេច​ប្រាសាទ​​បុរាណ​ ឈូស​​ឆាយ​​កម្ទេច​​​​ផ្ទះ​​ពល​រដ្ឋ ​និង​សំណង់​ផ្សេងៗ​របស់​កម្ពុជា ​ហើយ​សាង​សង់​សំណង់​ថ្មី​នៅលើ​ទឹកដីកម្ពុជា ​​ថែម​ទាំង​នៅ​​តែ​បន្ត​​រាយ​​បន្លា​លួស​​ពង្រីក​វាទចូល​មក​ក្នុង​ទឹកដីកម្ពុជា ​ជារៀង​រាល់​ថ្ងៃ ​គឺ​ជាហានិភ័យ​​​ធំណាស់​​នៃការ​បាត់​​បង់​​ទឹក​ដី។​

លោក​ថា បើ​តាម​ផ្លូវច្បាប់ក្នុង​ស្ថានភាព​អាសន្នជាតិ​យ៉ាងធំ​បែបនេះ ​​​រដ្ឋសភា​ត្រូវ​កោះ​ហៅ​រដ្ឋ​មន្ត្រីការពារ​ជាតិ​ និង​​​នាយក​រដ្ឋ​មន្ត្រី​ទៅ​សាកសួរ​ ឬ​ធ្វើ​ញ្ញត្តិ​ស្តីបន្ទោស​ ហើយ​បន្ទាប់​ពីធ្វើ​ញ្ញត្តិ​បន្ទោស​៣ដង ​​បើ​រដ្ឋមន្ត្រី ​ឬ​នាយក​​រដ្ឋ​មន្ត្រី ​នៅ​តែមិន​មានការ​កែប្រែ​​មិន​អាច​​ដោះ​ស្រាយ​វិបត្តិ​ប្រទេសជាតិទាំង​នោះ​បាន ពេល​នោះ​រដ្ឋាភិ​បាល​​ត្រូវដាក់​បេក្ខភាព​ថ្មី​ជំនួស​រដ្ឋមន្ត្រីការ​ពារ​ជាតិ​និង​ជំនួស​នាយក​រដ្ឋ​មន្ត្រី។

លោកថា៖ «ប៉ុន្តែនៅកម្ពុជា​យើង​និយាយ​ផ្លូវ​ច្បាប់​បែបហ្នឹង​អត់​​បាន​ទេ​ ដោយ​សាររដ្ឋអំណាច​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ ​គឺ​ជារដ្ឋាភិបាល​របស់គ្រួសារ​លោក ​ហ៊ុន សែន ​ផ្តាច់​មុខ​។ ​ម្ល៉ោះ​ហើយ ​លោក​ ហ៊ុន សែន ​​ចង់​ធ្វើ​អ្វី​ក៏​បាន​ ​ចង់​ដកអ្នកណាចេញពីសមាជិក​សភា​ក៏បាន ​ចង់​ដកអ្នកណាចេញពី​រដ្ឋមន្ត្រីក៏​បាន ​ឱ្យ​តែគាត់​ឃ្នើស​ចិត្ត​​គាត់​​ដក​បានទាំងអស់។ ម៉្លោះ​ហើយ​ធ្វើឱ្យ​​រដ្ឋសភា​ធ្វើ​ឱ្យ​ព្រឹទ្ធសភា​​កម្ពុជា​​ហ្នឹង មិន​​ហ៊ាន​​មាត់​​មិន​ហ៊ាន​ក​នូវ​ទង្វើ​​ខុស​ឆ្គង​​របស់​​រដ្ឋ​មន្ត្រី​ការពា​រ​​ជាតិ ​និងនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ទេ។ ហើយ​រឿង​​ព្រំ​ដែន​​នេះ​ ​មិន​​អាច​​បណ្តោយ​​ឱ្យ​​​ពួក​អ្នក​​អស់​ហ្នឹង​​ដឹក​នាំ​​ខុសឆ្គង​ ​អ៊ីចឹង​ខ្សោយ​សមត្ថភាព​អ៊ីចឹង​បណ្តោយ​ឱ្យថៃនឹងគឃ្លើន​ប្រមាថ​​អ៊ីចឹង​​ធ្វើ​ឱ្យ​បាត់​បង់​ទឹកដី​​កម្ពុជា​​អ៊ីចឹង​ទេ។ រឿងនេះ​ រដ្ឋសភាគួរកោះ​ហៅ​រដ្ឋមន្ត្រី​ការពារជាតិ ​និង​នាយក​​រដ្ឋមន្ត្រីទៅសួរ»។

សូមបញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ មាត្រា៩៦ ​ចែង​ថា តំណាង​​រាស្ត្រ​​មាន​​សិទ្ធិ​ដាក់​​សំណួរ​​ដល់​​រដ្ឋាភិ​បាល។​សំណួរ​នេះ​​ត្រូវ​​សរ​សេរ​​​ជា​លាយ​​លក្ខណ៍​​អក្សរ​​ប្រគល់​​ជូន​​តាម​​រយៈ​​ប្រធាន​​រដ្ឋ​សភា​។ ចម្លើយ​អាច​ធ្វើឡើង​ដោយ​រដ្ឋ​មន្ត្រី​​មួយ​​រូប ​​ឬច្រើន​រូប ​​អាស្រ័យ​​ដោយ​បញ្ហា​ដែល​បាន​ចោទឡើង​ពាក់​ព័ន្ធ​​​ជាមួយ​រដ្ឋមន្ត្រី​មួយ​រូប ​ឬច្រើន​រូប​។ ​បើ​បញ្ហា​ពាក់​ព័ន្ធ​ដល់​នយោ​បាយ​​ទូទៅ​របស់​រដ្ឋាភិបាល ​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ឆ្លើយផ្ទាល់​​ខ្លួន។ ចំណែក​មាត្រា​៩៨​​ថ្មី ​ចែងថា រដ្ឋសភាអាច​ទម្លាក់​សមាជិក​​គណៈ​រដ្ឋមន្ត្រី ​ឬទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ដោយ​អនុ​ម័ត​​​ញ្ញត្តិ​​បន្ទោស​​តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​​ដាច់​​ខាត​នៃ​ចំនួន​សមា​ជិកសភាទាំងមូល។

វីអូឌី​ មិន​អាច​ទាក់​ទង​ លោក ​ឡេង ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋ​សភា ​ដើម្បី​ស្នើ​សុំ​ធ្វើអត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​បាន​​ទេ​​នៅ​ថ្ងៃទី​១១ខែ​មីនា​នេះ។

លោក​ សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រនយោបាយ ​បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​១១ខែ​មីនា​​នេះ​​ថា បញ្ហា​បូរ​ណ​ភាព​​ទឹកដី​ គឺ​ជាដង្ហើម​របស់​ជាតិ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ ពីស្ថា​ប័ន​នីតិ​បញ្ញត្តិ។

លោកថា ការដែល​រដ្ឋសភានិង​ព្រឹទ្ធសភា​ស្ងប់​ស្ងាត់​មិន​ទាន់​មាន​ចំណាត់​ការ​កោះ​ហៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបា​ល​​មក​ប​ក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់​ជុំវិញការ​បាត់​បង់ទឹកដី​ធ្វើឱ្យ​បាត់​បង់​ផ្ទះ​សំបែង​របស់​ប្រជាពល​រដ្ឋ​គឺជាការ​ខកខានក្នុងការ​​អនុវត្តតួនាទី​ត្រួតពិនិត្យលើ​​អំណាច​នីតិប្រតិបត្តិ។នៅក្នុង​នា​ម​តំណាង​ឱ្យ​សំឡេង​ពល​រដ្ឋ​ស្ថាប័ន​ជាតិ​ទាំងនេះ​មិន​​គួរ​ទុក​ឱ្យ​មាន​មន្ទិល​សង្ស័យទុកឱ្យ​ពល​រដ្ឋ​រងគ្រោះ​នៅឯកកោនោះទេ​ខណៈបញ្ហា​ព្រំដែន​ជារឿង​រសើប​និងជះឥទ្ធិពល​ដល់​សន្តិសុខជាតិទាំងមូល។

នៅក្នុង​ស្ថានភាព​ដូចបច្ចុប្បន្ននេះ​អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា ការស្ទង់​មតិជាសាធារណៈគួរ​ត្រូវ​បាន​ធ្វើឡើង​ពី​ព្រោះ​​វា​​ជា​ឧបករណ៍​ប្រជាធិបតេយ្យ​​ដ៏សំខាន់មួយដើម្បី​វាស់ស្ទង់​ឆន្ទៈ​ពិត​ប្រាកដ​របស់​ម្ចាស់ឆ្នោត​ចំពោះ​បញ្ហា​ទឹកដី​ដែល​​កំពុង​ឡើង​កំដៅ​។

លោកថា៖ «នៅ​ពេល​ដែល​រដ្ឋាភិបាល​ហាក់​ប្រើប្រាស់​ត្រឹមតែយន្តការថ្កោល​ទោស​តាមរយៈ​ក្រដាសស្នាម​ប៉ុន្តែមិន​មាន​​សកម្មភាព​ទប់​ស្កាត់​ជាក់​ស្តែងនៅ​នឹងកន្លែង​ការសាកសួរ​មតិពល​រដ្ឋ​នឹងបង្ហាញ​ឱ្យ​ឃើញ​នូវការ​មិន​ពេញ​ចិត្ត​និង​ការ​ចង់​បាននូវវិធានការដែលម៉ឺងម៉ាត់​ជាងមុន។ការ​បណ្តោយ​ឱ្យ​ភាគីថៃ​បន្ត​រាយបន្លាលួសវាទទី​យក​ទឹកដីដោយ​​សេរី​គឺជាការ​បង្ហាញ​នូវភាព​ទន់​ជ្រាយ​នៃ​នយោ​បាយការពារជាតិ​ដែល​ទាម​ទារ​ឱ្យ​មាន​ការផ្លាស់ប្តូរយុទ្ធសាស្ត្រ​តាម​​រយៈ​ការ​ដាក់​សម្ពាធ​ពីមហា​ជន​និងការ​ដោះ​ស្រាយ​តាម​ផ្លូវច្បាប់​អន្តរជាតិ​ឱ្យ​បាន​ខ្លាំងក្លាបំផុតជាងមុន»។

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​វណ្ណលី​បានផ្តល់​គំនិតឱ្យ​រដ្ឋាភិបាល​ត្រូវជំរុញឱ្យ​មាន​ការ​ដោះ​ស្រាយ​ការចូល​មក​ដណ្តើមកាន់កាប់ទឹកដីខ្មែរពីសំណាក់ភាគីថៃ​នេះ​ឱ្យ​បាន​លឿននិង​ត្រូវតែព្យាយាម​ស្នើ​​​ឱ្យអង្គការសហប្រចាជាតិ​ដាក់​ចេញនូវយន្តការសមស្របណា​មួយ​ ដើម្បី​ធ្វើបែបណា​ដាក់​សម្ពាធថៃ​ឱ្យ​ចូលមកគោរពនូវយន្តការដោះ​ស្រាយ​របស់​អង្គការអន្តរ​ជាតិ​​ដូច​ជា​​ICJជាដើម។

បន្ថែមពីនេះបើតាម​លោក​ម៉ែន ណាត​ តាម​រដ្ឋធម្មនុញ្ញកម្ពុជា​បាន​ចែងកំណត់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​សមាជជាតិ​ដើម្បី​ប្រមូល​សំឡេង​ពីពល​រដ្ឋដើម្បី​ឱ្យ​ដឹង​​​ថាតើ​ប្រជាពល​រដ្ឋ​ចង់​បាន​អ្វី​ត្រូវការ​អ្វី​? និង​ថាតើ​ប្រជា​ពល​រដ្ឋ​យល់​ឃើញ​ឬវាយតម្លៃ​បែបណា​ចំពោះការ​ដឹកនាំ​របស់​ដ្ឋាភិបាល​និង​ចង់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ខ្លះទៀត​ជាដើម។ ប៉ុន្តែ​ចាប់​តាំង​ពីការ​បោះ​​ឆ្នោត​ឆ្នាំ​១៩៩៣មក​រដ្ឋាភិបាល​​មិន​ត្រឹម​តែមិន​បាន​ធ្វើ​សមាជជាតិ​ប៉ុណ្ណោះទេ​​ថែម​ទាំង​ចាប់​ពល​រដ្ឋ​ដែល​សម្តែង​​មតិ​ខ្វល់​ខ្វាយ​ពី​បញ្ហា​ជាតិ​ដាក់​គុក​ថែម​ទៀត​​បើ​ទោះ​បីជា​រដ្ឋធម្មនុញ្ញបាន​ការ​ពារសិទ្ធិ​​បញ្ចេញមតិក៏ដោយ។

លោកថា៖ «ការឈ្លានពាន​របស់​ថៃមក​លើ​ទឹកដីកម្ពុជានេះអាជ្ញាធររដ្ឋ​​រឹតតែរិតត្បិតមិន​ឱ្យ​ប្រជាពល​រដ្ឋ​បញ្ចេញ​មតិ​ថែម​ទៀត​។​ហីឃើញ​ជាក់​ស្តែង​ចាប់​អ្នក​កាសែត​ដាក់​គុក​ចាប់​គ្រូបង្រៀន​ដាក់​គុក​​ចាប់​ប្រជាពល​រដ្ឋ​ជន​ភៀស​សឹកនឹង​ដាក់​គុក​។ដូច្នេះការចាប់​ដាក់គុកនឹងច្រើនហើយ​ដែរអំឡុង​ពេល​សៀម​ឈ្លានពាន​កម្ពុជានឹង។​អត់នាំគ្នា​ទៅ​ប្រឆាំង​សៀមរដ្ឋាភិបាល​កម្ពុជា​អត់​តតាំង​សៀម​ជាក់​ស្តែងទេ​បច្ចុប្បន្ន​នឹង​ប៉ុន្តែបែជាមក​ចាប់​អ្នក​រិះគន់​បន្តិចបន្តួច​​ប្រឆាំង​សៀម​ទៅ​ជាចាប់​ពល​រដ្ឋ​ខ្លួនឯងដាក់គុក។​តាម​ផ្លូវច្បាប់​គួរធ្វើការ​ស្ទង់​មតិ​ដើម្បី ឱ្យដឹងថា តើ​ពល​រដ្ឋ​យល់​​ឃើញ​យ៉ាងណា​ចំពោះ​អ្វីដែល​សៀមកំពុង​ឈ្លានពានកម្ពុជានឹង»។

​ជាមួយគ្នា​នេះ​លោក​មាជ សុវណ្ណារ៉ា​ប្រធានគណបក្ស​ជំនាន់​ថ្មី​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ជារដ្ឋា​ភិបាល​​ឯក​បក្ស​​ហើយ​​តំណាង​រាស្ត្រ​​នៅ​រដ្ឋ​សភា​ព្រឹទ្ធសភា​ក៏សុទ្ធ​តែជាតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ខណៈ​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ជិត​៥០​ឆ្នាំ​មក​ហើយ​នេះ​មាន​ឥទ្ធិពល​ចេញពីមេបក្ស​គឺ​​លោក​ហ៊ុន សែន។ ហេតុដូច្នេះហើយ​​គ្មាន​តំណាង​រាស្ត្រ​​រូបណា​ហ៊ាន​កោះ​ហៅ​រដ្ឋមន្ត្រី​ឬនាយក​រដ្ឋ​មន្ត្រី​ទៅ​សាក​សួរ​ពីនោះ​ទេ។

លោកថា៖«អ្វីដែលឥទ្ធិពលនយោបាយដែលចែកគ្នាមិនដាច់រវាងនីតិបញ្ញត្តិនិងនីតិប្រតិបត្តិដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចចឹងចង់មិនចង់គឺឥទ្ធិពលនឹងហើយនៅស្ងៀមស្ងាត់មិនអាចប្រធានរដ្ឋសភាឬក៏ប្រធានព្រឹទ្ធសភាស្តីទីនឹងកោះរដ្ឋមន្ត្រីក្រសួងការពារជាតិនឹងទៅសួរនាំដូចអ្វីដែលរដ្ឋធម្មនុញ្ញបានចែងជារៀងរាល់ថ្ងៃព្រហស្បតិ៍ត្រូវតែមានការកោះរដ្ឋមន្ត្រិនាយករដ្ឋមន្ត្រីទៅសួរនូវកិច្ចការដឹកនាំប្រទេសមានសុវត្ថិភាពការងារនយោបាយបែបណាអស្ថិរភាពយ៉ាងម៉ិចវាជាផ្លូវច្បាប់នៃរដ្ឋធម្មនុញ្ញ»

គួរបញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៧នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក្រោម​កណ្តាប់​ដៃលោក​ហ៊ុន សែន​ដែល​ជាការ​ដក​ចេញនូវ​​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​តាម​បែប​ប្រជាធិប​តេយ្យ​ ​រដ្ឋសភា​ព្រឹទ្ធ​សភា​បាន​ក្លាយ​ទៅ​ជាស្ថាប័ន​ឯកបក្ស​​។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​មិន​ដែល​ឃើញ​មាន​ការ​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​ទៅសាកសួរ​ឡើយ​បើ​ទោះ​បីជា​មាន​បញ្ហា​ជាតិ​ធំៗ​បាន​កើត​ឡើង​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​ជាតិ​និង​បញ្ហា​ទឹក​ដី​ដែល​ថៃ​ចូល​ឈ្លាន​ពាន​ក៏ដោយ​។

​​លោក​បណ្ឌិត​គិន ភា ប្រធាន​វិទ្យា​ស្ថានទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​​កាលពីពេល​កន្លងម​មក​ថា គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាននិង​ប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែល​លោក​ចង់សរសេរ ប៉ុន្តែលោក​គិតថា រឿងរ៉ាវទាំងនោះវាបានដក់ជាប់​កប់យ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនិងមនោសញ្ចេតនារបស់ប្រជាជនខ្មែរគ្រប់រូបរួចស្រេចទៅហើយ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សមាជរដ្ឋសភា និងព្រឹទ្ធសភាកាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សមាជិក​​រដ្ឋសភា​និង​ព្រឹទ្ធ​សភា​​ទាំង​អស់​ បាន​បោះ​ឆ្នោត​គាំទ្រ​ជាឯកច្ឆ័ន្ទ​ឱ្យ​រាជរដ្ឋាភិបាលយកបញ្ហាជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ​ប្តឹង​ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បី​«ពន្លត់ភ្លើងជាជាងអង្គុយ​បក់ផ្សែង»។ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ប្រាសាទ​តាក្របី​ត្រូវ​ថៃទម្លាក់​គ្រាប់​កម្ទេច​ឱ្យ​រាប​ដល់ដី​រួម​ទាំង​ប្រាសាទ​តាមាន់​តូច​និង​តាមាន់​ធំ​ត្រូវ​ថៃ​ដណ្តើមកាន់​កាប់​អស់​ហើយ នៅ​សល់​តែ​តំបន់​មុំ​៣មួយ​ប៉ុណ្ណោះ​ដែល​កង​ទ័ព​​កម្ពុជា​នៅ​បន្តឈរជើង​កាន់​កាប់​ ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ឃើញ​ដាក់​ពាក្យ​ប្តឹងថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​​​នៅ​ឡើយ​ ហើយ​រដ្ឋសភា​និងព្រឹទ្ធសភា​បែជានៅ​ស្ងៀម​មិន​ឃើញ​បញ្ចេញ​ប្រតិកម្ម​អ្វីឡើយ។

លោកអ៊ុំ សំអាន​អ្នក​ជំនាញ​កិច្ច​ការព្រំដែនពីគណបក្សាប្រឆាំងបាននិយាយថា ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្មាន​​សមត្ថភាពទាមទារទឹកដីខ្មែរទាំង៤៥ទីតាំងពីថៃត្រឡប់មកវិញនោះទេ។ ហើយថា ដើម្បីបិទបាំងភាពកម្សោយការ​ពារ​ទឹកដីនេះ រដ្ឋាភិបាលនឹង​បង្កើតព្រឹត្តិ​​ការណ៍សប្បាយៗ ដើម្បីពង្វក់កូនខ្មែរឱ្យភ្លេចគិតបញ្ហាទឹកដីនិងជាតិសាសន៍ខ្មែរដែលកំពុងរងការប្រមាថពីប្រទេសជិតខាង ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ