លោក ត្រាំ និងលោក​ ពូទីន ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​និង​​សន្តិ​​ភាព​​នៅ​អ៊ីរ៉ង់ ខណៈ​មាន​ការ​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​ប្រេង​​លើ​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង​សម​ភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ង់ និង​លទ្ធ​ភាព​នៃ​សន្តិ​ភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ កាល​ពី​ថ្ងៃ​ទី​៩ខែ​មីនា ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រមុខ​វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា វិបត្តិ​ថាមពល​សកល​កំពុង​គំរាម​កំហែង​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក។

ជម្លោះនេះ បាន​បង្កឱ្យមានការហក់ឡើងនៃតម្លៃប្រេងខ្លាំងបំផុត ចាប់តាំ​ង​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ​២០២២ ទោះ​បី​ជា​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​តម្លៃ​ប្រេង​ឆៅ​ កាល​ពី​ថ្ងៃ​ទី​៩ខែ​មីនា ត្រូវ​បាន​ធ្លាក់​ចុះ​មក​វិញ​ខ្លះ​កាល​ពី​ថ្ងៃទី​១០ខែ​មីនា ហើយ​តម្លៃ​ភាគ​ហ៊ុន​នៅ​អាស៊ី និង​អឺរ៉ុប​បាន​ចាប់​ផ្តើម​ងើប​ឡើង​វិញ​ក៏​ដោយ។

វិមានក្រឹមឡាំង បានឱ្យដឹងថា លោក ត្រាំ បានទូរសព្ទ​ទៅ លោក ពូទីន ហើយ​នៅ​ក្នុង​ការ​សន្ទ​នា​តាម​ទូរសព្ទ​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​ឆ្នាំ​នេះ ពួក​គេ​បាន​ពិភាក្សា​អំពី​គំនិត​របស់​រុស្ស៊ី​សម្រាប់​ការ​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឱ្យ​បាន​ឆាប់​រហ័ស ស្ថាន​ភាព​យោធា​នៅ​អ៊ុយ​ក្រែន និង​ឥទ្ធិ​ពល​នៃ​ព្រឹត្តិ​ការណ៍​នា​នា​ នៅ​ប្រទេស​វេណេ​ស៊ុយ​អេឡា មក​លើ​ទី​ផ្សារ​ប្រេង​សកល។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មាននៅក្លឹបវាយកូនហ្គោល​របស់​លោក​ក្នុង​រដ្ឋផ្លរី​ដា​ថា៖ «ខ្ញុំ​មាន​ការ​សន្ទនា​យ៉ាង​ល្អ​ជាមួយ​ប្រធានា​ធិបតី ពូទីន» ដោយ​លោក​បាន​បន្ថែ​ម​ថា លោក ពូទីន ចង់​ជួយ​ជ្រោម​ជ្រែង​លើ​បញ្ហា​អ៊ីរ៉ង់។

លោក ត្រាំ បន្តថា៖ «ខ្ញុំបាននិយាយថា “អ្នកអាចជួយបានកាន់​តែ​ច្រើន ដោយ​បញ្ចប់​សង្គ្រាម​រវាង​​អ៊ុយ​ក្រែន​ និង​រុស្ស៊ី​ឱ្យ​រួច​រាល់ នោះ​នឹង​មាន​ប្រយោជន៍​ជាង”»។

កាលពីពេលមុន លោក ពូទីន បានលើកឡើងថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល លើ​ប្រទេស​អ៊ីរ៉ង់ បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ថាម​ពល​សកល ខណៈពេលដែលលោកបានព្រមានថា ការ​ផលិត​ប្រេង​ដែល​ពឹង​ផ្អែក​លើ​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ ហ័រមូស (Hormuz) ក្បែរ​ឆ្នេរ​សមុទ្រ​អ៊ីរ៉ង់ អាច​នឹង​ត្រូវ​បញ្ឈប់​ក្នុង​ពេល​ឆាប់​ៗ​នេះ។

លោក ពូទីន បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញប្រេងធំជាង​គេ​លំដាប់​ទី​ពីរ​របស់​ពិភព​លោក​ និង​​ជា​អ្នក​កាន់​កាប់​ទុន​បំរុង​ឧស្ម័ន​ធម្មជាតិ​ធំបំ​ផុត​នោះ គឺ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ធ្វើ​ការ​ងារ​ជាមួយ​អតិថិជន​អឺរ៉ុប​ឡើង​វិញ ប្រសិន​បើ​ពួក​គេ​ចង់​ត្រឡប់​មក​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រយៈ​ពេល​វែង​ជាមួយ​គ្នា​វិញ។

រដ្ឋបាលរបស់ លោក ត្រាំ កំពុងពិចារណាកាត់បន្ថយទណ្ឌកម្ម​ប្រេង​លើ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​ប្រភព​បីដែល​ដឹង​ពី​ផែន​ការ​នេះ។

ប្រភពនានា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការ​ពិភាក្សា​អាច​គ្រប​ដណ្តប់​លើ​ការ​បន្ធូ​រ​បន្ថយ​ទណ្ឌ​កម្ម​ជា​ទូទៅ ក៏​ដូច​ជា​ជម្រើស​គោល​ដៅ​ជាក់​លាក់​សម្រាប់​ប្រទេស​មួយ​ចំនួន ដូច​ជា ប្រទេស​ឥណ្ឌា ដើម្បី​ទិញ​ប្រេង​រុស្ស៊ី​ដោយ​មិន​ចាំ​បាច់​បារ​ម្ភ​ពី​ការ​ផាក​ពិន័យ​ពី​សហរដ្ឋ​អាមេរិក រួម​ទាំង​ពន្ធ​គយ​ផង​ដែរ។

វិធានការនេះ មានបំណងជំរុញការផ្គត់ផ្គង់ប្រេងពិភពលោក បន្ទាប់ពីមានការ​រអាក់​រអួល​ក្នុង​ការ​ដឹក​ជញ្ជូន​នៅ​មជ្ឈិម​បូព៌ា ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឱ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរ​ដ្ឋ​អាមេរិក ក្នុង​ការ​បង្អត់​ចំណូល​របស់​រុស្ស៊ី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន មាន​ភាព​ស្មុគ​ស្មាញ​ផង​ដែរ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានដោយមិនបានបញ្ជាក់ឈ្មោះ​ប្រទេស​ថា៖ «យើង​ក៏កំពុ​ង​លើក​លែង​ទណ្ឌ​កម្ម​ពាក់​ព័ន្ធ​នឹង​ប្រេង​មួយ​ចំនួន ដើម្បី​បញ្ចុះ​តម្លៃ។ ដូច្នេះ យើង​មាន​ទណ្ឌ​កម្ម​លើ​ប្រទេស​មួយ​ចំនួន។ យើង​នឹង​ដក​ទណ្ឌ​​កម្ម​ទាំង​នោះ​ចេញ រហូត​ទាល់​តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រា​យ​រួច​រាល់»

លោកបន្ថែមថា៖ «បន្ទាប់មក អ្នកណាទៅដឹង ប្រហែល​ជាយើ​ង​មិន​ចាំបាច់​ដាក់​ទណ្ឌ​កម្ម​ទាំង​នោះ​វិញ​ទេ ព្រោះ​វា​នឹង​មាន​សន្តិភាព​ខ្លាំង។ ប៉ុន្តែ​នៅ​ពេល​ដែល​ពេល​វេលា​មក​ដល់ កង​ទ័ព​ជើង​ទឹក​អាមេ​រិក និង​ដៃ​គូរបស់​ខ្លួន នឹង​អម​ដំណើរ​នាវា​ដឹក​ប្រេង​ឆ្លង​កាត់​ច្រក​សមុទ្រ ប្រសិន​បើ​ចាំបាច់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ