រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបន្តទម្លាយឱ្យដឹងពីភាពសកម្មតស៊ូលើសមរភូមិការទូត ទោះថៃសម្រុកមិនដកដៃ ពង្រីកព្រំដែនថ្មី រំលោភយកដីខ្មែរ ដែលជំរុញឱ្យមានការលើកឡើងថា ការណ៍នេះ ជាការផ្តល់ឱកាសឱ្យថៃរំលោភយកដីខ្មែរតាមទំនើងចិត្តគ្មានទីបញ្ចប់។
អ្នកនាំពាក្យរដ្ឋាភិបាលនោថ្ងៃទី១២ខែមីនានេះ បាននិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តបេសកកម្មការទូតរបស់ខ្លួនឥតឈប់ឈរ ទាំងនៅលើឆាកតំបន់ និងអន្តរជាតិ ក្នុងបរិបទ ដើម្បីការពារទឹកដី និងប្រជាជនជាអាទិភាព ពិសេសជនភៀសសឹកដែលមិនទាន់បានវិលត្រឡប់ទៅភូមិកំណើតវិញ ក្រោយការឈ្លានពានរបស់ថៃ។
លោកបញ្ជាក់ថា ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូមួយក្រុមទៀត ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសឹង្ហបុរី។ លោកថា ក្នុងទស្សនកិច្ចនេះ បានពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ពិសេសជនភៀសសឹកខ្មែរដែលមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។
លោកថា៖ «វត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេស បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ក្រោមនយោបាយពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតដោយមិនភ្លេចអាទិភាពខ្ពស់បំផុតរបស់ខ្លួន គឺការការពារបូរណភាពទឹកដី និងប្រជាជនក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ»។
សម្រាប់តំណាងរាស្ត្រពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅការលើកឡើងនេះ ជាសារនយោបាយបោកប្រជាពលរដ្ឋខ្មែរ ដើម្បីបិទបាំងភាពកម្សោយការពារទឹកដីពីសំណាក់មេដឹកនាំ។
លោកបញ្ជាក់ថា គ្មានប្រទេសណាអាចជួយដណ្តើមដីខ្មែរពីការឈ្លានពានរបស់ថៃ ឱ្យមកខ្មែរវិញបានទេ បើខ្មែរខ្លួនឯងមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ រួមទាំងការប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធ្វើទំនើបកម្មកងទ័ពដើម្បីប្រសិទ្ធភាពស្វ័យការពារនោះ ដែលលោកលើកឧទារណ៍ដូចករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន មានតែអ៊ុយក្រែនប្រឹងតតាំងដោយខ្លួនឯងទើបអាចទប់ទល់បាន។
លោកថា៖ «ស្របពេលដែលមេដឹកនាំអសមត្ថភាពក្នុងការការពារទឹកដី អ៊ីចឹងវាធ្វើឲ្យប្រទេសជាតិប្រជាពលរដ្ឋរងគ្រោះ ដោយសារតែបាត់បង់ទឹកដីទៅប្រទេសថៃហ្នឹង ឃើញហើយប្រជាពលរដ្ឋរស់នៅភូមិជោគជ័យ ភូមិព្រៃចាន់ហ្នឹង មិនអាចចូលទៅលំនៅឋានផ្ទះសម្បែងរបស់ពួកគាត់ រស់នៅក្រោមតង់ហ្នឹងវេទនាសម្រាប់ពលរដ្ឋ ហើយធ្វើឲ្យប្រទេសជាតិហ្នឹងបាត់បង់ទឹកដីទៅខាងប្រទេសថៃបន្តិចម្ដងៗ ដោយសារតែអសមត្ថភាពក្នុងការការពារទឹកដីរបស់ត្រកូលហ៊ុន»។
លើសពីនេះ លោកបានបង្ហាញវីដេអូលើបណ្តាញសង្គមរបស់លោក បង្ហាញពីសកម្មភាពយោធាថៃកំពុងជីកប្រឡាយ និងរាយបន្លាលួសព័ទ្ធយកដីខ្មែរនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការទូតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅទន់ខ្សោយបើធៀបនឹងចលនាតស៊ូខ្មែរនៅតាមព្រំដែនអំឡុងទសវត្សរ៍៨០។
ក្នុងន័យនេះ លោកថា ការឈ្លានពានរបស់ថៃជិតកន្លះឆ្នាំហើយ គ្មានប្រទេសណាមួយ សូម្បីតែមហាមិត្តដែកថែមចិន និងមិត្តម៉ឺនឆ្នាំរបស់កម្ពុជា គឺវៀតណាម មិនបានថ្កោលទោសថៃ ពីទង្វើឈ្លានពានមកកម្ពុជានេះទេ។
លោកសង្កត់ធ្ងន់ថា បញ្ហានេះ អាចមកពីរដ្ឋាភិបាលគ្រួសារហ៊ុន បានសាងកំហុសច្រើនពេក បង្កការភ័យខ្លាចដល់ពិភពលោក ដូចជា ការពារបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន អំពើពុករលួយជាប្រព័ន្ធ និងរំលោភសិទ្ធិមនុស្ស ធ្វើបាបពលរដ្ឋខ្លួនឯង រំលោភរដ្ឋធម្មនុញ្ញ និងរំលាយប្រព័ន្ធពហុបក្សជាដើម។
លោកថា៖«ព្រោះថៃគេមានមហិច្ឆតាឈ្លានពានរាប់សតវត្សរ៍មកហើយមកលើទឹកដីកម្ពុជាហ្នឹង ថៃមានទៅខុសពីយូរណាក្នុងផែនការឈ្លានពានកម្ពុជា ម្លោះកម្ពុជាដែលជាប្រទេសរងគ្រោះដោយសារការឈ្លានពាននេះ មានតែយន្តការអន្តរជាតិហ្នឹងឯង មានយន្តការច្បាប់គឺតាមរយៈតុលាការ យន្តការការទូត ការការពារខ្លួនដែលអាចការពារនូវដែនអធិបតេយ្យរបស់ខ្លួនបាន»។
សម្រាប់ លោក ម៉ែន ណាត ថៃ និងវៀតណាម នឹងបន្តលេបទឹកដីខ្មែរគ្មានទីបញ្ចប់ បើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនព្រមប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ មិនព្រមផ្សះផ្សាជាតិ ដើម្បីទាក់ទាញការគាំ្រទ្រពីប្លុកលោកសេរី តាមរយៈដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ មិនបោសសម្អាតអំពើពុករលួយ បោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន និងពង្រឹងវិស័យកងទ័ព ដើម្បីទប់ស្កាត់ការឈ្លានពានឱ្យមានប្រសិទ្ធភាពទេនោះ៕









