ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃទី១១ខែមីនា បានបង្គាប់ឱ្យមានការបញ្ចេញប្រេងបម្រុងរបស់រដ្ឋាភិបាលក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីជួយសម្រាលវិបត្តិតម្លៃប្រេងដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។
ស្ថាប័នឃ្លាំមើលថាមពលពិភពលោកមួយនេះ បានឱ្យដឹងថា សមាជិកទាំង ៣២ ប្រទេសរបស់ខ្លួន បានព្រមព្រៀងគ្នាជាឯកច្ឆន្ទក្នុងការបញ្ចេញប្រេងឆៅបម្រុងបន្ទាន់ប្រមាណ ៤០០ លានបារ៉ែល ដែលស្មើនឹងមួយភាគបីនៃប្រេងបម្រុងសរុបរបស់រដ្ឋាភិបាលនៃក្រុមប្រទេសទាំងនេះ និងមានចំនួនច្រើនជាងពីរដងនៃការបញ្ចេញប្រេងដ៏ច្រើនបំផុតរបស់ IEA កាលពីពេលមុន។
អន្តរាគមន៍បន្ទាន់នេះ មានទំហំធំជាងឆ្ងាយបើធៀបនឹងការបញ្ចេញប្រេងចំនួន ១៨២ លានបារ៉ែល ដោយបណ្តាប្រទេស IEA កាលពីឆ្នាំ២០២២ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន។
នាយកប្រតិបត្តិរបស់ស្ថាប័ននេះ លោក ហ្វាទី ប៊ីរ៉ូល(Fatih Birol) បានមានប្រសាសន៍ថា៖ «ទីផ្សារប្រេងគឺជាលក្ខណៈសកល ដូច្នេះការឆ្លើយតបទៅនឹងការរំខានធំៗ ក៏ត្រូវតែធ្វើឡើងក្នុងលក្ខណៈសកលផងដែរ។ សន្តិសុខថាមពល គឺជាអាណត្តិបង្កើតដំបូងរបស់ IEA ហើយខ្ញុំរីករាយដែលសមាជិក IEA កំពុងបង្ហាញសាមគ្គីភាពយ៉ាងរឹងមាំក្នុងការចាត់វិធានការដាច់ខាតរួមគ្នា»។
IEA បានបញ្ជាក់ថា ស្ដុកប្រេងបម្រុងបន្ទាន់នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងទីផ្សារសកល ដែលបានបាត់បង់ប្រេងឆៅប្រមាណ ១៥ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារការបិទខ្ទប់ពាណិជ្ជកម្មតាមរយៈច្រកសមុទ្រ Hormuz ក្នុងកំឡុងពេលមួយដែលសមស្របទៅតាមស្ថានភាពជាតិរបស់សមាជិកនីមួយៗ ព្រមទាំងមានការគាំទ្រដោយវិធានការបន្ទាន់បន្ថែមពីប្រទេសមួយចំនួនទៀត។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណេ តាកាអ៊ីឈី(Sanae Takaichi) បានលើកឡើងថា ប្រទេសជប៉ុនដែលពឹងផ្អែកលើច្រកសមុទ្រ Hormuz ប្រហែល ៧០% សម្រាប់ការនាំចូលប្រេងរបស់ខ្លួន នឹង «ធ្វើសកម្មភាពមុនគេ» ក្នុងការបញ្ចេញប្រេងប្រមាណ ៨០ លានបារ៉ែល ពីឃ្លាំងបម្រុងឯកជននិងជាតិ ចាប់ពីថ្ងៃទី១៨ ខែមីនា តទៅ ដើម្បីជួយឱ្យទីផ្សារប្រេងសកលមានស្ថិរភាពឡើងវិញ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោកស្រី ខេតធឺរីណា រ៉ៃជើ(Katherina Reiche) បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងប៊ែរឡាំងថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបញ្ចេញប្រេងឆៅសមមូលនឹង ១៩,៥១ លានបារ៉ែល ដែលជាផ្នែកនៃការបញ្ចេញប្រេងឆៅជាប្រវត្តិសាស្ត្ររបស់ IEA។
លោកស្រី Reiche បានបន្តថា៖«យើងនឹងអនុវត្តតាមសំណើនេះ និងចូលរួមចំណែកតាមចំណែករបស់យើង ពីព្រោះអាល្លឺម៉ង់គាំទ្រគោលការណ៍ដ៏សំខាន់បំផុតរបស់ IEA គឺសាមគ្គីភាពទៅវិញទៅមក»។
អន្តរាគមន៍ទីផ្សារជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់នូវបរិមាណប្រេងឆៅសមមូលនឹងការដឹកជញ្ជូនរយៈពេល ២៦ ថ្ងៃ ដែលជាធម្មតាត្រូវឆ្លងកាត់សរសៃឈាមពាណិជ្ជកម្មប្រេងដ៏សំខាន់មួយនេះ ជាកន្លែងដែលការដឹកជញ្ជូនត្រូវបានជាប់គាំង ដោយសារការគំរាមកំហែងនៃការវាយប្រហារពីទីក្រុងតេហេរ៉ង់។
យ៉ាងហោចណាស់ មាននាវាពាណិជ្ជកម្មចំនួន ១៣ គ្រឿង បានរងការវាយប្រហារនៅក្នុងតំបន់នោះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម រួមទាំង ៣ គ្រឿងទៀត នៅថ្ងៃទី១១ខែមីនានេះ ខណៈដែលយោធាអ៊ីរ៉ង់បាននិយាយថា ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់តម្លៃប្រេងដែលនឹងហក់ឡើងដល់ ២០០ ដុល្លារ (១៤៩ ផោន) ក្នុងមួយបារ៉ែល។
សមាជិកនៃ IEA ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិប្រេងនៅមជ្ឈិមបូព៌ាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ត្រូវបានតម្រូវឱ្យរក្សាទុកស្ដុកប្រេងឆៅបម្រុងយ៉ាងតិចសម្រាប់រយៈពេល ៩០ ថ្ងៃ ដែលអាចបញ្ចេញទៅកាន់ទីផ្សារបានក្នុងករណីមានវិបត្តិផ្គត់ផ្គង់ភ្លាមៗ៕









