ខណៈពេលបណ្ដាប្រទេសមួយចំនួន បានដាក់ចេញនូវយន្តការដោះស្រាយបន្ទាន់លើតម្លៃប្រេងឥន្ធនៈ អ្នកតាមដាន និងមន្ត្រីមកពីគណបក្សផ្សេង លើកឡើងថា ពួកគាត់មិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាមានដំណោះស្រាយណាមួយសម្រួលដល់ពលរដ្ឋ ទាក់ទងនឹងតម្លៃនេះនៅឡើយទេ។
នៅសប្ដាហ៍ទីពីរនៃខែមីនា តម្លៃប្រេងឥន្ទនៈលក់រាយនៅកម្ពុជាបានកើនដល់ ៥២០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៦០៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះមានសុពលភាពដល់ថ្ងៃទី១៣ ខែមីនា ក្រោយក្រសួងពាណិជ្ជកម្មកំណត់ការចេញតម្លៃថ្មីរៀងរាល់៣ថ្ងៃម្ដង។
តាមការធ្វើផលធៀបមុនពេលមានបញ្ហា តម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន បានកើនឡើងក្នុងរង្វង់ ៣៥.៦ភាគរយសម្រាប់ប្រេងសាំងធម្មតា និង ៥៧.១៤ភាគរយសម្រាប់ប្រេងម៉ាស៊ូត។
អ្នកជំនាញផ្នែកច្បាប់ និងនយោបាយ លោក វ៉ន ចាន់ឡូត បានសរសេរលើគណនីបណ្ដាញសង្គមរបស់លោកថា បើរដ្ឋាភិបាលអាចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈ និងថាមពលមកសូន្យភាគរយក្នុងពេលខ្លី និងមធ្យម នោះតម្លៃសាំងស៊ុបពែនៅត្រឹម ៤៤៥០រៀល ឯសាំងធម្មតាតម្លៃ ៣៣០០រៀល និងម៉ាសូត ៤៣០០រៀល ដោយហេតុថា សាំងធម្មតា និងស៊ុបពែ១លីត្រ គឺជាប់ពន្ធស្មើនឹង ១៩០០រៀល ចំណែកម៉ាសូត១លីត្រ ពន្ធស្មើនឹង១៧០០រៀល។ លោកបន្តថា កសិករនឹងរងគ្រោះមុនគេ ខណៈពលរដ្ឋត្រូវបង់លើអាករបន្ថែម អាករពិសេស អាករលើតម្លៃបន្ថែម និងបុព្វលាភ។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានគណនាដោយប្រើរូបមន្តកំណត់តម្លៃ ផ្អែកលើការប្រែប្រួលទីផ្សារក្នុងតំបន់ និងអន្តរជាតិ ដោយក្រុមហ៊ុនប្រេងដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចបង់ពន្ធ បុព្វលាភ និងពន្ធលើតម្លៃបន្ថែម ១០ភាគរយ។
ក្រោយការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ានៅដើមខែមីនា ពលរដ្ឋកម្ពុជាបាននាំគ្នាសម្រុកទិញប្រេងទុក តែរដ្ឋាភិបាលតាមរយៈរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីថ្ងៃទី៨ ខែមីនា បានអះអាងថា កម្ពុជាមានស្តុកប្រេងប្រើប្រាស់២១ថ្ងៃ ទោះបីគ្មានការនាំចូល។ តែរំលងបាន៤ថ្ងៃ ពោលគឺនៅថ្ងៃទី១១ លោកបានប្រាប់ទៅពលរដ្ឋឱ្យប្រើប្រាស់ប្រេងសន្សំសំចៃ និងកាត់បន្ថយសកម្មភាពមិនចាំបាច់។
ជុំវិញបញ្ហានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា លើកឡើងថា កម្ពុជាជួបបញ្ហាប្រេងឥន្ធនៈជាច្រើនលើកមកហើយ តែរដ្ឋាភិបាលនៅតែគ្មានមានការឆ្លើយតបល្អប្រសើរលើបញ្ហានេះ។ លោកបន្តថា ឆ្លងកាត់បទពិសោធន៍នេះ រដ្ឋាភិបាលគួរមានផែនការលើការគ្រប់គ្រង និងដោះស្រាយរយៈពេលវែង។
លោកថា៖ «សព្វថ្ងៃនេះ តម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ វាបានកើតឡើងច្រើនលើកច្រើនសារហើយ អ៊ីចឹងហើយទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវតែមានគោលនយោបាយមួយច្បាស់លាស់ មានទុនបម្រុងមួយច្បាស់លាស់ ដើម្បីធានានូវតម្លៃប្រេងក្នុងករណីមានវិបត្តិបែបហ្នឹង»។
បើតាមលោក គង់ មុនីកា រដ្ឋាភិបាលគួរពិចារណាកាត់បន្ថយពន្ធលើប្រេងឥន្ធនៈសម្រាប់រយៈពេលខ្លី ព្រមទាំងតម្រូវឱ្យក្រុមហ៊ុនប្រេងកំណត់អាត្រានៃប្រាក់ចំណេញដុលរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋត្រូវមានផែនការរយៈពេលវែង ដោយបង្កើតទុនបម្រុងប្រេងឥន្ធនៈជាតិជាយុទ្ធសាស្ត្រ ការធ្វើពិពិធកម្មការនាំចូលថាមពល និងប្រេងឥន្ធនៈ ព្រមទាំងការវិនិយោគលើថាមពលកកើតឡើងវិញបន្ថែមទៀត។
ឆ្លើយតបនឹងបញ្ហាសកលនេះដែរ បណ្ដាប្រទេសមួយចំនួន ដូចជា វៀតណាម ថៃ បង់ក្លាដែស ហ្វីលីពីន មីយ៉ាន់ម៉ា បានដាក់ចេញយន្តការគួរឱ្យចាប់អារម្មណ៍ ដូចជាការបិទសកលវិទ្យាល័យមុនម៉ោង ការអនុញ្ញាតឱ្យធ្វើការពីផ្ទះ ការតាមដានតួលេខលក់ប្រេងតាមស្ថានីយ ការកំណត់ម៉ាស៊ីនត្រជាក់មិនឱ្យក្រោម២៦អង្សាសេ ជាពិសេសគឺការទម្លាក់ពន្ធនាំចូលឥន្ធនៈសូន្យភាគរយរបស់វៀតណាម។
ងាកមកកម្ពុជា មកទល់ពេលនេះ ស្ថានីយ៍ដែលបិទការលក់ប្រេងឥន្ធនៈនៅមានចំនួនច្រើននៅឡើយ ទោះបីរដ្ឋាភិបាលដាក់កំហិត និងគំរាមដកអាជ្ញាបណ្ណអ្នកដែលស្តុកប្រេងទុកមិនដាក់លក់។ ចំណែក រដ្ឋាភិបាលកំពុងឧបត្ថម្ភធនលើតម្លៃប្រេងឥន្ធនៈក្នុងតម្លៃ ៦,៥ សេនក្នុងមួយលីត្រ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ឱ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅប៉ែកអឺរ៉ុបហាក់ប្រសើរឡើងវិញហើយ តែនៅកម្ពុជានៅតែបន្តរងផលប៉ះពាល់ ខណៈជនឆ្លៀតឱកាសនៅតែបន្តដំឡើងថ្លៃ។ លោកជំរុញឱ្យរដ្ឋាភិបាលពិនិត្យឱ្យបានដិតដល់លើចំណុចនេះ ជាជាងនិយាយចោលគ្មានការអនុវត្ត។
លោក ម៉ែន ណាត ថ្លែងថា៖ «រដ្ឋាភិបាលត្រូវតែពិនិត្យឱ្យមែនទែន ហើយអ្នកណាឆ្លៀតឱកាសលក់ឡើងថ្លៃត្រូវតែហៅព្រមានអីចឹងជាដើម រួចរដ្ឋាភិបាលត្រូវតែបន្តនាំចូលប្រេងពីសិង្ហបុរី ពីវៀតណាម ពីអី ត្បិតតែបញ្ហាស្រុកសព្វថ្ងៃនាំពីថៃមកមិនបាន ដោយសារបញ្ហាជម្លោះសង្គ្រាមឈ្លានពានរបស់ថៃមកកម្ពុជាហ្នឹង តែមកពីកន្លែងផ្សេងទៀតអាចមកបាន ហើយតម្លៃវាអាចខ្ពស់ជាងមុន អីចឹងរដ្ឋាភិបាលកម្ពុជាតើមានដើមទុនទេក្នុងការព្យាយាមទិញតម្លៃហ្នឹង ជួយផ្ដល់ជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។
យ៉ាងណា លោក ម៉ែន ណាត ក៏មិនភ្លេចនោះដែរក្នុងការលើកទឹកចិត្តដល់ពលរដ្ឋឱ្យប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ និងកាត់បន្ថយការប្រើប្រាស់យានយន្តក្នុងករណីមិនចាំបាច់។
បច្ចុប្បន្នតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានតម្លៃ ៩៥ដុល្លារក្នុងមួយបារ៉ែល ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា សង្គ្រាមនៅអ៊ីរ៉ង់ នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ចង់ឃើញរដ្ឋាភិបាលជួយសង្គ្រោះពលរដ្ឋក្នុងដំណាក់កាលនេះ ដោយត្រូវដាក់ចេញនូវយន្តការជាក់លាក់មួយ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ៕









