ព្រៃកោងកាង​សហគមន៍​នេសាទ​បឹង​រាំង​ស្រុក​ព្រៃនប់​រង​ការ​ទន្ទ្រាន​ធ្ងន់​ធ្ងរ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន

តំណាង​សហគម​ន៍​នេសាទ​បឹង​រាំង មាន​ទីតាំង​ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​​ព្រះ​​សី​ហនុ បាន​​​​​អះ​​អា​ង​ថា បច្ចុប្បន្ន​ ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោង​កាង​ដែល​ជា​ជីវៈ​​ចម្រុះ​​សមុទ្រ​​​​ កំពុង​​រង​​ការ​កាប់​ទន្ទ្រាន​​យ​ក​​​ដី​​​ធ្វើ​​កម្ម​​សិ​ទ្ធិ​ឯកជន​​យ៉ាង​ធ្ងន់​ធ្ងរ គ្មាន​​​​ការ​ទប់​ស្កាត់ ពី​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ។

ការណ៍​នេះ ពួកគេបារម្ភថា ព្រៃកោងកាងដែលជាជម្រកធនធាន​ជល​ផល​សមុទ្រ និង​​​ជីវៈ​​ចម្រុះ និង​បា​ត់​បង់​​ទៅ​​ក្នុង​​ពេល​ខាង​មុខ​ដ៏​ខ្លី មន្ត្រីពាក់ព័ន្ធមិនអាចទប់ស្កាត់ឱ្យបានទាន់ពេលទេនោះ។

ប្រធានសហគមន៍នេសាទ​បឹងរាំង លោក រឿន រិន បានឱ្យដឹងនៅថ្ងៃទី​១២ ខែមីនា​នេះ​ថា ​​សកម្ម​ភាព​ ជីក​កាប់​​​​រាន​​ដី​ព្រៃ​កោង​​កាង ឬ​ព្រៃ​លិច​ទឹក នៅ​ក្នុង​ឃុំ​សាមគ្គី ​ដើ​ម្បី​​​​យក​ដី​ធ្វើ​កម្ម​​សិទ្ធិ ពី​បុគ្គល​ឯកជន​មួយ​ចំនួន​ កំពុង​បន្ត​កើត​​មាន​រាល់​​ថ្ងៃ។

លោកថា រូបភាព​នៃ​ការ​​បំផ្លា​ញ​​ព្រៃ​​លិច​​​ទឹក​ទាំង​នេះ គឺ​ពួក​គាត់​​បារម្ភ​ឈាន​ទៅ​​​​បាត់​​បង់​ធន​​ធាន​ជល​​ផ​ល​​សមុទ្រ​​​​ នាថ្ងៃ​​អនាគត។ ជាពិសេស​នាំឱ្យ​​​​​ប៉ះ​ពាល់​ដល់​ការធ្វើរបរនេសាទ​របស់​​ពលរដ្ឋ​​ថែម​ទៀត​។​

លោក រឿន រិន បន្តថា សកម្មភាពទន្ទ្រានកាប់​រានដីព្រៃលិចទឹក ឬ​ព្រៃ​កោង​កាង ​​នៅ​​ក្នុង​​សហគមន៍​​​បឹង​​រាំង​ខាង​​លើ​​នេះ ប្រជាពលរដ្ឋ​​​ពួក​​គាត់ ក៏​ធ្លាប់​​បាន​រាយ​​ការណ៍​​​ជូន​ទៅ​ មន្ត្រី​​ជំនាញ​​​​​​​​​​ជល​ផល​កំពង់​សោម ក៏​ដូ​ច​​ជា​​​មន្ទីរ​កសិកម្ម​​រួច​​ហើយ​ដែរ។​​ ប៉ុន្តែ​​មិន​ឃើ​ញមាន​​ចំណាត់​ការ​​​​ឲ្យមានប្រសិទ្ធ​ភាព​ទេ។

ប្រធាន​សហគមន៍រូបនេះ ថ្លែងអស់សង្ឃឹម​ចំពោះ​ភាព​សោះ​អង្គើយ​របស់​មន្ត្រី​ជំនាញ​ ដែល​​​មិន​​​​ព្រម​​ជួយ​​ទប់​ស្កាត់​សកម្ម​ភាព​​ទន្ទ្រាន​កាន់​កាប់​​​ដី​ព្រៃ​កោង​កាង ទៅ​តាម​សំណូម​​ពរ​របស់​​ពួក​គាត់​។ ​​

លោកថា៖ «សំណូមពររបស់ខ្ញុំ ក្នុងនាម​ខ្ញុំ​ជា​តំណាងឲ្យ​គណៈ​​កម្ម​ការសហគមន៍នេសាទបឹងរាំង ខ្ញុំចង់ដឹងបញ្ជាក់ពី ដីក្រុមហ៊ុនត្រឹមណា ហើយដីសហគមន៍​ធន​​ធាន​ធម្មជាតិត្រឹមណាឲ្យពិតប្រាកដ។ ហើយ​​ដល់​​ពេលគាត់មកកាយ​បាក់បែកព្រៃ ហើយ​​កាយដីទប់នៅសៀរ​មាត់ព្រែកហ្នឹង មានន័យថា ដីព្រៃកោ​​កាងទាំងប៉ុន្មាន ដែលនៅ​ក្នុ​ដែនរបស់​គាត់ កាយទប់ព្រែកនោះ ​គឺព្រៃកោងកាងទាំងអស់ហ្នឹង មុននឹង​ក្រោយ​ គង់​តែងាប់អស់ទេ ព្រោះ​អត់មាន ទឹកនាជ ឬទឹកជោរចូលដល់ទៀតទេ»

លើសពីនេះ លោក រឿន រិន ក៏បានស្នើដល់ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ​​គួរ​​បញ្ឈប់​​ផ្តល់​​កម្ម​សិទ្ធិ​ដីធ្លី ​ជូន​ក្រុម​ហ៊ុន ឬ​បុគ្គល​ឯកជន នៅ​លើ​ផ្ទៃ​ដី​​ព្រៃ​កោង​កាង ​ឬ​ព្រៃ​លិច​ទឹក ដែល​​​ជា​​ទំ​​ជម្រក​មច្ឆា​សមុទ្រ​បន្ត​ពូជ​​តទៅ​ទៀត។ ដ្បិត​​​បច្ចុប្បន្ន​នេះ ធន​ធាន​ជល​ផល​សមុទ្រ​ក្នុង​​​ខេត្ត​​ព្រះ​​សី​​ហនុ ហាក់​​បាន​​បាត់​​បង់​ជា​​បណ្តើ​រៗ​ហើយ ព្រោះ​​តាម​រយៈ​​​ការ​ធ្វើ​នេសាទ​​របស់​​ពលរដ្ឋ មិន​សូវ​​​​​ទទួល​បាន​ផល​​ច្រើ​​ន​ទៀត​ទេ។

បើតាមប្រភពខាងលើ បរិវេណដីព្រៃកោងកាង នៅតាមឆ្នេរសមុទ្រខេត្តព្រះ​សីហនុ គួរ​ត្រូវ​បាន​ការ​ពារ និង​ជួយ​ថែ​រក្សា​​អភិរក្ស​​​​ឲ្យ​បាន​គង់​វង្ស ដោយ​មិន​​ត្រូ​វ​​​​​​បន្ត​​ចេញ​​បណ្ណ​កម្ម​សិទ្ធិ​ជូន​ក្រុម​ហ៊ុន ឬ​​បុគ្គល​ឯកជន​​កាន់​​កាប់​​ទៀត​​​​ឡើយ​ ហើយ​​រដ្ឋាភិ​បាល​ក៏​​គួរ​កំណត់​ទំហំ​ដី​ព្រៃកោ​ងកា​ង ដើម្បី​​អភិ​រក្ស​​និង​​ការ​​ពារ​ឲ្យ​​បាន​​ច្បា​ស់​​លាស់​ដែរ។

វីអូឌី ​មិន​អាចទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សីហនុ លោក នេន ចំរើន ដើម្បី​សុំ​កា​រ​​ពន្យល់​​ជុំវិញ​​បញ្ហា​នេះ​បាន​ទេ គិ​ត​ត្រឹម​ថ្ងៃ​ទី​១២ខែ​មីនា​នេះ។

ប៉ុន្តែ​នាយ​ខណ្ឌរ​ដ្ឋបាល​ជលផល​កំព​ង់​សោម លោក ឯម ភា ​ធ្លា​ប់​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា ​ប​ញ្ហា​​កំ​ពុង​​​កើត​មាន នៅក្នុង​សហគម​ន៍​នេសាទ​​បឹង​​រាំង គឺ​​អ្នក​ជីក​កាប់​រាន​នៅ​លើ​ទីតាំង​​មាន​ព្រៃ​​កោ​​ង​កាង​នោះ ​​​គេ​​មាន​​​បណ្ណ​កម្ម​សិទ្ធិ។ ហើយ​​​ថា ជំនាញ​​​របស់លោក មិន​មាន​សិទ្ធិ​រារាំង​សកម្ម​ភាព​ទាំង​នោះ​ដែរ។

លោកថា៖ ​​«នៅស​ហគមន៍​បឹង​រាំង គឺ​ខាង​សហគមន៍​ខល​មក​ខ្ញុំ​ដែរ ឮ​សហគមន៍​គាត់​ចុះ​ទៅ​មើល​ដែរ ​អាហ្នឹង​[ទី​តាំង​​នោះ]​វា​ស្ថិត​ក្នុង​ទីតាំង​ដី ដែល​គេមា​ន​បណ្ណ​កម្ម​សិទ្ធិ។ អីចឹង​យើង​មិន​ដឹង​ជា​ថា​យ៉ាង​ម៉េច បើគាមន​បណ្ណ មាន​អីចឹង។ ហើយ​ទីតាំង​ទាំង​អស់​ហ្នឹង ខាង​សហគម​ន៍​ក៏​ដូច​ជា​ខាង​ខ្ញុំ​ក៏​បាន​រាយ​ការណ៍​មក​ដែរ អ្វី​ដែល​ខ្ញុំ​ដឹង​មាន​ពីរ​ទីតាំង​​ហ្នឹង»។

ទាក់ទិបញ្ហានេះ​ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រឡាញ់​ធន​ធាន​ធម្ម​ជាតិ ហៅ​កាត់ ស៊ីអ៊ិនរ៉ូ (CNRO) បាន​ឲ្យដឹ​ង​ដែរ​ថា ពិត​ជា​មាន​បទ​ល្មើស​កាប់​​ជី​ក​ទន្ទ្រាន​រាន​យក​ដី​ព្រៃ​កោង​កាង និង​ព្រៃ​លិច​ទឹក នៅ​ក្នុង​​សហគ​មន៍​នេសាទ​​បឹង​រាំង ដូច​សហគមន៍​លើក​ឡើង​​ពិត​មែន។ ​ហើយ​​ករណី​នេះ ទាំង​ប្រជា​ពលរដ្ឋ និង​សហគម​ន៍​នេសាទ​​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​ហិន​ហោច​ប្រភព​ជីវៈ​ចម្រុះ ដែល​ពួក​គាត់​​រ​ស់​នៅ​​អាស្រ័យ​ផល​ សម្រាប់​ដោះ​ស្រាយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ នៅ​ថ្ងៃ​​ខាង​មុខ​។

លោកបន្តថា កន្លង​មក ប្រជា​ពលរដ្ឋ ក៏ដូច​ជាអ្ន​ក​នេសាទ​រស់​នៅ​សហគមន៍​​ខាង​លើ​នេះ ក៏​​ធ្លាប់​ស្នើ​​សុំ​​ឲ្យ​​អាជ្ញាធរ ឬ​​មន្ត្រី​ជំនាញ ជួយ​ចាត់វិ​ធាន​ការ​ផ្លូវ​ច្បាប់ ដើម្បី​ថែ​រក្សា​ប្រភព​ជីវៈ​ចម្រុះ​នៅ​​មូល​​ដ្ឋាន​ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​នេះ​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធ​ផល​ទេ។

លោកថា៖ «ជាសំណូមសូមឲ្យអាជ្ញាធរជំនាញ ទាំង​អាជ្ញាធថ្នាក់ក្រោម​ជាតិ ទាំងថ្នាក់ជាតិ រួមគ្នា​​កាពា​​ធាន​​ធម្មជាតិព្រៃកោងកាងហ្នឹង ឲ្យ​បា​គង់វង្ស។ បើមិន​​ដូច្នេះ​ទេ បាត់បង់អស់ហើយ បាត់​​ង់​​ជី​​វៈ​​ចម្រុះឆ្នេរសមុទ្រទាំងអស់ នៅ​ក្នុង​​​​ដែនសហគមន៍​នេសាទ​ហ្នឹងហើយបាទ»

សម្រា់ប លោក សុខ សុខុម ព្រៃ​កោងកា​ង គឺជាមន្ទីរសម្ភពដ៏មានសារៈសំខាន់​បំផុត ក្នុង​ការ​បង្កើត​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ​ពិសេស​​ព្រៃ​កោង​​កាង​ជា​ប្រភព​ផ្ទុក​កាបូន​ស្រូប​ជាតិ​ពុល និង​បញ្ចេញ​អុក​ស៊ី​សែន ​សម្រាប់​មនុស្ស​ជាតិ​​ដក​ដង្ហើម​​​យ៉ាង​ប្រសើរ​បំផុត​ចំពោះ​ជីវិត​មនុស្ស​លោក។ ហេតុ​ដូច​នេះ លោក​​សូម​ឱ្យ​​អាជ្ញា​ធរ​ និង​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​​ពាក់​ព័ន្ធ គួរ​មាន​វិធាន​ច្បាប់ ឬ​ទប់​ស្កាត់​បទ​​ល្មើ​ស​​​នេះ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​តឹង​រឹង​​បំផុត។

ដីព្រៃកោង​កាង ឬព្រៃលិចទឹក ដែលគ្របដណ្តប់ នៅតាមបណ្តោយតំបន់ឆ្នេរ​​សមុទ្រ​នានា ក្នុង​ខេត្ត​​ចំនួន​៤ រួម​មាន ខេត្ត​កោះ​កុង ព្រះ​សីហនុ កំពត និង​ខេត្ត​កែប ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រស់​នៅក្នុង​មូលដ្ឋាន​នីមួយៗ​ ផ្តល់​ព័ត៌​មាន​មក​ថា បាន​​​រង នូវការកាន់កាប់​និងកំពុង​ទន្ទ្រាន​​​យក​ដីធ្វើសកម្មសិទ្ធិ ឯកជនជាច្រើនកន្លែង។ ​​ហើ​យទីតាំងខ្លះ ​ត្រូវ​​មន្ត្រី​​ក្រសួង​ស្ថាប័នជំនាញ ​បានចេញបណ្ណ័​កម្ម​សិទ្ធិ ​ជូន​បុគ្គល​​ឯកជន ​មាន​សិទ្ធិ​កា​ន់​កាប់​នៅ​​​លើ​​​ផ្ទៃដី​​​ព្រៃ​លិច​ទឹក​​ទាំង​​នោះ​ស្រប​ច្បាប់​ថែម​ទៀត​ផង។

ក្នុង​អាណត្តិ ​លោក ហ៊ុន សែន បាន​ចេញ ស.ជ.ណ ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​​២០​១៦ តម្រូវ​​ឲ្យ​​​ក្រសួង​រៀប​ចំ​ដែន​ដី ​​និរា​ករណ៍​​​ ឬ​ដក​ហូត​​ប័ណ្ណ​កម្ម​សិទ្ធិ ឬ​វិញ្ញា​​បន​ប័ត្រ​​សំគាល់​ម្ចាស់​អចលន​វត្ថុ​ និង​លិខិត​បញ្ជាក់​ការ​​កាន់​​កាប់​ដី​របស់​មន្ទីរ​រៀប​ចំ​ដែន​ដី​ និង​អាជ្ញាធរ​ដែន​ដី ខេត្ត​​ជា​ប់​​សមុទ្រ​​ទាំង​៤​ ដែល​​មាន​​ការ​​ពាក់​ព័ន្ធ​ដីព្រៃ​កោង​កាង និង​ព្រៃ​លិច​ទឹក យក​មក​ទុក​ជា​ទ្រព្យ​​សម្បត្តិ​​​​របស់​រដ្ឋ​គ្រប់​គ្រង​វិញ។

លើសពីនេះ រដ្ឋាភិបាល អាណត្តិនោះ ក៏បានស្នើ​ចែក​ចាយ និង​​ផ្សព្វ​ផ្សាយ​ឯកសារ​នៃ​សេច​ក្តី​សម្រេច​របស់​​រដ្ឋាភិ​បាល​​លេខ ៦១៦ និង​លេខ ៧៩៩ ដើម្បី​ឲ្យ​អាជ្ញាធរ​​ដែ​ន​ដី ស្ថាប័ន អង្គភាព ​មន្ទីរ​ពាក់​ព័ន្ធ​​សហគមន៍​ អង្គ​ការ​ដៃ​គូ បាន​ដឹង​ និង​រួម​គ្នា​អនុវត្ត​​​ឲ្យ​​​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឈាន​ទៅ​ទប់​ស្កាត់ និង​បង្រ្កាប​លើ​អ្នក​ទន្ទ្រា​ន​​កាន់​កាប់​លើ​​​ដី​​​ព្រៃ​កោង​​​​​កាង និង​ព្រៃ​លិច​ទឹក​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

ប៉ុន្តែជាក់ស្តែង សេចក្តីសម្រេច​​ខាងលើនេះ ហាក់​មិន​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ដឹក​នាំ​ក្រសួង​ស្ថាប័ន​​ជំ​នាញ​​ពាក់​ព័ន្ធ​​​អនុ​វត្ត​​​​ទេ។ ភាព​សោះ​អង្គើយ​​នេះ បាន​បន្ត​​មក​ដល់​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត អាណត្តិ​ទី៧​ ​បច្ចុប្បន្ន​នេះ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ