នាវាពាណិជ្ជកម្ម ៣គ្រឿង​បន្ថែម​ទៀត​ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​​គ្រាប់​រំសេវ​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz

នាវា​ពាណិជ្ជ​កម្ម​ ៣​គ្រឿង​បន្ថែម​ទៀត ត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​រំសេវ​មិន​ស្គាល់​អត្ត​សញ្ញាណ​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន​សន្តិ​សុខ​នាវា​ចរណ៍ និង​ក្រុម​ហ៊ុន​វាយ​តម្លៃ​ហានិភ័យ​កាល​ពី​ថ្ងៃ​ទី​១១ខែ​​មី​នា ដែល​ធ្វើ​ឱ្យ​ចំនួន​នាវា​ដែល​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​នេះ ចាប់​តាំង​ពី​ជម្លោះ​នៅ​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ កើន​ឡើង​ដល់​យ៉ាង​ហោច​ណាស់ ១៤ គ្រឿង។

ការដឹកជញ្ជូនតាមច្រកសមុទ្រដ៏តូចចង្អៀតនេះ ស្ទើរតែជាប់គាំងទាំងស្រុង ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីស្រា​អែល​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ កាល​ពីថ្ងៃ​​ទី​២៨ ខែ​កុម្ភៈ ដែល​រារាំង​ការ​នាំ​ចេញ​ប្រេង​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ការ​ផ្គត់​ផ្គង់​ពិភព​លោក និង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​សកល​ហក់​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០២២។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាន​ព្រមាន​ថា នាវា​ទាំង​ឡាយ​ណាដែ​ល​ឆ្លង​កាត់​ច្រក​សមុទ្រ​នេះ នឹង​ក្លាយ​ជា​គោល​ដៅ​វាយ​ប្រហារ។ រី​ឯ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​គំរាម​បង្កើន​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេ​រិក​​លើ​​អ៊ីរ៉ង់ ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​បន្ត​រារាំង​ច្រក​សមុទ្រ។

នាវាដឹកទំនិញស្ងួត Mayuree Naree ដែលមានដោតទង់ជាតិថៃ ត្រូវបានវាយប្រហារដោយ «គ្រាប់រំសេវពីរគ្រាប់ដែល​​មិនស្គាល់ប្រភព» ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃទី​១១ខែ​មីនា ដែល​បណ្តាល​ឱ្យ​មាន​អគ្គិ​​ភ័យ និង​ខូច​ខាត​ដល់​បន្ទប់​ម៉ាស៊ីន។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ហ៊ុន Precious Shipping (PSL.BK) ដែលជា​ប្រ​តិបត្តិ​ករ​ចុះ​បញ្ជី​នៅ​ប្រទេស​ថៃ។

ក្រុមហ៊ុន Precious Shipping បានឱ្យដឹងថា៖ «សមាជិកនាវិក ៣ នាក់ ត្រូវ​បាន​រាយ​ការណ៍​ថា​បាត់​ខ្លួន ហើយ​​ត្រូវ​​បាន​​គេ​​ជឿ​ថា​បាន​ជាប់​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន»។

ក្រុមហ៊ុនបានបន្ថែមថា៖ «ក្រុមហ៊ុនកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះនាវិកដែលបាត់ខ្លួនទាំង ៣ នាក់នេះ» ព្រមទាំងបានបញ្ជាក់ទៀតថា នាវិក ២០ នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញដោយសុវត្ថិភាព និងកំពុងស្ថិតនៅលើគោកក្នុងប្រទេសអូម៉ង់។

រូបភាពដែលផ្តល់ដោយកងទ័ពជើងទឹកថៃ បានបង្ហាញឱ្យឃើញផ្សែងហុយចេញយ៉ាងខ្លាំង​ពី​ផ្នែក​ខាង​ក្រោយ​នៃ​នាវា។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន Tasnim ថា នាវានេះត្រូវបាន «បាញ់ប្រហារដោយយុទ្ធជនអ៊ីរ៉ង់» ដែលនេះហាក់ដូចជាការប៉ះទង្គិចគ្នាដោយផ្ទាល់ជាលើកដំបូង​​ពីសំណើកងឆ្មាំបដិវត្តន៍ ដែលកន្លងមកធ្លាប់តែប្រើប្រាស់មីស៊ីល ឬដ្រូន។

ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាន​បដិ​​សេធ​​សំណើ​ស្ទើររាល់ថ្ងៃ​ពីវិស័យដឹកជញ្ជូននាវាចរណ៍ ដែលសុំការការពារពីយោធាក្នុងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមលើអ៊ីរ៉ង់មក ដោយលើកឡើងថា ហានិភ័យនៃការវាយប្រហារនៅពេល​នេះគឺខ្ពស់ពេក។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកត្រៀមខ្លួន​ជា​ស្រេច​ក្នុងការផ្តល់កម្លាំងការពារជើងទឹក នៅពេលណាដែលចាំបាច់។

កាលពីព្រឹកថ្ងៃទី​១១ខែ​​មីនា នាវាដឹកកុងតឺន័រដោតទង់ជាតិជប៉ុន ONE Majesty បានរងការខូចខាតបន្តិច​បន្តួច​ពីគ្រាប់​រំសេវមិនស្គាល់អត្តសញ្ញាណ នៅ​ចម្ងាយ ២៥ ម៉ាយ(៤៦ គីឡូម៉ែត្រ) ភាគពាយព្យនៃទីក្រុង Ras Al Khaimah ក្នុង​សហភាពអារ៉ាប់រួមអាមីរ៉ាត់។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនសន្តិសុខនាវាចរណ៍ចំនួនពីរ។

ម្ចាស់នាវាជនជាតិជប៉ុនគឺក្រុមហ៊ុន Mitsui O.S.K. Lines (9104.T) និងអ្នកនាំពាក្យក្រុមហ៊ុន Ocean Network Express (ONE) ដែលជាអ្នកជួលនាវា បាននិយាយថា នាវាត្រូវបានវាយប្រហារខណៈពេលកំពុងបោះយុថ្កានៅក្នុងតំបន់ឈូងសមុទ្រ ហើយការត្រួតពិនិត្យតួនាវាបានរកឃើញការខូចខាតបន្តិចបន្តួចនៅផ្នែកខាងលើនៃខ្សែទឹក។

ក្រុមហ៊ុនសន្តិសុខនាវាចរណ៍បានឱ្យដឹងទៀតថា នាវាទី៣ ដែលជានាវាដឹកទំនិញធុនធំ ក៏​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​រំសេវ​មិន​ស្គាល់​អត្ត​សញ្ញាណ​ផង​ដែរ នៅ​ចម្ងាយ​ប្រហែល ៥០ ម៉ាយ ភាគ​ពាយព្យ​នៃ​ទីក្រុង​ឌូបៃ។

សេច​ក្តី​ថ្លែង​ការណ៍​របស់​កងឆ្មាំ​បដិវត្តន៍ ក៏​បាន​យោង​ទៅ​លើនា​វា​មួយ​គ្រឿង​ទៀត ដែល​ខ្លួន​បាន​និយាយ​ថា ត្រូវ​បាន​​វាយ​ប្រហារ​ដោយ​គ្រាប់​រំសេវ (ជាទូទៅ​សំ​ដៅ​លើ​ដ្រូន) កាល​ពី​ព្រឹក​​ថ្ងៃទី​១១ខែ​មីនា។ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ Reuters មិន​ទាន់​អាច​បញ្ជាក់​ពី​របាយ​ការណ៍​នោះ​ភ្លាមៗ​បាន​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ