វិស័យប្រេងឥន្ធនៈនៅកម្ពុជា គឺជាចំណុចប្រសព្វដ៏សំខាន់រវាងសន្តិសុខថាមពលជាតិ គោលនយោបាយសារពើពន្ធ និងបណ្ដាញខ្សែរយៈដែលចាក់គ្រឹះយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចនយោបាយរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ដោយសារខ្វះសមត្ថភាពចម្រាញ់ក្នុងស្រុក កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូលផលិតផលប្រេងសម្រេច ដើម្បីបម្រើដល់មូលដ្ឋានឧស្សាហកម្ម បណ្ដាញដឹកជញ្ជូន និងការផលិតថាមពលអគ្គិសនី។
ការពឹងផ្អែកនេះ បានធ្វើឱ្យការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ក្លាយជាប្រភពនៃអំណាចសេដ្ឋកិច្ច និងនយោបាយ។ វិស័យនេះ មានរចនាសម្ព័ន្ធបែបមជ្ឈការខ្ពស់ ដែលគ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយក្ដាប់តូច ក្រោមការដឹកនាំរបស់ក្រុមឧកញ៉ាមានខ្សែរយៈជិតដិតជាមួយមេដឹកនាំគណបក្សកាន់អំណាច ចាប់តាំងពីដំណាក់កាលនាំចូល ការស្តុកទុក រហូតដល់ការចែកចាយ។
ការប្រមូលផ្ដុំអំណាចទីផ្សារនេះ មិនមែនកើតចេញពីប្រសិទ្ធភាពសេដ្ឋកិច្ចសុទ្ធសាធនោះទេ ប៉ុន្តែជាលទ្ធផលនៃសម្ព័ន្ធភាពយុទ្ធសាស្ត្ររាប់ទសវត្សរ៍រវាងឥស្សរជនកាន់អំណាច និងវណ្ណៈអាជីវកម្ម ដែលជារឿយៗត្រូវបានគេហៅថាជា «ការចាប់រដ្ឋជាចំណាប់ខ្មាំង (State Capture) ដើម្បីផលប្រយោជន៍បក្ខពួក។
ទិដ្ឋភាពនៃការនាំចូល និងចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានវិវត្តន៍ពីប្រព័ន្ធគ្រប់គ្រងដោយរដ្ឋនាត្រីកាលក្រោយសង្គ្រាម មកជាទីផ្សារបែបអប្បជនាធិបតេយ្យ (Oligarchic Market) ដ៏ស្មុគស្មាញ ដែលគ្រប់គ្រងដោយតួអង្គក្នុងស្រុកមានឥទ្ធិពលនយោបាយខ្ពស់។
ការនាំចូលប្រេង និងហ្គាស ត្រូវបានរឹតបន្តឹងតាមរយៈការតម្រូវឱ្យមានការអនុញ្ញាតពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលបង្កើតជារបាំង រារាំងការប្រកួតប្រជែង និងផ្តល់អាទិភាពដល់អ្នកមានខ្សែរយៈស្រាប់។
ក្នុងចំណោមនោះ ក្រុមហ៊ុនកម្ពុជាតេឡា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយឧកញ៉ា ឈុន អន គឺជាអ្នកនាំមុខគេក្នុងឧស្សាហកម្មនេះ ជាមួយនឹងបណ្តាញស្ថានីយជិត ២០០០កន្លែងទូទាំងប្រទេស។ ឥទ្ធិពលរបស់ តេឡា បានលាតសន្ធឹងលើសពីវិស័យថាមពល រួមមាន ហាងទំនិញ Tela Mart, កាហ្វេ LUNA និងការចែកចាយគ្រឿងសមុទ្រ ដោយសារតែការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយយន្តការរដ្ឋ និងតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងគោលនយោបាយថាមពលរបស់រដ្ឋាភិបាលគណបក្សប្រជាជន។
ក្រុមហ៊ុនសូគីមិច របស់លោកឧកញ៉ា សុខ គង់ គឺជាសសរស្តម្ភដ៏សំខាន់មួយទៀតក្នុងវិស័យនេះ ដែលការរីកចម្រើនរបស់ក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយការក្តោបក្តាប់អំណាចរបស់គណបក្សប្រជាជនកម្ពុជា នាទសវត្សរ៍ឆ្នាំ១៩៩០។
តាមរយៈការទិញក្រុមហ៊ុនប្រេងរដ្ឋ កុំប៉ាញី កម្ពុជា ដេ កាប៊ីរ៉ង់ (Compagnie Kampuchea des Carburants) ក្នុងតម្លៃ ១០,៦ លានដុល្លារ កាលពីឆ្នាំ១៩៩៦ សូគីមិចបានក្តោបក្តាប់ហេដ្ឋារចនាសម្ព័ន្ធស្តុកទុកប្រេងសំខាន់ៗនៅភ្នំពេញ និងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ។
ក្រុមហ៊ុននេះ ក៏ទទួលបានភាពលេចធ្លោខ្លាំង តាមរយៈការធានាផ្គត់ផ្គង់ប្រេងដល់យោធាក្នុងអំឡុងវិបត្តិនយោបាយឆ្នាំ ១៩៩៧។ បើទោះបីជាបច្ចុប្បន្នបានពង្រីកវិសាលភាពទៅលើវិស័យទេសចរណ៍ និងអចលនទ្រព្យក៏ដោយ សូគីមិចនៅតែជាអ្នកផ្គត់ផ្គង់ចម្បងដល់ក្រសួងការពារជាតិ និងស្ថាប័នរដ្ឋដទៃទៀត។
ក្រៅពីនេះ ក៏មានតួអង្គសំខាន់ៗផ្សេងទៀត ដូចជា ប្រាយ វិចតូរី មេគង្គ ភីត្រូលៀម (Bright Victory Mekong Petroleum-BVM) ដែលផ្តោតលើការចែកចាយដុំ និងប្រព័ន្ធសិទ្ធិផ្តាច់មុខ និងក្រុមហ៊ុន Savimex ដឹកនាំដោយឧកញ៉ា សុខ ហួត ដែលជាអ្នកនាំចូលដ៏ធំមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។
ទោះបីជាក្រុមហ៊ុនក្នុងស្រុកក្តោបក្តាប់ទីផ្សារភាគច្រើន ប៉ុន្តែក្រុមហ៊ុនអន្តរជាតិនៅតែរក្សាវត្តមានក្នុងវិស័យលក់រាយលំដាប់ខ្ពស់ និងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន Caltex (Chevron Cambodia) និង TotalEnergies (Total Cambodge) គឺជាតួអង្គចម្បង ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញនៃបរិបទនយោបាយក្នុងស្រុកក៏ដោយ។
ដោយឡែក ក្រុមហ៊ុន PTT របស់រដ្ឋថៃ ដែលធ្លាប់មានចំណែកទីផ្សារធំតាមរយៈស្ថានីយចំនួន ១៨៦ កន្លែង បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្លោះព្រំដែន។ នៅខែមិថុនា ឆ្នាំ ២០២៥ ចំពេលមានវិវាទព្រំដែន រដ្ឋាភិបាលកម្ពុជា បានផ្អាកការនាំចូលប្រេង និងហ្គាសពីថៃ ដែលបង្ខំឱ្យក្រុមហ៊ុន PTT ត្រូវប្តូរទៅរកប្រភពផ្គត់ផ្គង់ពីសិង្ហបុរី វៀតណាម ឬម៉ាឡេស៊ី ជំនួសវិញ។
ការបាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែងនេះ បានក្លាយជាឱកាសមាសសម្រាប់ក្រុមហ៊ុនក្នុងស្រុក ដូចជា កម្ពុជា តេឡា ក្នុងការដណ្តើមយកចំណែកទីផ្សារបន្ថែម។
ក្រៅពីរចនាសម្ព័ន្ធក្រុមហ៊ុន យន្តការកំណត់ថ្លៃ និងបទបញ្ញត្តិត្រួតពិនិត្យ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងតម្លៃលក់រាយប្រេងឥន្ធនៈ តាមរយៈរូបមន្តដែលថ្លឹងថ្លែងរវាងនិន្នាការទីផ្សារអន្តរជាតិ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។
យន្តការនេះ ត្រូវបានដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តម្លៃលក់រាយត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ ១០ថ្ងៃម្តង (នៅថ្ងៃទី១ ទី១១ និងទី២១ នៃខែនីមួយៗ) ដោយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន។
មូលដ្ឋានគ្រឹះនៃការគណនា គឺផ្អែកលើសន្ទស្សន៍តម្លៃមធ្យមនៃផលិតផលប្រេងសម្រេចលើទីផ្សារសិង្ហបុរី (Mean of Platts Singapore-MOPS) និងជាស្តង់ដារសម្រាប់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង សម្រាប់អាណត្តិកំណត់ថ្លៃពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា តម្លៃសាំងធម្មតា (EA92) ត្រូវបានកំណត់ក្នុងកម្រិត ៥០៥០ រៀល (ប្រហែល ១,២៥ ដុល្លារ) ក្នុងមួយលីត្រ ផ្អែកលើតម្លៃមធ្យមនៃផលិតផលប្រេងសម្រេចលើទីផ្សារសិង្ហបុរី ០,៧៥៥១ ដុល្លារ។
ការដាក់បញ្ចូលបុព្វលាភ (Premium) ដែលមានភាពបត់បែនក្នុងរូបមន្តកំណត់ថ្លៃ គឺជាយន្តការរបស់រដ្ឋ ដើម្បីការពារផលប្រយោជន៍របស់អ្នកចែកចាយក្នុងស្រុក។ នៅពេលមានវិបត្តិខាងក្រៅ ដូចជាការផ្អាកការនាំចូលពីថៃក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលអាចកែសម្រួលបុព្វលាភនេះ ដើម្បីឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាយភស្តុភារពីប្រភពឆ្ងាយៗ ដូចជា សិង្ហបុរី ឬវៀតណាម។
ការផ្លាស់ប្តូរនេះ អនុញ្ញាតឱ្យរដ្ឋកំណត់តម្លៃឡើងវិញនៅតាមស្ថានីយ ដើម្បីរក្សាម៉ាស៊ីនប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុងស្រុកដែលមានខ្សែរយៈជាមួយឥស្សរជននយោបាយ បើទោះជាត្រូវប៉ះពាល់ដល់អ្នកប្រើប្រាស់ក៏ដោយ។
លោក សេង វណ្ណលី អ្នកជំនាញភូមិសាស្ត្រនយោបាយតំបន់ យល់ថា ភាពបត់បែននៃបុព្វលាភនេះ គឺជាឧបករណ៍នយោបាយសម្រាប់ផ្តល់រង្វាន់ដល់ក្រុមហ៊ុន ស្មោះត្រង់ជាមួយគណបក្សកាន់អំណាច ដូចជា កម្ពុជាតេឡា ជាដើម ក្រោមលេសនៃភាពចាំបាច់ខាងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅមជ្ឈិមបូព៌ា។
គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃសាំងធម្មតាបានហក់ឡើងដល់ ៥២០០ រៀលក្នុងមួយលីត្រ ទោះបីជាមានការជួយឧបត្ថម្ភធន ៦,៥ សេនដុល្លារពីកញ្ចប់ថវិការដ្ឋ ដើម្បីសម្រាលបន្ទុកពលរដ្ឋក៏ដោយ។
ពន្ធលើប្រេងឥន្ធនៈ គឺជាសមាសធាតុស្នូលនៃចំណូលរដ្ឋ ដោយរួមចំណែកប្រហែល ២០% នៃចំណូលសរុប និងជាង ២% នៃផលិតផលក្នុងស្រុកសរុប (GDP)។
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អនុវត្តប្រព័ន្ធ «ពន្ធជាន់លើពន្ធ» (Tax-on-tax) ដែលជាការយកពន្ធច្រើនប្រភេទបន្តបន្ទាប់គ្នាទៅលើតម្លៃប្រេង។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអ្នកទទួលបន្ទុកប្រមូលពន្ធនាំចូល ដែលគណនាផ្អែកលើតម្លៃ «ថ្លៃទំនិញ ធានារ៉ាប់រង និងដឹកជញ្ជូន» (Cost, Insurance, and Freight -CIF)។ រចនាសម្ព័ន្ធពន្ធនេះរួមមាន៖
ទី១) ពន្ធគយនាំចូល៖ ចន្លោះពី ០% ដល់ ៣៥%។ ទី២) ពន្ធពិសេស (Excise Tax)៖ ចន្លោះពី ៣% ដល់ ១០%។ ទី៣) អាករពិសេសបន្ថែម (ឆ្នាំ ២០០២)៖ ០,០២ ដុល្លារ/លីត្រ (សាំង) និង ០,០៤ ដុល្លារ/លីត្រ (ម៉ាស៊ូត) និងទី៤) អាករលើតម្លៃបន្ថែម (VAT)៖ ១០% ដែលអនុវត្តលើមូលដ្ឋានតម្លៃសរុបចុងក្រោយ។
សម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ២០២៦ រដ្ឋាភិបាលបានស្នើកញ្ចប់ថវិកាជាតិចំនួន ៩,៩ ប៊ីលានដុល្លារ (កើនឡើង ៧,៨% ធៀបនឹងឆ្នាំ ២០២៥)។ ដើម្បីគាំទ្រដល់ការចំណាយនេះ រដ្ឋាភិបាលគ្រោងប្រមូលចំណូលឱ្យបាន ៧,៣ ប៊ីលានដុល្លារ ដោយក្នុងនោះ ៦,១ ប៊ីលានដុល្លារ គឺជាចំណូលសារពើពន្ធដែលបានមកពីពន្ធដារ និងគយ។
ផលិតផលប្រេងឥន្ធនៈ នៅតែជាប្រភពចំណូលដ៏សំខាន់បំផុត។ យោងតាមលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងរបាយការណ៍ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា ការនាំចូលប្រេង និងថាមពល បានរួមចំណែកដល់ទៅ ២២,៧% នៃចំណូលគយសរុបប្រចាំឆ្នាំ ២០២៥។
ទោះជាយ៉ាងណាក្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្ដីបារម្ភចំពោះមូលដ្ឋានចំណូលដែល «ចង្អៀត និងប្រមូលផ្ដុំខ្លាំង» ព្រមទាំងនិន្នាការធ្លាក់ចុះនៃចំណូលពន្ធធៀបនឹង GDP។
ជាការឆ្លើយតប រដ្ឋាភិបាលបានជំរុញការកែទម្រង់រដ្ឋបាលពន្ធដារតាមប្រព័ន្ធឌីជីថល ដើម្បីពង្រឹងការកៀរគរចំណូល ទោះបីជាមានការផ្ដល់ការអនុគ្រោះពន្ធលើវិស័យបច្ចេកវិទ្យា និងយានយន្តអគ្គិសនីចាប់ពីដើមឆ្នាំ២០២៦ ក៏ដោយ។
ឧស្សាហកម្មប្រេងឥន្ធនៈនៅកម្ពុជា គឺជាចំណុចឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបណ្តាញខ្សែរយៈ (Patron-client networks) ដែលធ្វើឱ្យព្រំដែនរវាងអភិបាលកិច្ចសាធារណៈ និងវិស័យឯកជន មានភាពស្រពិចស្រពិល។ ស្នូលនៃប្រព័ន្ធនេះគឺ វណ្ណៈឧកញ៉ា ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារដល់បក្សកាន់អំណាច ដើម្បីដោះដូរមកវិញនូវឯកសិទ្ធិអាជីវកម្មផ្តាច់មុខនៅក្នុងស្រុក។
របាយការណ៍ស៊ើបអង្កេត Hostile Takeover ក្នុងខែកក្កដា ឆ្នាំ២០១៦ របស់អង្គការ Global Witness បានទម្លាយថា គ្រួសារអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្តោបក្តាប់សេដ្ឋកិច្ចជាតិយ៉ាងណែន តាមរយៈការគ្រប់គ្រងក្រុមហ៊ុនឯកជនចំនួន ១១៤ ដែលមានដើមទុនចុះបញ្ជីជាង ២០០ លានដុល្លារ គ្របដណ្តប់លើវិស័យថាមពល ពាណិជ្ជកម្ម និងអចលនទ្រព្យ។
ក្នុងវិស័យប្រេងឥន្ធនៈ បើទោះជាក្រុមហ៊ុនធំៗ ត្រូវបានដឹកនាំដោយមហាសេដ្ឋីដូចជា ឧកញ៉ា ឈុន អន ឬ ឧកញ៉ា សុខ គង់ ក៏ដោយ ក៏ការសង្ស័យអំពីភាគហ៊ុនលាក់មុខរបស់សមាជិកគ្រួសារត្រកូលហ៊ុន នៅតែបន្តមាន រួមទាំងការអះអាងកាលពីឆ្នាំ២០០៥ ថា លោកស្រី ប៊ុន រ៉ានី កាន់កាប់ភាគហ៊ុន ២២% នៅក្នុងក្រុមហ៊ុន កម្ពុជាតេឡា ផងដែរ។
សម្ព័ន្ធភាពរវាងមហាសេដ្ឋី និងឥស្សរជនគណបក្សកាន់អំណាច បង្កើតឱ្យមានបរិយាកាស «តាក់តែងច្បាប់តាមចិត្ត» ដើម្បីបម្រើផលប្រយោជន៍ដល់បក្ខពួកស្មោះត្រង់មួយក្តាប់តូច។
ជាក់ស្តែង ក្នុងអំឡុងពេលហាមឃាត់ការនាំចូលប្រេងពីថៃកាលពីឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានប្រើប្រាស់លេសសន្តិសុខជាតិ ដើម្បីផ្តល់អាទិភាពដល់ក្រុមហ៊ុនក្នុងស្រុកដូចជា កម្ពុជាតេឡា ដែលតាមពិតគឺជាយុទ្ធសាស្ត្រពង្រីកចំណែកទីផ្សារឱ្យក្រុមហ៊ុនទាំងនោះតែប៉ុណ្ណោះ។
ប្រព័ន្ធបក្ខពួកនិយមនេះ ក៏ត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍សេចក្តីថ្លែងការណ៍បរិយាកាសវិនិយោគឆ្នាំ២០២៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ផងដែរ។
របាយការណ៍បានកត់សម្គាល់ថា ក្រុមហ៊ុនអន្តរជាតិស្ទើរតែគ្មានលទ្ធភាពប្រកួតប្រជែងឡើយ ប្រសិនបើគ្មានដៃគូក្នុងស្រុកដែលមានខ្សែរយៈល្អជាមួយក្រុមគ្រួសារអ្នកមានអំណាច ដើម្បីជួយសម្រួលដល់បែបបទរដ្ឋបាលដ៏ស្មុគស្មាញ និងជួយជ្រោមជ្រែងក្នុងការទទួលបានអាជ្ញាប័ណ្ណតាមរយៈបណ្តាញក្រៅផ្លូវការ។
អត្រាពន្ធខ្ពស់រួមផ្សំនឹងអំពើពុករលួយជាប្រព័ន្ធ បានជំរុញឱ្យកើតមាន «ឧស្សាហកម្មរត់ពន្ធប្រេង»យ៉ាងទ្រង់ទ្រាយធំ។ យោងតាមឯកសាររបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កាលពីខែតុលាឆ្នាំ២០០៤ គម្លាតមិនប្រក្រតីរវាងកំណើនសេដ្ឋកិច្ច និងទិន្នន័យនាំចូលផ្លូវការ បានបង្ហាញថា ការរត់ពន្ធគឺជាប្រភពចម្បងដែលឆ្លើយតបនឹងតម្រូវការក្នុងស្រុកពិតប្រាកដ។
ដោយឡែក ការវាយតម្លៃរបស់ USAID ក្នុងខែសីហា ឆ្នាំ២០០៤ បានប៉ាន់ប្រមាណថា ការបាត់បង់ចំណូលពន្ធពីការរត់ពន្ធប្រេងមានទំហំដល់ទៅជាង ១,៥% នៃ GDP របស់កម្ពុជា។ ល្បិចកលនៃការរត់ពន្ធរួមមាន៖
ទី១) ការបន្លំភេទទំនិញ តាមរយៈការប្រកាសសាំង ជាប្រេងកាត ដើម្បីបង់ពន្ធក្នុងអត្រាទាប។
ទី២) ការនាំចូលខុសច្បាប់ ដោយការដឹកជញ្ជូនតាមទូកតូចៗ ឬនាវាដឹកប្រេងដែលមិនបានចុះបញ្ជី។
ជាក់ស្តែង កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ កងទ័ពជើងទឹកថៃបានរឹបអូសនាវាសង្ស័យរត់ពន្ធប្រេងមកកម្ពុជាមួយគ្រឿង ក្នុងឈូងសមុទ្រថៃ ចំពេលដែលជម្លោះព្រំដែនកំពុងមានភាពតានតឹង។
សកម្មភាពជួញដូរខុសច្បាប់នេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយសារមានការជួយសម្រួលពីអំពើពុករលួយក្នុងជួរកងកម្លាំងនគរបាល ភ្នាក់ងារគយ និងប្រព័ន្ធតុលាការ។
យោងតាមការវាយតម្លៃរបស់ អង្គការតម្លាភាពអន្តរជាតិ ក្នុងឆ្នាំ២០១៣ អំពើពុករលួយនៅកម្ពុជាត្រូវបានកំណត់ថាជា«របៀបរស់នៅ»ដែលមុខតំណែងសាធារណៈ ត្រូវបានគេយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់កេងយកប្រយោជន៍ផ្ទាល់ខ្លួន។
តាមរយៈការទទួលសំណូកដើម្បីបើកដៃឱ្យអាជីវកម្មខុសច្បាប់ដំណើរការដោយគ្មានទោសពៃរ៍ ថវិការដ្ឋត្រូវបានគេប៉ាន់ប្រមាណថាត្រូវបាត់បង់ចន្លោះពី ៣០០ លាន ទៅ ៥០០ លានដុល្លារ ជារៀងរាល់ឆ្នាំ។ ការណ៍នេះ មិនត្រឹមតែជួយបង្កើនទ្រព្យសម្បត្តិក្នុង «ហោប៉ៅឯកជន» របស់មន្ត្រីពុករលួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យរដ្ឋបាត់បង់ចំណូលសក្តានុពលសរុបរាប់ពាន់លានដុល្លារទៀតផង។
ជម្លោះព្រំដែន កម្ពុជា-ថៃ ឆ្នាំ២០២៥ បានក្លាយជាឧបករណ៍យុទ្ធសាស្ត្រក្នុងការបម្រើដល់គោលដៅសេដ្ឋកិច្ចក្នុងស្រុក។ តាមរយៈបទបញ្ជារបស់លោក ហ៊ុន ម៉ាណែត កាលពីខែមិថុនា ឆ្នាំ២០២៥ ក្នុងការហាមឃាត់ការនាំចូលប្រេងពីថៃ ក្រុមហ៊ុន PTT ត្រូវបានរុញចេញពីទីផ្សារ ដែលបង្កើតជាលាភសក្ការៈយុទ្ធសាស្ត្រ ដល់ក្រុមហ៊ុនក្នុងស្រុកមានខ្សែរយៈ ជាពិសេសគឺក្រុមហ៊ុន កម្ពុជាតេឡា ដែលបានចូលមកបិទខ្ទប់ចន្លោះប្រហោងទីផ្សារនេះភ្លាមៗ។
ទោះជាយ៉ាងណាក្តី ចំណាត់ការនេះ បានជួបប្រទះនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។ របាយការណ៍ធនាគារពិភពលោក ក្នុងខែធ្នូ ឆ្នាំ២០២៥ បានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹម ៤,៣% ក្នុងឆ្នាំ២០២៦ ដោយសារភាពតានតឹងពាណិជ្ជកម្ម និងការកើនឡើងនៃថ្លៃដឹកជញ្ជូនពីទីផ្សារឆ្ងាយៗ។
ចំពោះកង្វល់លើសន្តិសុខថាមពល លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជារក្សាបម្រុងប្រេងទុកបានសម្រាប់រយៈពេល ២១ ថ្ងៃ ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជានៃទីផ្សារសកល និងជម្លោះនៅមជ្ឈិមបូព៌ា។
ក្តីស្រមៃរបស់កម្ពុជាក្នុងការក្លាយជាប្រទេសផលិតប្រេង កំពុងត្រូវបានរារាំងដោយភាពទន់ខ្សោយនៃប្រព័ន្ធស្ថាប័ន។ យោងតាម សន្ទស្សន៍អភិបាលកិច្ចធនធាន ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានពិន្ទុត្រឹម ២៩ ដែលជាកម្រិតបរាជ័យ ដោយសារកង្វះតម្លាភាព និងទិន្នន័យលើវិស័យស្រង់យកធនធាន។
បើគ្មានការកែទម្រង់ពិតប្រាកដទេ ចំណូលពីធនធានធម្មជាតិក្នុងអនាគត ប្រឈមនឹងហានិភ័យនៃការហូរចូលទៅក្នុងបណ្តាញខ្សែរយៈបក្ខពួកនិយមដដែល ដែលកំពុងក្តោបក្តាប់ទីផ្សារនាំចូលបច្ចុប្បន្ន។
ទោះបីជាកម្ពុជាបានឈានជើងចូលជាប្រទេសផលិតប្រេង តាមរយៈការបូមចេញពីតំបន់ប្លុក A ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានទិន្នន័យផ្លូវការណាមួយបង្ហាញពីផលប្រយោជន៍សេដ្ឋកិច្ចជាក់លាក់ដែលជាតិ និងប្រជាពលរដ្ឋទទួលបាននៅឡើយទេ។
ផ្ទុយទៅវិញ យោងតាមសន្ទស្សន៍អភិបាលកិច្ចធនធាន (Resource Governance Index) និងរបាយការណ៍ស៊ើបអង្កេតនានា វិស័យស្រង់យកធនធាននេះ ត្រូវបានបិទបាំងដោយកង្វះតម្លាភាព និងត្រូវបានរុញច្រានឱ្យធ្លាក់ទៅក្នុងរឿងអាស្រូវនៃការលួចនាំចេញប្រេងខុសច្បាប់ទៅក្រៅប្រទេស ដូចជា ករណីនាវាដឹកប្រេង ស្ដ្រូ-វូ-ឡូស (MT Strovolos)។
ដ្បិតនាវានេះ បានមកបូមយកប្រេងជិត ៣០ ម៉ឺនបារ៉ែល ចេញពីតំបន់អប្សរានៃប្លុក A ក្នុងឈូងសមុទ្រថៃ ក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន KrisEnergy ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសក្ស័យធន នាវាខាងលើបានលួចបើកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត កាលពីខែមិថុនា ឆ្នាំ២០២១ ព្រមទាំងបាននាំយកប្រេងរបស់កម្ពុជាទៅជាមួយផងដែរ ដែលចំណាត់ការនេះបានធ្វើឱ្យនាវាត្រូវរងការស្ទាក់ចាប់ដោយកងទ័ពជើងទឹកឥណ្ឌូនេស៊ី។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ រឿងក្តីនេះនៅតែមានភាពស្មុគស្មាញជាខ្លាំងនៅក្នុងប្រព័ន្ធតុលាការអន្តរជាតិ។ បើទោះបីជាមិនមានភស្តុតាងផ្លូវការដែលចង្អុលចំឈ្មោះបុគ្គលណាម្នាក់ក្នុងជួររដ្ឋាភិបាលថាជាអ្នកសមគំនិត ប៉ុន្តែអ្នកវិភាគ និងអង្គការអន្តរជាតិ ជឿថា ការដែលនាវាដ៏ធំមួយអាចបើកចេញពីដែនទឹកដែលគ្រប់គ្រងដោយកងទ័ពជើងទឹក និងសមត្ថកិច្ចគយបានយ៉ាងងាយស្រួលបែបនេះ គឺឆ្លុះបញ្ចាំងពីភាពធូររលុង ឬការព្រងើយកន្តើយដោយចេតនាក្នុងប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជា។
ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីការព្រមានរបស់អ្នកជំនាញអំពី «បណ្តាសាប្រេង» (Oil Curse) ដែលជាបាតុភូតដែលទ្រព្យសម្បត្តិជាតិផ្តល់ផលប្រយោជន៍ដល់ឥស្សរជនតែមួយក្តាប់តូចជាជាងការអភិវឌ្ឍសង្គមទាំងមូល។ ទោះបីជាផែនការសារពើពន្ធឆ្នាំ២០២៦ សង្កត់ធ្ងន់លើការធ្វើទំនើបកម្មស្ថាប័នក៏ដោយ ប៉ុន្តែជោគជ័យនេះ អាស្រ័យទាំងស្រុងលើសមត្ថភាពក្នុងការលុបបំបាត់អំពើពុករលួយ ដែលកំពុងចាក់គ្រឹះយ៉ាងជ្រៅក្នុងវិស័យប្រេងឥន្ធនៈនេះ។
ជាសរុប ការវិភាគលើវិស័យប្រេងឥន្ធនៈកម្ពុជា បង្ហាញពីប្រព័ន្ធមួយដែលមានប្រសិទ្ធភាពតែលើការផ្គត់ផ្គង់ ប៉ុន្តែមានភាពទ្រុឌទ្រោមខ្លាំងផ្នែកសីលធម៌ និងសារពើពន្ធ។
ឧត្តមភាពនៃក្រុមសម្ព័ន្ធក្រុមហ៊ុនមួយក្តាប់តូច ក្រោមការការពារពីប្រព័ន្ធឧកញ៉ា និងខ្សែរយៈគ្រួសារអ្នកកាន់អំណាច បានបង្កើតឱ្យមានទីផ្សារមួយដែលបម្រើដល់ការពង្រឹងអំណាចនយោបាយ ច្រើនជាងការអភិវឌ្ឍជាតិ និងជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Kiripost ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ការនាំចូលថាមពលបានធ្លាក់ចុះ ៧,៨% នៅដើមឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីការប្រែប្រួលនៃតថភាពសេដ្ឋកិច្ច។
ស្របពេលដែលកម្ពុជាកំពុងសម្លឹងទៅរកទ្រព្យសម្បត្តិប្រេងនាពេលអនាគត ស្រមោលនៃ «បណ្តាសាធនធាន» (Resource Curse» កាន់តែលេចរូបរាងច្បាស់ឡើង។ បើគ្មានការកែទម្រង់អភិបាលកិច្ចជាដុំកំភួន និងការលុបបំបាត់ប្រព័ន្ធបក្ខពួកនិយមទេ វិស័យប្រេងឥន្ធនៈនឹងនៅតែជា «ការរឹបអូសទ្រព្យសម្បត្តិជាតិ» ដើម្បីបម្រើផលប្រយោជន៍ឱ្យឥស្សរជនមួយក្រុមតូច ដោយធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលជាអ្នករងគ្រោះ៕









