សាលាឧទ្ធរណ៍​លើក​ពេល​ប្រកាស​សាល​ដីកា​លើ​អ្នក​កាសែត​​ជាប់​​ចោទ​ពី​ការ​ឈឺ​ឆ្អាល​រឿង​ថៃ​ឈ្លាន​ពាន

សាលា​ឧទ្ធរណ៍​ខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​សុក្រ​នេះ លើក​ពេល​ប្រកាស​សាល​ដីកា​លើ​អ្នក​កាសែត​ពីរ​​រូប ដែល​ពួក​គេ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​សៀម​រាប ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​១៤​ឆ្នាំ ដោយ​សារ​​តែ​បង្ហោះ​រូប​ភាព​ ឈឺ​ឆ្អាល​រឿង​ថៃ​ឈ្លាន​ពាន​មក​លើ​បូរណ​ភាព​ទឹក​ដី​ខ្មែរ។

សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក និយាយនៅលើគេហទំព័រ​របស់​ខ្លួន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៦ វេលា​​ម៉ោង​ប្រមាណ​១០​​ព្រឹក សាលា​ឧទ្ធរណ៍​បាត់​ដំបង បាន​បើក​សវនា​ការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ លោក ផន សុភាព អ្នក​សារ​ព័ត៌​មាន​បាត់​ដំបង​ប៉ុស្តិ៍ និង លោក ភាព ភារ៉ា ជា​អ្នក​សារ​ព័ត៌​មាន TSP68 TV Online ដែល​ជាប់​ចោទ​ពី​បទ ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្ត​រាយ​ដល់​ការ​ការ​ពារ​ជាតិ​តាម​អំណាច​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

អាដហុក បន្ត​ថា ការលើកពេលប្រកាសនេះ បន្ទាប់ពីចៅក្រម​ធ្វើការ​សាក​សួរ​ដេញ​ដោល​អស់​រយៈ​ពេល​ប្រមាណ​ជាង​១ម៉ោង។ បន្ទាប់​មក ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​បាន​សម្រេច​លើ​ក​ពេល​ប្រកាស​សាល​ដីកា​ទៅ​ថ្ងៃ​​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​៨ព្រឹក។

អ្នកសារព៍ត័មានទាំងពីររូបនេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេច​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ឱ្យ​ជាប់​​ពន្ធនា​គារ​ក្នុង​ម្នាក់ៗ​មាន​រយៈ​១៤ឆ្នាំ ក្រោម​បទ​ចោទ​ខាង​លើ​ដោយ​សារ​តែ​ពួក​គេ​ទាំង​ពីរ​នាក់​ បាន​បង្ហោះ​រូប​ភាព​ដែល​ខ្លួន​បាន​ថត​នៅ​ប្រាសាទ​តាក្របី ជាប់​គ្រាប់​មីន​នៅ​ចំហៀង​ខាង​ក្រោយ ខណៈ​លោក​ទាំង​ពីរ​បាន​យក​ជំនួយ​មនុស្ស​ធម៌​ទៅ​ជូន​ក្រុម​ទាហាន​ជួរ​មុខ។

ការចោទប្រកាន់នេះ រងការរិះគន់ថា ជារឿង​អយុត្តិធម៌ធ្ងន់ធ្ងរសម្រាប់​អ្នក​សារ​ព័ត៌​មាន ដែល​ឈឺចា​ប់​ទៅ​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ ខណៈ​មេដឹក​នាំ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​ជាង​៤០​ទីតាំង ធ្លាក់​ទៅ​ក្នុង​ដៃ​ថៃ​គ្រប់​គ្រង​រហូត​បច្ចុប្បន្ន តែ​តុលាការ​មើល​មិន​ឃើញ​ពី​ទោស​កំហុស​ទេ ទោះ​មាត្រា​៤៤០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ចែង​ថា​ បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​អស់​មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ