ពលរដ្ឋ​​សោក​ស្ដាយ​​ឧកញ៉ា ទ្រី ភាព ឈូស​​កម្ទេច​​​អគារ​បុរាណ​​​ជំនាន់​បារាំង​​​នៅ​​ស្ទឹង​ត្រែង​

អគារ​​ភោជនីយ​ដ្ឋាន​​​ដ៏​​ល្បី​ល្បាញ​​មួយ​​បន្សល់​​សម័យ​​អាណា​​និគម​​បារាំង​​មាន​​អាយុ​​កាល​​ជាង ១០០​​ឆ្នាំ មាន​​ប្រវែង​​បណ្ដោយ​​​ប្រហែល​​ជាង ១០០​ម៉ែត្រ និង​ទទឹង​ជាង ១០០ម៉ែត្រ នៅ​ជាប់​មាត់​ទន្លេ​​សេកុង ​ក្នុង​ក្រុង​ស្ទឹងត្រែង ត្រូវ​បាន​​ឧកញ៉ា ទ្រី ភាព ឈូស​​កម្ទេច​​ចោល ​ដោយ​​ជំនួស​​មក​​វិញ ត្រឹមតែ​បណ្ដុះ​សសរ​គ្រឹះ​​ថ្មី​ច្រូង​ច្រាង​ និង​​ធ្វើ​របង​ថ្មី​ឡើង​​​វិញ​​ ដោយ​មិន​ទាន់​សាងសង់​អ្វី​ជា​​ដុំ​កំភួននោះ​ឡើយ។ 

មក​ទល់​ពេល​នេះ សំណង​អាគារ​បុរាណ​នេះ​ ​នឹងលែងមាន​វត្តមាន​នៅ​ក្នុង​​ខេត្ត​​ភា​គ​ឦសាន្ត​នេះ ដែល​​​ជា​​ស្រុក​​កំណើត​​របស់ ​លោក ស៊ិន ស៊ីសាមុត។

រីឯ​ដី​ក្នុង​បរិវេណ​អាគារ​នេះ​ មាន​ទំហំ​ប្រហែល​​ជាង ១ម៉ឺន​ម៉ែត្រ​ការ៉េ (​១០.០០០) ត្រូវ​​​គេ​ទុក​​ទំនេរ​​ចោល​ និង​សង់​របង​​ថ្ម​​ហួស​ក្បាល​ព័ទ្ធ​ជុំ​វិញ​គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​ឯកជន​ជាង ១០​ឆ្នាំ​មក​ហើយ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ និង​​ស៊ើប​អង្កេត​​ផ្ទាល់​​របស់​​វីអូឌី(VOD)។

សំណង់​ប្រវត្តិ​សាស្ត្រ​នេះ គឺ​ជា​កន្លែង​ដែល​អ្នក​និពន្ធ​ជំនាន់​ដើម និង​​ក្រុម​សិល្បករ​តែងតែ​ទៅ​លេង​​កម្សាន្ត ជួបជុំ​កម្ម​​វិធី​​ផ្សេងៗ ហើយ​តាក់តែង​បទ​​ចម្រៀង​បែប​​មនោ​សញ្ចេតនា​​ពីរោះមាន​​ចំណង​​ជើង​​ថា «រាត្រី​​សេកុង»  ច្រៀង​ដោយ អ្នកស្រី ហួយ មាស កាល​​ពី​អំឡុង​ទសវត្សរ៍​ទី​៦០ ។ តំបន់​​នោះ ឋិត​ក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង​ជាប់​មាត់​ទន្លេ​​សេកុង ឋិតនៅចំកណ្តាលទីប្រជុំជន។

ចម្រៀង៖ រាត្រី​សេកុង​បាន​ប្រុង​ប្រៀប​ប្រាណ ចាំ​ប្រុស​​​កល្យាណ​ជា​គូ​វាសនា​ នៅ​​ក្រោម​​រស្មី​​រះ​ភ្លឺ​ថ្លា ក្រោម​ឆ្នេរ​ជលសារ​​ដែល​​ហូរ​​រហែក។

ថ្វី​បើ​អ្នក​ចម្រៀង និង​អ្នក​និពន្ធ​បាន​បាត់បង់​ជីវិត​អស់​ទៅ​ហើយ​ក្តី ក៏​ប៉ុន្តែ​នៅ​សល់​ដាន​ប្រវត្តិសាស្ត្រ​ដែលជាទី​កន្លែង​​ពួកគាត់​ច្រៀង​ ក្នុង​​ភោជនីយដ្ឋាន​សេកុង​ដែល​រដ្ឋបាល​បារាំង​សាងសង់។

ពលរដ្ឋ ភ្ញៀវ​​ទេសចរ និង យុវជន​ដែល​ធ្វើ​ដំណើរ​ដល់​ទីតាំង​សំណង​អាគារ​បុរាណ​មួយ​នេះ​ ស្តាយ​ស្រណោះ​ទីតាំង​ប្រវត្តិ​សាស្ត្រ​ផ្តល់​ប្រយោជន៍​ដល់​ជាតិ​តាម​រយៈ​ភ្ញៀវ​ទេសចរ និង​​សហគមន៍​ ហើយ​​ជា​កន្លែង​សិស្ស​និស្សិត​សិក្សា​ស្រាវ​ជ្រាវ​ពី​មរតត​របស់​បារាំង​គួរតែ​អភិរក្ស ស្រប​តាម​សារាចរ​របស់​រដ្ឋាភិបាល។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព    ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​១៣ ខែ​មិនា​​ថា អាជ្ញាធរ​​លាក់​​បាំង​​រឿង​​នេះ​ មិន​បង្ហាញ​ជា​សាធារណៈ​ធ្វើ​ឱ្យ​ពលរដ្ឋ​សង្ស័យ​​ពី​ភាព​មិន​ប្រក្រតី ​ចំពោះ​ការ​លក់​ផ្ទេរ​​កម្ម​​សិទ្ធិ​ដីធ្លី និង​ឈូស​កម្ទេច​សំណង់​អាគារ​​បុរាណ​ ដោយសារ​តែ​ដី​មាន​ទីផ្សារ​ខ្ពស់។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ និង​សើរើ​ឡើង​វិញ ដោយ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ ហើយ​សាងសង់​ឡើង​វិញ ។

ពលរដ្ឋ៖ «ប៉ះពាល់​ដល់​បាត់បង់​កន្លែង​កាល​ពី​មុន​អស់​រលីង​ វា​អត់​ដូច​​ដើម​របស់​រដ្ឋ។ ដល់​ក្រោយ​មក មិន​ដឹង​យ៉ាង​​ម៉េច​​របស់​​ឯកជន អស់​រលីង»

អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​អ្នក​ទេសចរ​ដែល​ទស្សនា​ខេត្ត​ស្ទឹងត្រែង លោក រិន វិត ពន្យល់​ថា សកម្មភាព​​វាយ​កម្ទេច​សំណង់​​បុរាណ​នេះ ​រំលោភច្បាប់ និង​បទបញ្ជា​របស់​រដ្ឋាភិ​បាល ​ដែល​បញ្ជា​ឱ្យ​មន្ត្រី​​ទប់​ស្កាត់​​ការ​វាយ​​កម្ទេច​​សំណង់​​អគារ​​​បេតិក​ភណ្ឌ​​វប្បធម៌។

លោក​ថា  ម្ចាស់​កម្ម​សិទ្ធិ​ទោះ​ជា​រដ្ឋ ឬ​ឯកជន​ក្តី​ ពុំ​មាន​សិទ្ធិ​វាយចោល​ ឬ​កែ​ប្រែ​រចនា​សម្ព័ន្ធ​ដើម​នោះ​ឡើយ ប្រសិន​បើ​​គ្មាន​​ការ​សិក្សា​បច្ចេកទេស​និង​ឯកភាព​ពី​ក្រសួង​វប្បធម៌។ លោក​ថា ទង្វើ​នេះ​​នឹង​បាត់បង់​អត្តសញ្ញាណ និង​ការ​ចង​ចាំ​របស់​សហគមន៍ ព្រោះ​អាគារ​បុរាណ​នេះ​ជាសាក្សី​រស់​ប្រត្តិ​សាស្ត្រ ។

លោក រិន វិត និយាយ​ថា៖ «ហើយ​មិន​ដឹង​ថា គេ​លក់​ទី​កន្លែង​ហ្នឹង មិន​ដឹង​​គេ​​លក់​ ចែក​គ្នា​បែប​ម៉េច​មិន​ដឹង​ទេ។ អ្វី​ខ្ញុំ​​ដឹង​​កន្លែង​បារាំង​សាង​សង់​​កន្លែង​​ទាក់​​ទាញ​​ភ្ញៀវ​​ទេសចរ​មួយ​ សម្រាប់​ភ្ញៀវ​ទេសចរ​មក​​មើល​នៅ​ខេត្ត​ស្ទឹងត្រែង»

អ្នក​សិក្សា​ផ្នែក​សិល្បៈ និង​វប្បធម៌​ លោក សេង ថៃខន្តី សង្កេត​​ឃើញ​ថា អាគារ​​សម័យ​បារាំង​មាន​ភាព​​ធន់ និង​រឹង​មាំ​​ជាប់​​ធន់​​បាន​​យូរ អាជ្ញាធរ​គួរ​​តែ​អភិរក្ស ​និង​អភិវឌ្ឍន៍​ជា​​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។ លោក​​ចាត់​​ទុក​​ទង្វើ​​នេះ បំផ្លាញ​​​គុណ​​​ប្រយោជន៍​​ជាតិ​ និង​បំបាត់​ភស្តុតាង​ប្រវត្តិសាស្ត្រ​សម័យ​បារាំង ដែល​ទាមទារ​ឱ្យ​ពិនិត្យ​ឡើង​វិញ​។

លោក សេង ថៃខន្តី និយាយ​ថា៖ «វា​បំផ្លាញ​គុណ​ប្រយោជន៍​របស់​ជាតិ យើង​ដឹង​ស្រាប់​ថា​ សិល្បៈ​ចូលរួម​ច្រើន ផ្នែក​​លើក​​មុខ​មាត់​វប្បធម៌ ផ្នែក​ចំណេះ​ដឹង ចំណេះ​ដឹង​ និង​សេដ្ឋកិច្ច​សិល្បៈ​ចូលរួម​ច្រើន បើ​យើង​ទុក បានផល។ បាន​​ផល​​ជាង ឈូស​​ដាច​ចាស់ ទុក​អាហ្នឹង​ជា​រឿង​មិន​ត្រឹមត្រូវ»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​​ខេត្ត លោក ម៉ែន គុង បដិសេធ​ថា ពុំ​មាន​អគារ​​សម័យ​បារាំង​ក្នុង​ភោជនីយដ្ឋាន​សេកុង​​ជាប់​មាត់​ទន្លេ​នោះ​ទេ​ ដោយ​លោក​ថា មាន​តែ​អាគារ​សាងសង់​ដោយ​វិស័យ​​ឯកជន ហើយ​ឯកជន​ស្នើ​សុំ​គ្រប់គ្រង​ ពុំ​មែន​ឋិត​ក្នុង​ក្រប​ខណ្ឌ​របស់​រដ្ឋ​ទៀត​ឡើយ។ 

លោក ម៉ែន គុង និយាយថា៖ «អត់​មាន​សម័យ​បារាំង​ទេ អាហ្នឹង​ការ​កសាង​ឯកជន​ ក្រោយ​មក​ទេ ហើយ​ក្រោយ​មក ឯកជន​សុំ​គ្រប់គ្រង ពុំ​មែន​ក្របខ័ណ្ឌ​របស់​រដ្ឋ​ទេ។ អាហ្នឹង​ត្រូវ​សុំ ​ទោះ​ជា​កែ​លម្អ​ត្រូវ​ស្នើ​សុំ​ទៅ​ក្រសួង​ពាក់ព័ន្ធ​រដ្ឋាភិ​បាល»។

ជុំវិញ​រឿង​នេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត ពន្យល់​​ថា​ ការ​រក្សា​ទុក​អគារ​ចាស់ៗ​សម័យ​បារាំង​​​​មិនមែន​មាន​ន័យ​ថា រារាំង​ការអភិវឌ្ឍ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ “អភិវឌ្ឍ​ក្រោម​ក្រប​ខណ្ឌ​អភិរក្ស” ដើម្បី​រក្សា​តម្លៃ​មរតក​​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។

លោក​ថា សំណង់​បុរាណ​ប្រើប្រាស់​បច្ចេក​ទេស​សាង​សង់​ និង​វត្ថុ​ធាតុ​ដើម ​ដែល​មិន​អាច​រក​បាន​នៅ​សម័យ​នេះ​ឡើយ ប្រសិន​​បើ​កម្ទេច​ចោល យើង​មិន​អាច​សាងសង់​ឱ្យ​ដូច​ដើម​វិញ ១០០% នោះ​ទេ។

លោក ម៉ែន ណាត ថ្លែងថា៖ «បើ​តាម​ច្បា​ប់​អន្តរជាតិ អភិរក្ស​អង្គការ​យូនីស្កូ ​អគារ​អាយុ​កាល​ច្រើន ១០០ ឆ្នាំ អភិរក្ស​​បាន និង​​ជួស​ជុល បើ​​ឈូស​​កម្ទេច​​អត់​​បាន​​ទេ ជួសជុល​ធ្វើ​យ៉ាង​ណា​ ដូច​រចនាបថ​ដើម​គេ»

ច្បាប់​ស្តី​ពី​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​ឆ្នាំ​១៩៩៦ ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​កាយ​​កម្ទេច ឬ​បំផ្លិច​បំផ្លាញ​សំណង់​បេតិក​​ភណ្ឌ​​ដោយ​ខុសច្បាប់។ ច្បាប់​នេះ ​តម្រូវ​ឱ្យ​មាន​ការអនុញ្ញាត​ច្បាស់លាស់​មុន​ពេល​​កែ​ប្រែ ឬ​វាយ​កម្ទេច​សម្បត្តិ​​ដែល​បាន​ចុះបញ្ជី​ និង​កំណត់​​ទោស​ជាប់​ពន្ធនាគារ ពី ២ ឆ្នាំ ​ដល់ ៨ ឆ្នាំ ​ចំពោះ​​ការ​​បំផ្លាញ​​ដោយ​​ចេតនា។

កាល​ពី​ខែ​តុលា ឆ្នាំ២០២១ អតីត​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ស្ដី​​ពី​​ការ​​ទប់​ស្កាត់​​ការ​វាយ​​កម្ទេច និង​​ការ​​បំផ្លិច​​បំផ្លាញ​​សំណង់​​អគារ​​បេតិក​ភណ្ឌ​ និង​​ការ​​វាយ​​កម្ទេច​​ដោយ​​គ្មាន​​ការ​​អនុ​ញ្ញាត​​ជា​​ការ​រំលោភ​​លើ​​ប​ទ​​បញ្ជា​​នេះ​។

លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ​បំផ្លាញ​អគារ​បុរាណ ដោយ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រសួង​វប្បធម៌​  ទប់ស្កាត់​ការ​បំផ្លាញ​​សំណង់​​​បុរាណ​ ដោយ​ត្រូវ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​តម្លៃ​ប្រវត្តិ​សាស្ត្រ ជា​ពិសេស​ក្នុង​ចំណោម​យុវជន ដើម្បី​​ធានា​ការ​អភិរក្ស​រយៈ​ពេល​វែង។

កន្លងទៅ ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា ធ្លាប់​ព្រមានថា​​ នឹង​​ពិន័យ​រដ្ឋបាល​ចំពោះ​មន្ត្រីរូប​ណា​ដែល​​​​អនុញ្ញាត​​ឱ្យ​មាន​ការ​បំផ្លាញ​អគារ​​បុរាណ​ដោយ​ខុសច្បាប់ ដោយ​បញ្ជាក់​ថា​ ការ​រុះរើ​សំណង់​បុរាណ​គួរតែ​កើត​ឡើង​​តែ​នៅ​ពេល​ដែល​​វា​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​សាធារណៈ ​ដោយសារ​តែ​អាយុកាល​របស់​វា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ