ពលរដ្ឋ​រស់​នៅ​មុខ​អាកាស​យាន​ដ្ឋាន​ខេត្ត​ព្រះសី​ហនុ​ស្នើ​រដ្ឋាភិ​បាល​ពន្យា​ពេល​រុះ​រើ​ផ្ទះ

ប្រជា​ពលរដ្ឋ​មួយ​ចំនួន ក្នុង​ចំណោម​ពលរដ្ឋ​​ជា​ង​៦០​គ្រួសារ មាន​ផ្ទះ​​​នៅ​​ជាប់​​​ពី​​មុខ​​របង​អាកា​ស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ខេត្ត​ព្រះ​សីហនុ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិ​បាល ពន្យា​ការ​ចុះ​រុះ​រើ ដោយ​សំអាងថា​​មិន​ទាន់​មាន​លទ្ធ​​ភាព​កសាង​ជម្រក​នៅ​ទីតាំង​ថ្មី ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​រុះ​រើ​ឱ្យ​អស់​ត្រឹម​​​​​ថ្ងៃ​ទី​​១៥ ខែ​មីនា​នេះ។

​​ប្រជាពលរដ្ឋ បានអះអាងថា ពួកគេ​បាន​​មក​រស់​នៅ​ទី​តាំង​​ខាង​លើ ចាប់​​តាំ​ង​​​ពី​ឆ្នាំ​​១៩៨៥​​មក ក្រោម​​​ការ​រៀប​ចំ​របស់​​អាជ្ញាធរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បើតាម​ប្រភព​នោះ​ បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​តម្រូវ​​​ឲ្យ​រុះ​រើ​ផ្ទះ​​ចេញ​ពីទី​តាំង​ធ្លាប់​រស់​នៅ​ជាង​ ​៤០​ឆ្នាំ។ បើ​តាម​ប្រ​ជា​ពលរដ្ឋ ទីតាំង​នោះស្ថិ​ត​​ក្នុង​សង្កាត់​រាម ក្រុង​កំពង់​សោម ប្តូរ​ទៅ​​​ទីតាំង​​ថ្មី ដែល​​​មិន​​ទា​ន់​​មាន​​ប្រ​ព័ន្ធ​​ទឹក​ភ្លើង ​​​ត្រឹម​ត្រូវ​នៅ​ឡើយ។ ជាពិសេស​​​​​​​ទីតាំង​ដី ដែល​​​ចែក​ជូន​នោះ គឺ​មាន​ទីតាំង​ខ្លះ មិន​​អាច​​​សង់​​ផ្ទះ​កើត​ទេ ដោយ​​សារ​​​សណ្ឋាន​​​​​ដី​មិន​​រាប​ស្មើ​។

ត្រង់ចំណុចនេះ ពលរដ្ឋមួយចំនួន ​សំណូមពរដល់ លោក ម៉ាង ស៊ី​ណេត អភិបាល​​​ខេត្ត​​ព្រះ​សី​ហនុ ជា​ពិ​សេស ​និង​រដ្ឋាភិ​​បាល ជួយ​ពន្យា​ពេល​រុះ​រើ ​ដើម្បី​ឲ្យពួ​ក​គាត់​មាន​ពេល​​គ្រប់​​គ្រាន់ សម្រាប់​រុះ​រើ​ផ្ទះ​ចាស់ និង​​សង់​​ផ្ទះ​​ថ្មី​។ ដ្បិត​រាល់​​ថ្ងៃ​​នេះ នៅ​មូល​ដ្ឋាន​​​ពួក​គាត់ កំពុង​​រស់​នៅ​មាន​ភ្លៀង​ធ្លាក់ និង​រលឹម​ជាប់​មិន​​ដាច់។

លោក ជ័រ សាប៊ុន ​បញ្ជាក់ថា ពួកគាត់​បាន​​ទទួល​យក​សំណង និង​​​ដី​​​សង់​ផ្ទះ​នៅ​​ទីតាំង​ថ្មី តា​ម​ការ​រៀប​ចំ​របស់​​រដ្ឋ​បាល​​ខេត្ត ប៉ុន្តែ​ពួក​គេ​ពេល​នៅ​នេះ​មិន​ទាន់​រៀប​ចំ​ទីតាំង​នៅ​ទីតាំង​ថ្មី​រួច​រាល់​ទេ ទើប​សុំ​អាជ្ញា​​ធរ​ពន្យា​​ពេ​ល ។

លោកថា «ជួយកូន​ចៅផង កុំ​ឲ្យ​កូន​ចៅ​ប្រញាប់​រុះ​រើ​ពេ​ក​ព្រោះជា​រដូវភ្លៀង​ផង។ គង់​តែ​រុះ​រើ​ទេ ខែ​បួន​ខែ​ប្រាំ ខ្ញុំ​រុះ​រើ​អស់​ហើយ សុំ​ឲ្យ​ដោះ​ស្រាយ​តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំគង់​តែ​ចេញ​ទេ តែ​ក្នុង​ខែ​ហ្នឹង​ខ្ញុំចេញ​អត់​ទាន់​ទេ​ ឲ្យ​ប្រជា​ពលរដ្ឋ ទៅ​សង់​លំនៅ​ឋាននៅ​​កន្លែង​ថ្មី​សិន​ទៅ។ លុយ​ឲ្យ​ហើយ ជំពាក់​គេ​សង​គេ ប្រាំ ប្រាំ​មួយ​ពាន់​ហ្នឹង​ធ្វើ​អី​ចេញ សង​គេ​អស់​ហើយ។ សុំ​តែ​ប៉ុណ្ណឹង​ទេ ចេញ​គង់​តែ​ចេញ​ទេ មិន​ជំទាស់​ទេ។ ខ្ញុំ អាជ្ញាធរ​ចែក​ឲ្យ​ក្បាល​១០គុណនិង​២៥​ម៉ែត្រ និង​សរុប​លុយ ១ម៉ឺន​ដុល្លារ។ ឥឡូវ​នេះ ខ្ញុំចាប់​ផ្តើម​រុះ​រើ​ផ្ទះ​ចាស់​ជា​បណ្តើរៗ​ហើយ សុំ​ទុក​ពេលខ្ញុំ​​រុះ​រើនិង​សង់​ផ្ទះ​ថ្មី​សិន។ អាជ្ញាធរកំត់​ថ្ងៃ​ឲ្យ​រុះ​រើ​ថ្ងៃ​ទី​១៤១៥ ខែ​មីនា​នេះ​ហើយ ខ្ញុំរុះ​រើ​មិន​ទាន់​ទេ»

ប្រហាក់ប្រហែលគ្នានេះដែរ ស្ត្រីវ័យចំណាស់ អ្នកស្រី ប៉ុក សំអាត និយាយ​ថា ការ​​​កំណត់​​ថ្ងៃ​ឲ្យ​រុះ​រើ​ផ្ទះ ​ត្រឹម​ថ្ងៃ​ទី​​១៥ ខែ​មីនា គឺ​វា​លឿន​ពេក​ ​ព្រោះ​​ពួក​គាត់​​មាន​តែ​ពីរ​នាក់​​​ប្តី​​​ប្រពន្ធ និង​​មាន​វ័យ​ចំ​ណាស់​​ទៀត​។ ​គាត់​ថា​ មិ​ន​ទាន់​មាន​កន្លែង​ស្នាក់​នៅ​ទេ ដែល​គាត់​សុំ​ពន្យា​ពេល​រុះ​រើ។

អ្នកស្រីថា៖ «សម្តេច​ជួយ​កូន​ចៅ​ផង ឥឡូវ​កំពុង​​តែ​វេទនា​ហើយ នៅ​ហាល​ភ្លៀងហាល​រលឹម។ សូម​ជួយ​ពន្យា​ពេល ទម្រាំ​ខ្ញុំ​បាន​ធ្វើ​កន្លែង​ជ្រក​ហើយ។ គេ​ចេះ​តែ​មក​តឿន​យើង​រហូត ខ្ញុំពីរ​នាក់​តា គាស់​រុះ​រើ​ផ្ទះ​ចាស់​ហ្នឹង អត់​មាន​កន្លែង​ជ្រក​​​ទេ ចេះ​តែ​មក​ដេញ​ឲ្យ​គ្នា​ចេញ »

ចំណែក យុវជនពីរនាក់ផ្សេងទៀត ​ក៏សំណូមពរ​ដល់​ថ្នាក់​ដឹ​ក​នាំ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ និង​​​​នា​យក​​រដ្ឋ​​មន្ត្រី​ ​​ជួយ​ពន្យា​​ពេល​រុះ​រើ​ផ្ទះ​ ដល់​​បំណាច់​ខែ​មីនា​នេះ​ផង ព្រោះ​​កំណត់​ថ្ងៃ​រុះ​រើ ​ត្រឹម​​​ថ្ងៃ​ទី​១៥ ខែ​មីនា ពល​​រដ្ឋ​​ពួក​គា​ត់​រៀប​ចំ​​មិន​ទាន់​ទេ។

ចំណែក យុវជនពីរនាក់ទៀតក៏បានលើឡើងពីបញ្ហានេះដូចគ្នា។

គាត់​ថា៖ «ខ្ញុំ​សំណូ​មព​រ​ដល់​សម្តេច​​បវធិ​បតី ហ៊ុន ម៉ាណែត ឲ្យ​ជួយ​ទុក​ពេល​វេលា​ឲ្យ​ប្រជា​ពលរដ្ឋ​ ត្រឹម​ចុង​ខែ​មីនា​ហ្នឹង​​ទៅ ដើម្បី​រុះ​រើ​ផ្ទះ។ ប៉ុន្តែ​​​បើ​​​សិន​​ជា​ដល់​ខែ​មេសា ពួក​ខ្ញុំ​អ​ត់​រុះ​រើ សូម​ឲ្យ​រាជ​រដ្ឋាភិ​បាល​ ​ឬ​ថ្នាក់​ដឹក​នាំ​ខេត្ត​ខាង​​លំនៅ​​ឋាន​នេះ សូម​មា​ន​ចំណាត់​​ការ​ចុះ។ តែ​ពលរដ្ឋពួកខ្ញុំ សុំ​សង់​ផ្ទះ​នៅ​កន្លែង​ថ្មី​ ដើម្បី​មាន​ដំបូល​​​ជ្រក។ ឥឡូវ​ភ្លៀង​​​ចាប់​​ផ្តើម​​កក់​ខែ​​​ហើយៗ​ពលរដ្ឋ​ខ្លះ បាន​ចាប់​ផ្តើម​រុះរើ​​ផ្ទះ ហើយ​មិន​ទាន់​​មាន​​ដំបូល​ជ្រក​ផង​ទេ។ អញ្ចឹង​ហើ​​យសូម​​​​​​ឲ្យ​​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ជួយ​សម្រួល​ឲ្យ​​ពល​រដ្ឋ នៅ​មូល​ដ្ឋាន​នេះ​ គាត់​មាន​រយៈ​ពេល​ក្នុ​ង​ការ​រុះ​រើ និង​​ប្តូ​រ​ទីតាំង​ថ្មី។ ខ្ញុំ ឈ្មោះ មាស តារា សំណូម​ពរ​ដល់​ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត សូម​​ជួយ​សម្រួ​​លដល់​កូន​ចៅ កុំ​ឱ្យ​អាជ្ញាធរ​ឆាប់​រុះ​រើ​ពេក​ សុំ​ទុក​ពេល​វេលា​ឲ្យ​ពួក​ខ្ញុំ​ផង។ ឲ្យ​បាន​​ដាច់​ខែ​មី​នា​​នេះ​ក៏​​​​បាន​ដែ​រ ហើយ​បើដ​ល់​​ខែ​មេសា ពួក​​ខ្ញុំ​​អត់​រុះ​រើ អាជ្ញាធរ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ​ »។

អ្នកស្រី ជុំ ឡឹក វិញ និយាយថា គ្រួសារគាត់​ទទួល​បាន​សំណង​ពី​រដ្ឋ​បាល​ខេត្ត​​ចំនួន ៥ពាន់​៥រយ​​ដុល្លារ​ និង​ដី​ទទឹង ១០​ម៉ែត្រ​​គុណ ២៥​ម៉ែត្រ។ ប៉ុន្តែ​ថា ​ទីតាំង​ដី​របស់​គាត់​ទាល់​តែ​​ទិញ​ដី​មក​​ចាក់​​បន្ថែម​ទើប​អាច​សង់​ផ្ទះ​បាន។ ប៉ុន្តែ​គាត់​ថា អាចម៌​​​​ដី​មាន​​តម្លៃ​ខ្ពស់​រហូត​ដល់ ២៥​ដុល្លារ​ក្នុង​​មួយ​​​ឡាន ​ហើយ​ត្រូវ​ចាក់​​​​រាប់​សិប​ឡាន​ឯណោះ។

ស្ត្រី​ដែល​មាន​កូន​១០​នាក់ ក្នុង​បន្ទុក​រូប​នេះ ក៏​បាន​​សំណូម​ពរ​ដល់​អាជ្ញាធរ​ជួយ​ដឹក​អាចម៌​ដី ចាក់​​​​​​​​ពង្រាប​នៅ​លើ​ទីតាំង​​ដី ដែល​​ចែក​ឲ្យ​គាត់​​​​​សង់​​ផ្ទះ​នោះ​​ឲ្យ​បាន​រាប​ស្មើ​ផង​ ព្រោះ​​​​គ្រួសារ​​​គាត់​មាន​ជីវភាព​ក្រី​ក្រ​ខ្លាំង​ គ្មាន​លុយ​ទិញ​ដី​ចាប់​បំពេញ​នៅ​ទីតាំង​ថ្មី​នោះ​ទេ​។

អ្នកស្រីថា៖ «សូមសម្តេចនាយករដ្ឋមន្ត្រីជួយ​កូន​ចៅ ដី​ធ្វើ​ផ្ទះ ឬ​សង់​​​​ផ្ទះ​​អត់​​កើត ស្នើឲ្យ​​រដ្ឋ​មន្ត្រី​ជួយ ប្រជាជន​អត់​មាន​​អី​ទេ អត់​លុយ​មួយ​រៀល​ទេ សូម​ជួយ​​ប្រជា​​​​ជន​​ផង កូន​ចៅក្រ​​ណាស់។ សំណូម​ពរ​​​​​ជួយ​​ចាក់​​ដី​​ឲ្យ​ស្មើ​ឲ្យ​ប្រជាជន​ធ្វើ​ផ្ទះ​កើត។ សំណូម​​ពរ​​​ដល់​ចៅ​​​ហ្វាយ​ខេត្ត សម្តេច​ជួយ​ប្រជាជន​ផង ឲ្យដីនោះ​សង់​ផ្ទះ​​កើត។ សូម​បង​ជួយ​ទៅ​​មើល​​ដី​រដ្ឋ​​​ចែក​ឲ្យ​នោះ​ជាក់​ស្តែង​ផង ដី​សង់​ផ្ទះអ​ត់​កើត​ទេ។ ឲ្យ​ខ្ញុំ​រុះ​រើ​ផ្ទះ​យ៉ាង​ម៉េច​ទៅ​​​នៅ​​​ហាល​​​​​ភ្លៀង​​យ៉ាង​ម៉េច។ ឲ្យ​លុយ​ប្រាំ​ពាន់​ជា​ហ្នឹង ធ្វើ​អី​ចេញ ហើយ​ខ្ញុំ​ កូន​ឡើង​ដប់​នាក់​ឯណោះ ហើ​យ​​​ឲ្យលុយ​ប្រាំ​ពាន់​ប្រាំ​រយ​ដុល្លារ។ ឥឡូវ​ខ្ញុំ អត់​មាន​​លុយ​ចាក់​អាចម៌​ដី ដើម្បី​សង់​ផ្ទះ​ទេ។ រក​មួ​​យ​ថ្ងៃ​​​ហូប​មួយ​ថ្ងៃ ​​ខ្ញុំ​ទៅ​ធ្វើ​ខ្ញុំ​គេ ស៊ី​ឈ្នួល​​​លាង​ចាន​ឲ្យ​គេ​ទេ »។

ទោះជាបែបនេះក្តី វីអូឌី នៅ​មិនទាន់អាចសុំការបញ្ជាក់​ពី លោក ឃាង​ ភារម្យ អ្នក​នាំ​​ពាក្យ​​​រដ្ឋ​​បាល​​ខេត្ត​ព្រះ​សីហនុ ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ។ ប៉ុន្តែ​​ លោក នួន ប៊ុនថុល អភិបាល​ក្រុ​​ង​កំ​ពង់​សោម និយាយ​ប្រាប់​​សារ​ព័ត៌​មាន​​​ក្នុ​ង​​ស្រុក​​ថា អាជ្ញាធរ​បាន​ដោះ​ស្រាយ​ជូន​ពល​រដ្ឋ​ទាំង​នោះ​រួច​​រា​ល់​អស់​ហើយ។ ហើយ​ថា ការ​សម្រេច​ពន្យា​ចុះ​រុះ​រើ​អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​ខេត្ត។

លោកថា៖​ «​រូប​​លោកមិនមាន​អត្ថាធិប្បាយ​អ្វី​ទេ លើ​សំណូម​ពរ​ពលរដ្ឋ​ខាង​លើ​នេះ​ទេ ព្រោះ​​រឿង​នេះ អាជ្ញា​ធរ​បាន​រៀប​​ចំ​​ជូន​ពលរដ្ឋ អស់​ពេល​យូរ​មក​ហើយ។ ហើយ​​​​រាល់​​​សេចក្តី​សម្រេច​ផ្សេងៗ គឺ​​សម្រេច​​​​​នៅ​​លើ​​ថ្នាក់​​ដឹក​នាំ​នៃ​រដ្ឋ​​​បាល​​​ខេត្ត​ព្រះ​សីហនុ​​​ឯណោះ​។ ហើយ​​រដូវ​នេះ ​មិ​នមែ​ន​​​ជា​រដូវ​​ភ្លៀង​ទេ គ្រាន់​តែ​​​ដោយ​​សារ​តែ​ការ​​បម្រែ​​បម្រួល​​អាកាស​​ធាតុ​​​ទេ »។

យ៉ាងណា លោក ស្រេង វ៉ាន់លី អ្នកឃ្លាំមើលសិទ្ធិមនុស្ស​អង្គ​ការ​លីកាដូ​ខេត្ត​​ព្រះ​សីហនុ ចង់​ឃើញ​អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​​ទុក​ពេល​​ឱ្យ​ពលរដ្ឋ​ទាំង​នោះ មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​រុះ​រើ និង​​សង់​​ផ្ទះ​ទៅ​​​​ទីតាំង​​​ថ្មី​​ជា​​មុន​សិន។ លោក​បញ្ជាក់​ថា ព្រោះ​ពួក​គាត់​ក៏​បាន​យល់​ព្រម​ទទួល​សំណង និង​ទទួល​​​យក​​​ចំណែក​ក្បាល​ដី​ ដែល​​រដ្ឋ​​បាល​ខេត្ត បាន​ផ្តល់​ជូន​​នោះ​​រួច​ហើយ​ដែរ ដោយ​គ្រាន់​​​តែ​ស្នើ​សុំ​​ពន្យា​​ពេល​រុះ​រើ​ឲ្យ​បា​ន​​វែង​ជាង​​នេះ​​​​តែ​ប៉ុណ្ណោះ។

លោក​ថា៖ «ពួកគាត់ស្នើសុំបន្តរហូតដល់ចុងខែមីនាហ្នឹង អាជ្ញាធរ​គួរ​តែ​យល់​ព្រម​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ពួក​គាត់ ដើម្បី​​ឲ្យ​ពួក​គាត់​មាន​ពេល​វេលា​គ្រប់​គ្រាន់ ក្នុង​ការ​រុះ​រើ​ផ្ទះ​ទៅ​សង់​ទីលំនៅ​ថ្មី។ យើង​ឃើញ​ថា ប្រសិន​បើ​រុះ​រើ​ផ្ទះ​ភ្លាមៗ និង​សង់​ផ្ទះ​ថ្មី​មិន​ទាន់​ហើយ​ទេ​វា​អាច​ប៉ះ​ពាល់​ពួក​គាត់។ ព្រោះ​ថា​​​ ប៉ុន្មាន​ថ្ងៃ​មក​នេះ អាកាស​ធាតុ​មាន​ភាព​អាប់​​អ៊ួរ អាច​មាន​​ភ្លៀង​កក់​ខែ​អីហ្នឹង ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់ ជាពិសេស​ក្មេងៗ​ដែល​គាត់​នៅ​តូច»។

បើតាមមន្ត្រី ប្រជាពលរដ្ឋ ដែល​មាន​​ផ្ទះ​​រស់​នៅ​មុខ​របង​ព្រលាន​យន្ត​ហោះ​​ខេត្ត​ព្រះ​សីហនុ សរុប​មាន​​ចំនួន​​​ ៤៨​​ខ្នង​ផ្ទះ និង​មាន​​ពលរដ្ឋ​ចំនួន​ ៦៤​គ្រួសារ។

ចំណែក​ ពលរដ្ឋ​វិញ ឱ្យ​ដឹង​ថា ក្នុង​ចំណោម​​ពួក​គាត់ គឺ​មាន​អ្នក​ខ្លះ​មក​រស់​នៅ​ទីតាំង​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ម៉្លេះ ពោល​គឺ​ជាង​ ៤០​ឆ្នាំ ដែល​ថ្នាក់​ដឹក​នាំ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ជំនាន់​នោះ បាន​​​​​នាំ​​ពួក​​គាត់ ឲ្យ​មក​សង់​ផ្ទះ​នៅ​លើ​ទីតាំង​នេះ ដើម្បី​អាច​ជួយ​ធ្វើ​ជា​រនាំង​ ឬ​របង​នៃ​​​ទ័ព​ព្រៃ​ខ្មែរ​​ក្រហម​។ ហើយ​​សន្យា​ នឹង​ចេញ​បណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​​​​ជូន​ពួក​គាត់​​ថែម​​​ទៀត​​ផង។

តែ​​​ជាក់ស្តែង​នៅ​ពេល​នេះ អាជ្ញាធរ​​មិន​​បាន​ផ្តល់​​បណ្ណ​កម្ម​សិទ្ធិ​ឱ្យ​ពួក​គាត់​ ដូច​ការ​​សន្យា​ទេ ហើយ​​ពេល​នេះ ថែម​ទាំង​​ត្រូវ​ឱ្យ​ពួក​គាត់​​​​​ចេញ​ទៅ​ទីតាំង​ថ្មី​ទាំង​បាន​រៀប​រយ​ឱ្យ​ទៅ​វិញ​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ