ការដែលរដ្ឋាភិបាលនៅក្រៅប្រទេសរបស់ លោក សម រង្ស៊ី បង្ហើបពីគម្រោងនាំយកសំណុំរឿងព្រំដែន ដែលថៃឈ្លានពានកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជំរុញឱ្យមានជំនឿតិចតួតពីប្រសិទ្ធភាព ដោយថា រដ្ឋាភិបាលក្រៅប្រទេសនេះ មិនមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិឡើយ។
ការអះអាងនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់ លោក សម រង្ស៊ី ប្រកាសគម្រោងប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាមទារទឹកដីចំនួន ៤៥ទីតាំង ដែលថាថៃបានឈ្លានពានកាន់កាប់ និងមើលឃើញពីភាពអសកម្មរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។
អ្នកជំនាញកិច្ចការអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែមីនាថា គ្មានស្ថាប័ននយោបាយណាមួយ ក្រៅពីរដ្ឋាភិបាលស្របច្បាប់អាចដាក់ពាក្យប្ដឹងថៃរំលោភបំពានទឹកដីខ្មែរទៅតុលាការ ICJ បានទេ។ លោកថា គម្រោងប្ដឹងរបស់មន្ត្រីបក្សប្រឆាំងក្រៅប្រទេស ពុំអាចធ្វើទៅបានឡើយ។
លោកមើលឃើញថា តួអង្គនយោបាយនៃរដ្ឋាភិបាល២៣តុលា មិនទាន់មានការគាំទ្រ ឬក៏ទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិ ឬសហគមន៍អន្តរជាតិទេ។ ចំណុចនេះ លោកយល់ថា ជាឧបសគ្គ និងមិនអាចគេយកមកដោះស្រាយ ឬឆ្លើយតប។ ប៉ុន្តែលោកមើលឃើញចំណុចផ្សេងដែលមានឥទ្ធិពលទៅលើពលរដ្ឋខ្មែរ បើសិនរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពុំគិតគូរដាក់បណ្តឹង ហើយរដ្ឋាភិបាលក្រៅប្រទេសដាក់បណ្តឹងជំនួស។
ឥទ្ធិពលនោះ លោកសំដៅដល់ពេលយុទ្ធនាការឃោសនាបោះឆ្នោត នៅឆ្នាំ២០២៧ ឆ្នាំ២០២៨ ដែលនឹងក្លាយជាទម្ងន់ដល់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅពេលគណបក្សនយោបាយក្រៅរដ្ឋាភិបាល អាចឃោសនា ឬក៏អូសទាញសំឡេងគាំទ្រពីពលរដ្ឋតាមរយៈបណ្ដឹងទៅតុលាការអន្តរជាតិ។
ទោះយ៉ាងណា លោក ឯម សុវណ្ណារ៉ា ចាប់អារម្មណ៍នឹងការប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលគណបក្សប្រឆាំងធ្លាប់បានធ្វើ នាពេលកន្លងមក។
លោក ឯម សុវណ្ណារ៉ា ថ្លែងថា៖«ចំពោះតុលាការយុត្តិធម៌អន្តរជាតិហ្នឹង រដ្ឋាភិបាល២៣តុលាហ្នឹង មិនមានលទ្ធភាពប្តឹងទេ ក៏ប៉ុន្តែអាចដាក់លិខិតឱ្យតុលាការយុត្តិធម៌អន្តរជាតិ អនុវត្តនូវសាលក្រមចាស់ហ្នឹងណា។ សាលក្រមថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលបានកាត់ក្តីរឿងជម្លោះប្រាសាទព្រះវិហារហ្នឹង មានឧបសម្ព័ន្ធផែនទីដែលយកមកប្រើប្រាស់នៅក្នុងបណ្តឹងហ្នឹង យកមកការពារអធិបតេយ្យភាពកម្ពុជាបាន រក្សាបាន។ ជំរុញឱ្យថៃដែលជាសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹង អាចឱ្យអនុវត្តតាមគោលការណ៍ហ្នឹង នេះជាយុទ្ធនាការមួយ។ ហើយបើប្តឹងត្រូវការពេលវេលាយូរណាស់ បើសិនជាឱ្យអនុវត្តអាចមានផ្លូវ ហើយមានលទ្ធភាពជាង»។
ការលើកឡើងរបស់អ្នកជំនាញច្បាប់ដូច្នេះ បន្ទាប់ពីគណបក្សប្រឆាំងប្រកាសគម្រោងប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាមទារទឹកដីចំនួន ៤៩ទីតាំង ដែលថៃបានឈ្លានពានកាប់កាន់។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែមីនា បន្ទាប់ពីសមាជជាតិជាលើកដំបូងនៅសហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោកគ្រោងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងទាមទារសំណងពីមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ដែលបានទម្លាក់គ្រាប់បែកមកលើលំនៅឋានជនស៊ីវិលនៅក្នុងប្រទេសកម្ពុជា មានដូចជា ផ្ទះពលរដ្ឋ មន្ទីរពេទ្យ វត្តអារាម ស្ពានថ្នល់ ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ ជាដើម។
លោក អ៊ុំ សំអាន អះអាងថា លោកបានជំរុញឱ្យរដ្ឋាភិបាល ហ៊ុន ម៉ាណែត ប្តឹងថៃទៅ ICJ យូរហើយ ប៉ុន្តែរដ្ឋាភិបាលមិនអើពើប្ដឹង។ លោកចោទរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងបោកប្រាស់ពលរដ្ឋខ្មែរ ដោយគ្រាន់តែជូនដំណឹងទៅ ICJ តែប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៥។
លោក អ៊ុំ សំអាន និយាយថា៖ «ខ្ញុំយល់ថា លោក ហ៊ុន ម៉ាណែត នឹងមិនហ៊ានប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេ ព្រោះរយៈពេលដែលគាត់សន្យាថា នឹងប្តឹងហ្នឹង ខកយូរហើយ អត់មានប្តឹង ដូច្នេះមានតែរដ្ឋាភិបាលឯករាជ្យ២៣ តុលា ត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទាមទារទឹកដីកម្ពុជាដែលថៃកំពុងគ្រប់គ្រង ចំនួន ៤៩ទីតាំង ហើយនិងទាមទារសំណងសម្រាប់ការខូចខាតទៅលើផ្ទះសម្បែង វត្តអារាម មន្ទីរពេទ្យ ប្រាសាទខ្មែរជាដើម ពីថៃមកវិញ នេះអ្វីដែលយើងគ្រោងប្តឹង»។
សម្រាប់លោក អ៊ុំ សំអាន នីតិវិធីប្ដឹងថៃទៅICJ គឺកំពុងស្ថិតក្នុងការពិភាក្សាជាមួយមេធាវីអន្តរជាតិ ហើយលោកបង្ហាញជំនឿចិត្តថា នឹងមានរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិណាមួយគាំទ្របណ្ដឹងរបស់លោក ដើម្បីប្ដឹងថៃផ្លូវការទៅតុលាការអន្តរជាតិនេះ។
ឆ្លើយតបនឹងគម្រោងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៦ខែមីនា ដោយខ្លីថា រដ្ឋាភិបាលកម្ពុជាបានប្រើគ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដី តាមរយៈយន្តការច្បាប់អន្តរជាតិ យន្តការតុលាការ សមរភូមិការទូត ដែលលោកហៅថា ជាការខិតខំប្រឹងប្រែង និងជាមធ្យោបាយឈានទៅដោះស្រាយបញ្ហា។ ទោះយ៉ាងលោកពុំបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលរដ្ឋាភិបាលនឹងប្ដឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងICJ នោះទេ។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ខ្ញុំមិនចង់ឆ្លើយតបជាមួយក្រុមឧទ្ទាមក្រៅច្បាប់ អត់បានការប៉ុន្មាននាក់នោះទេ។ អ្វីដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋនោះ យើងបានខិតខំប្រឹងប្រែងជាមួយពលរដ្ឋក្នុងប្រទេស ក្នុងការការពារបូរណភាពទឹកដីរបស់យើង»។
ជុំវិញករណីនេះដែរ អ្នកច្បាប់មួយរូបទៀតហាក់ពុំមានជំនឿថា ការប្ដឹងនេះមានប្រសិទ្ធភាពទេ។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ្រលោកមេធាវី សុក សំអឿន ពន្យល់ថា បើតាមយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិជាដើម គណបក្សប្រឆាំងនៅក្រៅប្រទេសអាចត្រឹមចេញមុខជូនដំណឹងបាន ប៉ុន្តែមិនអាចធ្វើជាភាគីនៃពាក្យបណ្តឹងបានទេ។ លោកអះអាងថា បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចប្ដឹងបាន ក្នុងនាមជាអ្នករងគ្រោះពីការឈ្លានពានរបស់ថៃ។ ប៉ុន្តែលោកពុំបង្អាក់ដំណើររបស់គណបក្សប្រឆាំងនោះទេ ព្រោះវាជាតាក់តិចនយោបាយរបស់ភាគីប្រកួតប្រជែង។
លោក សុក សំអឿន ថ្លែងថា៖ «ទីមួយ គណបក្សប្រឆាំងហ្នឹងសួរថា តំណាងអ្នកណា? បើយើងទៅ ICJ ទាល់តែទីមួយតំណាងរដ្ឋ ហើយបើដូចជា រ៉ូហ៊ីងយ៉ា (Rohingya) គាត់តំណាងក្រុមប្រជាជនរ៉ូហ៊ីងយ៉ាហ្នឹងហ្មង អ៊ីចឹងវាខុសគ្នា។ ហើយដល់ពេលគណបក្សប្រឆាំង យើងអត់មានតំណាងអ្នកណាមួយ ហើយគណបក្សប្រឆាំងគ្រាន់តែបង្កើតដោយឯកជនខ្លួនឯងហ្នឹង មានបានជាគណបក្សប្រឆាំងផ្លូវការក្នុងរដ្ឋាភិបាលខ្មែរយើងឯណា?»។
អស់រយៈពេលជាង កន្លះឆ្នាំ ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ពុំបានដាក់ពាក្យប្ដឹងថៃជាផ្លូវការ ទៅតុលាការអន្តរជាតិទេ បើទោះបីជា ភាគីថៃបានវាយប្រហារឈ្លានពានទឹកដីខ្មែរជាច្រើនកន្លែង និងបន្តកាន់កាប់ចូលជ្រៅក្នុងដីខ្មែរ និងបំផ្លាញផ្ទះសម្បែង វត្តអារាម ស្ពានថ្នល់ និងប្រាសាទបូរាណ ព្រមទាំងសម្លាប់ពលរដ្ឋខ្មែរជាង ៣០នាក់ និងរបួសជិត ១០០នាក់ក្ដី។ ការណ៍នេះដែលគណបក្សប្រឆាំង និងអ្នកឃ្លាំមើលតែងជំរុញឱ្យរដ្ឋាភិបាលពន្លឿនប្ដឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីដែលថៃកំពុងគ្រប់គ្រងមកវិញ និងទាមទារសំណង និងការទទួលខុសត្រូវលើពលរដ្ឋ និងបេតិកភណ្ឌរបស់កម្ពុជាជាដើម៕









