វិភាគ៖ តើ​បណ្ដាញ​អំណាច​អភិជន​កំពុង​កំណត់​វាសនា​អនាគត​​សេដ្ឋ​​កិច្ច​​កម្ពុជា​យ៉ាង​ដូច​ម្ដេច?

អំណាច​នៅ​កម្ពុជា​នៅ​តែ​បន្ត​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គ្រួសារ និង​បណ្ដាញ​ធុរកិច្ច​ជិត​ស្និទ្ធ​មួយ​ចំនួន ដែល​ជា​និន្នា​ការ​កាន់​តែ​រឹង​មាំ​ក្រោយ​ការ​ផ្ទេ​រអំណាច​ទៅ​ឱ្យ​អ្នក​បន្ត​វេន ក្នុង​ឆ្នាំ​២០២៣។ ក្នុង​នោះ គ្រួសារ​មេដឹ​ក​នាំ ​មាន​ឥទ្ធិ​ពល​បំផុត ដោយ​លោក ហ៊ុន សែន បច្ចុប្បន្ន​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា (CPP) ខណៈ​លោក​ស្រី ប៊ុន រ៉ានី គ្រប់​គ្រង​បណ្ដាញ​ឧបត្ថម្ភ​តាម​រយៈ​កាក​បាទ​ក្រហម​កម្ពុជា។

ពួកគេ​បាន​បញ្ចូល​កូនៗ ទៅ​ក្នុង​តួនាទី​គន្លឹះ​ជា​លក្ខណៈ​ប្រព័ន្ធ ជាពិសេស គឺ​ការ​ផ្ទេរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣។ បង​ប្អូន​របស់​ លោក ហ៊ុន ម៉ាណែត ក៏​កាន់​តំណែង​​កម្រិត​ខ្ពស់​ផង​ដែរ រួ​ម​មាន លោក ហ៊ុន ម៉ានិត ជា​ប្រធាន​ចារក​ម្ម​យោធា និង​លោក ហ៊ុន ម៉ានី ដែល​ត្រូវ​បាន​ដំឡើង​ជា​ឧបនា​យក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​នៅ​ដើម​ឆ្នាំ​២០២៤។

ចំណែក លោកស្រី ហ៊ុន ម៉ាណា កូនស្រីរប​ស់​លោក ហ៊ុន សែន គឺ​ជា​តួ​​អ​ង្គ​​ធុរកិច្ច​​ដ៏​​មាន​​ឥទ្ធិ​​ព​ល​​ក្នុង​​វិស័យ​ព័ត៌​​មាន និង​​​ទូរ​​គមនា​​គមន៍ ដោយ​​កាន់​​កាប់​​ស្ថានីយ​​ទូរ​ទស្សន៍​​ធំៗ និង​​ភាគ​​ហ៊ុន​​សំខាន់​ៗ​​ក្នុង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​ឌីជីថល​​របស់​​​ជាតិ។ ជាក់​ស្ដែង សែ​ស្រឡាយ​មេដឹ​ក​នាំនេះ បាន​បញ្ជ្រាប​តួនាទី​នយោ​បាយ និង​ធុរ​កិច្ច​បញ្ចូល​គ្នា ដើម្បី​សម្រប​សម្រួល​ការ​ពារ​ផល​ប្រយោជន៍​គ្រួសារ និង​ធានា​នូ​វ​ការ​បន្ត​រជ្ជ​កាល​ត្រកូល​ដោយ​រលូន​។

ក្រៅពី​គ្រួសារ​ហ៊ុន គ្រួសារត្រកូល ទៀ ក៏ជាមជ្ឈមណ្ឌលអំណាចដ៏សំខាន់មួយទៀតរបស់កម្ពុជា ដោយរក្សាការ​គ្រប់គ្រងយ៉ាងណែនលើប្រព័ន្ធការពារជាតិ។ លោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីការពារជាតិកាន់តំ​ណែ​ង​យូរ​​ជាង​គេ បាន​ផ្លាស់​ប្តូរ​មក​កាន់​តំណែង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះម​ហាក្សត្រ​ក្នុង​ឆ្នាំ​២០២៤ ខណៈ​កំ​ពុង​បម្រើ​ការ​ជាទីប្រឹក្សា​ជាន់​ខ្ពស់​លើ​វិស័យ​ការ​ពារ​ជាតិ ហើយ​កូន​ប្រុស​របស់​លោក គឺ​លោក ទៀ សីហា បាន​បន្ត​តំណែង​ពី​ឪពុក​​​ជា​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ។

កូនប្រុសម្នាក់ទៀតគឺលោក ទៀ សុខា កាន់តំណែងជាមេបញ្ជាការកងទ័ពជើងទឹក ខណៈ​ដែលត្រកូលនេះនៅ​តែរក្សាទំនាក់ទំនងពាណិជ្ជកម្មយ៉ាងទូលំទូលាយ ជាមួយ​បណ្តាញ​អ្នក​វិនិយោគ​ចិន​នៅ​តំបន់​កោះ​កុង​ និង​ព្រំដែន​ថៃ។

បណ្តាញសំខាន់មួយទៀត គឺផ្សារភ្ជាប់នឹងហិរញ្ញវត្ថុ និងធនធានរដ្ឋ ដែល​ដឹក​នាំ​ដោយ លោក អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ។ ឥទ្ធិពលរបស់លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​ពង្រីក​តាមរយៈសាច់ថ្លៃដែលគ្រប់គ្រងរោងចក្រអគ្គិសនី និងក្រុមឧស្សាហកម្មធំៗ ខណៈគ្រួសាររបស់​លោក​កាន់​កាប់ភាគហ៊ុនសំខាន់ៗនៅក្នុងវិស័យធនាគារ និងល្បែងស៊ីសង។

ស្រទាប់វណ្ណៈឧកញ៉ានៃឥស្សរជនធុរកិច្ច កាន់តែដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរស់រាននៃសេដ្ឋកិច្ច​រដ្ឋ ដោយ​មាន លោក គិត ម៉េង នៃ​អាណា​ចក្រ​រ៉ូយ៉ាល់​គ្រុប (Royal Group) ជា​សសរស្តម្ភ​ដ៏រឹ​ង​មាំ​ម្នាក់។ ទោះ​បី​ជា​រដ្ឋាភិ​បាល​គណបក្ស​​ប្រជាជន​កម្ពុជា បាន​ត្រួត​ពិនិត្យ​គោរម​ងារ​ឧកញ៉ា​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២៤ ក្រោយ​មាន​របាយ​ការណ៍​អំពី​ការ​​រំលោភ​បំពាន​​យ៉ាង​ខ្លាំង​ក្លា​ក៏​ដោយ ក៏​បុគ្គល​ដូច​ជា​ លោក លី យ៉ុងផាត់ នៅ​តែ​អាច​បន្ត​ប្រតិ​បត្តិ​ការ​ក្រោម​ការ​ការ​ពារ​កម្រិត​ខ្ពស់ បើ​ទោះជា​មា​ន​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ពី​អន្តរ​ជាតិ​ក៏​ដោយ។

ជាក់​ស្ដែង លោក លី យ៉ុងផាត់ ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២៤ ចំពោះ​​ការ​ពាក់​ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុង​មជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលជា​ព័ត៌មាន​លម្អិត​ត្រូវ​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០២៥ របស់​សហរដ្ឋ​អាមេ​រិក ដោយ​បាន​កត់​សម្គាល់​ថា មន្ត្រី​ជាន់​ខ្ពស់ និង​ឥស្សរ​ជន​ធុរកិច្ច​កម្ពុជា​មួយ​ចំនួន​ទទួល​បាន​ផល​ប្រយោជន៍​ពីទី​តាំង​ទាំង​នោះ។

បណ្ដាញអំណាចនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងដូចគ្នា តាមរយៈឥទ្ធិពលនៃគ្រួសារ ភាភីមិច (Pheapimex) និង​មន្ត្រី​សន្តិ​សុខ​​ជាន់​ខ្ពស់​ដូច​ជា លោក នេត សាវឿន ដែលតំណាងឱ្យការផ្សារភ្ជាប់គ្នារវាងប្រព័ន្ធសន្តិសុខ និង​ទុនឯកជន តាម​រយៈ​សហគ្រាសរដ្ឋ និងក្រុមហ៊ុនធំៗ ដូចជា Cambodia Airways ជាដើម។

យន្តការនៃចាប់រដ្ឋជាចំណាប់ខ្មាំងដោយឥស្សរជនគណបក្សប្រជាជនកម្ពុជា ដើម្បី​កសាង​អាណា​ចក្រ​អំណាច​របស់​ត្រកូល​ធំៗ​នៅ​កម្ពុជា បាន​ពង្រីក​វិសាល​ភាព​រហូត​ដល់​គ្រប​ដណ្ដប់​លើ​សេដ្ឋ​កិច្ច​ឆបោក​តាម​អ៊ីន​ធឺណិត​ដែល​កំពុង​រីក​ដុះ​ដាល ដោយ​របាយ​ការ​ណ៍​ឆ្នាំ​២០២៤ របស់​វិទ្យា​ស្ថាន​សន្តិ​ភាព​សហរដ្ឋ​អាមេរិក បាន​ប៉ាន់​ប្រមាណ​ថា ចំណូល​ខុស​ច្បាប់​អាច​មាន​ចំនួន​លើស​ពី ១២,៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

បន្ថែមលើនេះ របាយការណ៍ឆ្នាំ​២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋ​កម្ម (UNODC) បានចោទប្រកាន់ថា កម្ពុជាកំពុងបម្រើការជាមជ្ឈមណ្ឌលសកលសម្រាប់ប្រតិ​បត្តិ​ការ​ទាំង​នេះ ដែល​ឆ្លុះ​បញ្ចាំងពីរបៀបដែលការក្ដោបក្ដាប់ស្ថាប័នរដ្ឋ បានសម្របសម្រួលដល់សេដ្ឋកិច្ចឌីជីថល​ងងឹត។

ទន្ទឹម​នឹងជម្លោះដីធ្លីដែលនៅតែជាបញ្ហារ៉ាំរ៉ៃ របាយការណ៍ពិភពលោកឆ្នាំ​២០២៦ របស់អង្គការឃ្លាំមើលសិទ្ធិ​មនុស្ស (Human Rights Watch) បង្ហាញថា ភ្នាក់ងាររដ្ឋកម្រនឹងមានចំណាត់ប្រឆាំងនឹងការរឹបអូសដីធ្លី​ដោយ​អ្នក​មាន​អំណាចណាស់។

លើសពីនេះ សូចនាករអភិបាលកិច្ចពិភពលោកឆ្នាំ​២០២៥ របស់ធនាគារពិភពលោក ក៏បានចាត់ថ្នាក់កម្ពុជា​ស្ថិត​ក្នុង​​កម្រិត​ទាប​បំផុត​សម្រាប់​ផ្នែក​នីតិរដ្ឋ។ ទោះបីជានាយករដ្ឋមន្ត្រី លោក​ ហ៊ុន ម៉ាណែត បានសន្យា​សម្អាត​មជ្ឈ​មណ្ឌល​​ឆបោក​ក៏​ដោយ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ ត្រូវ​បាន​គេមើ​ល​ឃើញ​ថា​គ្រាន់​តែ​ជា​ការ​សម្តែង ជាជាង​ការ​កែ​ទម្រង់​ឆ្ពោះទៅ​រកការទទួលខុសត្រូវពិតប្រាកដ។

ករណីសិក្សាជាក់លាក់ បានបង្ហាញពីគំរូនៃនិទណ្ឌភាព ដូចជាការលាតត្រដាងក្នុងខែមករា ឆ្នាំ​២០២៤ ថាមាន​បុគ្គល​រាប់ពាន់នាក់កាន់គោរមងារឧកញ៉ា ទោះបីជាមានប្រវត្តិឧក្រិដ្ឋកម្មក៏ដោយ។ ចំណុចនេះ ឆ្លុះបញ្ចាំ​ង​ពីភាពធូររលុង​នៃដំណើរការត្រួតពិនិត្យ ដែលរបាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកកា​ល​​ពីខែកក្កដា ឆ្នាំ​២០២៤ បានលើកឡើងថា ជាការផ្ដល់ភាពស្របច្បាប់ក្លែងក្លាយដល់តួអង្គខុសច្បាប់។

ស្រដៀងគ្នានេះដែរ ករណីរបស់ឧត្តមសេនីយ៍ឯក នឹម មីង បានបង្ហាញពីរបៀបដែលការពិន័យតាមផ្លូវច្បាប់​លើ​ក្រុម​ហ៊ុនភរិយារបស់លោកពាក់ព័ន្ធនឹងការនាំចេញរ៉ែខុសច្បាប់ បានជាប់គាំងរហូតដល់ឆ្នាំ​២០២៥ ខណៈដែលជម្លោះ​ដីធ្លីពាក់ព័ន្ធនឹងសហការីរបស់លោក តែងតែធ្វើឱ្យអ្នកភូមិមូលដ្ឋានបាត់បង់ផល​​ប្រយោជន៍។

របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២៥ របស់សហរដ្ឋអាមេរិក ក៏បានកត់សម្គាល់បន្ថែមថា ពួកឥស្សរជន​នៅ​តែ​បន្ត​ទទួលបានផលប្រយោជន៍ពីទីតាំងឆបោកដែលសង់លើដីរឹបអូស។ ផ្ទុយទៅវិញ តុលា​ការ​បែរជាមានសកម្ម​ភាព​យ៉ាង​ខ្លាំងក្លាក្នុងការកំណត់គោលដៅលើអ្នករិះគន់ ដូចជា ការផ្ដន្ទាទោសសកម្មជន​មាតា​ធម្មជាតិក្នុងខែកក្កដា ឆ្នាំ​២០២៤ និងការផ្ដន្ទាទោសលោក កើត សារ៉ាយ ក្នុងខែវិច្ឆិកា ឆ្នាំ​២០២៤ ជាដើម។

ស្ថានភាព​អំពើពុករលួយ ក៏បង្ហាញពីនិន្នាការកាន់តែយ៉ាប់យ៉ឺនផងដែរ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ​២០២៦ ពិន្ទុ CPI រប​ស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុ​ត​ក្នុង​ប្រវត្តិ​សាស្ត្រ​គឺ ២០ លើ ១០០ ដែល​ឆ្លុះ​បញ្ចាំង​ពី​បរាជ័យ​នៃ​អង្គ​ភាព​ប្រឆាំង​​អំពើ​​ពុក​​រលួយ (ACU) ក្នុង​ការ​ចាត់​វិធាន​ការលើការប្រព្រឹត្តខុសរបស់មន្ត្រីជាន់ខ្ពស់។

ជាការឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺននេះ សហគមន៍អន្តរជាតិបានងាកមកអនុវត្តវិធានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងបំផុត។ ព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងនៅថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥ នៅ​​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់​គ្លេស​ បាន​បើក​ប្រតិ​បត្តិ​ការ​សម្រប​សម្រួល​គ្នា​ប្រឆាំង​នឹង​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប (Prince Group) និងប្រធានក្រុមប្រឹក្សាភិបាលគឺលោក ចេន ហ្ស៊ី (Chen Zhi) ដើម្បីឆ្លើយតបទៅនឹងឧស្សាហ​កម្មឆបោក ដែលបានបង្កឱ្យប្រជាជនអាមេរិកខាតបង់ប្រាក់លើសពី ១៦,៦ ពាន់លានដុល្លារក្នុងឆ្នាំ​២០២៤។

សកម្មភាពនេះ ត្រូវបានបន្តដោយរលកទីពីរនៃការកំណត់មុខសញ្ញាដោយក្រសួងរតនាគារសហរដ្ឋអាមេរិក​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយផ្ដោតលើអង្គភាពចំនួន ១០ បន្ថែមទៀតនៅក្នុងក្រុងព្រះសីហនុ បាវិត និងកោះកុង។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប បានសម្រេចរក្សាការដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ក្នុង​អំឡុង​​ពេល​ត្រួត​ពិនិត្យគោលនយោបាយពាណិជ្ជកម្មកាលពីខែមីនា ឆ្នាំ​២០២៥ ដោយ​បាន​ភ្ជាប់​លក្ខ​ខណ្ឌ​នៃ​ការ​ផ្ដល់​ឱ្យ​វិញ​ទៅ​នឹង​វឌ្ឍន​ភាព​ជាក់​ស្ដែង​នៃ​សិទ្ធិ​ស៊ីវិល។

គិតត្រឹមដើមឆ្នាំ​​២០២៦ វិមានកាពីតូលសហរដ្ឋអាមេរិកកំពុងពិភាក្សាលើ «ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ​២០២៥» ដែលមានគោលដៅចងក្រងបញ្ជីឈ្មោះក្រុមហ៊ុនដែលមិនត្រូវរកស៊ីជាមួយ (No-business list) ចំពោះក្រុមហ៊ុនណាដែលពាក់ព័ន្ធនឹងភ្នាក់ងាររដ្ឋកម្ពុជាដែលបង្ក្រាបសិទ្ធិសេរីភាព បន្ទាប់ពីមានរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០២៥ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងការ​វាយតម្លៃរបស់អង្គការ Freedom House ក្នុងឆ្នាំ​២០២៦។

ជារួម ផ្អែកលើទិន្នន័យ និងព្រឹត្តិការណ៍ចុងក្រោយរហូតដល់ឆ្នាំ២០២៦ ឥទ្ធិពលនៃបណ្ដាញអំណាចអភិជនមកលើវាសនាសេដ្ឋកិច្ចកម្ពុជា អាចត្រូវបានពិនិត្យមើលតាមរយៈទិដ្ឋភាពសំខាន់ៗ ជាបន្តបន្ទាប់។ ជាដំបូង ការក្ដោបក្ដាប់ធនធាន និងកាលានុវត្តភាពសេដ្ឋកិច្ចដោយត្រកូលអ្នកនយោបាយជាន់ខ្ពស់ និងឧកញ៉ា​ស្និទ្ធនឹងបក្សកាន់អំណាច បានផ្ដល់លទ្ធភាពឱ្យពួកគេគ្រប់គ្រងលើវិស័យយុទ្ធសាស្ត្រនានា រួមមាន ទូរគមនាគមន៍ ថាមពល កសិឧស្សាហកម្ម និងធនាគារ ដែលបង្កបង្កើតជាប្រព័ន្ធ «សេដ្ឋកិច្ចខ្សែរយៈ» រារាំង​ដល់ការប្រកួតប្រជែងដោយសេរី និងរាំងខ្ទប់សហគ្រិនថ្មីៗ ឬវិនិយោគិនបរទេសដែលប្រាថ្នាចង់ប្រកួត​ប្រជែង​ដោយតម្លាភាព។

ទន្ទឹមនឹងនេះ ក៏មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ពីសេដ្ឋកិច្ចផ្លូវការ មកកាន់សេដ្ឋកិច្ចឌីជីថលងងឹតវិញ ដោយ​យោង​តាម​របាយ​ការណ៍​ក្នុង​ឆ្នាំ​២០២៤ និង​២០២៥ ដែល​បង្ហាញ​ថា កម្ពុជា​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ឆបោក​តាម​អន​ឡាញ ដែលទទួលបានការការពារពីបណ្ដាញអភិជនជាថ្នូរនឹងផលប្រយោជន៍ហិរញ្ញ​វត្ថុ ដែលនិន្នាការនេះ កំពុងបំផ្លាញ​កេរ្តិ៍ឈ្មោះសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រទេសប្រឈមនឹងការដាក់បញ្ចូល​​ក្នុងបញ្ជីខ្មៅនៃលាងលុយកខ្វក់។

ម្យ៉ាងវិញទៀត វាសនាសេដ្ឋកិច្ចជាតិ កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារហានិភ័យនៃទណ្ឌកម្មអន្តរជាតិ​ពី​​សហរដ្ឋ​អាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលបានដាក់គោលដៅលើបុគ្គល និងក្រុមហ៊ុនធំៗ ដូចជា Prince Group និងឧកញ៉ា លី យ៉ុងផាត់ ជាដើម ដែលសម្ពាធទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើឱ្យកម្ពុជាប្រឈមនឹងភាពឯកោពីទីផ្សារបស្ចិមប្រទេស និងបង្កើនការពឹងផ្អែកកាន់​តែ​ខ្លាំង​លើប្រទេសចិន។

ជាចុងក្រោយ ការប្រមូលផ្ដុំទ្រព្យសម្បត្តិក្នុងដៃមនុស្សមួយក្រុមតូច បានបង្កឱ្យមានគម្លាតសង្គមយ៉ាងជ្រៅ និង​អស្ថិរភាពយូរអង្វែង ដោយសារការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីការពារផលប្រយោជន៍អភិជនក្នុងជម្លោះ​ដីធ្លី និងការរំលោភបំពាននានា ដែលប្រសិនបើគ្មានការកែទម្រង់សេដ្ឋកិច្ចឱ្យមានបរិយាបន្នពិតប្រាកដ​ទេ​នោះ ភាពឈឺចាប់​ក្នុងសង្គមនឹងក្លាយជាឧបសគ្គដ៏ធំដល់ការរីកចម្រើនសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ