បញ្ញាវន្ត​ខ្មែរ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​​​ធ្វើ​​កំណែ​ទម្រង់​ចាប់​​ផ្តើ​ម​​​ពី​​ការ​​សម្អាត​​អំពើ​​ពុក​​រលួយ​​និង​​បក្ខ​ពួក​និយម​

បញ្ញា​វន្ត​​ខ្មែរ​​បាន​​ចាត់​​ទុក​​ស្ថាន​ភាព​កម្ពុជា​​បច្ចុប្បន្ន​​ថា​ កំពុង​​​តែ​​ស្ថិត​​ក្នុង​​គ្រា​អាសន្ន និង​​មាន​​វិប​ត្តិ​​ដែល​​ចាំ​​បាច់​​ត្រូវ​​ធ្វើ​​កំណែ​​ទម្រង់​​ស៊ី​ជម្រៅ​​ពិត​​ប្រាកដ​​ជាក់​​ស្តែង ​​​ដោយ​​ចាប់​​ផ្តើម​​ពី​ការ​​សម្អាត​​អំពើ​​​ពុក​​រលួយ ​​​បក្ខ​​ពួក​​និយម ដែល​ថា ​កំពុង​​បំផ្លាញ​​កម្ពុជា​​​​​​ជា​ប្រព័ន្ធ ។

ពួក​គេសំ​អាង​ថា ​ចា​ប់​​តាំង​​ពី​ថៃ​បើក​ការ​ឈ្លាន​ពាន​ប្រដាប់​អាវុធ ទាំងពីរជុំរួចមក វាបាន​ឆ្លុះបញ្ចាំង​កម្សោយជា​ច្រើន ដែលរដ្ឋាភិបាលត្រូវទទួលស្គាល់ការពិត ហើយ​យក​ទៅ​កែទម្រង់ ដែល​ថា​ក្នុងនោះមានទាំងការធ្វើទំនើប​​កម្មវិស័យ​ការពារជាតិ សេដ្ឋកិច្ច វិស័យសារព័ត៌មាន និងត្រូវកែទម្រង់ប្រព័ន្ធដឹកនាំបែបបក្ខពួកនិងគ្រួសារ​និយមផង​ដែរ ទើបអាចធ្វើឱ្យខ្មែរខ្លាំងបាន។​

ជ្រុងមួយនៃបញ្ហានេះ លោក​បណ្ឌិត ​គិន ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​​អន្តរជាតិ​​នៃ​រាជបណ្ឌិត​សភាកម្ពុជា​របស់​រដ្ឋាភិបាល ​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​​ត្រូវហ៊ាន​ទទួល​ស្គាល់​ថា កម្ពុជា​កំពុង​តែស្ថិត​នៅក្នុង​ស្ថានភាព​អាសន្ន​មាន​វិបត្តិ​។

​ស្ថានភាពនេះ ​ទាម​ទារ​ឱ្យ​កម្ពុជា​ដាក់​ចេញនូវយុទ្ធសាស្ត្រ​វិធីសាស្ត្រ ​និង​ចំណាត់ការពិសេស​ដើម្បី​​​ទប់​ទល់​និង​​ដោះ​ស្រាយ​ ដោយ​មិន​ត្រូវ​នៅ​បណ្តែត​បណ្តោយ​ដោយ​ចាត់​ទុក​​ភាព​អាសន្ន​នេះ​​​ជា​រឿង​​ធម្មតា ​ហើយ​បណ្តោយ​ឱ្យ​​វា​​ទៅ​តាម​ដំណើរ​​បាន​នោះទេ។

ការ​ថ្លែងបែបនេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សាតុមូល ស្តីពី «សណ្តាប់​ធ្នាប់​ពិភព​លោក​ក្នុង​បរិបទថ្មី» ដែល​​ធ្វើ​​ឡើង​​​​ដោយ​​រាជ​​បណ្ឌិត​​សភា​កម្ពុជា ​កាល​​ពីថ្ងៃទី​១៣ ខែ​​មីនា។

​សម្រាប់ លោក គិត ភា នៅ​ពេល​នេះ ​កម្ពុជា​ត្រូវ​ទទួល​ស្គាល់​ការពិត​​ថា ​យើង​​ខ្សោយ​ ហើយ​​ត្រូវ​​ទទួល​​យក​​ការ​​ព្យា​បាល​ការធ្វើ​កំណែ​ទម្រង់​ជាក់​ស្តែង​ ។

លោកថា៖ «រឿងធំមួយ​ទៀត​រឿង​ពុក​រលួយ​ត្រូវ​តែកម្ចាត់​ហ្មង ​ពុក​​រលួយ​​បក្ខ​ពួក​និយម​​ហ្នឹង ​បើ​នៅ​​បន្ត​​ពុក​​រលួយ​​បក្ខ​​ពួក​និយម​ទៀត ​​គឺ​ទៅ​​អត់​​រួច​​ទេ បន្ត​​បក្ខ​​ពួក​និយម​​ទៀត ​គឺ​កែ​​យ៉ា​ង​ម៉េច​ក៏​ទៅ​អត់​​រួច​​ដែរ​​អាហ្នឹង​គឺ​ត្រូវ​​​តែ​​ចាត់​​ទុក​​​ថា​​ជា​សត្រូវ​​ស៊ី​រូង​ផ្ទៃ​​ក្នុង​ហ្មង ​បើ​មិន​អ៊ីចឹង​ទេ​យើង​អត់​អាច​អភិវឌ្ឍន៍​​ជាតិ​​យើង​​ទៅ​​មុខ​​បាន​។​ទី៥​​គឺ​​ទំនើប​កម្ម​វិស័យ​​ការពារ​ជាតិ​មិន​បាច់​និយាយ​ច្រើន​ទេ គឺ​ថា ក្រសួង​ការពារ​ជាតិ​លោក​​ដឹង​​ហើយ​​ទំនើប​អី​កសាង​សមត្ថភាព​​យ៉ាង​ម៉េច​ ចំនួន​​ទ័ពយ៉ាងម៉េច ​គ្មាន​អ្នកណា​ដឹង​ជាង​ក្រសួងការពារ​ជាតិ​​ខ្លួន​ឯង​នោះ​​ទេ»។​

លើសពីនេះ រដ្ឋាភិបាលត្រូវ​បង្កើនមូលធនមនុស្ស​ឱ្យ​ខ្លាំង ​ដោយ​ត្រូវ​ពង្រឹង​ការផ្តល់​ការអប់រំ​ប្រ​កប​​​ដោយ​គុណភាព ​ចាប់​​តាំង​ពីថ្នាក់​មត្តេយ្យ​​ឡើង ​បណ្តុះ​បណ្តាល​មនុស្ស​ឱ្យមាន​ចំណេះ​​មាន​ជំនាញ​ មាន​មនសិការ ​មាន​ឧត្តម​គតិជាតិ ពង្រឹង​ភាព​ធន់​ខាង​សេដ្ឋកិច្ច ​ធ្វើ​ពិពិធកម្មការទូត​ដោយ​រៀប​ចំ​នយោបាយការបរទេស​ដែល​​ឆ្លាត​វៃ​ ​បត់​បែន​ជាក់ស្តែងនិយម​។

មួយវិញទៀត ​ត្រូវ​ពង្រឹងគុណភាព​ព័ត៌មាន​ក្នុង​ស្រុកដោយ​មិន​ត្រូវ​ធ្វើ​តែព័ត៌មាន​ពិធីការ ព័ត៌មាន​លើកជើង ព័ត៌​មាន​ដែល​​អត់​ប្រយោជន៍​​ច្រើន​ពេក​​នោះ​ទេ ​គឺ​ត្រូវ​តែ​ធ្វើ​ព័ត៌មាន​ដែល​ជាចំណេះ​ដឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​​ប្រជាពល​រដ្ឋ​។

លើសពីនេះ ក៏ត្រូវ​មាន​ទំនាក់​ទំនង​ជាមួយ​ព័ត៌មាន​​ខាងក្រៅ​ស្រុក​ផង​ដែរ ​ដោយ​មិន​ត្រូវ​ងាកបិទៗ​នោះ​ទេ ខណៈ​​បច្ចុប្បន្ន​បរទេស​​គេមិន​ជឿ​​ព័ត៌​មាន​​ក្នុង​ស្រុក​នោះ​ទេ​ ដោយ​សារគេគិត​ថា ព័ត៌មាន​ក្នុង​ស្រុក​ជា​ព័ត៌​​មាន​​មួយ​​ជ្រុង​​ដែល​​គាំទ្រ​រដ្ឋាភិបាល​ ​គាំទ្រគណបក្ស​កាន់​អំណាច។

ជាមួយគ្នា​នេះ​ លោក​បណ្ឌិត ​យង់ ពៅ ​អគ្គលេខាធិការ​រាជបណ្ឌិត​សភា​​កម្ពុជា ​ក៏​បាន​លើក​ឡើង​ផងដែរ​ថា កម្ពុជា​​គួរ​ឈប់​សូត្រ​​ថា ​ជាប្រទេស​​ទើប​ងើប​​ពីសង្គ្រាម​ ឬថា​ប្រទេស​​តូច​​​ ខណៈ​ពេល​នេះ​សណ្តាប់​ធ្នាប់​សកល​​លោក​កំពុង​តែ​ផុយ​ស្រួច​​ខ្លាំង ​​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​​តែ​រឹងមាំ​ខាង​ក្នុង​​ គឺ​ត្រូវ​កែទម្រង់​ខាងក្នុង​ពី​ព្រោះ​​បើ​មិន​​ហ៊ាន​​កែ​ទេ​នោះ ​វានឹងកាន់​តែរង​នូវ​ហានីភ័យ។

លោកថា៖ «សុំ​ទោស​និយាយ​ទៅ ប៉ះពាល់​អ្នក​ខ្លះ​កំណាព្យ​​​យើង​​តែង មិន​មែន​ចង់​ថា​ឱ្យ​សភាទេ​តែង​​កំណាព្យ​ពី​មុន​ ​កំណាព្យ​​សង្គ្រាម​​ថា​​ហ៊ោ​ប្រទេស​​យើង​ឆ្លង​កាត់​ពី​សង្គ្រាម​ ឥឡូវកំណាព្យ​​ប្រទេស​​តូច! ហើយ​​ប្រុង​​តែ​​តូច​រហូត​ឬយ៉ាងម៉េច​? តូច​ខួរក្បាល​ឱ្យ​វាធំ ប្រទេសគេតូច​ម៉ាគគោក​គេខ្លាំង​? ​ចុះ​រឿង​អី​យើង​​តូច​​ត្រូវ​ផ្តេក​ផ្តួល​​ហ្នឹង​ ​តូច​ហ្នឹង​ទៀត​​ត្រូវ​ដូរ​​ទស្សនៈហ្នឹង​​ចេញ»។

សម្រាប់ ​លោក​បណ្ឌិត មាស នី ក៏​បានលើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​តុមូល​នេះ​​ផង​ដែរ​ថា ក្នុង​កំឡុង​ពេល​មាន​សង្គ្រាម​​ព្រំដែន​កម្ពុជា​ថៃ រដ្ឋា​ភិបាល​ថៃ ​និង​វៀតណាម​ គេ​ធ្វើការ​យ៉ាងជិត​ស្និទ្ធ​​ជាមួយ​​បញ្ញា​វ​ន្ត​របស់​គេ ​ប៉ុន្តែ​កម្ពុជា​​​នៅ​មាន​កម្រិត​​នៅ​​ឡើយ​​ ដោយ​​បញ្ញាវ​ន្ត​ខ្មែរ​ហ៊ាន​និយាយ​​តែ​កន្លែង​ណា​ ​ដែល​អាច​និយាយ​បាន​ប៉ុណ្ណោះ​។ ​

សម្រាប់លោក មាស នី កម្ពុជា​ត្រូវ​បាន​គេចាត់​ទុក​ថា ​ជាប្រទេស​សំខាន់​នៅក្នុង​ភូមិសាស្ត្រ​​​នយោបាយ​​ដែល​​កម្ពុជា​​​ត្រូវ​​តែ​​រឹង​​​មាំ ​បើ​​មិ​ន​រឹង​មាំ​ទេ​កម្ពុជា​នឹង​ត្រូវ​មហា​អំណាច​យកធ្វើជាឈ្នាន់។

ក្នុងន័យនេះ លោកលើកជាឧទាហរណ៍ ខណៈថៃឈ្លានពាន​កម្ពុជា មហា​មិត្ត​ចិន​បែរ​ជា​ទៅ​ធ្វើ​សម​យុទ្ធ​ជា​​មួ​យ​ថៃ ខណៈ​​ថៃ​​ទិញ​អាវុធ​ពី​ចិន​ជាង​៤០ភាគរយ រីឯអាមេរិកជួយរថក្រោះទំនើបឱ្យថៃ។

លោកថា៖ «ហើយ​ឈ្នាន់​នេះ​នៅ​ពេល​ដែល​គេជាន់​បាន​គេជាន់​នៅពេល​ដែល​គេជាន់​លែងបាន​គេបោះ​ចោល​ឬក៏គេ​មិន​ខ្វល់​។ ​នេះ​យើង​ឃើញ​ស្រាប់​ហើយ​នៅក្នុង​រយៈ​ពេល​សង្គ្រាម​ជាមួយ​ថៃ​ថ្មីៗ​​​យើង​សួរថា តើ​អ្នក​ដែល​យើង​ពឹងគេ​ទីបំផុត​ថាតើគេ​នៅ​ខាងណា? យើង​គិត​ថាចិន​នៅ​ជាមួយ​យើង ​ប៉ុន្តែ​ដល់​ពេល​យើង​​​មាន​សង្គ្រាម​ជាមួយ​ថៃ​ទើប​យើង​ដឹងថា ចិន​នឹងថៃ​ជាបងប្អូន​វាលើស​ពី​ដែក​ថែប​យើង​ទៀត​។ គេ​ទិញ​អាវុធពី​ចិន​រហូត​ដល់​ជាង ​៤០ភាគ​រយ។ ​យើង​គិត​ថា អាមេរិក​ប្រហែល​ជាជម្រើស​ទី​២ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​យើង​ឃើញ​ថា ​អាមេរិកបាន​ផ្តល់​ជំនួយ​សន្ធឹកសន្ធាប់​មក​ឱ្យ​ប្រទេសថៃ»។​

សម្រាប់​លោក​បណ្ឌិត មាស នី ​នៅក្នុង​កាលៈ​ទេសៈ​បរិបទ​​ពិភព​លោក ​ដែល​កំពុង​ដើរទៅ​រក​ស្ថាន​ភាព​ក្តៅ​កម្ពុជា​​ត្រូវ​ខំ​ធ្វើ​ខ្លួនឱ្យ​ខ្លាំង​​ពិត​ប្រាកដ​កុំ​ខ្លាំង​​តែមាត់​ ​ខណៈ​ថៃ​គេបាន​ប្រាប់​កូនចៅ​គេ​ថា ទឹក​ដី​ខ្មែរ​ខេត្ត​បាត់​ដំបង ​និង​បន្ទាយ​​មាន​ជ័យ ​គឺ​ជាអតីត​ទឹក​ដី​របស់​គេ​។វីអូឌី​​មិន​​​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ដែល​បញ្ញាវ​ន្ត​ខ្មែរ​បាន​លើកឡើង​ខាងលើ​នេះ​បាន​ទេ។

ប៉ុន្តែ​អ្នកនាំពា្យ​រដ្ឋាភិបាល​រូប​នេះ ​បានថ្លែង​​ក្នុង​ពិធី​​ស្តីពី​ស្ថានភាព​ព្រំដែន​​កម្ពុជា-​ថៃ នៅ​ថ្ងៃ​ទី​​១៦​​​ខែ​​មីនា​នេះ​​ដោយ​​ដក​​ស្រង់​​សម្តី​​​របស់ ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​​​ដែល​បាន​ថ្លែង​នៅ​ក្នុង​ទិវា​ខួប​លើក​ទី​៤៧​​ឆ្នាំ​ថ្ងៃទី​៧ ខែ​​មក​រា ឆ្នាំ​​២០២៦ថា នៅលើ​មាគ៌ាឆ្ពោះ​ទៅមុខ​ទៀត ​សូមពល​រដ្ឋ​ខ្មែរ​​គ្រប់​រូប​បន្ត​​លើក​កម្ពស់​​ស្មារតី​ស្នេហា​ជាតិ ​ប្រឹងឈរខ្លួន​ឯង​ខិតខំ​ខ្លួន​ឯង​ និង​ពង្រឹង​ភាព​ជា​ម្ចាស់ការខ្លួន​ឯង ​ដើម្បី​ធានា​ដល់ការ​ការពារ​និង​​កសាង​​ប្រទេស​ជាតិ​យើង​។

លោក​ថា៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាងមុតមាំថា ផ្អែក​លើ​កម្លាំង​សាមគ្គី​និង​ស្មារតី​ស្នេហាជាតិ​ដ៏មុតមាំ យើង​ពិត​ជាបន្ត​​​យក​ឈ្នះលើ​រាល់​ឧបសគ្គបាន ​មិន​ថាឧបសគ្គនោះ​ធំប៉ុណ្ណាឡើយ​។ យើង​ចង​ចាំប្រវត្តិ​សាស្ត្រ​នេះ​ចង​ចាំឧក្រិដ្ឋកម្ម​បំផ្លាញ​មរតក​វប្បធម៌​​ ​ដែល​ជាដួង​ព្រលឹង​របស់​ជាតិ​​ ចង​ចាំ​ការ​ប្រមាថមាក់​ងាយ​មក​លើ​ជាតិ​មាតុភូមិ​និង​ប្រជាជន​យើង​។ ​សម្តេច​តេជោ ​ហ៊ុន សែនបន្ត​ទៀត​ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ជន​រួមជាតិ​ទាំងអស់​គ្រប់​ទិស​ទី ​សូម​បន្តរួមរួម​សាមគ្គីគ្នា​ជាធ្លុង​មួយ ក្រោម​បាវចនា ជាតិ​ សាសនា ​ព្រះមហាក្សត្រ​និង​រួម​សាមគ្គី​ជុំ​វិញ​រាជរដ្ឋាភិបាល​ប្រកប ដោយ​ជំនឿមុតមាំ​ចំពោះ​បុព្វហេតុ​ដ៏យុត្តិធម៌របស់​យើង​ សាមគ្គី​រស់សាមគ្គី​ឈ្នះ ​​​ហើយគ្មាន​អានុភាពណា​មក​បំផ្លាញ​ឆន្ទៈ​របស់​យើង​បានឡើយ»

យ៉ាងណាក្តី ​ក្រុម​អ្នក​ឃ្លាំមើល​ឯក​រាជ្យ​​​បាន​​ចាត់​​ទុក​​សម្តី​​របស់ ​លោក ​ហ៊ុន សែន ​និង​​លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន ម៉ាណែត ​​​ដែល​តែង​តែនិយាយ​ពីការ​បង្រួប​បង្រួមជាតិ​ខ្មែរ​​​ថា ​ជាសារនយោបាយ​​​ប្រជាភិថុតិ ​ខណៈ​បច្ចុប្បន្ន​​​រដ្ឋាភិ​បាល​​​នៅ​តែបន្ត​សម្រុក​​ចាប់​​ឃុំ​ខ្លួន​សកម្ម​ជន​នយោបាយ ​សកម្ម​ជន​​បរិស្ថាន​ គ្រូ​បង្រៀន និង​ពល​រដ្ឋ​​ ដែល​បញ្ចេញ​មតិ​ខ្វល់​ខ្វាយ​ពីបញ្ហា​ជាតិ ​​ជាពិសេស​បញ្ហា​ព្រំដែន​តាម​អំពើ​ចិត្តកើន​​ដល់​ជិត​​១០០​នាក់​​ ​ក្រោម​ការ​​ចោទ​​ប្រកាន់​​​ពី​បទ​ក្បត់​​ជាតិ ​និង​បទញុះ​ញង់​​​តាម​​​យុទ្ធសាស្ត្រ​ងើបមួយ​វ៉ៃមួយ​​​របស់​លោក​ហ៊ុន សែន​។

សម្រាប់​លោក​បណ្ឌិត គិន ភា ជំរុញ​ឱ្យ​រដ្ឋាភិបាលត្រូវ​​ពិនិត្យ​មើល​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​​បច្ចុប្បន្ន ​ថា​តើ​​​ត្រូវ​​កែ​ទម្រង់​​​​នៅ​​កន្លែង​ណា​ខ្លះ​ ​​ខណៈ​គ្រាន់​តែ​ចំនួន​ក្រសួង​រាជ​ធានី​ ខេត្ត ក្រុង​ ស្រុកខណ្ឌ​ ​គឺ​មាន​ចំនួន​ច្រើន​សម្បើម​​ណាស់​​។ ហើយ​​​រដ្ឋាភិ​បាល​​ត្រូវ​​បាន​​គេ​មើល​​ឃើញ​ថា ហាក់​មាន​និន្នាការ​ពង្រីក​ច្រើន​ជាងបង្រួម​ ​ដែល​​នេះ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មាន​ការ​ងឿង​ឆ្ងល់​​ថា តើ​ការ​ពង្រីក​នេះជា​ការ​ចែក​អំណាច​គ្នា​ចែក​តំណែង​គ្នា​ឬ​ក៏​​យ៉ាង​ម៉េច​?​ ។

លោកថា៖ ​«​ជួនកាល​កន្ត្រក​វាស្អុយ ​អាត្រីល្អ​ចូល​មក​ក៏​វាស្អុយ​ដែរ ​ពេល​ដែល​​ប្រព័ន្ធ​មួយ​មាន​បញ្ហា​​ដាក់​មនុស្ស​​បែប​ណា​មក​​ក៏វាមាន​​បញ្ហា​​​ដែរ​។ ប៉ុន្តែ​ប្រព័ន្ធ​ល្អហើយ ​ប៉ុន្តែ​បើ​ត្រី​ច្រើន​សុទ្ធ​​តែត្រីស្អុយ ​ឬ​កន្ត្រក​ល្អ​ហើយ ​ប៉ុន្តែ​ត្រី​​ច្រើន​​សុទ្ធ​​តែត្រី​ស្អុយ​ដាក់​ចូល​មក ​គឺ​វាស្អុយ​អាកន្ត្រកនឹង​ទាំងមូល​ហ្មង​។ ​វាប្រៀប​បាន​ដូច​ជា​ប្រព័ន្ធ​​​ដែល​ល្អ​ហើយ ​ប៉ុន្តែ​មនុស្ស​​អាក្រក់​ច្រើន​នៅក្នុង​ប្រព័ន្ធ​ហ្នឹង។ ​អ៊ីចឹង​​គឺ​ម​នុស្ស​​អាក្រក់​​ទាំង​​អស់​​ហ្នឹង​​នឹង​ទាញ​​ប្រព័ន្ធ​​ទាំង​​មូល​​ឱ្យ​​ខូច​ឱ្យ​​ផុយ​​​ដំណើរ​ការ​​លែង​​កើត​។ ​អ៊ី​ចឹងឥឡូវ​​យើង​ត្រូវ​ធ្វើការ​ដំណាល​​គ្នា​ទាំង​ការ​ពិនិត្យ​​មើល​ទៅលើ​ប្រព័ន្ធ​ ដែល​កំពុង​ដំណើរ​​ការ​ និង​ពិនិត្យ​មើល​ទៅលើ​មនុស្ស​នៅក្នុង​ប្រព័ន្ធ​នឹង​»។

បន្ថែម​ពីនេះ ​លោក ​គិន ភា​ បាន​លើក​ឡើង​ពីការតែង​តាំង​​មន្ត្រី​តាម​ខ្សែ​តាម​​បក្ស​តា​ម​ពួក​ ដោយ​អ្ន​ក​ខ្លះ​នៅ​ក្មេង ​ប៉ុន្តែ​​តែង​តាំង​ឱ្យ​កាន់​តំណែង​​យ៉ាងធំ​មិន​ស័ក្តិសម​ឡើយ។​ នៅ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​កំពុង​មាន​​អាសន្ន និង​​​មាន​វិ​បត្តិ​​ដូចបច្ចុប្បន្ន​ លោក ​គិន ភា ​ជំរុញ​ឱ្យ​​មាន​ឆន្ទៈ​​នយោបាយ​​ពិត​ប្រាកដ ​ដើម្បី​ធ្វើការ​កែ​​ទម្រង់ ​​និង​កាត់​​សាច់​ស្អុយ​ចេញ​ ​ដោយ​មាន​ការចូល​រួម​ពី​មន្ត្រី​គ្រប់​រូប​ ខណៈ​មន្ត្រី​ខ្លះមាន​តែ​ឈ្មោះ​បើក​ប្រាក់​​ខែ​ ប៉ុន្តែ​​មិន​ធ្វើ​ការ​ពេញ​លេញ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ