រុក្ខជាតិព្រៃកម្រម្យ៉ាងដែលសហគមន៍ជនជាតិដើមភាគតិចព្នង ហៅថា ស្លឹក «ព្យាម» ដែលជាបន្លែធម្មជាតិមានតម្លៃ ហើយដុះតែក្នុងតំបន់អភិរក្សភ្នំណាមលៀរក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ កំពុងរងការបំផ្លិចបំផ្លាញ ក្រោមរូបភាពកាប់ទន្ទ្រានព្រៃរានយកដីធ្វើជាកម្មសិទ្ធិបុគ្គល។
រីឯជម្រកសត្វព្រៃរួមមាន សត្វព្រៃ ៣ប្រភេទ ប្រើស ជ្រូកព្រៃ និងទោចមកុដ ជាដើមដែលរស់នៅក្នុងតំបន់ព្រៃស្រោងក៏ប្រឈមបាត់បង់ជម្រកដែរ។
ប្រធានសហគមន៍ពូត្រែង ឃុំប៊ូស្រា លោក ព្យាន ច្រេន ប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែមីនាថា តំបន់ដែលសម្បូររុក្ខជាតិកម្រមានតម្លៃ ឈ្មោះ «ព្យាម» ដែលពួកលោកបានស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់ជនជាតិដើមភាគតិចព្នង កំពុងប្រឈមការផុតពូជ ដោយសារសកម្មភាពកាប់ព្រៃទន្ទ្រានយកដីព្រៃអភិរក្សធ្វើជាកម្មសិទ្ធិបុគ្គល។ លោករកឃើញថា កម្មកររបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad) គឺជាមេខ្លោងកាប់ទន្ទ្រានព្រៃអភិរក្សនេះ។
លោក ព្យាន ច្រេន និយាយថា៖ «ក្រសួងទទួលស្គាល់ហើយ ថ្ងៃទី២៤ហ្នឹង ក្រសួងអាចទៅមើលកន្លែងសកម្មភាពកាប់ព្រៃហ្នឹង។ គេកាប់ព្រៃហ្នឹង ប៉ូលិសតាមព្រំដែន និងកម្មករក្រុមហ៊ុន មេហ្គាលហ្វើស ប្រហែលកាប់ហ្នឹង»។
កាលពីចុងសប្តាហ៍មុន (ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦) ក្រុមល្បាតសហគមន៍ប្រមាណ ៣០នាក់ រួមដំណើរដោយមន្ត្រីស្រុកពេជ្រាដា និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន បានធ្វើដំណើរដល់ទីតាំងកាប់រានព្រៃនៅចំណុចច្រករបៀងកែវសីមា ភ្នំណាមលៀរ និងភ្នំព្រេច នៅកៀកនឹងព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី។ ដំណើរល្បាតនេះ ពួកគេប្រទះឃើញព្រៃស្រោងឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលជាជម្រកសត្វព្រៃកម្ររស់នៅ និងជាតំបន់សម្បូររុក្ខជាតិកម្រមានតម្លៃ ត្រូវគេកាប់រានយកដីក្លាយជាវាលដាច់ជាកង់ៗ។
រីឯដើមឈើធំៗ ត្រូវគេឈូសឆាយទុកជាគំនរ ត្រៀមដុតកម្ទេចចោល និងដើមឈើខ្លះទៀត ទុកចោលឱ្យងាប់ដើម ដើម្បីងាយស្រួលដុតកម្ទេចនៅរដូវប្រាំងឆ្នាំនេះ។
អ្នកដឹកនាំសហគមន៍ លោក ព្យាន ច្រេន កត់សម្គាល់ថា ក្រុមជនល្មើសបានសង់ខ្ទមចាំចម្ការ មួយកន្លែងនៅក្បែរតំបន់កាប់រានព្រៃ ដែលពួកគេប្រទះឃើញ កាលពីថ្ងៃទី១៣ ខែមីនា ហើយមិនទាន់រុះរើនៅឡើយទេ។ លោកសង្ស័យថា ផ្ទះចាំចម្ការរបស់ក្រុមជនល្មើស គឺជាកន្លែងដែលពួកគេជ្រក ដើម្បីឈូសឆាយព្រៃ និងកាប់ទន្ទ្រានព្រៃអភិរក្ស។
វីអូឌីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោកវុធ សារុំ និង ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហាស់ វិបុល បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
សកម្មភាពល្បាតលើកនេះ សហគមន៍រកឃើញព្រៃស្រោងមានក្នុងតំបន់អភិរក្សមានសក្កានុពលទាក់ទាញភ្ញៀវទេសចរ ដែលមានដើមឈើធំ ជាកន្លែងស្វាព្រៃ ៣ប្រភេទ លោតលេងកម្សាន្ត ត្រូវគេកាប់រំលំ និងឈូសឆាយ នៅសល់តែគល់។
ពួកគេបានថតរូបភាព និងវីដេអូ ទុកជាភស្តុតាងដោយជំរុញឱ្យក្រសួងបរិស្ថានចាប់អារម្មណ៍ពីបញ្ហានេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក រ័ត្ន ថាវី យល់ថា មន្ត្រីនគរបាលយុត្តិធម៌ត្រូវស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់។ លោកថា សកម្មភាពកាប់រានព្រៃអភិរក្ស គឺជាទង្វើល្មើសច្បាប់។
លោក រ័ត្ន ថាវី ថ្លែងថា៖ «ព្រៃឈើជាសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ផ្នែកជំនាញ គេត្រូវធ្វើ បើសិនជាមន្ត្រីជំនាញមិនធ្វើ ប្រជាសហគមន៍គាត់មានសិទ្ធិប្តឹងរឿងហ្នឹង ទៅស្ថាប័នអយ្យការ ដើម្បីឱ្យព្រះរាជអាជ្ញាចាត់ការតាមនីតិធីច្បាប់»។
ដែនជម្រកសត្វព្រៃភ្នំណាមលៀរជាង ៦ម៉ឺនហិកតា ឋិតក្នុងខេត្តមណ្ឌលគិរី ជាប់ព្រំដែនប្រទេសវៀតណាម។ ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់អភិរក្សនេះ រងការកាប់ឈើមានតម្លៃ ដឹកយកទៅលក់នៅប្រទេសវៀតណាម ហើយមានករណីខ្លះ មានសកម្មភាពកាប់ទន្ទ្រានព្រៃរានយកដីលក់ធ្វើជាកម្មសិទ្ធិ អស់ជាច្រើនពាន់ហិកតា ប៉ះពាល់ព្រៃបម្រុង ព្រៃស្រោង ជម្រកសត្វព្រៃ និងកន្លែងអនុផលព្រៃឈើរបស់សហគមន៍។ នេះបើតាមសេចក្ដីរាយការណ៍ពីសហគមន៍ជនជាតិដើមភាគតិចព្នង ៕









