អតីតជនជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ បានចោទមន្ត្រីពន្ធនាគារថាបានប្រព្រឹត្តអំពើពុករលួយ លួចលក់អំណោយរដ្ឋ និងទារប្រាក់ពីអ្នកជាប់ឃុំហូរហែក្រោមហេតុផលមិនសមរម្យ។ ពលរដ្ឋខាងលើបានដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃ និងកំពុងរង់ចាំមើលនីតិវិធី។
មន្ត្រីមួយចំនួនក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ត្រូវបានអតីតអ្នកជាប់ឃុំម្នាក់បកអាក្រាតថាបានប្រព្រឹត្តអំពើពុករលួយ និងគាបយកលុយពីអ្នកទោសផ្សេងទៀតអស់រយៈពេលជាច្រើនឆ្នាំ។
យោងតាមការផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៤ ខែមីនា អតីតអ្នកជាប់ឃុំ លោក វេង សេងសួរ បានអះអាងថាលោកជាជនរងគ្រោះផ្ទាល់ ហើយក៏ជាមនុស្សដែលមន្ត្រីគុកបញ្ជាឱ្យជំរិតយកលុយពីអ្នកទោសផ្សេងផងដែរ។ លោកឱ្យដឹងថា មានអំពើពុករលួយជាច្រើនដែលមន្ត្រីពន្ធនាគារបានប្រព្រឹត្ត ដូចជា ការលក់ដូរសម្ភារៈដែលរដ្ឋផ្ដល់ឱ្យអ្នកទោសប្រើប្រាស់ រួមមាន សាប៊ូ ថ្នាំដុសធ្មេញ និងឆ្នាំងជាដើម។ លោកបន្តថា មន្ត្រីគុកបានតម្រូវឱ្យអ្នកទោសបង់ថ្លៃទឹកភ្លើងផងដែរ។
លោក វេង សេងហួរ បានអះអាងថា លោកជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់រយៈពេល៣ឆ្នាំ ក្រុមបទចោទរក្សាទុក ប្រើប្រាស់ និងជួញដូរសារធាតុញៀន។
អតីតអ្នកជាប់ឃុំខាងលើ បានចោទចំៗទៅកាន់ប្រធានពន្ធនាគារ លោក ស៊ិន សុផាន់ណូ ថា បានដាក់សម្ពាធឱ្យលោកក្នុងតួនាទីជាមេបន្ទប់ ដើរទារលុយ២០ម៉ឺន ទៅ៤០ម៉ឺនរៀល ពីអ្នកទោសផ្សេងទៀត ដើម្បីស្ថាបនាសំណង់ផ្សេងៗ ក្នុងបរិវេណពន្ធនាគារដូចជាការចាក់សាប និងការសាងសង់បន្ទប់ជាន់លើជាដើម។ លោកក៏បានចោទប្រកាន់ទៅលើមន្ត្រីមួយចំនួនទៀត និងអតីតប្រធានពន្ធនាគារខេត្តពោធិ៍សាត់ផងដែរ។
លើសពីនេះ សូម្បីឱកាសទទួលបានការបន្ធូរបន្ថយទោស និងការធ្វើដំណើរទៅតុលាការឬសាលាឧទ្ធរណ៍ លោក វេង សេងហួរ បញ្ជាក់ថា ក៏តម្រូវឱ្យបង់លុយផងដែរ។
លោក វេង សេងហួរ និយាយថា៖ «ហើយក្រោយមកទៀត មានការធ្វើដំណើរបន្ធូរបន្ថយទោស ត្រូវប្រើប្រាស់លុយដូចជា២០ម៉ឺន ៣០ម៉ឺន បើសិនជាអ្នកទោសអត់មានលុយទេ គាត់(ប្រធានពន្ធនាគារ)ថា អ្នកទោសហ្នឹងកែប្រែអត់បានល្អទេ។ ហើយមួយទៀត ដូចជូនជនជាប់ឃុំទៅសាលាឧទ្ធរណ៍ សាលាកំពូលត្រូវសុំ២០ម៉ឺនថាហូបបាយឬចាក់ប្រេង។ អៀត ប៊ុនធឿន នេះគឺគាត់ជាអ្នកមកយកពីខ្ញុំផ្ទាល់ដៃដែលខ្ញុំប្រគល់ឲ្យ»។
បច្ចុប្បន្ន លោក វេង សេងហួរ បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ដោយលោកបានចូលទៅបំភ្លឺ និងផ្ដល់ភស្តុតាង នៅអគាធិការដ្ឋាននៃក្រសួងមហាផ្ទៃរួចរាល់ហើយ។ តែយ៉ាងណា លោកថា ទាន់មានការសម្រេចណាមួយឡើយ ដោយសមត្ថកិច្ចកំពុងដំណើរការនីតិវិធី។
លោក វេង សេងហួរ និយាយថា៖ «ហើយខ្ញុំអត់ខ្លាចចំពោះមុខច្បាប់ទេ! ការងារដែលខ្ញុំបានធ្វើដាក់ពាក្យបណ្តឹងនេះជារឿងពិត។ បើសិនជារឿងហ្នឹងមិនពិតខ្ញុំហ៊ានធានាខុសត្រូវចំពោះមុខច្បាប់ដោយមិនខ្លាចក្រែងថា ជាប់ពន្ធនាគារម្តងទៀតក៏ដោយ […] អតីតប្រធានពន្ធនាគារ និងប្រធានពន្ធនាគារបច្ចុប្បន្ននេះ បានធ្លាប់ធ្វើទុក្ខបុកម្នេញខ្ញុំខ្លាំងណាស់។ ហើយសូមជម្រាបជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យសម្តេចជួយខ្ញុំ រកយុត្តិធម៌ឱ្យខ្ញុំ និងជួយសង្គ្រោះអ្នកទោសខេត្តពោធិ៍សាត់ និងមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់មួយចំនួន»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ជុំវិញករណីនេះបានទេនៅថ្ងៃទី១៦ ខែមីនា។
ទាក់ទិនករណីនេះដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ពន្ធនាគារខេត្តពោធិ៍សាត់ ធ្លាប់ចេញលិខិតបដិសេធជុំវិញការចោទប្រកាន់នេះ។ លិខិតបានឱ្យដឹងថា លោក វេង សេងហួរ ទើបត្រូវបានដោះលែងនៅថ្ងៃទី២៣ ខែកុម្ភៈ ក្រោយអនុវត្តទោសរយៈពេល១៨ខែបន្ថែម ដោយសារបានប្រព្រឹត្តបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់មានការរើសអើង អំឡុងពេលអនុវត្តទោស។
ពន្ធនាគារខេត្តពោធិ៍សាត់ បានអះអាងថា ពុំបានធ្វើការគៀបសង្កត់ដល់ជនជាប់ឃុំណាម្នាក់ឡើយ តែផ្ទុយទៅវិញ តែងតែអនុវត្តតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដោយបានយកចិត្តទុកដាក់គ្រប់គ្រង ថែទាំសុខភាព អប់រំកែប្រែ និងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំទាំងអស់ឲ្យមានការកែប្រែខ្លួន។
ករណីពុករលួយក្នុងពន្ធនាគារ ហាក់កំពុងលេចធ្លាយជាបន្តបន្ទាប់ ដោយនៅអំឡុងខែកុម្ភៈ ក៏មានការបកអាក្រាតពីសកម្មភាពទណ្ឌិត ប្រើប្រាស់ទូរស័ព្ទក្នុងបន្ទប់នៃមន្ទីរឃុំឃាំងក្រោមការគប់គិតយកលុយកាក់រាប់ពាន់ដុល្លារ ពីសំណាក់ប្រធាន និងមន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង ។
ទោះយ៉ាងណា គេនៅមិនទាន់ឃើញមានចំណាត់ការច្បាប់លើបុគ្គលទាំងនោះឡើយ ក្រៅតែពីលិខិតក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៣ ខែមីនា សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្នប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រៅតែជាកន្លែងឃុំឃាំងអនុវត្តទោស ពន្ធនាគារក៏ជាមណ្ឌលកែប្រែមនុស្ស និងផ្ដល់វិជ្ជាជីវៈដល់ជនជាប់ឃុំ ដើម្បីអប់រំពួកគេក្លាយជាពលរដ្ឋល្អ។ លោកបន្តថា ស្ថាប័នពាក់ព័ន្ធត្រូវបើកការស៊ើបអង្កេតដោយតម្លាភាព និងហ្មត់ចត់លើករណីនេះ ដើម្បីធានាថាមន្ទីរឃុំឃាំងបានបំពេញតួនាទីរបស់ខ្លួនត្រឹមត្រូវ។
លោក អំ សំអាត ថ្លែងថា៖ «អ៊ីចឹងគឺត្រូវតែបង្កើតនូវគណៈកម្មការមួយ ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកការពិតទៅលើរឿងនេះ។ ទីមួយរកឱ្យឃើញថា ពាក់ព័ន្ធនឹងករណីហ្នឹង វាជាករណីពិតឬមិនពិត។ បើពិតត្រូវចាត់វិធានការតាមផ្លូវច្បាប់ តែបើមិនពិតអាហ្នឹងយើងក៏ធ្វើឱ្យការផ្តល់យុត្តិធម៌សម្រាប់ពន្ធនាគារដែរ។ អ៊ីចឹងវាត្រូវតែមានការស៊ើបអង្កេតមួយឱ្យមានតម្លាភាព ហើយនិងហ្មត់ចត់ស្វែងរកការពិត និងការដោះស្រាយដោយយុត្តិធម៌»។
គួរឱ្យដឹងដែរថា ពន្ធនាគារខេត្តពោធិ៍សាត់ ជាទីឃុំឃាំងសកម្មជនបរិស្ថានចលនាមាតាធម្មជាតិមួយរូប គឺកញ្ញា ភួន កែវរស្មី។ កន្លងមក គ្រួសារសកម្មជនរូបនេះ ធ្លាប់ត្អូញត្អែរថា ពន្ធនាគារខេត្តពោធិ៍សាត់ មានសភាពតឹងតែងជាងពន្ធនាគារផ្សេង ដូចជាការឆែកឆេរកាត់បន្លែជាចំណិតៗមុនយកចូល និងមិនឱ្យយកចូលនូវសម្ភារៈត្បាញក្រណាត់ដោយដៃ ខណៈដែលសម្ភារៈទាំងនោះ ធ្លាប់ត្រូវបានពន្ធនាគារព្រៃសអនុញ្ញាតឱ្យយកចូល៕









