តុលាការកំពូល សម្រេចឱ្យក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រី ជា ខេង ភរិយាអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ លោកស៊ុយ សែម ដែលរំលោភយកដីរបស់សហគមន៍ឡពាង ឈ្នះក្តីតំណាងពលរដ្ឋ ៤នាក់ ដូចតុលាការជាន់ទាប ខណៈបញ្ហាជម្លោះដីធ្លីជាង២០ឆ្នាំ នៅតែមិនមានដំណោះស្រាយ។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តុលាការកំពូល បានបើកសវនាការលើសកម្មជនដីធ្លីនៅសហគមន៍ឡពាងចំនួន៥នាក់ ដែលមាន លោក ម៉ាង យ៉ាវ, លោក សៀង ហេង, លោក ស្ងួន ញឿន និងលោក ស្រ៊ុន ផា ខណៈតំណាងម្នាក់ទៀត លោក គុជ ហុក បានស្លាប់មុនពេលសវនាការ ជុំវិញបទចោទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ខណៈពួកគេចេញតវ៉ាប្រឆាំងនឹងការរំលោភយកដីនៅពេលនោះ។ សាលក្រមត្រូវបានប្រកាសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។
អង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា តុលាការកំពូល នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសសាលដីកា ដោយសម្រេចតម្កល់សេចក្តីសម្រេចផ្តន្ទាទោសសមាជិកសហគមន៍ឡពាង ចំនួន ៤ នាក់ ទុកជាបានការដដែល ក្រោមការចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និងបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ។
ប្រភពដដែលបន្តថា សហគមន៍ឡពាង បានរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ដែលជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ចាប់តាំងពីឆ្នាំ២០០១មក ។ បទចោទទាំងនោះត្រូវបានធ្វើឡើង ក្រោយពេលមានអំពើហិង្សាមួយបានកើតឡើង អំឡុងពេលដែលសហគមន៍កំពុងធ្វើសន្និសីទកាសែតមួយ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលខណៈពេលនោះមានសាក្សីរាយការណ៍ថា មានកម្មករក្រុមហ៊ុនបានគប់ដុំថ្មមកលើសមាជិកសហគមន៍ ។
ច្រើនឆ្នាំមកនេះ ពួកគេមិនបានចូលទៅបង្កើនផលលើដីនោះទេ ដោយសារភរិយាលោក ស៊ុយ សែម ធ្វើរបងបង្គោលស៊ីម៉ង់រៀបឥដ្ឋលេចក្បាល ព័ទ្ធយកដីអ្នកភូមិ ១៤០ហិកតា រហូតបច្ចុប្បន្ន ទោះពួកគេនៅបន្តតវ៉ា តាមប្រព័ន្ធតុលាការក្តី។ ការណ៍នេះ ធ្វើឱ្យតំណាងអ្នកតវ៉ាខ្លះ ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដែលធ្វើឱ្យអ្នកភូមិបាត់បង់ដីធ្លាប់អាស្រ័យផលហើយ ត្រូវជាប់បណ្តឹងនៅតុលាការតាមបណ្តឹងរបស់ភរិយាលោក ស៊ុយ សែម ទៀត។
កាលពីខែមីនា ឆ្នាំ២០២១ សមាជិកសហគមន៍ឡពាងទាំង៥នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមផ្តន្ទាទោសយោងតាមបញ្ញត្តិមាត្រា ២១៨ មាត្រា ៤១១ និងមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ និងបង្គាប់ឱ្យម្នាក់ៗសងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ២ លានរៀល (ប្រមាណជា ៥០០ ដុល្លារអាមេរិក)។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង៕









