លោក ត្រាំ​ទាម​ទារ​ឱ្យ​ឱ្យ​មាន​ការ​ចូល​រួម​ជួយ​ការ​ពារ​ច្រក​សមុទ្រ​ហ័រ​មូស ខណៈ​អ៊ីរ៉ង់​ប្តេជ្ញា​ប្រឆាំង​តប​វិញ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​ថា រដ្ឋបាល​របស់​លោក​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ចំនួន ៧ អំពី​ការ​ជួយ​ការ​ពារ​សន្តិ​សុខ​នៅ​ច្រក​សមុទ្រ​ហ័រ​មូស (Strait of Hormuz) ចំ​ពេល​មាន​សង្គ្រាម​​រវាង​សហរដ្ឋ​អាមេរិក-អ៊ីស្រា​អែល ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ដោយ​លោក​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ទាំង​នោះ​ជួយ​ការ​ពារ​នាវា​ដែល​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ទឹក​ដ៏​សំខាន់​នេះ ដែល​ទីក្រុង​តេអេរ៉ង់​បាន​បិទ​ខ្ទប់​ភាគ​ច្រើន​មិន​ឱ្យ​នាវា​ដឹក​ប្រេង​ឆ្លង​កាត់។

ខណៈ​ជម្លោះនេះ​កំពុង​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នៅ​ទូទាំង​មជ្ឈិម​បូព៌ា និង​រង្គើ​ទីផ្សារ​ថាមពល​ពិភព​លោក​ក្នុង​សប្តាហ៍​​ទី​៣​នេះ លោក ត្រាំ បាន​ទទូច​ថា បណ្តា​ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រេង​ពី​តំបន់​ឈូង​សមុទ្រ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការ​ពារ​ច្រក​សមុទ្រ​នេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ពី​ផ្ល​រីដា ទៅ​កាន់​វ៉ាស៊ីន​តោន​ថា៖ «ខ្ញុំ​ទាម​ទារ​ឱ្យ​ប្រទេស​ទាំង​នេះ​ចូល​មក​ការ​ពារ​ដែន​ដី​របស់​ពួក​គេ ពី​ព្រោះ​វា​គឺ​ជា​ដែន​ដី​របស់​ពួក​គេ»

ទោះបីជាលោកបានបដិសេធមិនបញ្ជាក់ឈ្មោះ​ រដ្ឋាភិបាល​ដែលរដ្ឋបាលរបស់លោកបានទាក់​ទង​ក៏​ដោយ ក៏​លោក ត្រាំ បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​នេះ​ថា លោក​រំពឹង​ថា​ប្រទេស​ជា​ច្រើន​នឹង​បញ្ជូន​នាវា​ចម្បាំង​ ដើម្បី​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហ័រ​មូស ដែល​ជា​ផ្លូវ​ឆ្លង​កាត់​សម្រាប់ ២០% នៃ​ប្រេង​របស់​ពិភព​លោក។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា លោក​សង្ឃឹម​ថា​ ប្រទេស​ចិន បារាំង ជប៉ុន កូរ៉េ​ខាង​ត្បូង អង់​គ្លេស និង​ប្រទេស​ផ្សេងៗ​ទៀត​នឹង​ចូល​រួម។

លោក ត្រាំ ក៏បានមានប្រសាសន៍ផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងមាន​ទំនាក់​ទំនង​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ​លោក​បាន​សម្តែង​ការ​សង្ស័យ​ថា ទីក្រុង​តេអេរ៉ង់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរ​ចា​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​​ឬ​​យ៉ាង​​ណា។

មន្ត្រីសហរដ្ឋអាមេរិកដែលឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចជុំវិញតម្លៃប្រេងខ្ពស់ បានព្យាករណ៍កាល​ពី​ថ្ងៃទី​១៥ខែមីនា​ថា សង្គ្រាម​លើ​អ៊ីរ៉ង់​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ហើយ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ថាមពល​នឹង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ បើ​ទោះ​បី​ជា​មាន​ការ​អះ​អាង​ពី​អ៊ីរ៉ង់​ថា​ខ្លួន​នៅ​តែ «មាន​ស្ថិរ​ភាព និង​រឹង​មាំ» និង​ត្រៀម​ខ្លួន​ការ​ពារ​ខ្លួន​ក៏​ដោយ។

កាសែត Wall Street Journal បានរាយការណ៍ដោយស្រង់សម្ដីមន្ត្រីអាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា​ រដ្ឋ​បាល​លោក ត្រាំ គ្រោង​នឹ​ងប្រកាស​យ៉ាង​ឆាប់នៅសប្តាហ៍នេះថា ប្រទេសជាច្រើនបានយល់ព្រមបង្កើតសម្ព័ន្ធភាពដើម្បីអមដំណើរ​នាវាឆ្លងកាត់ផ្លូវទឹកដ៏ចង្អៀតនេះ ប៉ុន្តែពួកគេនៅតែពិភាក្សាគ្នាថាតើប្រតិបត្តិការទាំងនោះគួរចាប់ផ្តើមមុន ឬក្រោយពេលបញ្ចប់អរិភាព។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

លោក ត្រាំ ដែលកាលពីថ្ងៃទី​១៣ខែ​មីនា បាន​និយាយ​ថា កង​ទ័ព​ជើង​ទឹក​អាមេរិក​នឹង​ចាប់​ផ្តើម​អម​ដំណើរ​នាវា​ដឹក​ប្រេង «ក្នុង​ពេល​ឆាប់​ៗ​នេះ» បាន​លើក​ឡើង​ថា អ៊ីរ៉ង់​ចង់​ចរចា ប៉ុន្តែ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araqchi កាល​ពី​ថ្ងៃ​ទី​១៥ខែ​មីនា បាន​បដិសេធ​ការ​អះ​អាង​នោះ។

លោក Araqchi បានប្រាប់កម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS ថា៖ «យើង​មិន​ដែល​ស្នើ​សុំ​ការ​ឈប់​បាញ់​ទេ ហើយ​យើង​ក៏​មិន​ដែល​ស្នើ​សុំ​សូម្បី​តែ​ការ​ចរ​ចា​ដែរ។ យើង​ត្រៀម​ខ្លួន​រួ​ច​ជាស្រេច​ដើម្បី​ការ​ពារ​ខ្លួន​យើង​ដរាប​ណា​មាន​ការ​ចាំបាច់»។

ខណៈពេលដែលតម្លៃប្រេងឆៅកំពុងស្ថិតនៅក្បែរ១០០ដុល្លារ​ក្នុង​មួយ​បារ៉ែល មន្ត្រី​រដ្ឋ​បាល លោក ត្រាំ បាន​ទទូច​ថា សញ្ញា​ទាំង​អស់​ចង្អុល​បង្ហាញ​ពី​ការ​បញ្ចប់​ជម្លោះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ