ពលរដ្ឋរាប់រយនាក់ ដែលត្រូវធនាគារឯកជន ផេនដា ខមមើសល ប៊ែង បានបង្កកប្រាក់ បានចេញមុខស្នើអគ្គទេសាភិបាលធនាគារជាតិកម្ពុជា អ្នកស្រី ជា សិរី ឱ្យពន្លឿនដោះស្រាយរឿងលុយដល់ពួកគេ ខណៈអតិថិជនធនាគារថ្មីមួយទៀតគឺ ធនាគារ APD ផ្ទុះរឿងធនាគារ បង្កប្រាក់របស់ខ្លួនកាលពីថ្ងៃទី១៦ ខែមីនានេះ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង ៣០០នាក់ ដែលត្រូវធនាគារ ផេនដា ខមមើសល ប៊ែង ម.ក (Panda Commercial Bank) បង្កកប្រាក់ជិត ១ខែហើយនោះ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៧ ខែមីនា ដោយបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងពីប្រាក់របស់ខ្លួនដែលនៅទាន់ដកមកវិញបាន ទោះធនាគារជាតិបានអន្តរាគមន៍ និងផ្ដល់សិទ្ធិដល់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឌីត-អឺខោនធីង (Morrisonkak Audit-Accounting) ឱ្យត្រួតពិនិត្យដំណើរការបញ្ចប់ប្រតិបត្តិការជូនអតិថិជនយ៉ាងណាក្ដី។
កញ្ញា ស្រីរ័ត្ន រស់នៅរាជធានីភ្នំពេញ បន្តថា ពួកគេទាំងអស់គ្នាបានបង្កើតក្រុមតេឡេក្រាម ដើម្បីស្វែងរកដំណោះស្រាយពីធនាគារជាតិ។ ក្រោយផ្ទុះរឿងធនាគារអេភីឌីបង្កកប្រាក់អតិថិជន កញ្ញា និងពលរដ្ឋផ្សេងទៀត បានចាប់ផ្ដើមចូលខមិនលើហ្វេសប៊ុក អ្នកស្រី ជា សិរី ដើម្បីទាមទារដំណោះស្រាយជាក់លាក់ ដោយធានាថា ពួកគេអាចបានប្រាក់ត្រឡប់មកវិញ។
កញ្ញា ស្រីរ័ត្ន និយាយថា៖ «ហ្នឹងហើយសម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យខាងធនាគារជាតិ ឬក៏ខាងថា បងស្រីឈ្មោះ ជា សិរី ឱ្យគាត់ចេញរបៀបថា ដំណោះស្រាយឱ្យប្រជាជនឱ្យលឿនតាមតែអាចធ្វើបាន មិនមែនទុកចោលហើយស្ងាត់។ ពេលទៅបញ្ជាក់ (Claim) ឡើងវិញហ្នឹង អត់បានបង្កាន់ដៃអីទេ គ្រាន់តែខាងធនាគារឱ្យយើងថតទេ។ ហើយអ្នកនៅក្នុងគ្រុប ពួកគាត់ចង់បានបង្កាន់ដៃ ឬក៏ចង់ឱ្យខាងធនាគារជាតិ ឬក៏ខាង ម៉ូរីសិនតាក់ (Morison Kak) ចេញបង្កាន់ដៃ ឬក៏ចេញព័ត៌មានឱ្យជាក់លាក់អីអញ្ចឹងណា៎បង»។
កញ្ញាអះអាងថា ខ្លួនបានដាក់ប្រាក់នៅធនាគារផេនដា បានជាង ៣ខែ ជាមួយទឹកប្រាក់ ៥ម៉ឺនដុល្លារ ជាថ្នូរនឹងការប្រាក់ប្រចាំថ្ងៃមកវិញចំនួន ០.០២ភាគរយ។ កញ្ញាថា ដោយទុកចិត្តធនាគារនេះដែលដំណើរការជាច្រើនឆ្នាំមកហើយ ទើបខ្លួនសម្រេចចិត្តដាក់ប្រាក់ដើម្បីបានការប្រាក់តិចតួច ប៉ុន្តែបែរជាត្រូវជួបរឿងបែបនេះទៅវិញ។
ធនាគារផេនដា បានទទួលអាជ្ញាបណ្ណធនាគារពាណិជ្ជពីធនាគារជិតនៅឆ្នាំ២០១៩។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារនេះ មានទ្រព្យសកម្មសរុបប្រមាណ ៧៧៦ លានដុល្លារអាមេរិក ឥណទានប្រមាណ ៥៣៦ លានដុល្លារអាមេរិក និងប្រាក់បញ្ញើប្រមាណ ៥០២ លានដុល្លារអាមេរិក ដែលស្មើនឹងចំណែកទីផ្សារ ០,៧៧% នៃប្រព័ន្ធធនាគារកម្ពុជា។
មិនខុសពីអតិថិជនធនាគារផេនដា ពលរដ្ឋម្នាក់ទៀតដែលមានប្រាក់តម្កល់នៅធនាគារ ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ក៏ជួបស្ថានភាពបែបនេះ។ ពលរដ្ឋម្នាក់ប្រាប់វីអូឌីដោយសុំលាក់ឈ្មោះ និងសំឡេងតាមបណ្ដាញសង្គមថា លោកក៏មិនទាន់បានបើកប្រាក់របស់ខ្លួនមកវិញទេ គិតមកដល់ពេលនេះ ទោះមានអន្តរាគមន៍ពីធនាគារជាតិ តាំងពីដើមឆ្នាំ២០២៦មក។
កាលពីថ្ងៃទី១៦ ខែមីនា អតិថិជនជាច្រើននាក់របស់ធនាគារអេភីឌី បាននាំគ្នាតម្រង់ជួរនៅខាងមុខសាខាធនាគារក្នុងតំបន់បឹងកក់ ទៅសម្រុកដកប្រាក់ចេញពីគណនីរបស់ខ្លួន បន្ទាប់ពីធនាគារនេះប្រកាសបង្កកលុយអតិថិជនបណ្ដោះអាសន្ន ក្នុងហេតុផល ថែទាំ ឬជួសជុលប្រព័ន្ធប្រតិបត្តិការ។
ក្រោយផ្ទុះរឿងនេះភ្លាមៗ អគ្គទេសាភិបាលនៃធនាគារជាតិអ្នកស្រី ជា សិរី បានចេញវីដេអូមួយពន្យល់ថា ការដែលអតិថិជននាំគ្នាសម្រុកទៅដកលុយបញ្ញើចេញពីគណនីទាំងអស់គ្នា ជាហេតុធ្វើធនាគារ មិនអាចបង្វិលលុយគ្រប់គ្រាន់សម្រាប់ឱ្យអតិថិជនដកបាន។ ទោះយ៉ាងណា អ្នកស្រី ជា សិរី ពុំបង្ហាញដំណោះស្រាយជាក់លាក់ទេ ខណៈបញ្ហាបង្កកប្រាក់ពលរដ្ឋពីធនាគារឯកជន ចំនួន ២ហើយនៅមិនទាន់មានដំណោះស្រាយ គឺធនាគារផេនដា និងធនាគារ ហួយ វ័ន ផេ។ សម្រាប់អ្នកស្រី ជា សិរី បានត្រឹមស្នើឱ្យអតិថិជនអត់ធ្មត់ និងរង់ចាំដំណោះស្រាយ។
អ្នកស្រី ជា សិរី ថ្លែងថា៖ «ក្នុងពេលអតិថិជន អ្នកដាក់ប្រាក់បញ្ញើ គាត់សម្រុកមកដកប្រាក់ពីគ្រឹះស្ថាននោះទាំងអស់ក្នុងពេលតែមួយ ពេលនោះធនាគារគឺគាត់ជួបនឹងបញ្ហាសន្ទនីយភាព។ បានន័យថា លុយគាត់បង្វិលអត់ទាន់ មិនមែនថា គាត់អត់មានលុយសងទេ ក៏ប៉ុន្តែគាត់បង្វិលអត់ទាន់ ដោយសារអី លុយទាំងអស់នោះគាត់បានផ្ដល់ទៅឱ្យអ្នកដែលខ្ចី ហើយអ្នកដែលខ្ចីនោះ គាត់ខ្ចីរយៈពេលវែង។ ដូច្នេះហើយ បើសិនជាទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយ ធនាគារគាត់ក៏ត្រូវតែទារពីអ្នកដែលគាត់ឱ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយ ហើយអ្នកដែលខ្ចីតាមការធ្វើអាជីវកម្មរបស់គាត់ គឺគាត់គ្មានលទ្ធភាពនឹងសងទាំងអស់ក្នុងពេលតែមួយទេ»។
ទោះយ៉ាងណា មន្ត្រីគណបក្សប្រឆាំងយល់ថា ករណីនេះជាការទទួលខុសត្រូវរបស់ធនាគារជាតិទាំងស្រុង។ អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៧ មីនា ថា មុនពេលធនាគារជាតិផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារទាំងនោះ គឺមានគោលការណ៍តម្កល់ប្រាក់ ដើម្បីសងត្រឡប់ទៅពលរដ្ឋនៅពេលមានបញ្ហាកើតឡើង។
លោក សុន ឆ័យ ថ្លែងថា៖ «មិនអាចឱ្យលេសថា ដោយសារធនាគារឱ្យគេខ្ចី ហើយមិនអាចប្រមូលលុយខ្ចីមកវិញទាន់ពេល មកសង ឬក៏មកឱ្យអ្នកដាក់ប្រាក់នៅធនាគារនោះទាន់ពេលវេលា មិនអាចឱ្យលេសហ្នឹងបានទេ។ធនាគារត្រូវមានមធ្យោបាយ ដើម្បីរាល់ពេលណាក៏ដោយ ក្នុងស្ថានភាពណាក៏ដោយ ដែលពលរដ្ឋគេមិនសប្បាយចិត្ត ឬធនាគារ គេអាចដកលុយគេបានមកវិញ ជាលុយរបស់ម្ចាស់ដែលគេដាក់នៅធនាគារ។ ដូច្នេះ ការអះអាងដែលមិនផ្តល់សិទ្ធិដល់ម្ចាស់ប្រាក់ក្នុងការទទួលបានលុយប្រាក់មកគេវិញ ខ្ញុំយល់ថាគឺជាការអះអាងមិនត្រឹមត្រូវទេបាទ»។
ចំណែកអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា បញ្ហានេះ វាអាចជាប់ពាក់ព័ន្ធជាមួយស្កេមអនឡាញ (Online Scam)។ ទោះយ៉ាងណា លោកស្នើពលរដ្ឋបង្អង់ការសម្រុកដកប្រាក់ភ្លាមៗ ជៀសវាងបញ្ហាដល់ធនាគារ។
ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៧ មីនា លោកថា បញ្ហាធនាគារឯកជនជាបន្តបន្ទាប់នេះ គឺភាគច្រើនមកពីធនាគារព្រីនស៍ (Prince Bank) មុនគេ រហូតដល់ធនាគារអេភីឌី។ លោកបន្តថា ការធ្លាក់ចុះនៃសន្ទនាភាព ឬលំហូរសាច់បា្រក់ភាគច្រើន ដោយសារធនាគារទាំងនោះ ជាប់ពាក់ព័ន្ធជាមួយ ស្កេមអនឡាញ។ លោកអះអាងថា ធនាគារដទៃទៀតដែលមានប្រតិបត្តិការយូរមកហើយ នៅបន្តសកម្មភាពដដែល ដោយគ្មានបញ្ហាអ្វីទេ។ សម្រាប់អ្នកជំនាញរូបនេះបានព្រមានពីហានិភ័យ បើពលរដ្ឋនាំគ្នាភ័យខ្លាច និងសម្រុកទៅដកលុយច្រើននោះ លោកមើលឃើញថា នឹងបង្កបញ្ហាដល់ធនាគារនីមួយៗ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ថ្លែងថា៖ «ដូច្នេះជាប្រក្រតីភាព ធនាគារនីមួយៗត្រូវតែធ្វើសកម្មភាពអញ្ចឹងហើយ ហើយនៅធនាគារជាតិមាន អគ្គនាយកដ្ឋានត្រួតពិនិត្យ មួយដែលគេបានធ្វើការត្រួតពិនិត្យជាប្រចាំ។ ប្រសិនបើធនាគារណាមានបញ្ហា គឺគេមិនឱ្យខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋភ្លាមៗទេ គឺគេត្រូវដកធនាគារហ្នឹងយកមកកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីធ្វើការសវនកម្ម (Audit) រួចរាល់អស់ហើយ គេនឹងធ្វើការបែងចែកទៅលើប្រាក់ដែលអ្នកបានដាក់ប្រាក់បញ្ញើនៅក្នុងធនាគារនោះ»។
បញ្ហាធនាគារ អេភីឌី ស្រដៀងគ្នានឹងបញ្ហារបស់ក្រុមហ៊ុន ហួយ វ័នផេ ដែរ បន្ទាប់ដែលក្រុមហ៊ុនដែលមានលោក ហ៊ុន តូ នៅពីក្រោយខ្នងនេះ ទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចយល់ថា ប្រព័ន្ធធនាគារនៅកម្ពុជានៅមានភាពរឹងមាំ និងអាចទុកចិត្តបាន។ សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧ ត្រូវបានព្យាករណ៍ដោយធនាគារពិភពលោក និង IMF ថា មានកំណើនយឺតយ៉ាវ និងស្ថិតក្នុងភាព «ប្រុងប្រយ័ត្ន» បំផុត។ សម្រាប់វិស័យធនាគារ និន្នាការនៃការច្របាច់បញ្ចូលគ្នា នឹងកើតមានកាន់តែច្រើន ដោយសារស្ថាប័នតូចៗ ដែលខ្វះភាពចម្រុះក្នុងអាជីវកម្ម នឹងត្រូវដួលរលំក្រោមសម្ពាធនៃកម្ចីខូច (NPLs) និងការបាត់បង់ទំនុកចិត្តពីអតិថិជន៕









