ក្រុមយុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី១៦ ខែមីនា បានផ្សព្វផ្សាយវីដេអូថ្មីមួយទៀត រំលឹកពីព្រឹត្តិការណ៍តស៊ូមតិជិះកង់សង្គ្រោះកោះកុងក្រៅ ក្រោមការរំខានពីអាជ្ញាធរ ព្រមទាំងសកម្មភាពផ្សេងៗទៀត ខណៈសម្បត្តិដ៏មានតម្លៃរបស់ជាតិនៅទីនោះ កំពុងប្រឈមធ្លាក់ក្នុងដៃឧកញ៉ា លី យ៉ុងផាត់។
ខណៈឧកញ៉ារូបនេះ មានតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល និងជាមនុស្សស្និទ្ធនឹង លោក ហ៊ុន សែន ដែលត្រូវបានអន្តរជាតិរកឃើញ ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោកតាមអនឡាញ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។
វីដេអូរយៈពេល១ នាទី របស់សកម្មជនចលនាមាតាធម្មជាតិ (Mother Nature Cambodia) រៀបរាប់ថា បើទោះបីជាក្រសួងបរិស្ថានមិនអើពើដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រក្តី ក៏ចលនាមាតាធម្មជាតិ មិនដែលបញ្ឈប់សំឡេងការពារកោះនេះ ឡើយ។
សំឡេងក្នុងវីដេអូ៖ «ក្រសួងបរិស្ថានមិនអើពើដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រក៏ដោយ ក៏ចលនាមាតាធម្មជាតិមិនដែលបញ្ឈប់សំឡេងការពារកោះនេះឡើយ។ តាំងពីពេលនោះ មកដល់ពេលនេះ កោះកុងក្រៅបានវិវដ្ដទទួលភ្ញៀវទេសចរក្នុងស្រុក មនុស្សជាច្រើនផ្តើមស្គាល់ និងដឹងថា កោះនេះធំចុងក្រោយមួយ ដែលខ្មែរយើងនៅមាន»។
ចលនាមាតាធម្មជាតិ បានសរសេរតាមបណ្តាញសង្គមថា កោះកុងក្រៅ ដែលជាកោះធំជាងគេ មិនទាន់ត្រូវបានបំផ្លាញទ្រង់ទ្រាយធំក្តី ហើយនៅតែអាចរក្សាបាននូវធម្មជាតិដ៏សម្បូរបែប ក៏ប៉ុន្តែយើងត្រូវខិតខំធ្វើឲ្យទីនេះក្លាយជាតំបន់ការពារដែលគ្មាននរណាម្នាក់ បំផ្លាញបាននៅថ្ងៃអនាគត។
កន្លងទៅ ចលនាមាតាធម្មជាតិរកឃើញថា អតីតលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្រេចចិត្តលក់កោះកុងក្រៅទាំងមូលឲ្យឧកញ្ញ៉ា លី យ៉ុងផាត់។ ពួកគេបានរកឃើញឯកសារមួយដែលចុះហត្ថលេខា ដោយ លោក ហ៊ុន សែន សម្រេចបែបលួចលាក់ អនុញ្ញាតឲ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊េត (Koh Kong S E Z Co.Ltd) របស់ឧកញ្ញ៉ា លី យ៉ុងផាត់ អភិវឌ្ឍន៍កោះកុងក្រៅដែលជាកោះធំជាងគេ និងស្រស់ស្អាតជាងគេរបស់ខ្មែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ។
ឧកញ្ញ៉ា លី យ៉ុងផាត់ ត្រូវបានសាធារណជន និងអន្តរជាតិដឹងថា ពាក់ព័ន្ធនឹងរឿងអាស្រូវ រំលោភយកដីពលរដ្ឋដាំអំពៅ ការនាំចេញខ្សាច់ខុសច្បាប់ទៅក្រៅប្រទេស ជាដើម។
យុវជនម្នាក់ដែលធ្លាប់ទៅទស្សនាកោះកុងក្រៅរស់នៅរាជធានីភ្នំពេញ គឺលោក រំចង់ សំណាង ប្រាប់វីអូឌីថា ការតស៊ូមតិរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ រដ្ឋាភិបាលគួរតែពិចារណាដោះស្រាយ ដើម្បីការពារធនធានធម្មជាតិមានតម្លៃលើកោះនេះ ចៀសវាងធ្លាក់ក្នុងដៃក្រុមហ៊ុនឯកជន។ លោកចង់ឃើញរដ្ឋាភិបាលបញ្ចូលកោះនេះជាឧទ្យានជាតិសមុទ្រគ្រប់គ្រងដោយរដ្ឋ ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីសក្ដានុពលធនធានធម្មជាតិទាក់ទាញភ្ញៀវទេសចរ ដែលជាប្រភពសេដ្ឋកិច្ចរបស់សហគមន៍។
លោកថា៖ «ក្រុមយុវជនមាតាធម្មជាតិឈឺឆ្អាលការពារដែនកោះមួយនេះ ដើម្បីរក្សាទុកជាប្រយោជន៍រួម មិនឱ្យធ្លាក់ចូលទៅប្រយោជន៍បុគ្គល ឬក្រុមមួយចំនួនតូច។ ធ្វើយ៉ាងណា ធ្វើឱ្យមនុស្សទូទៅបានទៅឃើញ ប្រយោជន៍ទាំងអស់នេះ»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ ក៏ប៉ុន្តែកន្លងទៅ ក្រសួងបរិស្ថានបានប្រាប់ក្រុមយុវជនថា ពួកគេនឹងស្រាវជ្រាវ អភិវឌ្ឍន៍កោះកុងក្រៅ និងដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ។
កន្លងទៅ ក្រុមចលនាមាតាធម្មជាតិ និងក្រុមយុវជន តែងតែតស៊ូមតិគ្រប់រូបភាពចាប់តាំងពីឆ្នាំ ២០១៩ រួមមាន ការលើកស្លាកជំរុញឱ្យការពារកោះកុងក្រៅ , ការជិះកង់សង្គ្រោះកោះកុងក្រៅ , ការផលិតវីដេអូផ្សាយពីសក្កានុពលកោះក្រុងក្រៅ ការដាក់ញត្តិ និងនាំយុវជនទស្សនកិច្ចកោះកុងក្រៅ ជាដើម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្រ្តាលី លោក សឹង សែនករុណា កោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់យុវជនចលនាមាតាធម្មជាតិ ដែលតែងតែតស៊ូមតិការពារធនធានធម្មជាតិនៅកោះកុងក្រៅ បើទោះបីរងការគំរាមកំហែងតាមប្រព័ន្ធតុលាការក្តី ក៏ពួកគេមិនរាថយឡើយ។
លោកថា ជាកំហុសឆ្គងរបស់រដ្ឋាភិបាល មិនត្រឹមតែមិនលើកទឹកចិត្តពួកគេប៉ុណ្ណោះទេ ថែមទាំងប្រើអំណាចច្បាប់តាមរយៈប្រព័ន្ធតុលាការដាក់សម្ពាធពួកគាត់។
កោះកុងក្រៅមានទំហំ១០៣គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង៥៣គីឡូម៉ែត្រ មានទំហំធំល្វឹងល្វើយ ក្នុងលំហសមុទ្រកម្ពុជា មានទីតាំងក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឆ្ងាយពីក្រុងខេមរភូមិន្ទ ៣០គីឡូម៉ែត្រ។ កោះនេះ គ្របដណ្ដប់ដោយព្រៃឈើក្រាស់ឃ្មឹក អមដោយទឹកជ្រោះជាច្រើនកន្លែងមានជីវចម្រុះជាច្រើនប្រភេទ មានឆ្នេរខ្សាច់សក្បុស ៦កន្លែង និងទឹកសមុទ្រពណ៌ខៀវស្រងាត់ ដែលពលរដ្ឋចាត់ទុកថា ជាឋានសួគ៌នៃទេសភាព ទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលសហគមន៍មិនចេះរីងស្ងួត ។
សហរដ្ឋអាមេរិក អំឡុងខែកញ្ញា ឆ្នាំ២០២៤ តាមរយក្រសួងសេដ្ឋកិច្ច បានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ ដោយសារតែមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែត។
តែមកដល់ពេលនេះ ប្រព័ន្ធយុត្តិធម៌កម្ពុជា មិនបានចាត់វិធានការឧកញ៉ាដែលមានរឿងអាស្រូវ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនោះទេ ខណៈគាត់នៅតែមនុស្សស្និទ្ធនឹងមេដឹកនាំកំពូលនៅកម្ពុជា៕









