ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានអះអាងមកថា តម្លៃប្រេងហក់ឡើង កំពុងគំរាមកំហែងជីវភាពពួកគេជាប្រព័ន្ធ ធ្វើឱ្យអ្នកប្រកបរបរនេសាទសមុទ្រខ្លះ បង្ខំចិត្តចតទូកចោលលែងចេញទៅនេសាទ ទំនិញនៅលើទីផ្សារហក់ឡើងថ្លៃខ្ពស់ និងការធ្លាក់ចុះចំនួនភ្ញៀវទេសចរ លក់ដូរមិនសូវដាច់ជាដើម។
ជុំវិញបញ្ហានេះ ម្ចាស់ទូកនេសាទមួយចំនួន នៅខេត្តព្រះសីហនុ បានរអ៊ូរទាំថា រាល់ថ្ងៃនេះ ការចេញធ្វើរបរនេសាទរបស់ពួកគាត់ មិនសូវបានផល ឬចាប់ត្រីគ្រប់ប្រភេទ មិនសូវបានទេ ខណៈការចំណាយទៅលើប្រេងឥន្ទនៈ មានតម្លៃខ្ពស់នាំឲ្យពួកគាត់ខាតដើមរាល់ថ្ងៃ។
អ្នកស្ត្រី សួន ចិន្តា ជាម្ចាស់ទូកនេសាទម្នាក់ រស់នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃនេះថា របរនេសាទ្រសមុទ្រពេលនេះ មិនទទួលបានផលចំណេញទេ ដោយសារតម្លៃប្រេងឥន្ធនៈកើនខ្ពស់ នាំឲ្យពួកគាត់ ខាតដើមរាល់ថ្ងៃ។
អ្នកស្រីថា៖ «ទូកចង់ចតចោលអស់ហើយ ទូកខ្ញុំអីហ្នឹងអត់រួចថ្លៃប្រេង អត់រួចថ្លៃកូនដៃទេ។ កន្លះខែនេះ រកលុយសងថ្លៃប្រេងគេមិនឃើញផង។ ថ្លៃប្រេងចំណាយអស់ ១២លានរៀល ហើយលុយរកបានមិនដល់ ១០លានរៀលផង។ រកអត់បាន ១០លានទេ តែប្រេងអស់ ១២លាន។ ហើយនៅថ្ងៃចំណាយទៅលើកូនដៃ និងថ្លៃតៃកុងទៀត គឺខាតអត់រួចខ្លួនទេ»។
ប្រភពនោះគូសបញ្ជាក់ថា រាល់ថ្ងៃនេះ មានម្ចាស់ទូកនេសាទមួយចំនួន នៅខេត្តព្រះសីហនុ សម្រេចមិនចេញទូកនេសាទ ជាបណ្តោះអាសន្ន ដោយរង់ចាំតម្លៃប្រេងឥន្ធនៈចុះថោកមកវិញសិន។ ប៉ុន្តែសម្រាប់អ្នកស្រី នៅតែពុះពារ ដើម្បីជីវភាព ដោយថា រកមួយថ្ងៃ គិតមួយថ្ងៃ។
អ្នកស្រីថា៖«រាល់ថ្ងៃនេះ ថៅកែផែ ឬថៅកែទូកទាំងឡាយ ខាត ឬចំណេញអី ក៏ត្រូវបង្ខំចិត្តចេញទូកដែរ ដើម្បីចិញ្ចឹមកូនចៅ ឬកូនដៃ ដូចចែកគ្នារស់អញ្ចឹងដែរ។ រាល់ថ្ងៃនេះ ខ្ញុំជាអ្នកបោះទុន ហើយតៃកុង និងកូនដៃ ឬកូនចៅជាអ្នករក។ ហើរាល់ថ្ងៃនេះ បានប៉ុន្នានស៊ីប៉ុណ្ណឹងទៅ លែងគិតហើយ បើប្រេងឡើងៗអត់មានថ្ងៃចុះផង »។
ចំណែក អ្នកស្រី នួន រចនា អ្នកលក់គ្រឿងសមុទ្រ ក្នុងផ្សារលើក្រុងព្រះសីហនុ ក៏បានបញ្ជាក់ដែរថា មួយសប្តាហ៍មកហើយ អាជីវករពួកគាត់ លក់មិនសូវដាច់ទេ ព្រោះមិនសូវមានភ្ញៀវទេសចរ ចេញចូលផ្សារច្រើនដូចមុនៗ។ ហើយថា តម្លៃគ្រឿងសមុទ្រ ឬម្ហូបសមុទ្រស្រស់ៗ ក៏បានឡើងថ្លៃដែរ ជាពិសេសក្តាមសមុទ្រជាដើម។
អ្នកស្រី រចនា បន្តថា កត្តាប្រេងសាំងឡើងថ្លៃ ទំនងជាដើមចម នាំឲ្យម្ចាស់ទូកនេសាទ ផ្អាកចេញទៅនេសាទ ហើយភ្ញៀវទេសចរ ក៏កាត់បន្ថយធ្វើដំណើរ មកទស្សនាខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន។
អ្នកស្រីថា៖ «ចាបង សាំងឡើងថ្លៃចឹង អ្នកទូកក៏គេទារឡើងថ្លៃដែរ។ ឡើងថ្លៃសាំងហើយគ្នារកផលនេសាទ មិនសូវបានផលទៀត។ កាលពីមុនក្តាមសេះ មានតម្លៃពី ៦ម៉ឺន ទៅ៦ម៉ឺន ៥ពាន់ទេ។ តែឥឡូវបានឡើងថ្លៃពី ៧ម៉ឺន៥ពាន់ ទៅ ៨ម៉ឺនរៀលអញ្ចឹងទៅ។ ដោយសារគ្នារកអត់បាន ហើយសាំងឡើងថ្លៃទៀត។ អញ្ចឹងអ្នកទូក គាត់សុំឡើងថ្លៃបន្តិចទៀត ទើបពួកគាត់រួចថ្លៃប្រេង ព្រោះគ្នាក៏មិនសូវបានចំណេញប៉ុន្មានទេ»។
បញ្ហានេះដែរ លោក ឯម ភា ប្រធានជលផលកំពង់សោម ត្រូវបានកាសែតក្នុងស្រុកស្រង់សំដីមកចុះផ្សាយថា ពិតជាមានម្ចាស់ទូក ឬថៅកែទូកមួយចំនួន បានផ្អាកចេញធ្វើរបរនេសាទពិតមែន ដោយសារប្រេងឥន្ធនៈកើនខ្ពស់។ លោកបន្តថា តម្លៃប្រេងឥន្ធនៈកើនខ្ពស់ បានបង្ខំឲ្យម្ចាស់ទូកនេសាទមួយចំនួន នៅទំបន់ទំនប់រលក និងបណ្តាក្រុង-ស្រុកដទៃទៀត ក្នុងខេត្តព្រះសីហនុ ផ្អាកការចេញធ្វើរបរនេសាទ ជាបណ្តោះអាសន្ន ។
យ៉ាងណា លោក ឯម ភា មិនទាន់មានតួលេខនៃចំនួនទូកនេសាទ ដែលផ្អាកចេញធ្វើរបរនេសាទ ជាបណ្តោះអាសន្ន ថាមានចំនួនប៉ុន្មានទូក ឲ្យពិតប្រាកដកនោះនៅឡើយទេ។
លោកថា៖«មួយរយៈនេះ ខ្ញុំដូចអត់ទាន់ឃើញមាន ការប្រែប្រួលអំពីតម្លៃគ្រឿងសមុទ្រកើនខ្ពស់ នៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា អ្នកនេសាទ ឬទូកនេសាទមួយចំនួន គាត់ផ្អាកការចេញធ្វើនេសាទ ដោយសារប្រេងឡើងថ្លៃ ហើយរង់ចាំប្រេងចុះថ្លៃសិន ទើបចុះនេសាទវិញ ហើយរឿងតម្លៃម្ហូបសមុទ្រ ឃើញកន្លែងប្រមូលទិញមួយចំនួន គឺអត់ទាន់ឃើញ មានការប្រែប្រួលអ្វីច្រើនទេ »។
ដោយឡែក លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏ត្រូវបានកាសែត ក្នុងស្រុកស្រង់សំដីមកចុះផ្សាយថា ការហក់ឡើងតម្លៃប្រេងនៅកម្ពុជា បណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ហើយថាបញ្ហានេះជាប៉ះពាល់ជាប្រព័ន្ធ រាប់ចាប់ពីការដឹកជញ្ជូន អ្នកចែកចាយបន្ត និងកំណើនភ្ញៀវទេសចរ។
លោកថា៖«បើសិនជាសកម្មភាពជម្លោះ ឬសង្គ្រាម នៅមជ្ឈិមបូព៌ា នៅតែបន្ត ហើយសាំងនៅតែឡើងថ្លៃយូរ ពិតប្រាកដណាស់ នឹងប៉ះពាល់ដល់ភ្ញៀវទេសចរ តម្លៃដឹកជញ្ជូន ជាពិសេសនឹងមានការឡើងថ្លៃហើយ អញ្ចឹងភ្ញៀវ នឹងធ្វើការពិចារណា ក្នុងការធ្វើដំណើរកម្សាន្តខេត្តយើងដែរ។ ហើយពាក់ព័ន្ធនឹងតម្លៃ លើការចំណាយនៃការធ្វើរបរនេសាទក្តី ក៏នឹងប៉ះពាល់ផងដែរ ដោយសារតែគាត់ប្រើប្រាស់ប្រេង ដើម្បីធ្វើនេសាទ ហើយតម្លៃប្រេងកើនខ្ពស់»។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា តម្លៃលក់រាយប្រេងឥន្ទៈនៅតាមស្ថានីយនានា អនុវត្តចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា មានតម្លៃ ៥២០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៦៤០០រៀលក្នុងមួយលីត្រ។ ហើយក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានរកឃើញថា មានស្ថានីយប្រេងឥន្ធនៈជាង ៤០០ទីតាំង បានបិទទ្វារបណ្ដោះអាសន្ន ដោយសារតែការផ្គត់ផ្គង់មានភាពយឺតយ៉ាវ៕









