បញ្ញវន្តខ្មែរ និងអ្នកនយោបាយមួយចំនួន បានសម្តែងការខកចិត្តចំពោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បណ្តែតបណ្តោយឱ្យថៃពង្រីកទឹកដីឈ្លានពានដីខ្មែរតាមទំនើងចិត្ត ដោយថាមិនបានវិធានការទប់ស្កាត់ទង្វើឈ្លានពាននេះឱ្យមានប្រសិទ្ធិភាព ក្រៅពីសម្អាងពីការចេញលិខិតតវ៉ារាប់រយកដងជាងកន្លះឆ្នាំមកនេះ។
ការណ៍នេះពួកគេព្រួយបាម្ភថា បើសិនជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែមិនចាត់វិធានការទប់ស្កាត់ជាក់ស្តែងនៅនឹងកន្លែង និងមិនប្តឹងថៃទៅតុលាការអន្តរជាតិ ដោយគ្រាន់តែចេញកំណត់ទូត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសថៃបែបនេះ នោះថៃអាចនឹងនៅតែបន្តរុលចូលមកក្នុងទឹកដីកម្ពុជាកាន់តែជ្រៅថែមទៀត ដែលនេះហានិភ័យធ្ងន់ធ្ងរបូរណភាពទឹកដីខ្មែរ ទាំងបច្ចុប្បន្ននិងអនាគត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបក្ខពួកនិយម។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១៧ខែមីនានេះថា ចាប់តាំងពីមានបទឈប់បាញ់លើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក មានតែភាគីកម្ពុជាប៉ុណ្ណោះ ដែលនៅស្ងៀម ចំណែកភាគីសៀមគេមិនបាននៅស្ងៀមនោះទេ។
លោកថា ថៃបានចូលរាយបន្លាលួស ដាក់ទូរកុងតឺន័រ រុលចូលវាទយកដីខ្មែរ ជីកប្រឡាយ និងសង់សំណង់រឹងផ្សេងៗ នៅលើដីខ្មែរជារៀងរាល់ថ្ងៃតាមអំពើចិត្ត។
បន្ថែមពីនេះលោកថា នៅពេលកងទ័ពថៃ ក្នុងចំនួនដ៏ច្រើនចូលមករាយបន្លាលួសវាទយកដីខ្មែរ តាមតំបន់ជាច្រើន គេឃើញទាហានខ្មែរ៣នាក់ ឬក៏៥នាក់ ចូលទៅហាមឃាត់ទាហានថៃ ក៏ប៉ុន្តែទាហានថៃ មិនស្តាប់ទេ ដោយសារគេដឹងពីចំនុចខ្សោយរបស់មេដឹកនាំខ្មែរ។
លោកថា៖ «ចឹងយើងឃើញថាសកម្មភាពរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែតទន់ខ្សោយគួរឱ្យព្រួយបារម្ភហើយទឹកដីដែលថៃកំពុងតែឈរជើងកំពុងតែកាន់កាប់នឹងបើរដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើអ៊ីចឹងទៀតថៃនឹងមិនប្រគល់ឱ្យកម្ពុជាវិញទេ។ ហើយដើម្បីឱ្យថៃដីឱ្យវិញទាល់តែកម្ពុជាធ្វើសកម្មភាពខ្លាំងក្លាទាំងសកម្មភាពការពារខ្លួនទប់ទល់ការរុលចូលបន្ថែមទាំងសកម្មភាពការទូតខ្លាំងក្លាទាំងការប្តឹងទៅតុលាការអន្តរជាតិជាពិសេសផ្សះផ្សាសា្មរតីជាតិពិតប្រាកដ។ រដ្ឋសភាគួរកោះហៅរដ្ឋាភិបាលទៅបំភ្លឺបើមិនកើតជាការអីទេប្តូរ លោក ហ៊ុន ម៉ាណែត និងលោក ទៀ សីហា ចេញទៅ ពីព្រោះអ្នកទាំងពីរនេះគ្មានសមត្ថភាពការពារទឹកដីទេ»។
សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លើកឡើងថា នៅក្នុងប្រវត្តិសាស្ត្រប្រទេសជិតខាងកម្ពុជាបានលួចប្លន់ទឹកដីកម្ពុជាជាហូរហែ ពីព្រោះនៅពេលដែលយើងខ្សោយគឺគេរំលោភទឹកដីយើងខណៈបរិបទពិភពលោកក្នុងពេលបច្ចុប្បន្នស្ទើតែបាត់បង់សណ្តាប់ធ្នាប់ហើយប្រទេសមួយចំនួនលែងគោរពច្បាប់ឱ្យបានល្អដូចមុន។
បើតាមលោកច័ន្ទរ័ត្នអ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើបច្ចុប្បន្នដូចជាខំផ្សព្វផ្សាយចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃនិងការធ្វើនយោបាយការទូតមួយចំនួន វាគ្រាន់តែជាចំណែកតូចមួយដែលវាពុំមានប្រសិទ្ធភាពក្នុងការការពារទឹកដីនោះទេ។ក្នុងស្ថានភាពបែបនេះលោកថា កម្ពុជាគ្មានជម្រើសណាផ្សេងក្រៅពីត្រូវប្តឹងថៃទៅតុលាការអន្តរជាតិនិងត្រូវប្រើគ្រប់យន្តការច្បាប់អន្តរជាតិនោះទេ ខណៈវិស័យការពារជាតិកម្ពុជាទន់ខ្សោយ។
លោកថា៖ «ពីព្រោះជម្រើសប្រើប្រាស់យោធាយើងដឹងហើយ យើងមិនមានប្រៀបលើគេទេយើងចាញ់ប្រៀបគេខ្លាំង។ ការគោរពបទឈប់បាញ់ក្តីគោរពច្បាប់អន្តរជាតិក្តីវាជារឿងត្រឹមត្រូវសម្រាប់យើងហើយប៉ុន្តែយើងមិនអាចបោះបង់វិធានការការពារខ្លួនទេ។ យើងត្រូវតែការពារបូរណៈភាពទឹកដីនឹងមិនអាចចេះតែទុកឱ្យគេរំកិលគេព័ទ្ធបន្លាលួសដាក់កុងតឺន័រតាមតែចិត្ត ហើយយើងបានត្រឹមតែស្រែកហើយចេញសេចក្តីថ្លែងការណ៍អីតិចតួចប៉ុណ្ណឹងខ្ញុំជឿថាមិនមានអ្នកណាចាប់អារម្មរណ៍ប៉ុន្មានទេ។យូរៗទៅសូម្បីតែប្រជាពលរដ្ឋខ្លួនឯងនឹងស្ទើតែលែងចង់តាមដានហើយអាថ្កោលទោសអាអីនឹង»។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលមួយកាលពីថ្ងៃទី១៣ខែមីនាថា នៅក្នុងរយៈពេល៥-៦ឆ្នាំចុងក្រោយនេះ មានរឿងធំៗដែលមិនដែលបានគិតប៉ុន្តែវាបានកើតឡើងដូចជាការផ្ទុះឡើងនៃជំងឺកូវីដ សង្គ្រាមរ៉ុស្ស៊ី អ៊ុយក្រែន ការរីកសាយភាយនៃឧក្រិដ្ឋកម្មអនឡាញ សង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានិងការផ្ទុះឡើងនៃសង្គ្រាមអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នាពេលចុងក្រោយនេះជាដើម គឺបានធ្វើឱ្យរង្គើដល់សេដ្ឋកិច្ចពិភពលោកជាពិសេសសេដ្ឋកិច្ចរបស់កម្ពុជាធ្វើឱ្យកើតមានវិបត្តិ។
លោកថា៖ «ប៉ុន្តែយើងធ្វើម៉េចកុំឱ្យនៅក្នុងវិបត្តិមួយបន្តពីមួយទៅមួយហើយយើងចេះតែអន់ទៅៗ ហើយកុំឱ្យវិបត្តិនីមួយៗដែលគ្រាន់តែសមត្ថភាពឱ្យតែរស់រួចខ្លួនសិន។ សូមឱ្យវិបត្តិនីមួយៗក្លាយទៅជាមេរៀនសម្រាប់ប្រាប់យើងថា ឱ្យយើងត្រូវតែពង្រឹងខ្លួនដើម្បីឱ្យរស់បានកាន់តែមាំហើយកាន់តែខ្លាំងតទៅទៀត។ភាពតានតឹងរវាងថៃនិងកម្ពុជានេះក៏ជាឧទាហរណ៍មួយប្រាប់ថា បើកម្ពុជាមិនរៀបខ្លួនឱ្យខ្លាំងទេអាមនោគមន៍វិជ្ជាខេត្តពីរខេត្តបីរបស់ថៃនឹងអាចគ្របដណ្តប់មកលើយើងតទៅទៀត។ នៅពេលនេះ មិនទាន់អីទេ ក៏ប៉ុន្តែប្រសិនបើមានវិបត្តិពិភពលោកកើតឡើងសង្គ្រាមលោកលើកទី៣ ខ្ញុំអត់ហ៊ានស្រមៃទេ»។
វីអូឌី មិនអាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី១៧ខែមីនានេះ។
ប៉ុន្តែក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានចេញកំណត់ទូតថ្មីមួយទៀតទៅភាគីថៃដោយតវ៉ាជំទាស់យ៉ាងខ្លាំង នូវសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួន តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
កំណត់ទូតកម្ពុជាបានប្រាប់ទៅភាគីថៃថា នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធានិងជនស៊ីវិលថៃ បានធ្វើការសាងសង់និងជីកកកាយខុសច្បាប់ នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។
សកម្មភាពទាំងនេះ បានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមពីនេះ ភាគីថៃក៏បានធ្វើការឈូសកម្ទេចសំណង់ខ្មែរ និងបន្តសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅលើទឹកដីខ្មែរនៅតាមតំបន់ជាច្រើនទៀត។
កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។
សូមបញ្ជាក់ថា កំណត់ទូតនេះ អាចជាកំណត់ទូតនិងសេចក្តីថ្លែងការណ៍លើកទីជិត៧០០ដង ហើយរបស់កម្ពុជា ប៉ុន្តែគេឃើញភាគីថៃហាក់មិនអើពើនោះឡើយ ហើយនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនក្នុងការរាយបន្លាលួសឈូសឆាយវាទយកដីខ្មែរតាមអំពើចិត្ត ខណៈរដ្ឋាភិបាលកម្ពុជាមិនឃើញចាត់វិធានការទប់ស្កាត់ឡើយ។
សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន កាលដើមឡើយមន្ត្រីរដ្ឋាភិបាលបានអំពាវនាវឱ្យពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាលជឿទុកចិត្តលើវីរៈកងទ័ពក្នុងការការពារទឹកដី។ ប៉ុន្តែនៅពេលនេះ លោកជឿថា ប្រជាពលរដ្ឋខ្មែរនឹងបាត់បង់ជំនឿ បើសិនជាកងទ័ពថៃនៅតែបន្តរាយលួសបន្លាវាទរុលចូលដីខ្មែរបានតាមចិត្តដោយគ្មានការទប់ស្កាត់។
លោកថា៖ «សម្រាប់ខ្ញុំវាជារឿងគួរឱ្យសោកស្តាយ ដែលយើងមិនមានសមត្ថភាពមិនមានលទ្ធភាពក្នុងការការពារទឹកដីរបស់ខ្លួន ហើយដូចខ្ញុំជម្រាបខាងដើមចឹងយើងទន់ខ្សោយ ដោយសារយើងមានបញ្ហាចាក់ស្រែសនៅក្នុងប្រទេសរបស់យើងរឿងវាច្រើន»។
បន្ថែមពីនេះ លោក ម៉ែន ណាត ចោទសួរថា នៅក្នុងស្ថានភាពដែលទាំងនាយករដ្ឋមន្ត្រី ទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិទន់ខ្សោយដូចសព្វថ្ងៃ បណ្តោយឱ្យសៀមរុលចូលវាទយកទឹកដីខ្មែរធ្វើសំណង់រឹងជីកប្រឡាយនៅក្នុងទឹកដីខ្មែរស្រេចនឹងចិត្តបែបនេះតើយើងរំពឹងថា អាចយកទឹកដីកម្ពុជានឹងបានមកវិញទេ? ហើយថាតើថៃនឹងអាចបន្តរំលោភយកទឹកដីខ្មែរច្រើនប៉ុណ្ណាទៀត?
លោកថា៖ «រឿងនេះ ចម្លើយមានតែមួយទេ ថាយើងអាចទាមទារយុត្តិធម៌ទាមទារទឹកដីពីការឈ្លានពានរបស់ថៃវាពិបាក ដោយសាររដ្ឋាភិបាលខ្សោយ។ ថៃបន្តធ្វើសំណង់រឹងដាក់បន្លាលួសគ្មានការទប់ស្កាត់ពីទាហានជួរមុខ។ ហើយទាហានខ្មែរជួរមុខក៏ចង់ទប់ស្កាត់ដែរប៉ុន្តែវាគ្មានបទបញ្ជាពីរដ្ឋាភិបាល ម្ល៉ោះហើយធ្វើឱ្យពួកគាត់នឹងឈរមើលថៃឈ្លានពានទាំងឈឺចាប់បំផុត។ ហើយបើខ្សោយអ៊ីចឹងក្នុងស្ថានភាពពិភពលោកបច្ចុប្បន្នទៀត ថៃអាចនឹងយកទីតាំងមួយចំនួន ដែលថៃចង់យក លើកលែងតែថៃមិនចង់យក។ បើថៃចង់យកដូចសព្វថ្ងៃគឺថៃពង្រីកទីតាំងចូលកាន់តែជ្រៅទៅៗ ក្នុងទឹកដីខែ្មរ ដោយគ្មានការទប់ស្កាត់ពីរដ្ឋាភិបាលកម្ពុជាទាល់តែសោះ»។
សម្រាប់រដ្ឋាភិបាលនៅក្រៅប្រទេសរបស់ លោក សម រង្ស៊ី បានសម្រេចនៅក្នុងការជួបជុំមួយ ហៅថៃសមាជ ធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយបានមូលមាត់គ្នាថា នឹងប្តឹងទាមទារទឹកដីខ្មែរចំនួន៤៩ទីតាំង ដែលថៃបានដណ្តើមកាន់កាប់ក្នុងពេលថ្មីៗនេះយកមកវិញ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីដើមខែមករា ឆ្នាំ២០២៦ថា កងទ័ពថៃបានដណ្តើមកាន់កាប់ និងកំពុងឈរជើងនៅលើទឹកដីកម្ពុជាដោយខុសច្បាប់ចំនួន១៤ទីតាំង។
ក៏ប៉ុន្តែលោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែនពីគណបក្សប្រឆាំង អះអាងថា គិតរហូតមកដល់ពេលនេះថៃ កំពុងឈរជើងនៅលើទឹកដីខ្មែរកើនឡើងដល់៤៩ទីតាំង មានទំហំផ្ទៃដីរហូតដល់រាប់រយគីឡូម៉ែត្រការ៉េ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅបន្តចេញលិខិតតវ៉ានិងថ្លែងការតវ៉ាលើបណ្តាញសង្គស្នើររាល់ថ្ងៃ តែមិនព្រមប្តឹងថៃ ដើម្បីទប់ស្កាត់ការឈ្លានពានជាក់ស្តែងនៅលើដី៕









