ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា បានឈានដល់ចំណុចប្រឈមដ៏តានតឹងមួយ ដែលបង្ហាញឱ្យឃើញនូវគម្លាតយ៉ាងធំធេង រវាងការព្យាយាមធានាអះអាងពីភាពរឹងមាំ និងសន្ទនីយភាព(សមត្ថភាពផ្តល់ទុន) សាច់ប្រាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយរួមគ្នារបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទៅនឹងស្ថានភាពជាក់ស្តែងនៃទីផ្សារធនាគារលក់រាយដែលកំពុងមានភាពរង្គោះរង្គើ។
ភាពមិនស៊ីគ្នានេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការហក់ឡើងនៃឥណទានមិនដំណើរការក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ រួមផ្សំនឹងការដួលរលំនៃធនាគារពាណិជ្ជ ផាន់ដា (Panda Commercial Bank) និងវិបត្តិទំនុកចិត្តដែលបណ្ដាលឱ្យមានការសម្រុកដកប្រាក់យ៉ាងខ្លាំងក្លានៅធនាគារអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Development-APD)។
អស្ថិរភាពដែលកើតឡើងក្នុងវិស័យធនាគារនាពេលនេះ គឺជាលទ្ធផលនៃឥទ្ធិពលចម្រុះ រវាងការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយជម្លោះព្រំដែនជាមួយថៃកាលពីឆ្នាំ២០២៥ ស្របពេលដែលក្របខ័ណ្ឌអភិបាលកិច្ចក្នុងអាណត្តិរបស់លោក ហ៊ុន ម៉ាណែត កំពុងរងការរិះគន់ថា បានផ្ដោតខ្លាំងលើការការពារបណ្តាញខ្សែរយៈក្រុមឥស្សរជន ច្រើនជាងការជំរុញកំណែទម្រង់ស្ថាប័ន ឱ្យមានតម្លាភាព និងផ្អែកលើនីតិរដ្ឋពិតប្រាកដ។
វិបត្តិហិរញ្ញវត្ថុនៅកម្ពុជា បានឈានដល់ចំណុចផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈសេចក្តីសម្រេចផ្អាកប្រតិបត្តិការជាបន្ទាន់របស់ធនាគារជាតិនៃកម្ពុជា លើធនាគារពាណិជ្ជ ផាន់ដា ក្រោយរកឃើញថា ស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័ននេះ បានធ្លាក់ចុះដុនដាបរហូតមិនអាចបន្តសេវាកម្មបាន។ ទោះបីជាធនាគារ ផាន់ដា មានចំណែកត្រឹមតែ ០,៧៧% នៃប្រព័ន្ធធនាគារសរុបគិតត្រឹមចុងឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែការដួលរលំនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនុកចិត្តទីផ្សារ ជាពិសេសតាមរយៈការតែងតាំងក្រុមហ៊ុន Morisonkak MKA Audit-Accounting Co., Ltd. ជាអ្នករំលាយ ដែលជាសញ្ញាព្រមានថា គោលនយោបាយ «អត់ឱនចំពោះបទបញ្ញត្តិ» របស់ធនាគារកណ្តាលដែលធ្លាប់អនុវត្តក្នុងអំឡុងពេលជំងឺរាតត្បាត និងវិបត្តិអចលនទ្រព្យនោះ បានឈានមកដល់ទីបញ្ចប់។
ភាពភ័យខ្លាច បានរីករាលដាលយ៉ាងរហ័សពីធនាគារ ផាន់ដា ទៅកាន់ធនាគារ APD នៅដើមខែមីនា ឆ្នាំ ២០២៦ ជាពិសេសបន្ទាប់ពីធនាគារនេះ បានប្រកាសផ្អាករាល់ប្រតិបត្តិការ ដាក់-ដកប្រាក់ និងការទូទាត់ឌីជីថលរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ខែមីនា ក្រោមហេតុផល «ថែទាំប្រព័ន្ធ»។
ការពន្យល់នេះ មិនអាចទប់ទល់នឹងមន្ទិលសង្ស័យរបស់សាធារណជន និងអ្នកវិភាគដែលបារម្ភពីបញ្ហាសន្ទនីយភាព ឬការរំលាយធនាគារនោះទេ រហូតបង្កឱ្យមានចលនាសម្រុកដកប្រាក់យ៉ាងខ្លាំងក្លានៅការិយាល័យកណ្តាលក្នុងខណ្ឌដូនពេញ។
រូបភាពនៃម្ចាស់អាជីវកម្ម និងវិនិយោគិនបរទេសដែលព្យាយាមដកប្រាក់រាប់លានដុល្លារតែត្រូវបានរារាំង បានក្លាយជាភស្តុតាងយ៉ាងច្បាស់ ដែលឆ្លុះបញ្ចាំងពីភាពផុយស្រួយនៃទំនុកចិត្តលើប្រព័ន្ធធនាគារពាណិជ្ជទាំង ៥៩ នៅក្នុងប្រទេសកម្ពុជា។
ចំពោះវិបត្តិនៅធនាគារ APD លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ចេញសារជាវីដេអូកាលពីថ្ងៃទី១៦ ខែមីនា ដោយពន្យល់ថា បញ្ហានេះកើតចេញពីការយល់ច្រឡំរបស់សាធារណជន ព្រោះតាមបច្ចេកទេស ធនាគារមិនអាចមានសាច់ប្រាក់បម្រុងសម្រាប់ទូទាត់ជូនអតិថិជនទាំងអស់ក្នុងពេលតែមួយបានទេ ដោយសារមូលធនត្រូវបានប្រើប្រាស់ក្នុងវិនិយោគរយៈពេលវែង។
ទោះជាយ៉ាងណា ការពន្យល់នេះ មិនអាចដោះស្រាយកង្វល់ពីសមត្ថភាពសងបំណុលរបស់ធនាគារបានឡើយ ជាពិសេសនៅពេលដែលសេវាកម្មត្រូវបានបើកឡើងវិញនៅថ្ងៃដដែល ជាមួយការរឹតបន្តឹងការផ្ទេរប្រាក់តាមប្រព័ន្ធបាគងត្រឹម ៣០០ ដុល្លារក្នុងម្នាក់ រហូតដល់ថ្ងៃទី ២០ ខែមីនា។
ការដាក់កំហិតលើសាច់ប្រាក់នេះ បើទោះជាធ្វើឡើងដើម្បីការពារទុនបម្រុង ក៏បានក្លាយជាសញ្ញាបញ្ជាក់បន្ថែមថា ធនាគារកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតសាច់ប្រាក់យ៉ាងប្រកិតបំផុត។
ឫសគល់នៃអស្ថិរភាពក្នុងវិស័យធនាគារនាពេលនេះគឺបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃវិស័យសំណង់ និងអចលនទ្រព្យដែលធ្លាប់ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ អនុបាតឥណទានមិនដំណើរការ (NPL) នៅទូទាំងវិស័យ បានហក់ឡើងដល់ ៨,.៩% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ និងបង្ហាញពីការធ្លាក់ចុះគុណភាពទ្រព្យសកម្មយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ អ្នកវិភាគមកពីស្ថាប័ន S&P Global Ratings បានព្យាករថា អត្រាកម្ចីខូចអាចនឹងកើនឡើងដល់ ១៩% នៅចុងឆ្នាំ ២០២៦ ដោយសារតែភាពមិនសមាមាត្ររវាងការផ្គត់ផ្គង់អចលនទ្រព្យប្រណីតលើសលប់ និងតម្រូវការក្នុងស្រុកដែលកំពុងធ្លាក់ចុះខ្សោយ។
វិបត្តិអចលនទ្រព្យ កំពុងគំរាមកំហែងដល់ប្រព័ន្ធធនាគារកម្ពុជាយ៉ាងខ្លាំង ព្រោះ ២០% នៃកម្ចីសរុបមានការពាក់ព័ន្ធផ្ទាល់ជាមួយវិស័យនេះ ហើយអចលនទ្រព្យក៏ជាទ្រព្យបញ្ចាំចម្បងសម្រាប់កម្ចីស្ទើរតែទាំងអស់ផងដែរ។ នៅពេលតម្លៃអចលនទ្រព្យធ្លាក់ចុះជាមធ្យម ៣,៦% ក្នុងឆ្នាំ ២០២៥ តម្លៃការពារនៃទ្រព្យបញ្ចាំបានថយចុះ ដែលធ្វើឱ្យធនាគារជាប់គាំងជាមួយទ្រព្យសកម្មគ្មានសន្ទនីយភាព និងនាំឱ្យប្រាក់ចំណេញទូទាំងវិស័យធ្លាក់ចុះមកត្រឹមប្រហែល ០,៣% ក្នុងកំឡុងឆ្នាំ ២០២៥-២០២៦។
ដើម្បីដោះស្រាយបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានបង្កើត «ស្ថាប័នគ្រប់គ្រងទ្រព្យសកម្ម» (AMIs) នៅដើមឆ្នាំ ២០២៥ ដើម្បីផ្ទេរកម្ចីពុល ចេញពីតារាងតុល្យការធនាគារ ប៉ុន្តែយន្តការនេះ ត្រូវបានសេដ្ឋវិទូព្រមានពី «គ្រោះថ្នាក់នៃសីលធម៌» (Moral Hazard) ប្រសិនបើការទិញលក់ទ្រព្យបញ្ចាំទាំងនោះ ធ្វើឡើងក្នុងតម្លៃខ្ពស់ជាងទីផ្សារ ដែលស្មើនឹងការជួយសង្គ្រោះបែបលាក់កំបាំងសម្រាប់ស្ថាប័នដែលគ្រប់គ្រងមិនបានល្អ និងខ្វះតម្លាភាពក្នុងការវាយតម្លៃ។
ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត បានព្យាយាមកសាងរូបភាពជាអ្នកបច្ចេកទេសទំនើបតាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើការធ្វើបរិវត្តកម្មឌីជីថល មូលធនមនុស្ស និងការកែទម្រង់ស្ថាប័ន។ ទោះជាយ៉ាងណា ការវិភាគលើអភិបាលកិច្ចជាក់ស្តែងបានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំង ដោយគោលដៅឆ្នាំ ២០៣០ របស់រដ្ឋាភិបាល កំពុងត្រូវបានរារាំងដោយរចនាសម្ព័ន្ធអំណាចដែលចាក់ឫសយ៉ាងជ្រៅ ដែលផ្តល់អាទិភាពដល់ការរក្សាផលប្រយោជន៍ និងភាពស្អិតរមួតក្នុងចំណោមក្រុមឥស្សរជន ជាជាងការជំរុញឱ្យមានតម្លាភាពជាប្រព័ន្ធពិតប្រាកដ។
សេដ្ឋកិច្ចនយោបាយកម្ពុជា នៅតែស្ថិតក្រោមឥទ្ធិពលនៃបណ្តាញខ្សែរយៈរវាងមន្ត្រីជាន់ខ្ពស់ យោធា និងក្រុមឧកញ៉ា ដែលដើរតួជាសសរស្តម្ភហិរញ្ញវត្ថុដ៏សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងយុទ្ធនាការបោះឆ្នោត។ ជាថ្នូរនឹងការគាំទ្រនេះ រដ្ឋាភិបាលលោក ហ៊ន ម៉ាណែត បានផ្តល់នូវបុព្វសិទ្ធិ ដូចជា ការការពារផ្នែកច្បាប់ ការផ្ដល់អាទិភាពលើធនធានធម្មជាតិ និងអភ័យឯកសិទ្ធិក្នុងធុរកិច្ច ដែលនាំឱ្យកើតមានស្ថានភាព «ការគ្រប់គ្រងស្ថាប័នដោយក្រុមផលប្រយោជន៍»។
ក្នុងបរិបទនេះ ស្ថាប័នដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានគេមើលឃើញថា មានសមត្ថភាពចាត់វិធានការបានត្រឹមតែលើមន្ត្រីថ្នាក់ទាប ឬអ្នករិះគន់រដ្ឋាភិបាល ប៉ុន្តែបែរជាមើលមិនឃើញនូវទ្រព្យសម្បត្តិដ៏មហាសាលដែលមិនអាចពន្យល់បានរបស់ក្រុមឥស្សរជនអំណាចទាំងនោះឡើយ។
រចនាសម្ព័ន្ធអភិបាលកិច្ចបែបនេះ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យធនាគារ ដោយធ្វើឱ្យវិនិយោគិនលោកខាងលិចរុញរានឹងអំពើពុករលួយជាប្រព័ន្ធ និងការផ្តល់បុព្វសិទ្ធិដល់ក្រុមហ៊ុន ដែលមានខ្សែរយៈជាមួយគ្រួសារកាន់អំណាច។
ជាក់ស្តែង សន្ទស្សន៍នីតិរដ្ឋឆ្នាំ ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចាត់ចំណាត់ថ្នាក់កម្ពុជានៅលេខ ១៤១ ក្នុងចំណោម ១៤៣ ប្រទេស ដែលតួលេខនេះឆ្លុះបញ្ចាំងពីការយល់ឃើញជាទូទៅថាប្រព័ន្ធតុលាការគ្រាន់តែជាឧបករណ៍សម្រាប់ក្រុមឥស្សរជនប្រើប្រាស់ដើម្បីសម្របសម្រួលការរឹបអូសទ្រព្យសម្បត្តិ ជាជាងដើរតួជាអាជ្ញាកណ្តាលឯករាជ្យដែលផ្តល់យុត្តិធម៌ពិតប្រាកដ។
បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អភិបាលកិច្ចកម្ពុជានាពេលនេះ គឺការរីកដុះដាលនៃមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតខ្នាតយក្ស ដែលត្រូវបានប៉ាន់ប្រមាណថា អាចរកចំណូលបានពី ១២ ទៅ ១៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងប្រហែល ៦០% នៃ GDP ផ្លូវការរបស់ជាតិ។ ទោះបីជាលោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ពីផលប៉ះពាល់លើកេរ្តិ៍ឈ្មោះវិនិយោគ និងប្ដេជ្ញាបិទមជ្ឈមណ្ឌលទាំងនេះឱ្យអស់ត្រឹមខែមេសា ឆ្នាំ ២០២៦ ក៏ដោយ ប៉ុន្តែក្រុមអ្នករិះគន់នៅតែយល់ថា វិធានការបង្ក្រាបកន្លងមកគ្រាន់តែជាការសម្តែង ដើម្បីលម្អរូបភាពខាងក្រៅប៉ុណ្ណោះ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ១៥០,០០០ នាក់ ត្រូវបានជួញដូរឱ្យធ្វើពលកម្មដោយបង្ខំនៅក្នុងមជ្ឈមណ្ឌលឆបោក ដែលភាគច្រើនស្ថិតនៅលើទីតាំងកម្មសិទ្ធិរបស់ឥស្សរជនមានអំណាចនៅកម្ពុជា។
ស្ថានភាពនេះ បានធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីខ្មៅ នៃរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៥ របស់សហរដ្ឋអាមេរិក និងប្រឈមនឹងការព្រមានធ្វើដំណើរពីបណ្តាប្រទេសធំៗ ខណៈវិស័យធនាគាររងហានិភ័យខ្លាំងពីការលាងលុយកខ្វក់ ដែលធ្វើឱ្យទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិកាន់តែមានភាពស្មុគស្មាញ និងតានតឹង។ ជម្លោះព្រំដែនជាមួយថៃក្នុងឆ្នាំ២០២៥ក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគាររបស់កម្ពុជា។
វិបត្តិនេះ បានបណ្តាលឱ្យមានការបិទច្រកព្រំដែនសំខាន់ៗ និងបង្ខំឱ្យប្រជាជនជាង៤៩០,០០០ នាក់ត្រូវផ្លាស់ទីលំនៅ ដែលជាកត្តារាំងស្ទះដល់ចរន្តសេដ្ឋកិច្ច និងបង្កជាសម្ពាធបន្ថែមដល់ប្រព័ន្ធហិរញ្ញវត្ថុជាតិ។
ផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតពីជម្លោះព្រំដែន គឺការធ្វើមាតុភូមិនិវត្តន៍នៃពលករកម្ពុជាពីថៃ។ កាលពីឆ្នាំ ២០២៤ ពលករប្រហែល ១,២ លាននាក់ បានផ្ញើប្រាក់ត្រឡប់មកកម្ពុជាវិញប្រមាណ ២ ពាន់លានដុល្លារ ដែលជាចំណូលបង្គោលសម្រាប់គ្រួសារនៅជនបទ និងជាប្រភពសងបំណុលដ៏សំខាន់។ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ២០២៥ ការវិលត្រឡប់មកវិញនៃពលករជិត ១ លាននាក់ បានធ្វើឱ្យលំហូរប្រាក់បញ្ញើធ្លាក់ចុះ ៣៧% មកនៅត្រឹមតែ ១,៨៦ ពាន់លានដុល្លារ ដែលបង្កជាវិបត្តិប្រាក់ចំណូល និងសមត្ថភាពសងបំណុលយ៉ាងធ្ងន់ធ្ងរ។
វិបត្តិប្រាក់ចំណូលនេះ បានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងមានកម្រិតបំណុលឯកជនខ្ពស់គួរឱ្យបារម្ភស្រាប់។ ការវិលត្រឡប់មកវិញនៃពលករដែលគ្មានការងារធ្វើ បានបង្កើនតម្រូវការកម្ចីបន្ទាន់ ខណៈសមត្ថភាពសងបំណុលចាស់ បានធ្លាក់ចុះយ៉ាងខ្លាំង។
ទោះបីជាធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការបន្ធូរបន្ថយកម្ចីកាលពីខែធ្នូ ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែលោក សេង វណ្ណលី អ្នកជំនាញភូមិសាស្ត្រនយោបាយ យល់ថា វិធានការទាំងនោះនៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់រលកនៃការរឹបអូសដីធ្លីយ៉ាងទូលំទូលាយនៅតាមបណ្តាខេត្តនោះឡើយ។
ជម្លោះព្រំដែន បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារកម្ពុជាពឹងផ្អែកលើការនាំចូលប្រេងម៉ាស៊ូត ៩០% និងសាំង ៨០% ពីប្រទេសថៃ ដែលកត្តានេះបានគំរាមកំហែងដល់ដំណើរការរោងចក្រផលិតកម្មនៅទូទាំងប្រទេស។ ផលប៉ះពាល់នេះ បានជះឥទ្ធិពលខ្លាំងដល់ឧស្សាហកម្មដែលជាផ្នែកមួយនៃបណ្តាញផលិតកម្ម កម្ពុជា-ថៃ រួមទាំងបង្ខំឱ្យមានការប្តូរទៅប្រើផ្លូវសមុទ្រ និងផ្លូវអាកាសដែលនាំឱ្យថ្លៃដឹកជញ្ជូនហក់ឡើង ៣០%។ ការកើនឡើងនៃចំណាយនេះបានធ្វើឱ្យប្រាក់ចំណេញក្នុងវិស័យកាត់ដេរ និងផលិតកម្មកាន់តែរួមតូច ស្របពេលដែលវិស័យទាំងនេះ កំពុងប្រឈមមុខនឹងសម្ពាធបន្ថែមពីពន្ធគយរបស់សហរដ្ឋអាមេរិក។
ស្របពេលដែលធនាគារពាណិជ្ជជួបវិបត្តិសាច់ប្រាក់ វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ចាត់ទុកថាជា «គំរូអាក្រក់បំផុត» នៃប្រព័ន្ធឥណទានខ្នាតតូចសកល។ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានកម្រិតបំណុលមីក្រូហិរញ្ញវត្ថុក្នុងម្នាក់ៗខ្ពស់បំផុតក្នុងលោក ដោយគ្រួសារចំនួន ៣,៨ លានគ្រួសារ កំពុងជាប់បំណុលសរុបជាង ១៨ ពាន់លានដុល្លារ។
អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ទំហំកម្ចីជាមធ្យម ៥,៨០០ ដុល្លារ មានកម្រិតខ្ពស់ជាងបួនដងនៃប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ (១,៤០០ ដុល្លារ) ដែលជាសមាមាត្រហិរញ្ញវត្ថុមិនអាចទ្រទ្រង់បាន និងកំពុងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ។
របាយការណ៍ «អន្ទាក់បំណុល» (Debt Traps) របស់អង្គការ HRW កាលពីខែកញ្ញា ឆ្នាំ ២០២៥ បានបង្ហាញពីយុទ្ធសាស្ត្រលក់កម្ចីយ៉ាងគំហុករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី និងតំបន់ឦសាន។ ផ្ទុយពីគោលការណ៍មីក្រូហិរញ្ញវត្ថុបែបប្រពៃណីដែលផ្តោតលើការផ្តល់កម្ចីជាក្រុម គំរូនៅកម្ពុជាបានផ្លាស់ប្តូរទៅរកការស្វែងរកប្រាក់ចំណេញជាអតិបរមា ដោយតម្រូវឱ្យអ្នកខ្ចីដាក់បញ្ចាំប័ណ្ណកម្មសិទ្ធិដីធ្លី ដែលកត្តានេះបានក្លាយជាហានិភ័យចម្បងក្នុងការបាត់បង់ដីធ្លីរបស់ប្រជាសហគមន៍។
ស្ថានភាពនេះ បានបង្កជាផលវិបាកធ្ងន់ធ្ងរដល់សង្គម រួមមានការបង្ខំចិត្តលក់ដីដូនតាដើម្បីសងបំណុល ការប្រើប្រាស់ពលកម្មកុមារ ឬការចំណាកស្រុកទៅកាន់ការងារគ្រោះថ្នាក់ដើម្បីរកប្រាក់មកបង្គ្រប់ការបង់រំលស់ និងវិបត្តិអសន្តិសុខស្បៀងក្នុងគ្រួសារ ដែលបណ្តាលមកពីការកាត់បន្ថយរបបអាហារដើម្បីផ្តល់អាទិភាពដល់ការសងបំណុល រហូតធ្វើឱ្យកុមារប្រឈមនឹងបញ្ហាក្រិន និងស្កាំងស្គម។
ទោះបីជាមានភស្តុតាងនៃការរំលោភបំពានទាំងនេះក៏ដោយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិនិយោគិនឯកជននៅតែបន្តផ្តល់មូលនិធិដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយមើលរំលងការព្រមានពីអង្គការសង្គមស៊ីវិល។ ជាក់ស្តែង ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation-IFC) បានវិនិយោគជាង ៤០០ លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដែលជាកត្តារួមចំណែកធ្វើឱ្យពពុះបំណុលកាន់តែរីកធំ និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គមនៅតាមតំបន់ជនបទ។
ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជាបានជំរុញយ៉ាងខ្លាំងក្លានូវ «ប្រព័ន្ធបាគង» ដែលជាវេទិកាផ្អែកលើបច្ចេកវិទ្យា Blockchain ក្នុងគោលបំណងធ្វើទំនើបកម្មហិរញ្ញវត្ថុ និងកាត់បន្ថយការប្រើប្រាស់ដុល្លារ។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ បាគងបានផ្សារភ្ជាប់ស្ថាប័នហិរញ្ញវត្ថុចំនួន ៧០ និងមានអ្នកប្រើប្រាស់កើនដល់ ៣៤ លានគណនី។
គួរឱ្យកត់សម្គាល់ កាលពីឆ្នាំ ២០២៤ ប្រព័ន្ធនេះបានដំណើរការប្រតិបត្តិការសរុបរហូតដល់ ១៤៧ ពាន់លានដុល្លារ ដែលជាតួលេខដ៏មហាសាលស្មើនឹងបីដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
ទោះបីជាប្រព័ន្ធបាគងជាជោគជ័យនៃសមាហរណកម្មឌីជីថល ប៉ុន្តែវិបត្តិធនាគារ APD ឆ្នាំ ២០២៦ បានបង្ហាញពីគុណវិបត្តិរបស់វា ដោយសារប្រសិទ្ធភាពនៃការផ្ទេរប្រាក់ភ្លាមៗ បានពន្លឿនការហូរចេញសាច់ប្រាក់កាន់តែលឿនក្នុងអំឡុងពេលអតិថិជនភ័យស្លន់ស្លោ។
ការដែលធនាគារជាតិ សម្រេចកម្រិតការផ្ទេរប្រាក់ត្រឹម ៣០០ ដុល្លារ គឺជាវិធានការបង្ខំចិត្តដើម្បីទប់ទល់នឹងល្បឿនឌីជីថល និងរក្សាសាច់ប្រាក់ដែលនៅសល់។ លើសពីនេះ ការដែលបំណុលឯកជនដល់ទៅ ៨៧% ជាដុល្លារអាមេរិក នៅតែជាឧបសគ្គរារាំងសមត្ថភាពរបស់ធនាគារជាតិ ក្នុងការដើរតួជា «អ្នកផ្តល់កម្ចីចុងក្រោយ» ព្រោះស្ថាប័ននេះមិនអាចបោះពុម្ពរូបិយប័ណ្ណដុល្លារដែលទីផ្សារកំពុងត្រូវការបំផុតក្នុងគ្រាមានវិបត្តិនោះឡើយ។
ទោះបីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែលើកឡើងពីតួលេខកំណត់ត្រានៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក៏ដោយ ប៉ុន្តែសមាសភាពនៃមូលធនទាំងនោះ នៅតែមានហានិភ័យខ្ពស់។
ជាក់ស្តែង ក្នុងឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងចំនួន ៦៣០ ដែលមានតម្លៃសរុប ១០ ពាន់លានដុល្លារ (កើនឡើង ៤៥% ធៀបនឹងឆ្នាំមុន) ប៉ុន្តែការកើនឡើងនេះ បង្កប់នូវកង្វល់អំពីគុណភាពនៃមូលធន និងការពឹងផ្អែកខ្លាំងហួសហេតុលើប្រភពវិនិយោគតែមួយ ដែលមិនសូវផ្ដល់អត្ថប្រយោជន៍ដល់ការផ្ទេរបច្ចេកវិទ្យា ឬការបង្កើនជំនាញពលកម្មរយៈពេលវែង។
ចិននៅតែជាប្រភពទុនបម្រុងចម្បងរបស់កម្ពុជា ដោយគ្របដណ្តប់ ៥៣% នៃ FDI ក្នុងរយៈពេល ៩ ខែដំបូង និងហក់ឡើងដល់ជាង ៧០% នៅចុងឆ្នាំ ២០២៥។ ទោះជាយ៉ាងណា លំហូរទុននេះ ផ្ដោតខ្លាំងតែលើវិស័យកាត់ដេរជំនាញទាប ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ ដែលមិនសូវជួយដល់ការផ្ទេរបច្ចេកវិទ្យា ឬការបង្កើនជំនាញពលកម្មជាតិឡើយ ខណៈវិនិយោគមានគុណភាព ពីអាមេរិក អឺរ៉ុប និងជប៉ុន នៅតែមានកម្រិតទាបបំផុត។
ក្នុងឆ្នាំ ២០២៦ កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលតម្រូវឱ្យមានការធ្វើពិពិធកម្មវិនិយោគិនជាបន្ទាន់ ប៉ុន្តែវាគឺជាកិច្ចការដ៏លំបាក ដរាបណាប្រព័ន្ធបក្ខពួកនិយម និងអំពើពុករលួយជាប្រព័ន្ធ នៅតែជារូបភាពអវិជ្ជមានក្នុងកែវភ្នែកអន្តរជាតិ។
ស្របពេលសេដ្ឋកិច្ចយឺតយ៉ាវ ស្ថានភាពសារពើពន្ធរបស់រដ្ឋាភិបាល ក៏កំពុងរងសម្ពាធយ៉ាងខ្លាំង ដែលនាំឱ្យ IMF ព្យាករណ៍ថា ឱនភាពនឹងកើនឡើងដល់ ៣,៧% នៃ GDP ក្នុងឆ្នាំ ២០២៥ និង ៣,៨% ក្នុងឆ្នាំ ២០២៦ ដោយសារការប្រមូលចំណូលធ្លាក់ចុះ និងការបន្តផ្តល់ការលើកលែងពន្ធដល់ក្រុមឥស្សរជន។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានជ្រើសរើសការកាត់បន្ថយការចំណាយលើវិស័យសង្គម និងបញ្ឈប់កម្មវិធីជួយសង្គ្រោះសម័យជំងឺរាតត្បាត ដែលវិធានការនេះ កំពុងបង្កើនហានិភ័យកាន់តែខ្លាំងដល់ប្រជាជនក្រីក្រ ខណៈពួកគេកំពុងរងគ្រោះស្រាប់ពីជម្លោះព្រំដែន ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការកើនឡើងនៃតម្លៃថាមពល។
លោក សេង វណ្ណលី បានលើកឡើងថា គោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលមានភាពលំអៀងទៅរកក្រុមអ្នកអភិវឌ្ឍន៍ និងម្ចាស់បំណុល ជាជាងការជួយដល់ប្រជាជនទូទៅ។ ជាក់ស្តែង ខណៈដែលធនាគារជាតិបានលើកលែងថ្លៃអាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតាមខេត្តជាប់ព្រំដែន ប៉ុន្តែបែរជាមិនមានវិធានការបន្ធូរបន្ថយបំណុល ឬផ្អាកការសងប្រាក់ដោយផ្ទាល់សម្រាប់អ្នកខ្ចីក្នុងតំបន់នោះឡើយ។ លើសពីនេះ ការបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យតម្លៃរហូតដល់ ២១០,០០០ ដុល្លារ ដែលជាកម្រិតតម្លៃខ្ពស់ហួសពីសមត្ថភាពរបស់ពលរដ្ឋមធ្យម ត្រូវបានលោកមសេង វណ្ណលី មើលឃើញថាជាយុទ្ធសាស្ត្រការពារផលប្រយោជន៍របស់ក្រុមឧកញ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលរដ្ឋ និងអយុត្តិធម៌ក្នុងសង្គម។
ក្នុងឆ្នាំ ២០២៦ វិស័យធនាគារកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពតុល្យភាពដ៏ផុយស្រួយបំផុត ដែលត្រូវបានទ្រទ្រង់ជាបណ្តោះអាសន្នដោយបច្ចេកវិទ្យាទំនើបនិងការអនុគ្រោះផ្នែកបទបញ្ញត្តិប៉ុន្តែបែរជាកំពុងប្រឈមនឹងការគំរាមកំហែងពីអតុល្យភាពរចនាសម្ព័ន្ធ និងវិបត្តិអភិបាលកិច្ចយ៉ាងជ្រៅ។
ទោះបីជាស្ថាប័នក្នុងវិស័យនេះ ព្យាយាមអះអាងពីភាពធន់ និងសន្ទនីយភាពសាច់ប្រាក់យ៉ាងណាក៏ដោយ ក៏ទំនុកចិត្តសាធារណជនកាន់តែធ្លាក់ចុះ និងពោរពេញដោយមន្ទិលសង្ស័យ បន្ទាប់ពីបានឃើញការដួលរលំនៃធនាគារ ផាន់ដា និងការដាក់កំហិតលើការដកសាច់ប្រាក់ក្រោយវិបត្តិនៅធនាគារ APD។
ឫសគល់នៃវិបត្តិបច្ចុប្បន្ន បង្កឡើងដោយកត្តាចម្រុះ រាប់ចាប់ពីការផ្ទុះឡើងនៃពពុះអចលនទ្រព្យ ការដាច់រហែកនៃលំហូរប្រាក់បញ្ញើដោយសារជម្លោះព្រំដែន រហូតដល់សម្ពាធពន្ធគយ និងការរឹតបន្តឹងក្នុងពាណិជ្ជកម្មសកលដោយសារតែកម្ពុជាជាប់ឈ្មោះក្នុងបញ្ជីខ្មៅ។
ទោះជាយ៉ាងណា កត្តាដែលសំខាន់បំផុតនៅតែជាទម្រង់នៃការគ្រប់គ្រងរដ្ឋក្រោមរដ្ឋបាលលោក ហ៊ុន ម៉ាណែត។ ដរាបណាអភិបាលកិច្ចនៅតែផ្តល់អាទិភាពដល់ការការពារឧស្សាហកម្មខុសច្បាប់ និងការរក្សាសេដ្ឋកិច្ចតាមបែបខ្សែរយៈឧកញ៉ា កម្ពុជានឹងមិនអាចទាក់ទាញវិនិយោគទុនដែលមានគុណភាពខ្ពស់ ឬបង្កើតស្ថាប័នឯករាជ្យដែលជាគ្រឹះនៃស្ថិរភាពរយៈពេលវែងបានឡើយ។
ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ និង ២០២៧ ត្រូវបានព្យាករណ៍ដោយធនាគារពិភពលោក និង IMF ថាមានកំណើនយឺតយ៉ាវ និងស្ថិតក្នុងភាព «ប្រុងប្រយ័ត្ន» បំផុត។ សម្រាប់វិស័យធនាគារ និន្នាការនៃការច្របាច់បញ្ចូលគ្នា នឹងកើតមានកាន់តែច្រើន ដោយសារស្ថាប័នតូចៗ ដែលខ្វះភាពចម្រុះក្នុងអាជីវកម្ម នឹងត្រូវដួលរលំក្រោមសម្ពាធនៃកម្ចីខូច (NPLs) និងការបាត់បង់ទំនុកចិត្តពីអតិថិជន។
ជោគវាសនានៃចក្ខុវិស័យឆ្នាំ ២០៣០ របស់កម្ពុជា អាស្រ័យទាំងស្រុងលើសមត្ថភាពរបស់រដ្ឋបាលលោក ហ៊ុន ម៉ាណែត ក្នុងការផ្លាស់ប្តូរពី «វោហារសាស្ត្រនយោបាយ» មកជាការធ្វើកំណែទម្រង់ពិតប្រាកដ ដើម្បីដោះស្រាយវដ្តនៃបំណុល អំពើពុករលួយ និងភាពងាយរងគ្រោះជាប្រព័ន្ធ៕









