សម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក បានបដិសេធការអំពាវនាវរបស់ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ខែមីនា ក្នុងការបញ្ជូននាវាចម្បាំងទៅអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនាំឱ្យមានការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក ដោយលោកបានចោទប្រកាន់ដៃគូលោកខាងលិចថា គ្មានការដឹងគុណចំពោះការជួយជ្រោមជ្រែងអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៣ហើយ ដោយមិនទាន់មានសញ្ញានៃការបញ្ចប់នៅឡើយទេ។ ច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ២០% របស់ពិភពលោក នៅតែបន្តបិទស្ទើរតែទាំងស្រុង ដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណា។
ជម្លោះនេះបានដាក់បន្ទុកសេដ្ឋកិច្ចលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលមិនត្រូវបានពិគ្រោះយោបល់មុនពេលមានការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ហើយដែលបានស៊ូទ្រាំនឹងការរិះគន់យ៉ាងចាស់ដៃ និងការគំរាមកំហែងបែបបង្ករឿងពីលោក ត្រាំ ចាប់តាំងពីលោកបានត្រឡប់មកកាន់តំណែងវិញ។
ដៃគូសហរដ្ឋអាមេរិកមួយចំនួន រួមមានអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី បានលើកឡើងថា ពួកគេមិនទាន់មានផែនការភ្លាមៗក្នុងការបញ្ជូននាវាទៅជួយបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញឡើយ ខណៈអ៊ីរ៉ង់បានបិទផ្លូវនេះយ៉ាងមានប្រសិទ្ធភាពដោយប្រើដ្រូន និងមីនក្រោមទឹក។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងនៅទីក្រុងប៊ែរឡាំងថា៖ «យើងខ្វះអាណត្តិពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ឬណាតូ ដែលតម្រូវដោយច្បាប់មូលដ្ឋាន» ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល មិនបានពិគ្រោះយោបល់ជាមួយអាល្លឺម៉ង់ឡើយ មុនពេលចាប់ផ្តើមសង្គ្រាម។
លោក ត្រាំ បានថ្លែងក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា ប្រទេសជាច្រើនបានប្រាប់លោកថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ ប៉ុន្តែលោកបានសម្តែងការមិនពេញចិត្តចំពោះសម្ព័ន្ធមិត្តចាស់វស្សាមួយចំនួន។
លោកបានបន្តដោយមិនបានបញ្ជាក់ឈ្មោះថា៖ «អ្នកខ្លះមានការសាទរយ៉ាងខ្លាំងចំពោះរឿងនេះ ហើយអ្នកខ្លះទៀតមិនសូវទេ។ ប្រទេសមួយចំនួនគឺជាប្រទេសដែលយើងបានជួយជាច្រើនឆ្នាំមកហើយ។ យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏អាក្រក់ ហើយពួកគេមិនសូវមានការសាទរសោះ។ ហើយកម្រិតនៃការសាទរ គឺជារឿងសំខាន់សម្រាប់ខ្ញុំ»។
អ៊ីស្រាអែលបានលើកឡើងកាលពីថ្ងៃទី១៦ខែមីនាថា ខ្លួនបានរៀបចំផែនការលម្អិតសម្រាប់សង្គ្រាមយ៉ាងហោចណាស់បីសប្តាហ៍បន្ថែមទៀត ខណៈដែលខ្លួនបានវាយប្រហារលើទីតាំងនានានៅទូទាំងប្រទេសអ៊ីរ៉ង់ពេញមួយយប់ រីឯការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ បានធ្វើឱ្យព្រលានយន្តហោះឌូបៃត្រូវបិទទ្វារជាបណ្តោះអាសន្ន និងបានវាយប្រហារចំរោងចក្រប្រេងដ៏សំខាន់មួយនៅក្នុងប្រទេសអារ៉ាប់រួម (UAE)។
កងទ័ពអ៊ីស្រាអែលបានរុលចូលទៅក្នុងតំបន់ថ្មីៗនៃភាគខាងត្បូងប្រទេសលីបង់ ដែលជាផ្នែកនៃប្រតិបត្តិការដ៏រីកធំឡើង បន្ទាប់ពីក្រុម Hezbollah បានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍រួម កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស បានព្រមានថា «ការវាយលុកទ្រង់ទ្រាយធំតាមជើងគោកណាមួយរបស់អ៊ីស្រាអែល នឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្សធម៌ និងអាចឈានទៅដល់ជម្លោះអូសបន្លាយពេលយូរ» ហើយប្រតិបត្តិការបែបនេះ «ត្រូវតែបញ្ចៀសឱ្យបាន»៕









