លោក ត្រាំ ប្តេជ្ញា​កាន់​​កាប់​គុយ​បា ខណៈ​ប្រទេស​នេះ​កំពុង​​រង​​គ្រោះ​ធ្ងន់​ធ្ងរ​ពី​ការ​ហាម​ការ​នាំ​ចូល​ប្រេង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា បាន​ប្តេជ្ញា​ថា​នឹង «កាន់​កាប់» ប្រទេស​គុយ​បា ខណៈ​ដែល​ប្រទេស​ដី​កោះ​កុម្មុយ​នីស្ត​មួយ​នេះ បាន​ធ្លាក់​ចូល​ក្នុង​ភាព​ងងឹត​សូន្យ​សុង ដោយ​សារ​ការ​ដាច់​ចរន្ត​​អគ្គិសនី​ទាំង​ស្រុង ដែល​ពាក់​ព័ន្ធ​នឹង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​យ៉ាង​ធ្ងន់​ធ្ងរ បង្ក​ឡើង​ដោយ​ទីក្រុង​វ៉ាស៊ីន​តោន។

បន្ទាប់ពីបានប្រឆាំងនឹងសហរដ្ឋអាមេរិកអស់រយៈពេលជិត ៧ ទសវត្សរ៍មក រដ្ឋាភិបាលកុម្មុយនីស្តនៅទីក្រុងឡាហា​វ៉ាន កំពុង​ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីសំណាក់រដ្ឋបាលលោក ត្រាំ ដែលប្តេជ្ញាចិត្តក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់​ប្រទេសដីកោះមួយមនេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ «អ្នកដឹងទេ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបាន​ឮឥតឈប់​ឈរ​អំពី​សហរដ្ឋ​អាមេរិក និងគុយបា។ តើនៅពេលណាដែលសហរដ្ឋអាមេរិកនឹងធ្វើវា?»។

លោក ត្រាំ បានបន្តថា៖ «ខ្ញុំជឿជាក់ថា ខ្ញុំនឹង… មានកិត្តិយសក្នុងការកាន់កាប់គុយបា»។

លោកបន្ថែមថា៖ «មិនថាខ្ញុំរំដោះវា ឬកាន់កាប់វា  ខ្ញុំគិតថាខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន​ចំពោះ​វា បើអ្នកចង់​ដឹងពីការពិត។ ឥឡូវនេះ ពួកគេគឺជាប្រទេសដែលកំពុងតែចុះខ្សោយយ៉ាងខ្លាំង»។

នេះគឺជាការគំរាមកំហែងយ៉ាងច្បាស់បំផុតមួយរបស់លោក ត្រាំ ហើយវាបានកើតឡើងនៅពេល​ដែលប្រទេសដីកោះក្នុង​តំបន់ការីបៀន ដែលមានប្រជាជន ៩,៦ លាននាក់នេះ កំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំម្តងទៀត។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអគ្គិសនីជាតិគុយបា (UNE) បានឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីនេះបណ្តាលមក​ពី «ការបិទប្រព័ន្ធបណ្តាញអគ្គិសនីជាតិទាំងស្រុង»។

ប្រព័ន្ធផលិតថាមពលអគ្គិសនីដ៏ចំណាស់របស់គុយបាកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយការដាច់ចរន្តអគ្គិសនីរហូតដល់ ២០ ម៉ោងក្នុងមួយថ្ងៃ បានក្លាយជារឿងធម្មតាទៅហើយនៅតាមផ្នែកខ្លះនៃកោះនេះ។

ប៉ុន្តែចាប់តាំងពីសហរដ្ឋអាមេរិកបានទម្លាក់សម្ព័ន្ធមិត្តកំពូលរបស់គុយបា គឺលោក Nicolas Maduro នៃប្រទេស​វេណេ​ស៊ុយ​អេឡា កាលពីថ្ងៃទី​៣ ខែមករាមក សេដ្ឋកិច្ចរបស់កោះនេះកាន់តែរងការវាយប្រហារបន្ថែមទៀត ខណៈដែល​លោក ត្រាំ នៅតែបន្តការរារាំងការនាំចូលប្រេងជាក់ស្តែង។

មិនមានប្រេងត្រូវបាននាំចូលទៅកាន់កោះនេះទេ ​ចាប់តាំងពីថ្ងៃទី​៩ ខែមករា ដែលបានប៉ះពាល់ដល់វិស័យថាមពល ហើយក៏បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើរទៅកាន់កោះនេះផងដែរ ដែលជាការវាយប្រហារយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ដ៏សំខាន់បំផុត។

ក្នុងគោលបំណងដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច និងឆ្លើយតបតាមការទាមទាររបស់សហរដ្ឋអាមេរិក មន្ត្រីសេដ្ឋ​កិច្ច​ជាន់​ខ្ពស់ម្នាក់នៅគុយបាបានប្រកាសកាលពីថ្ងៃទី១៦មីនាថា ជនជាតិគុយបាដែលរស់នៅក្រៅប្រទេស នឹងអាចវិនិយោគ និងមានសិទ្ធិកាន់កាប់អាជីវកម្មនៅទីនោះបានហើយ។

លោក Oscar Perez-Oliva ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងជាឧបនាយករដ្ឋមន្ត្រីផងនោះ បានប្រាប់ NBC News ថា៖ «គុយបាបើកចំហរក្នុងការមានទំនាក់ទំនងពាណិជ្ជ​កម្ម​ដ៏រលូនជាមួយក្រុមហ៊ុនអាមេរិក» និង «ជាមួយជនជាតិគុយបាដែលរស់នៅក្នុងសហរដ្ឋអាមេរិក រួមទាំងកូនចៅរបស់ពួកគេផងដែរ»។

កាសែត New York Times បានរាយការណ៍កាលពីថ្ងៃ១៦មីនា ដោយផ្អែកលើប្រភពមិនបញ្ចេញ​ឈ្មោះថា មន្ត្រីរដ្ឋបាលលោក ត្រាំ បានផ្ដល់សញ្ញាទៅកាន់មន្ត្រីគុយបាថា សហរដ្ឋអាមេរិកចង់ឱ្យប្រធានាធិបតី Miguel Diaz-Canel ចុះចេញ​ពីតំណែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ