ការផ្ទេរអំណាចនីតិប្រតិបត្តិនៅកម្ពុជាពី លោក ហ៊ុន សែន ទៅកាន់លោក ហ៊ុន ម៉ាណែត កាលពីខែសីហា ឆ្នាំ២០២៣ គឺជាការវិវត្តបែបបច្ចេកវិទ្យានិយមក្នុងគោលដៅរុញច្រានប្រទេសឱ្យសម្រេចបាននូវស្ថានភាពចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាក្របខ័ណ្ឌគោលនយោបាយផ្ដោតអាទិភាពលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងប្រកាន់ខ្ជាប់នូវបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចដែលមានភាពធន់នឹងវិបត្តិ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងខណៈដែលរដ្ឋបាលថ្មីឈានចូលដល់ឆ្នាំទីបី ភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំងបានលេចឡើង រវាងការលើកឡើងពីភាពអស្ចារ្យនៃហេដ្ឋារចនាសម្ព័ន្ធ និងតថភាពជាក់ស្តែងដែលកំពុងធ្លាក់ចុះនៃមជ្ឈមណ្ឌលទីក្រុងសំខាន់ៗ ដោយរដ្ឋបាលបានផ្ដោតការអបអរសាទរតែលើសមិទ្ធផលនិមិត្តរូបនៃមហាគម្រោងតម្លៃរាប់ពាន់លានដុល្លារ ដូចជាព្រែកជីកហ្វូណនតេជោ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាជាងការដោះស្រាយគម្លាតដ៏ធំក្នុងការផ្តល់សេវាបឋម ភាពធន់នៃទីក្រុង និងសមធម៌សង្គមនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងបណ្តាទីក្រុងបន្ទាប់បន្សំដទៃទៀត។
ទោះបីជាស្នូលមនោគមវិជ្ជានៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់លោក ហ៊ុន ម៉ាណែត បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច (GDP) ប្រចាំឆ្នាំក្នុងរង្វង់ ៧% ក៏ដោយ ប៉ុន្តែការវាយតម្លៃចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់មកត្រឹម ៤,៨% ក្នុងឆ្នាំ២០២៥ និងប្រហែល ៤,០% ក្នុងឆ្នាំ២០២៦។
ការកែសម្រួលព្យាករណ៍ចុះក្រោមនេះ គឺបណ្តាលមកពីកត្តារួមផ្សំជាច្រើន រួមមានភាពមិនប្រាកដប្រជានៃការនាំចេញ ការធ្លាក់ចុះនៃប្រាក់បញ្ញើពីក្រៅប្រទេស ការថមថយនៃវិស័យទេសចរណ៍ និងសម្ពាធលើប្រាក់ចំណេញរបស់អ្នកផលិតដែលរងផលប៉ះពាល់ពីពន្ធគយ។
ការពឹងផ្អែកខ្លាំងរបស់រដ្ឋាភិបាលលើការចំណាយ និងការលើកលែងពន្ធដើម្បីជំរុញវិស័យសំណង់ និងអចលនទ្រព្យ បានធ្វើឱ្យការប្រមូលចំណូលធ្លាក់ចុះទាបជាងគោលដៅថវិកា ដែលបង្កជាភាពតានតឹងផ្នែកសារពើពន្ធ និងកម្រិតសមត្ថភាពរបស់រដ្ឋក្នុងការដោះស្រាយបញ្ហាកង្វះខាតលើការប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ កត្តានេះ បានក្លាយជាឧបសគ្គរារាំងដល់ចីរភាពនៃសំណង់សាធារណៈ ដោយនាំឱ្យកើតមាននូវវដ្ត «សាងសង់-បោះបង់-សាងសង់ឡើងវិញ» ដែលខាតបង់ទាំងពេលវេលា និងថវិកាជាតិ។
ទោះបីជាគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារ ជាសមិទ្ធផលលេចធ្លោបំផុតក្នុងសម័យកាលលោក ហ៊ុន ម៉ាណែត ក្នុងគោលបំណងតភ្ជាប់ទន្លេមេគង្គទៅកាន់កំពង់ផែទឹកជ្រៅកម្ពុជា ដើម្បីកាត់បន្ថយការពឹងផ្អែកលើកំពង់ផែវៀតណាមក៏ដោយ ប៉ុន្តែគម្រោងនេះ បានប្រឈមនឹងភាពចម្រូងចម្រាស និងការយឺតយ៉ាវយ៉ាងខ្លាំងរហូតដល់ដើមឆ្នាំ២០២៦ ដែលជាចម្បងបណ្តាលមកពីជម្លោះដីធ្លីមិនទាន់ដោះស្រាយ និងការជាប់គាំងនៃការចរចាសំណងជាមួយពលរដ្ឋ។
ទោះបីជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប៉ាន់ប្រមាណថាមានគ្រួសារចំនួន ២៣០៥ នឹងរងផលប៉ះពាល់ដោយផ្ទាល់ក៏ដោយ ប៉ុន្តែពលរដ្ឋក្នុងខេត្តកណ្តាល តាកែវ និងកំពត នៅតែបន្តរាយការណ៍ពីកង្វះព័ត៌មានច្បាស់លាស់ ជុំវិញអត្រាសំណង និងផែនការតាំងទីលំនៅថ្មី ខណៈដែលអ្នកនេសាទក្នុងខេត្តកែបបានសម្តែងការព្រួយបារម្ភថា ការបូមខ្សាច់បង្កើតផ្លូវនាវាចរណ៍ជ្រៅៗ នឹងធ្វើឱ្យបាត់បង់មុខរបរនេសាទបែបប្រពៃណីរបស់ពួកគេ។
ទោះបីជារាជធានីភ្នំពេញនៅតែជាចំណុចកណ្តាលនៃនគរូបនីយកម្មក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធក្រុង កំពុងរងសម្ពាធយ៉ាងខ្លាំងពីការរីកលូតលាស់យ៉ាងរហ័សដែលខ្វះការគ្រប់គ្រង ជាពិសេស បញ្ហាទឹកជំនន់ដែលជាការបរាជ័យរ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរឡើង ដោយសារការចាក់ដីលុបតំបន់ដីសើមធម្មជាតិ និងបឹងនានាជាប្រព័ន្ធដើម្បីអភិវឌ្ឍទីក្រុងរណបពាណិជ្ជកម្ម។
ទោះបីជារដ្ឋបាលក្រុង អះអាងថា គម្រោងបង្វែរទឹកទ្រង់ទ្រាយធំដែលជិតបញ្ចប់នឹងជួយកាត់បន្ថយការលិចលង់បានដល់ទៅ ៦៥% ក៏ដោយ ប៉ុន្តែតថភាពជាក់ស្តែងបង្ហាញថា ផ្លូវនានាក្នុងរាជធានីនៅតែបន្តរងការជន់លិចយ៉ាងធ្ងន់ធ្ងររាល់ពេលមានភ្លៀងធ្លាក់ខ្លាំង។
ខណៈដែលស្ថានីយបូមទឹកទាំង ១៤ របស់រាជធានី ជាញឹកញាប់ត្រូវបានជន់ជោរលើសចំណុះ អភិបាលរងរាជធានី បានទទួលស្គាល់ថា ប្រព័ន្ធលូបង្ហូរទឹកបច្ចុប្បន្ន ត្រូវបានរចនាឡើងសម្រាប់តែស្ថានភាពអាកាសធាតុធម្មតាប៉ុណ្ណោះ ដែលនេះបង្ហាញពីភាពងាយរងគ្រោះនៃហេដ្ឋារចនាសម្ព័ន្ធក្រុង។
ទោះបីជារដ្ឋបាលសាលារាជធានី បានបង្ហាញផែនការមហិច្ឆតានៅចុងឆ្នាំ២០២៥ សម្រាប់សាងសង់ផ្លូវអាកាស និងប្រព័ន្ធរថភ្លើងក្រោមដីដើម្បីតភ្ជាប់ទៅកាន់ព្រលានយន្តហោះថ្មីក៏ដោយ ប៉ុន្តែវិធានការទាំងនេះ នៅតែជាការឆ្លើយតបបែបដោះស្រាយបញ្ហាចំពោះមុខទៅនឹងកង្វះគន្លងផ្លូវដឹកជញ្ជូនសាធារណៈ និងការកើនឡើងនៃយានយន្តដែលគ្មានការគ្រប់គ្រងតែប៉ុណ្ណោះ។
ក្រុងព្រះសីហនុ បានក្លាយជាតឹកតាងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្អែកលើការប៉ាន់ស្មានដ៏បរាជ័យបំផុតមួយនៃរបបភ្នំពេញ ដោយបន្សល់ទុកនូវអគារខ្ពស់ៗរាប់រយដែលត្រូវបានបោះបង់ចោលមិនទាន់សាងសង់រួចរាល់ បន្ទាប់ពីការដួលរលំនៃវិស័យអចលនទ្រព្យក្នុងឆ្នាំ ២០១៩។
ទោះបីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីលើកកម្ពស់ការវិនិយោគពិសេស ដែលត្រូវបានរាយការណ៍ថាបានកៀងគរថវិកាជាង ៦ ពាន់លានដុល្លារ ពីគម្រោងចំនួន ២១៥ ដើម្បីស្រោចស្រង់ស្ថានភាពសំណង់ទាំងនេះក៏ដោយ ប៉ុន្តែវឌ្ឍនភាពជាក់ស្តែងនៅតែមានសភាពមិនស្មើគ្នា និងយឺតយ៉ាវនៅឡើយ។
ទន្ទឹមនឹងបញ្ហាសំណង់ ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ក្នុងក្រុងព្រះសីហនុនៅតែមិនទាន់អាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដោយបរិមាណទឹកកខ្វក់ប្រចាំថ្ងៃមានច្រើនលើសលប់ លើសពីសមត្ថភាពចម្រោះរបស់រោងចក្រប្រព្រឹត្តកម្មដែលមានស្រាប់។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងដោយសារការបំពុលពីឧស្សាហកម្មកែច្នៃស្បែកសត្វ និងការបង្ហូរកាកសំណល់ខុសច្បាប់ចូលក្នុងប្រភពទឹកធម្មជាតិ ដែលនៅតែជាឧបសគ្គរារាំងយ៉ាងខ្លាំងដល់មហិច្ឆតារបស់ទីក្រុងក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃ។
ស្របពេលជាមួយគ្នានេះ ទីក្រុងបន្ទាប់បន្សំ ដូចជា បាត់ដំបង និងប៉ោយប៉ែត ក៏កំពុងប្រឈមនឹងសម្ពាធហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នាដែរ ដោយក្នុងនោះក្រុងបាត់ដំបងកំពុងខិតខំប្រែក្លាយខ្លួនជាទីក្រុងឆ្លាតវៃតាមរយៈការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងការស្ថាបនាផ្លូវចំនួន ១៦ ខ្សែដែលធន់នឹងទឹកជំនន់ដោយប្រើប្រាស់ថវិកាជាតិនៅដើមឆ្នាំ២០២៦។
ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតានេះ នៅតែទាមទារការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុយ៉ាងច្រើនបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការកសាងលំនៅឋានតម្លៃទាប និងប្រព័ន្ធលូបង្ហូរទឹកឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់បម្រើដល់តម្រូវការរបស់ពលរដ្ឋ។
ដោយឡែកសម្រាប់ក្រុងប៉ោយប៉ែតវិញ នៅតែបន្តជាប់ឈ្មោះជាមួយបញ្ហាបទល្មើសល្បែងស៊ីសង និងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលអ្នកស្រុកបានរាយការណ៍ពីការខ្វះខាតផែនការនគរូបនីយកម្មដែលមានសង្គតិភាព ដើម្បីប្រែក្លាយទីក្រុងនេះ ឱ្យទៅជាកន្លែងដែលគួរឱ្យចង់រស់នៅ។
ទោះបីជាមានការដាក់ចេញនូវគម្រោងពង្រីកផ្លូវជាតិលេខ ៥ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ថ្មីក៏ដោយ ក៏វឌ្ឍនភាពនៃគម្រោងទាំងនេះ តែងតែជួបប្រទះការរអាក់រអួល និងពន្យារពេលជាញឹកញាប់ ដោយសារបញ្ហាថវិកា និងភាពតានតឹងផ្នែកនយោបាយក្នុងតំបន់។
គម្លាតរវាងជនបទ និងទីក្រុងបានលេចត្រដែតឡើងតាមរយៈភាពផ្ទុយគ្នានៃបញ្ហាទឹក ដែលកម្ពុជាត្រូវជួបប្រទះនូវទឹកជំនន់បង្កការបំផ្លិចបំផ្លាញក្នុងរដូវវស្សា និងកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរក្នុងរដូវប្រាំង។ ទោះបីជាមានការបោះទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងវិស័យធារាសាស្ត្រក៏ដោយ ក៏ប្រហែល ៩០% នៃប្រព័ន្ធទាំងនោះ កំពុងដំណើរការមិនពេញលេញ ឬស្ទើរតែមិនដំណើរការទាល់តែសោះ ដែលជាលទ្ធផលបានមកពីការរចនាខ្វះបច្ចេកទេសត្រឹមត្រូវ និងការខកខានក្នុងការថែទាំឱ្យបានដិតដល់។
បញ្ហានេះ បានរុញច្រានឱ្យកសិករក្នុងខេត្តតាកែវ ចេញមុខតវ៉ាចំពោះការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ បើទោះបីជាមានការសាងសង់អាងស្តុកទឹកថ្មីៗ ជាបន្តបន្ទាប់ក៏ដោយ ខណៈដែលការគ្រប់គ្រងសំណល់រឹងវិញ ក៏មានភាពខុសគ្នាស្រឡះរវាងទីក្រុង និងជនបទ។
ជាក់ស្ដែង ស្របពេលដែលសេវាប្រមូលកាកសំណល់ត្រូវបានពង្រឹងនៅតាមមជ្ឈមណ្ឌលក្រុងធំៗ តំបន់ជនបទជុំវិញបឹងទន្លេសាបស្ទើរតែគ្មានសេវាផ្លូវការទាល់តែសោះ ដែលកត្តានេះបានបង្ខំឱ្យពលរដ្ឋបោះចោលកាកសំណល់ដោយផ្ទាល់ទៅក្នុងបឹង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី។
រដ្ឋាភិបាលបានដាក់ទុននយោបាយយ៉ាងច្រើនទៅលើការរឹតបន្តឹងអធិបតេយ្យភាពផ្នែកអាកាសចរណ៍ និងថាមពល ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងតម្លៃ ២ ពាន់លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
ទោះបីជាអាកាសយានដ្ឋានដ៏ធំនេះ មានសមត្ថភាពទទួលអ្នកដំណើរបានដល់ទៅ ១៣ លាននាក់ក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែការបើកសម្ពោធនេះបានបង្កឱ្យមានការកកស្ទះចរាចរណ៍ភ្លាមៗ នៅលើផ្លូវតភ្ជាប់នានា ដោយសារមានការសម្រុកទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋដែលមានការចង់ដឹងចង់ឃើញពីសមិទ្ធផលថ្មីនេះ។
ដោយឡែកនៅក្នុងវិស័យថាមពល រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបោះជំហានទៅរកឯករាជ្យភាពកាន់តែខ្លាំងតាមរយៈការបញ្ឈប់ការទិញអគ្គិសនីពីថៃក្នុងខែមិថុនា ឆ្នាំ២០២៥ ក្រោយមានភាពតានតឹងនៅតាមព្រំដែន ទោះបីជាការសម្រេចចិត្តនេះ បានតម្រូវឱ្យរដ្ឋាភិបាលពន្លឿនការពង្រីកបណ្តាញខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្នុងស្រុកយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងកាត់បន្ថយបញ្ហាមិនស្ថិតស្ថេរនៃចរន្តអគ្គិសនីក៏ដោយ។
មជ្ឈដ្ឋានអ្នកតាមកិច្ចការសង្គម និងនយោបាយជាតិ និងអន្តរជាតុ សង្កេតឃើញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គឺផ្តោតលើគំរូអភិបាលកិច្ចបែបគាបសង្កត់ដែលស្ថិតនៅពីក្រោយការអភិវឌ្ឍទាំងនេះ ដោយអាជ្ញាធរបានបង្កើនការប្រើប្រាស់ច្បាប់រឹតត្បិត និងប្រព័ន្ធតុលាការដែលរងឥទ្ធិពលនយោបាយ ដើម្បីបំបិទមាត់អ្នករិះគន់គោលនយោបាយប្រើប្រាស់ដីធ្លី និងផែនការហេដ្ឋារចនាសម្ព័ន្ធនានា។
ស្របគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានរាយការណ៍ពីការចាប់ខ្លួនសកម្មជនរាប់សិបនាក់តាមអំពើចិត្តចំពោះការរិះគន់ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដែលសកម្មភាពនេះត្រូវបានគេមើលឃើញថាជាការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានតែឈ្មោះប៉ុណ្ណោះ។
កង្វះការទទួលខុសត្រូវនេះ បានធ្វើឱ្យបាត់បង់យន្តការផ្តល់មតិក្នុងន័យស្ថាបនាដែលមានប្រសិទ្ធភាពក្នុងការកែតម្រូវកំហុសឆ្គងនៃផែនការហេដ្ឋារចនាសម្ព័ន្ធ ឬការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្លាស់ប្តូរទីលំនៅ។
ជាលទ្ធផល សម្រាប់ពលរដ្ឋដែលកំពុងប្រឈមនឹងការជន់លិចផ្លូវថ្នល់ ឬការបាត់បង់ដីធ្លីដោយសារការសាងសង់ព្រែកជីក សន្យាបែបបច្ចេកវិទ្យានិយមនៃយុទ្ធសាស្ត្របញ្ចកោណនៅតែបន្តស្ថិតក្រោមស្រមោលនៃអំពើពុករលួយជាប្រព័ន្ធ និងការខ្វះនីតិរដ្ឋដែលមិនអាចកែប្រែបាន។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃយុទ្ធសាស្ត្របញ្ចកោណឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លោក សេង វណ្ណលី អ្នកជំនាញភូមិសាស្ត្រនយោបាយ បានផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលគួរផ្ដោតជាអាទិភាពលើការបង្កើនតម្លាភាពនៃយន្តការផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីមហាគម្រោងនានា ជាពិសេសព្រែកជីកហ្វូណនតេជោ ដោយត្រូវបើកចំហរព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយជម្លោះដីធ្លី និងកសាងទំនុកចិត្តជាមួយសាធារណជនឡើងវិញ។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត គួរផ្លាស់ប្តូរទិសដៅវិនិយោគពីការផ្តោតតែលើការសាងសង់ថ្មី មកបង្កើនថវិកាលើការប្រតិបត្តិការ និងថែទាំហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឱ្យមានគុណភាពខ្ពស់ ដើម្បីធានាបាននូវចីរភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កសិករ និងអ្នករស់នៅក្នុងទីក្រុងដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិ។
បន្ថែមលើនេះ ការពង្រឹងការអនុវត្តច្បាប់នគរូបនីយកម្មឱ្យមានភាពតឹងរ៉ឹង ជាពិសេស ការបញ្ឈប់ការចាក់ដីលុបបឹងធម្មជាតិ និងការស្ដារមុខមាត់ក្រុងព្រះសីហនុតាមរយៈការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ គឺជាកត្តាចាំបាច់ក្នុងការកសាងទីក្រុងដែលមានភាពធន់ និងគួរឱ្យចង់រស់នៅ។
ជាចុងក្រោយ អភិបាលកិច្ចល្អអាចសម្រេចទៅបាន លុះត្រាតែរដ្ឋាភិបាលបើកលំហរសេរីភាពឱ្យមានការចូលរួមរិះគន់ក្នុងន័យស្ថាបនាពីសំណាក់គណបក្សប្រឆាំង សង្គមស៊ីវិល និងសកម្មជននានា ដើម្បីបង្កើតជាយន្តការត្រួតពិនិត្យ និងផ្តល់មតិត្រឡប់ដែលមានប្រសិទ្ធភាពក្នុងការកែតម្រូវកំហុសឆ្គង បង្ក្រាបអំពើពុករលួយជាប្រព័ន្ធ និងលើកកម្ពស់នីតិរដ្ឋឱ្យក្លាយជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចយូរអង្វែង៕









