ជនជាតិ​ដើម​ព្នង​២​ភូមិ​នៅ​មណ្ឌល​គិរី​ឃាត់​គ្រឿង​ចក្រ​ក្រុម​​ហ៊ុន​​ឯក​ជន​​ឈូស​ឆាយ​ដី​ចម្ការ​សហគមន៍

តំណាង​​ជន​​ជាតិ​​ដើម​​ភាគ​​តិច​​ព្នង ១៥៦គ្រួសារ រស់​នៅ​ក្នុ្ងង​ភូមិ​ពូលុ និង​ភូមិពូទឺត ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រា​ដា បាន​ចួប​​ប្រជុំ​​គ្នា​​ជាមួយ​​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​តំណាង​ក្រុមហ៊ុន អ៊ីសាន លីហួរ (Isan Li Hor Co., Ltd) ដែល​ជា​​របស់​ឧកញ៉ា អ៊ឹង ស៊ីតានវីរៈ ហៅ​​ឧកញ៉ា លក្ខណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា។

លទ្ធផល​​កិច្ច​ប្រជុំ​នោះ អ្នកភូមិ​ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រគល់ដី​ ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​មាន​ទំហំ​ជាង ៨រយ​ហិកតា (៨.៦២០) ឋិត​នៅ​​ចំណុច​​អូរខិតពុត និង​អូររណាវ ក្នុងឃុំប៊ូស្រា ។

តំណាង​សហគមន៍​ឃុំប៊ូស្រា អ្នកស្រី កប់ លេត ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា​ថា អ្នកភូមិ ១៥៦ គ្រួសារ មាន​​ដី​ចម្ការ​​ចន្លោះ​កន្លះ​​ហិកតា រហូត​ជាង ៤ ហិកតា ​ដែល​អាស្រ័យផល​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​ដាំ​ដំណាំ​កាហ្វេ ផ្លែ​ប័រ  កៅស៊ូ និង​ស្រូវ ជាដើម ហើយ​ប្រសិន​បើ​អាជ្ញាធរ​យក​ដី​ដែល​ពួកគាត់​កំពុង​អាស្រ័យផល​ជូន​ក្រុមហ៊ុន  អ្នកភូមិ​នឹង​​គ្មាន​ដី​អាស្រ័យផល​ចិញ្ចឹម​ជីវិត​ទៀត​ឡើយ។

អ្នកស្រី កប់ លេត និយាយថា៖ «ជំហរ​របស់​សហគមន៍​ទុក​ដី​ហ្នឹង​ឱ្យ​ពួកខ្ញុំ​ ប្រើប្រាស់​អាស្រ័យផល​បន្ត​ទៀត បើ​សិន​ជា​ឱ្យ​ក្រុមហ៊ុន​ពួក​ខ្ញុំ​បាន​កន្លែង​ណា​ធ្វើ​អូន..។ ពួកខ្ញុំ​រស់​រាល់​ថ្ងៃ​ដោយសារ​ស្រែ​ចម្ការ បើ​អត់​ចម្ការ​ពួកខ្ញុំ​មាន​អី​ប្រើប្រាស់​ទៀត។ ឱ្យ​ដី​ទៅ​គេ​ ពួកខ្ញុំ​ស៊ីឈ្នួល​គេ​អត់​មាន​កម្លាំង​ទេ»។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា ​ជនជាតិ​ដើម​ភាគ​តិច​ជិត ១០០នាក់​ បាន​លើក​​គ្នា​​ឃាត់​​គ្រឿង​ចក្រ​​របស់​​ក្រុម​ហ៊ុន អ៊ីសាន លីហួរ (Isan Li Hor Co., Ltd) របស់​ឧកញ៉ា លក្ខណ៍ គ្រោង​នឹង​ឈូសឆាយ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។ មក​ទល់​​ពេល​​នេះ​ ក្រុមហ៊ុនបាន​ផ្អាក​សកម្មភាព​ឈូសឆាយ ដោយសារ​ពលរដ្ឋ​ជា​ច្រើន​នាក់​លើក​គ្នា​តវ៉ា​រារាំង និង​ព្រមាន​ដុត​គ្រឿង​​ចក្រ​ចោល ប្រសិនបើក្រុមហ៊ុនមិនផ្អាក ។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក លន់ សុភាព បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​ថា​ អាជ្ញាធរ​នឹង​ចុះ​​​ពិនិត្យ​ផល​ប៉ះពាល់​ជាក់​ស្តែង​នៅ​ពេល​ឆាប់ៗ​នេះ ប្រសិន​បើ​មាន​ដំណាំ​របស់​ពលរដ្ឋ មន្ត្រីនឹងសិក្សា​កាត់​ឆ្វៀល​ចេញ ក៏​ប៉ុន្តែ​ប្រសិន​បើ​តំបន់​នោះ ជា​ដី​ព្រៃ​អាជ្ញាធរ​នឹង​ប្រគល់​ដី​ជូន​ក្រុមហ៊ុន​វិនិយោគ​ ស្រប​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិ​បាល ដែលវិនិយោគ​ឱ្យ​ក្រុមហ៊ុនជាង ១ពាន់ហិកតា (១.១១៧) កាល​ពី​ពេល​កន្លង​ទៅ។

មេ​ភូមិ​ពូទឺត ឃុំ​ប៊ូស្រា​ ឈ្មោះ ស្រេង អៀត ប្រាប់​វីអូឌី​ថា ពលរដ្ឋ​ចំនួន ១៥៦ គ្រួសារ ​បាន​ដាំ​ដុះ​ដំណាំ​កសិកម្ម​រួមមាន កៅស៊ូ ម្រេច ដំឡូង និង​ចេក ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ចិញ្ចឹម​ជីវិត។ ហេតុ​នេះ​ថ្នាក់លើ​គួរតែ​ឆ្វៀល​តំបន់​នោះ​​ជូន​ពលរដ្ឋ​អាស្រ័យផល​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក​​បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​មាន​ដី​ដាំដុះ​ចិញ្ចឹម​ជីវិត​ នឹង​ជួយ​លើក​កម្ពស់​ជីវភាព​សហគមន៍​។

លោក ស្រេង អៀត និយាយ​ថា៖ «ឆ្វៀល​ឱ្យ​ពួកគាត់​វិញ​ កុំឱ្យ​គាត់​ពិបាក​ចិត្ត​ធ្វើ​អាស្រ័យផល​អ៊ីចឹង។ បើ​គាត់​ធ្វើ​យូរ​​ឆ្នាំ​​ហើយ ជាង ១០ ឆ្នាំ​ហើយ។ អភិបាល​ខេត្ត​បាន​និយាយ​ដែរ​ ម៉េច ម៉ា​ឆ្វៀល​របស់​គាត់​ត្រង់​ណាៗ បោះ​ព្រំ​ទុក​ឱ្យ​​ហើយ»

វីអូឌី​មិន​ទាន់​អាច​ទាក់ទង​ឧកញ៉ា អ៊ឹង ស៊ីតានវីរៈ ហៅឧកញ៉ា លក្ខណ៍ ម្ចាស់ក្រុមហ៊ុន អ៊ីសាន លីហួរ (Isan Li Hor Co., Ltd) បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​មណ្ឌលគិរី លោក រ័ត្ន ថាវី យល់​ថា ការ​​ឈូស​​ឆាយ និង​ហ៊ុមព័ទ្ធ​យក​ដី​ដែល​សហគមន៍​អាស្រ័យផល​ជា​រឿង​ខុសច្បាប់​ ហើយ​អាជ្ញាធរ​ត្រូវ​រក​ដំណោះស្រាយ​​ជូន​ពលរដ្ឋ ដោយ​ត្រូវ​ប្រគល់​ដី​ជូន​សហគមន៍​ប្រើប្រាស់វិញ។

លោក រ័ត្ន ថាវី និយាយ​ថា៖ «អាជ្ញាធរ​ត្រូវ​ដុត​ជើង​ដុត​ដៃ ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ ធ្វើ​ម៉េច​ទប់ស្កាត់​កុំ​ឱ្យ​ក្រុមហ៊ុន​ឈូស ហើយ​យក​ដី​ទាំង​អស់​ហ្នឹង​ប្រគល់​ឱ្យ​ពលរដ្ឋ​វិញ»

​តាម​ការ​ស្រាវជ្រាវ​របស់​វីអូឌី (VOD)ក្រុមហ៊ុន អ៊ីសាន លីហួរ (Isan Li Hor Co., Ltd) របស់​អ្នកឧកញ៉ា អ៉ឹង ស៊ីតាត​វិរៈ ហៅ​​ឧកញ៉ា លក្ខណ៍ មិន​​ទាន់​​ឃើញ​​មាន​ទិន្នន័យ​លម្អិត​ផ្សព្វផ្សាយ​ជា​សាធារណៈ ​បំពេញ​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ បង្ហាញ​ពី​ទំហំ​ដី​វិនិយោគ​ជាក់លាក់​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​គម្រោង​វិនិយោគ របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​នៅ​​ឡើយ​​ទេ។

តែ​យ៉ាង​ណា​ សហគមន៍​ថា ក្រុមហ៊ុន​នេះ​វិនិយោគ​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​ និង​កសិឧស្សាហកម្ម ក្នុង​តំបន់​ភូមិ​ភាគ​ឦ​សាន្ត ជាពិសេស​ក្នុង​ខេត្ត​មណ្ឌលគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ