ការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានភ្នំពេញចាស់ឱ្យក្លាយជាទីក្រុងអេប៉ុង» កំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ដែលរំពឹងចង់ឱ្យទីនេះក្លាយជាសួនសាធារណៈ។
នេះគឺជាឈ្មោះគម្រោងប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មមួយ ដែលមានបំណងកែប្រែអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យក្លាយជាលំហសហគមន៍ប្រើប្រាស់បានច្រើនយ៉ាង។
ទោះមានឈ្មោះថាជា ទីក្រុងអេប៉ុង តែវាគឺជាគំរូស្ថាបត្យកម្មមួយដែលផ្តោតទៅលើធម្មជាតិ រួមមានការបង្កើតច្រករបៀងបៃតង សួនច្បារ ជាពិសេសគឺការអនុញ្ញាតឱ្យទេសភាពទាំងនោះស្រូបយក ត្រង រក្សាទុក និងបញ្ចេញទឹកភ្លៀងដោយធម្មជាតិ។
យោងតាមគេហទំព័រ The Gentry Hub ទីក្រុងអេប៉ុង(sponge city) ត្រូវបានរចនាឡើងដើម្បីស្រូបយកបរិមាណទឹកនិងបញ្ចេញត្រឡប់ទៅបរិស្ថានវិញ។ វាប្រៀបបានដូចជាអេប៉ុង ដែលធ្វើពីផ្ទៃមានរន្ធ និងចន្លោះតូចៗដែលមានសមត្ថភាពស្រូបយក និងទប់ទឹក ដែលត្រូវបានរៀបចំដើម្បីកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅក្នុងទីក្រុង។
គម្រោងនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ក្បែរប្រលានយន្តហោះពោធិ៍ចិនតុង បង្ហាញក្ដីរីករាយ ដោយហេតុថាវាលបេតុងដែលទុកចោលកន្លះឆ្នាំមកនេះ នឹងត្រូវក្លាយជាសួនឧទ្យាននៅកណ្ដាលទីប្រជុំជនដ៏មមាញឹក។
ពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ កញ្ញា យិន ម៉ានូ ប្រាប់វីអូឌីថា វត្តមានសួនច្បារនៅក្នុងតំបន់នេះ នឹងធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរជាងមុន ដោយសារមានលំហបៃតង អាចជួបជុំ លំហែអារម្មណ៍ និងហាត់ប្រាណ។
កញ្ញា យិន ម៉ានូ និយាយថា៖ «បានទាំងការជួបជុំ បានទាំងសុខភាពនៅដែលពលរដ្ឋដើរនៅក្នុងសួន ហើយអាចធ្វើឱ្យគាត់បន្ធូរអារម្មណ៍តានតឹងដែរ ព្រោះយើងធ្វើការពេញមួយថ្ងៃស្ត្រេសទៅ ពេលដែលយើងមានកន្លែង Relax (លំហែ) អ៊ីចឹងទៅល្អ»។
បម្រើការលើផ្នែកអាកាសចរស៊ីវិលអស់រយៈពេល៦៦ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទទ្វារជាស្ថាពរកាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រោយរដ្ឋាភិបាលផ្លាស់ទៅប្រើប្រាស់ព្រលានយន្តហោះថ្មីលំដាប់ 4F។
លាតសន្ធឹងលើផ្ទៃដីជាង ៣៦០ហិកតា (៣៦៦.៧២ហិកតា) ជាមរតកបន្សល់ទុកតាំងតែពីសម័យសង្គមរាស្ត្រនិយម ព្រលានយន្តហោះពោធិ៍ចិនតុង បានក្លាយជាប្រធានបទវែកញែក និងជាក្ដីកង្វល់របស់សាធារណជនដែលបារម្ភថា រដ្ឋាភិបាលនឹងលក់ឱ្យក្រុមហ៊ុនឯកជន។
ពលរដ្ឋម្នាក់ទៀតនៅខណ្ឌសែនសុខ លោក គឹម ជីលីន សាទរ និងភ្ញាក់ផ្អើលចំពោះការប្រើប្រាស់គម្រូទីក្រុងអេប៉ុង ស្របពេលដែលទីក្រុងភ្នំពេញតែងជួបវិបត្តិជំនន់ទឹកភ្លៀង។ លោកសង្ឃឹមថា គម្រោងនេះ នឹងជួយដោះស្រាយបញ្ហាបរិស្ថានទាំងទឹកជំនន់ ខ្យល់ពុល និងការកើនកម្ដៅ ហើយទីនោះគួរតែត្រូវបានក្លាយជាលំហបៃតងដែលអាចផ្ដល់ទាំងការសម្រាក ការកម្សាន្ត និងចំណេះដឹងដល់ប្រជាពលរដ្ឋ។
លោក គឹម ជីលីន និយាយថា៖ «អ៊ីចឹងខ្ញុំគិតថា ខណៈពេលដែលវាជាទីក្រុងអេប៉ុងផង វាជាសួនច្បារបៃតងផង ខ្ញុំគិតថានេះជាសញ្ញាល្អមួយ ដូចដែលខ្ញុំបានជម្រាបថាវាគួរតែស័ក្ដិសមជាមជ្ឈមណ្ឌលជីវៈចម្រុះបៃតង ជាជាងត្រឹមតែជាមជ្ឈមណ្ឌលកម្សាន្ត»។
តាមរយៈកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ» គណៈកម្មាការបានប្រកាសលទ្ធផលកាលពីថ្ងៃទី៩ ខែមីនា ដោយស្វែងរកឃើញវិស្វករវ័យក្មេងចំនួនពីរក្រុមដែលទទួលបានជ័យលាភីលេខ១ស្ទួន ក្នុងចំណោម ២៥០ក្រុម ដែលមានស្ថាបត្យករចូលរួមប្រកួតសរុប ៨៥០នាក់។ កម្មវិធីនេះ រៀបចំដោយសមាគមស្ថាបត្យករខ្មែរ សហការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈស្ថាបត្យករកម្ពុជា។
យោងតាមការធ្វើបទបង្ហាញរបស់ក្រុមជ័យលាភីមួយ ឈ្មោះ«ស្ថាបត្យកម្មបណ្ណាល័យហ្លួងម៉ែ» បានឱ្យដឹងថា ផែនការមេរបស់គម្រោងគឺ «រង្វង់បៃតង» ដែលធ្វើទៅតាម ដានបរិវេណនៃអាកាសយានដ្ឋានចាស់ ដោយភ្ជាប់ព្រៃឈើថ្មី វាលស្មៅ និងផ្លូវកម្សាន្ត។ ចំណែកផ្នែកធំនៃតំបន់អាកាសយានដ្ឋាន នឹងត្រូវបានផ្លាស់ប្តូរទៅជាតំបន់សើម បឹងស្តុកទឹក និងតំបន់ទំនាបលិចទឹកដែលអាចកាត់បន្ថយទឹកភ្លៀង ខណៈពេលដែលតំបន់នេះគាំទ្រដល់ជីវចម្រុះ និងសត្វព្រៃផងដែរ។
តាមការគូសវាស់ គម្រោងនេះនឹងបង្កើនជីវចម្រុះដល់ទីក្រុង ព្រមទាំងកែលម្អបញ្ហាបរិស្ថាន និងសង្គម ដូចជា ការកាត់បន្ថយកម្រិតនៃការបំពុលបរិស្ថាន ការបង្កើតកន្លែងលើកទឹកចិត្តដល់ការផ្លាស់ប្តូររវាងមនុស្សជំនាន់មុនទៅកាន់មនុស្សជំនាន់ក្រោយ ដោយបើកក្នុងនាមជាកន្លែងសាធារណៈ កន្លែងកម្សាន្ត ទីលានកីឡា និងសួនច្បារវប្បធម៌សម្រាប់ការប្រើប្រាស់ពេញមួយឆ្នាំ។
លើសពីនេះ វិស័យអប់រំ និងប្រវត្តិសាស្ត្រក៏មានវត្តមានក្នុងគម្រោងផងដែរ ដោយរួមបញ្ចូលព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីសម្តែងការដឹងគុណ និងគោរពវិញ្ញាណក្ខន្ធដល់វីរៈកងទ័ព។
បច្ចុប្បន្ន ក្រុមស្ថាបត្យករដែលទទួលបានជ័យលាភី កំពុងធ្វើបទបង្ហាញនៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បន្តទៀត ដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាង៕









