ពលរដ្ឋមួយចំនួន បានអះអាងមកថា តម្លៃទំនិញនៅលើទីផ្សារកំពុងហក់ឡើងថ្លៃ តាមតម្លៃប្រេងឥន្ធនៈ កំពុងគំរាមកំហែងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលការណ៍នេះ ពួកគេជំរុញឱ្យរដ្ឋាភិបាលអន្តរាគមន៍បញ្ចុះតម្លៃ ដើម្បីកុំឱ្យពួកគេជួបវិបត្តិជីវភាពធ្ងន់ធ្ងរ ខណៈជីវភាពបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាស្រាប់។
ពលរដ្ឋរត់កង់បីម្នាក់ រស់នៅរាជធានីភ្នំពេញ លោក ខៀវ បញ្ញា ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែមីនាថា លោកកំពុងជួបផលលំបាកយ៉ាងខ្លាំង បន្ទាប់ពីតម្លៃហ្គាសហក់ឡើងខ្លាំងគុណនឹងពីរ បើប្រៀបធៀបនឹងខែមុន។
លោកថា កាលពីមុនចាក់ហ្គាសតែ ២ម៉ឺនរៀល អាចរត់បាន១ថ្ងៃពេញ និងអាចរកចំណូល ១០ម៉ឺនរៀលក្នុង១ថ្ងៃ។ ប៉ុន្តែបច្ចុប្បន្នលោកត្រូវចាក់អស់ ៥ម៉ឺនរៀល ហើយចំណូលថយចុះជាងមុនទៅទៀត។ សម្រាប់លោកគឺចង់ស្នើឱ្យរដ្ឋាភិបាលធ្វើយ៉ាងណារក្សាតម្លៃហ្គាសនៅប្រហាក់ប្រហែលមុន។
លោក ខៀវ បញ្ញា និយាយថា៖ «ខ្ញុំចង់ស្នើឱ្យរាជរដ្ឋាភិបាលឱ្យគាត់ជួយ កុំឱ្យប្រេងសាំងដូចជាហ្គាសហ្នឹងឡើងថ្លៃ ឱ្យគាត់ចុះតម្លៃដូចតម្លៃពីមុនវិញមក។ ហ្នឹងអាចប្រជាពលរដ្ឋដូចពួកខ្ញុំរត់កង់បីនេះ បានគ្រាន់បានលុយ ណាមួយថ្លៃផ្ទះជួល ថ្លៃកូនរៀន គ្រាន់បានលុយសល់សម្រាប់ខ្លួនឯងពេលឈឺ។ រាល់ថ្ងៃអត់មាន ពេលឈឺអត់មានលុយទេ ជាក់ស្ដែង ដូចពេលទៅកែឈឺអីចឹង អត់មានទៅការលុយផ្ទះ អត់មានសល់ទេ»។
ពលរដ្ឋម្នាក់ទៀតដែលប្រកបរបរលក់ដូរគ្រែដេកធ្វើពីឈើតាមគោយន្ត គឺលោក ឃាង ម៉ុង ប្រាប់វីអូឌីថា ក្រោយពីតម្លៃម៉ាស៊ូតហក់ឡើងថ្លៃខ្លាំងលោកនិងអ្នកលក់ផ្សេងទៀត ត្រូវបង្ខំចិត្តបញ្ឈរគោយន្តនៅមួយកន្លែងតាមដងផ្លូវ។
ខុសពីរាល់ដងលោកដឹកលក់តាមភូមិអ្នកស្រុក។ ការនេះធ្វើឱ្យលក់មិនសូវដាច់ដូចមុនឡើយ។ តែយ៉ាងណា លោកពុំមានជម្រើសទេ ព្រោះតម្លៃម៉ាស៊ូតហក់ឡើងថ្ងៃខ្លាំងពេក ហើយលោកនិងភរិយាត្រូវសន្សំសំចៃខ្លាំងដើម្បីបានថវិកាផ្ញើទៅផ្ទះនៅឯស្រុកនៅខេត្តកំពង់ធំ។ សម្រាប់លោក ចង់ស្នើឱ្យរដ្ឋាភិបាលជួយបញ្ចុះតម្លៃម៉ាស៊ូតមកត្រឹមជាង ៣០០០រៀលវិញ។
លោក ឃាង ម៉ុង និយាយថា៖ «អត់សូវមានលុយចាក់ លក់អត់ដាច់ ពិបាកលក់អត់ដាច់ផង ណាបញ្ហាថ្លៃ សាំងថ្លៃ លក់អត់ដាច់ទេ យើងបញ្ឈរអញ្ចឹងម៉ង។ អត់បានរុញតាមភូមិតាមអីទេ។ យ៉ាប់ហ្មង ពិបាក រឿងដើរតាមនេះពិបាក។ សាំងឡើងថ្លៃទៅយ៉ាប់ហ្មង អត់បានរុញលក់ទេ មានតែបញ្ឈរតាមចិញ្ចើមថ្នល់អញ្ចឹងម៉ង»។
ចំណែក ពលរដ្ឋម្នាក់ទៀតដែលដឹកផ្លែឈើលក់នៅរាជធានីភ្នំពេញ អ្នកស្រី រ៉ុម ចាន់ឌឿន ប្រាប់វីអូឌីថា អ្នកស្រីជួបការលំបាកខ្លាំងបន្ទាប់ពីតម្លៃប្រេងសាំង និងហ្គាសហក់ឡើងខ្លាំងបែបនេះ។ សម្រាប់អ្នកស្រីនិងស្វាមីត្រូវធ្វើដំណើរដឹកផ្លែឈើរាល់ថ្ងៃ ដោយខានពុំបានឡើយ ព្រោះនេះជាមុខរបរប្រចាំថ្ងៃដើម្បីចិញ្ចឹមគ្រួសារ។
អ្នកស្រី រ៉ុម ចាន់ឌឿន និយាយថា៖ «ប្រជាពលរដ្ឋពិបាកខ្លាំង គឺប្រេងសាំងឡើងថ្លៃហ្មងឥឡូវ។ ប្រេងសាំងឡើងថ្លៃហ្មង ថ្លៃពេកឱ្យចង់សុំរាជរដ្ឋាភិបាលយើង ឱ្យចាត់វិធានការម៉េចឱ្យប្រេងសាំងចុះថោក បានប៉ុន្មានចុះថោកជាងមុន ឬប្រហែលមុនក៏បានដែរ។ ព្រោះឥឡូវពិបាកខ្លាំងរឿងប្រេងសាំងណាស់»។
ក្រសួងពាណិជ្ជកម្មតែងកំណត់តម្លៃប្រេងឥន្ធនៈសម្រាប់ទីផ្សារលក់រាយ។ គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ប្រេងម៉ាស៊ូតកើនដល់ ៦៥៥០រៀលក្នុង១លីត្រ ឯសាំងធម្មតា តម្លៃ ៥៥០០រៀលក្នុង១លីត្រ ។ ដោយឡែកតម្លៃហ្គាសពុំមានកំណត់នោះទេ ដូច្នេះកន្លែងខ្លះលក់ ១លីត្រ ៣០០០រៀល ឬលើសពីនេះ។
វីអូឌី ពុំអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ទាក់ទងនឹងតម្លៃប្រេងនៅថ្ងៃទី១៨ ខែមីនា នេះ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានថ្លែងប្រាប់ទូរទស្សន៍ជាតិកាលពីថ្ងៃទី១៧ មីនា ថា បញ្ហាតម្លៃសាំងហក់ឡើងនេះជាបញ្ហាសកល។ លោកថា តម្លៃនេះនៅទាបជាងកាលពីឆ្នាំកន្លងទៅ ដែលឡើងខ្ពស់ខ្លាំងដល់ ៨០០០រៀលក្នុងលីត្រ។ លោកថែមទាំងប្រៀបធៀបតម្លៃប្រេងនៅកម្ពុជា ថា មិនលើសពីទីផ្សារអាមេរិកនោះទេ ខណៈផលទុនសរុប និងប្រាក់ខែអប្បបរមារបស់ពលរដ្ឋខ្មែរ និងអាមេរិកខុសគ្នាដូចមេឃ និងដី។
នៅពេលតម្លៃសាំងបន្តហក់ឡើងឡើង គណបក្សកម្លាំងជាតិកាលពីថ្ងៃទី១៧ ខែមីនា បានចេញសេចក្ដីការណ៍ស្នើឱ្យរដ្ឋាភិបាលទំលាក់ពន្ធលើការនាំចូលប្រេងឥន្ធនៈ ក្នុងនោះប្រេងសាំង និងប្រេងម៉ាស៊ូត ឱ្យមកត្រឹមសូន្យដុល្លារ ចំណែកអាករលើតម្លៃបន្ថែម ទំលាក់ពីដប់ភាគរយ(10%) មកត្រឹមសូន្យភាគរយ(0%)។
ជុំវិញការស្នើទម្លាក់ពន្ធលើតម្លៃប្រេងនេះ អ្នកជំនាញសេដ្ឋកិច្ចមួយរូបគឺលោក អាន ស៊ីថាវ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៨ មីនា ថា បើរដ្ឋាភិបាលអាចដកពន្ធប្រេងឥន្ធនៈក្នុងអន្តរកាល គឺពិតជាអាចជួយអ្នកប្រើប្រាស់បាន ដូចវៀតណាមបានធ្វើរួចមកហើយ។ ប៉ុន្តែលោកមើលឃើញថា សម្រាប់កម្ពុជាការរក្សាបានទីផ្សារផ្គត់ផ្គង់ប្រេង កាន់តែចាំបាច់។
លោក អាន ស៊ីថាវ និយាយថា៖ «ស្ថានភាពខ្មែរយើង យើងត្រូវមើលបរិបទមួយទៀត ដែលយើងនិយាយពីនិរន្តរភាពនៃការផ្គត់ផ្គង់។ ឧបមាថា យើងធ្វើ ប៉ុន្តែយើងពិបាករកអ្នកផ្គត់ផ្គង់! ដូចតាមខ្ញុំដឹង អាចប្រទេសខ្លះគាត់ពិបាករកអ្នកផ្គត់ផ្គង់ អត់មានអ្នកលក់សាំងឱ្យ គាត់អាចបិទប្រទេស ឬក៏ធ្វើការពីរ បី ថ្ងៃ ក្នុងមួយសប្ដាហ៍មានហូរហែ យើងដឹងតាមបណ្តាសារព័ត៌មានអញ្ចឹង ខ្មែរយើងចង់ធានាឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់ អញ្ចឹងប្រេងសាំងនៅខ្មែរយើងមានទាំងបរទេសមានទាំងក្នុងស្រុកហ្នឹង យើងត្រូវធានាឱ្យមានការផ្គត់ផ្គង់គ្រប់គ្រាន់»។
ជុំវិញបញ្ហានេះដែរ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ថ្លែងប្រាប់វីអូឌីថា បញ្ហាតម្លៃប្រេងសាំង និងម៉ាស៊ូតហក់ឡើងខ្លាំងបាន ប៉ះពាល់ដល់ជីវភាពពលរដ្ឋយ៉ាងខ្លាំង ពិសេសវិស័យកសិកម្ម។ សម្រាប់លោកក៏ស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូល និងអាករពិសេសផងដែរ។ លោកជំរុញឱ្យរដ្ឋាភិបាលពិចារណាដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្នុងដំណាក់កាលនេះ។ ចំពោះដំណោះស្រាយយូរអង្វែង លោកស្នើឱ្យរដ្ឋាភិបាលវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ (Solar) ឱ្យបានច្រើនសម្រាប់វិស័យកសិកម្ម។ បន្ថែមពីនេះលោកចង់រដ្ឋាភិបាលកំណត់អាទិភាពសម្រាប់ពលរដ្ឋដែលត្រូវប្រើប្រាស់ប្រេងចាំបាច់ តាមរយៈការចេញប័ណ្ណសម្គាល់ ឬបុងដើម្បីសង្គ្រោះកសិករ និងធ្វើដោយតម្លាភាព ទើបអាចជួយកសិករបានទាន់ពេល។
លោក សុន ឆ័យ ថ្លែងថា៖ «ដូច្នេះវាត្រូវតែមានយន្តការជួយគាត់ (កសិករ)។ ប្រជាពលរដ្ឋយើងជាកសិករនេះ រងគ្រោះតាំងពីស្រូវចុះថោក តាំងពីស្អីៗទាំងអស់គ្រប់បែបយ៉ាង។ ដូច្នេះ យើងជារដ្ឋាភិបាល យើងត្រូវជួយគាត់ ជួយគាត់នៅពេលហ្នឹង។ ប្រទេសជាច្រើន សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសអ្នកមានក៏គេជួយឧបត្ថម្ភទៅដល់ពួកកសិករគេ ដើម្បីកុំឱ្យគាត់ក្ស័យធន ឬក៏គាត់ខ្វះខាតទៅ គាត់ឈប់ផលិត»។
បច្ចុប្បន្នតម្លៃប្រេងសាំងនៅវៀតណាម និងថៃ ប្រហែល ៤ពាន់រៀលក្នុង១លីត្រ។ លោក សុន ឆ័យ អះអាងថា ប្រទេសទាំងនោះបានជួយពលរដ្ឋគេ តាមរយៈការមិនយកពន្ធដោយប្រសិទ្ធភាព។ លើសពីនេះ លោកបង្ហាញយន្តការចាំបាច់មួយចំនួនសម្រាប់រដ្ឋាភិបាល ដូចជា កាត់បន្ថយផ្នែករដ្ឋបាល ក្រដាសស្នាម កម្រៃផ្សេងៗដែលធ្វើឱ្យអ្នកលក់រាយបង្កើនតម្លៃជាដើម។ ទន្ទឹមនឹងនេះ បញ្ហាអគ្គិសនី លោកក៏ស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃផងដែរ ហើយចុងក្រោយគឺការគ្រប់គ្រងទីផ្សារឱ្យមានតម្លាភាព៕









