លោក ត្រាំ ថា​ការ​ដែល NATO បដិសេធ​មិន​ជួយ​លើ​បញ្ហា​អ៊ីរ៉ង់ គឺ​ជា​”កំហុស​​ដ៏​​ឆោត​​ល្ងង់​​បំផុត”

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​១៧ខែ​មីនា បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សម្ព័ន្ធ​មិត្ត​អង្គ​ការ​ណាតូ (NATO) ភាគ​ច្រើន​ថា ពួក​គេ​មិន​ចង់​ចូល​ពាក់​ព័ន្ធ​ក្នុង​ប្រតិ​បត្តិ​ការ​យោធា​របស់​ប្រទេស​នេះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ ដែល​ជា​ទង្វើ​មួយ​លោក​បាន​ពណ៌នា​ថា​ជា “កំហុស​ដ៏​ឆោត​ល្ងង់​បំផុត”។

ប៉ុន្តែ​លោក ត្រាំ មិនបានផ្តល់សញ្ញាណាមួយថា លោកមានគម្រោងដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធ​មិត្ត​ណាតូចំពោះ​ជំហរ​របស់​​ពួកគេនោះទេ ខណៈដែលលោកបានឆ្លើយសំណួររបស់អ្នកយកព័ត៌មាន នៅក្នុងការិយា​ល័យ Oval Office ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៃទិវា St. Patrick របស់នាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin។

លោក ត្រាំ បាននិយាយថា បណ្តាប្រទេសណាតូបានគាំទ្រសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទីបីហើយ បើទោះបីជាពួកគេមិនចង់ចូលរួមពាក់ព័ន្ធក៏ដោយ។

លោក ត្រាំ បានមានប្រសាសន៍ថា៖ «ខ្ញុំគិត​ថា ណាតូកំពុងប្រព្រឹត្តកំហុស​ដ៏ឆោតល្ងង់បំផុត។ មនុស្ស​គ្រប់​គ្នា​ឯកភាព​​ជាមួយ​យើង ប៉ុន្តែ​ពួក​គេ​មិន​ចង់​ជួយ​ទេ។ ហើយ​យើង​ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ ក្នុង​នាម​ជា​សហរដ្ឋ​អាមេ​រិក យើង​​ត្រូវ​​តែ​ចង​ចាំ​រឿង​នោះ ពីព្រោះ​យើង​គិត​ថា​វា​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត»។

ចំពោះសំណួរដែលថា តើលោកនឹងសងសឹកសម្ព័ន្ធមិត្តណាតូចំពោះការដកថយនេះដែរ​ឬទេ លោក ត្រាំ បាន​ឆ្លើយ​ថា លោក “មិន​ទា​ន់​មានអ្វីនៅក្នុងចិត្តនៅឡើយទេ”។

កន្លងមក ប្រធានាធិបតីរូបនេះ ធ្លាប់បានគំរាមដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ ប៉ុន្តែលោក​មិន​បាន​លើក​​​ឡើង​ពី​រឿង​​នេះ​ទេ កាល​ពីថ្ងៃទី​១៧ខែ​មីនា។

លោក ត្រាំ បានអំពាវនាវឱ្យបណ្តាប្រទេសនានាជួយយាមល្បាតនៅច្រកសមុទ្រ Hormuz ដែលជាកន្លែងដឹក​ជញ្ជូនប្រេង ២០% របស់ពិភពលោក បន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រា​អែល ដោយប្រើប្រាស់ដ្រូន មីស៊ីល និងមីន ដើម្បីបិទច្រកសម្រាប់នាវាដឹកប្រេងយ៉ាងមាន​ប្រសិទ្ធភាព។

ប៉ុន្តែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយចំនួនបាននិយាយកាលពីថ្ងៃទី​១៦ខែ​មីនា​ថា ពួក​គេ​មិន​មាន​គម្រោង​ភ្លាមៗ​ក្នុង​ការ​បញ្ជូន​នាវាទៅជួយបើកច្រកសមុទ្រឡើងវិញនោះទេ ដែលនេះគឺជាការបដិសេធយ៉ាង​ដាច់អហង្ការចំពោះ​ការអំពាវនាវសុំការគាំទ្រផ្នែកយោធារបស់លោក ត្រាំ។

កាលពីព្រឹកថ្ងៃទី​១៦ខែ​មីនា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «ដោយ​សារ​តែ​ការ​ពិត​ដែល​ថា​យើងទទួលបានជោគជ័យផ្នែកយោធាយ៉ាងខ្លាំង យើងមិន ‘ត្រូវការ’ ឬប្រាថ្នាចង់បានជំនួយពីបណ្តាប្រទេស​​ណាតូទៀតទេ យើងមិនដែលត្រូវការឡើយ!»។ លោកក៏បានបញ្ជាក់ចំៗឈ្មោះ​ប្រទេសជប៉ុន អូស្ត្រាលី និងកូរ៉េខាង​ត្បូងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ