អាណាព្យាបាលមួយចំនួន នៅខេត្តព្រះសីហនុ អះអាងថា ការចែកចាយគ្រឿងញៀន នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ហាក់កម្រើកឡើងវិញ ក្រោមក្រសែភ្នែកអាជ្ញាធរពាក់ព័ន្ធ ដែលរដ្ឋាភិបាលចាំបាច់ត្រូវចាត់ វិធានការបន្ទាន់ ដើម្បីបង្ហាញការទទួលខុសត្រូវ ចំពោះជោគវាសនាជាតិ និងធនធានមនុស្ស។
លោក ជួប វាសនា វ័យប្រមាណ ៥០ឆ្នាំ រស់នៅក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១៩ខែមីនានេះថា សព្វថ្ងៃ សកម្មភាពចែកចាយ ឬជួញដូរគ្រឿងញៀន ហាក់បានកំរើកឡើងវិញ។ លោកសំអាងថា យុវជនជាច្រើនក្រុមតែងតែប្រមូលផ្តុំគ្នា សេព ឬជក់គ្រឿងញៀននេះ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ ហាក់មិនញញើតសមត្ថកិច្ចទេ។
បើតាមបុរសនោះ បញ្ហានេះ វាទាមទារឲ្យសមត្ថកិច្ចជំនាញមានឆន្ទៈខ្ពស់ មិនគប់គិតជាមួយជនល្មើស ហើយចុះបង្ក្រាបជាប្រចាំ ទើបអាចទប់ស្កាត់បាន។
លោកគូសបញ្ចាក់ថា បច្ចុប្បន្ន ទាំងរូបលោក និងពលរដ្ឋផ្សេងទៀត កំពុងព្រួយបារម្ភពីជោគវាសនាប្រទេសជាតិ បារម្ភពីសុវត្ថិភាពរស់នៅ និងបារម្ភបាត់បង់ធនធានមនុស្សដោយឥទ្ធិពលគ្រឿងញៀននេះ។
លោកថា៖ « ក្នុងនាមជាអាណាព្យាបាលយុវជនជំនាន់ក្រោយ សូមសំណូមពរដល់សមត្ថកិច្ចធ្វើយ៉ាងណាទប់ស្កាត់ការហូរចូល ឬការផលិតគ្រឿងញៀនគ្រប់ប្រភេទ ឬធ្វើយ៉ាងណា បើមិនបាន ១០០%ទេ ក៏សូមឲ្យសកម្មភាពទប់ស្កាត់ហ្នឹង ឲ្យមានភាពសស្រាក់សស្រាំ ដើម្បីកាត់បន្ថយកុំឲ្យសង្គមយើង ទទួលយកនូវគ្រឿងញៀននេះច្រើនពេក។ គ្រឿងញៀននាពេលបច្ចុប្បន្ន វាហាក់ដូចជាងាយក្នុងការទិញ ហើយមនុស្សនៅជុំវិញខ្លួន ហាក់បីដូចជា មានការប្រើប្រាស់គ្រឿងញៀនហ្នឹងច្រើន »។
ប្រហាក់ប្រហែលគ្នានេះដែរ លោក ស៊្រុន លី រស់នៅក្រុងព្រះសីហនុ និយាយថា បញ្ហាគ្រឿងញៀនកំពុងធ្វើវាយលុកមូលដ្ឋាននេះ មានវិសាលភាពគួរឲ្យព្រួយបារម្ភបំផុត។ លោកថា ដ្បិតបទល្មើសនេះ កំពុងបន្តចែកចាយយ៉ាងសកម្ម ហើយក្រុមយុវជនមិនពិបាករកទិញគ្រឿងញៀនទាំងនេះ មកជក់ឬសេពឡើយ។
សម្រាប់ លោក ស៊ុន លី បញ្ហានេះ កម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាច្រើនករណី បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។ ប៉ុន្តែថា បច្ចុប្បន្ន បទល្មើសនេះកំពុងរីករាលដាលខ្លាំងជាងមុន។
លោកថា៖ «ចំពោះការចែកចាយគ្រឿងញៀននៅក្នុងសង្គមរបស់យើង គឺងាយស្រួលរកទិញមកប្រើប្រាស់ណាស់ គឺងាយស្រួលបំផុត នេះបើតាមខ្ញុំមើលឃើញ។ បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយសម្រាប់យុវជនជំនាន់ក្រោយ និងសង្គមរបស់យើង ព្រោះបើតាមការមើលឃើញការបង្ក្រាបរបស់សមត្ថកិច្ចម្តងៗ គឺ បង្ក្រាបបានច្រើនករណីណាស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបង្ក្រាបមិនចេះអស់សោះ គឺរិតតែកើនឡើងទ្វេដងថែមទៀត »។
ពលរដ្ឋម្នាក់ទៀតសុំលាក់អត្តសញ្ញាណរស់នៅស្រុកស្ទឹងហាវ បានអះអាងថា ក្នុងមូលដ្ឋាននេះ សម្រាប់គ្រួសារទាំងឡាយណា ដែលមានកូនប្រុសក្នុងបន្ទុក គឺភាគច្រើនសេពគ្រឿងញៀន ឬញៀនថ្នាំ។ លោកចង់ឃើញកម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាបបញ្ហារាំរ៉ៃនេះឱ្យមានប្រសិទ្ធភាព។
យ៉ាងណា វីអូឌី មិនអាចទាក់ទងអធិការនគរបាលក្រុងព្រះសីហនុ លោក តី វិសាល ដើម្បីសុំការពន្យល់ជុំវិញការលើកឡើងរបស់ពលរដ្ឋខាងលើនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប៉ុន្តែកន្លងមក លោក តី វិសាល ធ្លាប់ប្រាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ករណីគ្រឿងញៀននេះ សមត្ថកិច្ចជំនាញមិនព្រងើយកន្តើយទេ ដោយបានពង្រាយកម្លាំងចុះស្រាវជ្រាវ ឬធ្វើសកម្មភាពជាប្រចាំ។ លោកឱ្យដឹងទៀតថា ជាបន្តបន្ទាប់មកនេះ កម្លាំងជំនាញបានដាក់ពង្រាយកម្លាំងឆែកឆេរ នៅតាមគោលដៅនានាជាបន្តបន្ទាប់។
យ៉ាងណា លោកទទួលស្គាល់ថា មូលដ្ឋាននេះ ការចរាចរគ្រឿងញៀននៅបន្តកើនមាន ហើយសមត្ថកិច្ច ក៏បានចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួនអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ផងដែរ។
បើតាម លោក តី វិសាល ដដែល នៅដើមឆ្នាំ២០២៦នេះ កម្លាំងលោកបានស្រាវជ្រាវចាប់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី បញ្ជូនទៅកាន់តុលាការ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។ ហើយថា ភាគច្រើននៃអ្នកចែកចាយ និងសេពគ្រឿងញៀនទាំងនោះ គឺធ្វើដំណើរពីខេត្តផ្សេង មករកការងារធ្វើនៅក្រុងព្រះសីហនុ។
ទោះជាបែបនេះក្តី លោក តី វិសាល បដិសេធផ្តល់ព័ត៌មានជុំវិញចំនួនបទល្មើសដែលសមត្ថកិច្ចបង្ក្រាប និងបញ្ជូនសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោស មានប៉ុន្មានករណីឲ្យពិតប្រាកដនោះទេ?។
លោក តី វិសាល ថ្លែងថា៖ «យើងនៅបន្តបង្ក្រាបដូចភ្លៀងរលឹម ហើយពួកនេះច្រើនតែពួកចំណូលស្រុកពីខេត្តផ្សេងៗ មករកការងារធ្វើ ហើយបន្តប្រើប្រាស់គ្រឿងញៀន។ ហើយសមត្ថកិច្ចមូលដ្ឋានយើង ក៏នៅតែបន្តបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានជាច្រើនករណី។ ហើយថ្នាំញៀនដែលជនល្មើសចែកចាយ នៅក្នុងក្រុងព្រះសីហនុ មានទាំងនាំចូលមកពីខាងក្រៅខ្លះ និងមានអ្នកចែកចាយក្នុងខេត្តនេះតែម្តង »។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានផ្តល់យោបល់ថា ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ត្រូវទប់ស្កាត់អំពើពុករលួយ។
លោកបង្ហាញក្តីបារម្ភថា បើរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធបរាជ័យទប់ស្កាត់គ្រឿងញៀន វាជាហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបំផ្លាញធនធានមនុស្សប្រកបដោយគ្រោះថ្នាក់។
លោកថា៖ «យើងដឹងហើយថា យុវជនមិនមែនត្រឹមជាទំពាំងស្នងប្ញស្សីតែប៉ុណ្ណោះទេ តែយុវជនគឺជាធនធានរបស់ជាតិដ៏សំខាន់ ហើយវាក៏ជាឆ្អឹងខ្នង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការពារជាតិ ដូច្នេះយើងមិនអាចយកយុវជនរបស់យើង ដែលនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន យកមកធ្វើការដឹកនាំ ឬក៏យកមកការពារជាតិបានល្អនោះទេ។ ដូច្នេះហើយរដ្ឋាភិបាលត្រូវស្វែងរកគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងម៉េចក៏ដោយទប់ស្កាត់គ្រឿងញៀនជាអទិភាព ដើម្បីរំដោះយុវជនឲ្យឃ្លាតឆ្ងាយពីគ្រឿងញៀនបានល្អ »។
ផេកស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនយុវជនខ្មែរចំនួន ២៧នាក់ ដែលប្រមូលផ្តុំគ្នាសេព ឬជក់គ្រឿងញៀន នៅតាមផ្ទះជួលមួយចំនួន ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បច្ចុប្បន្ន យុវជនទាំងនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលកែប្រែ ដើម្បីអប់រំ និងបន្សាបគ្រឿងញៀន។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្ពុជាមានអំពើពុករលួយខ្ពស់ជាប់គ្នា ជិត១០ឆ្នាំ។
របាយការណ៍នោះ បង្ហាញថា ពិន្ទុរបស់កម្ពុជាបានធ្លាក់ចុះពី២៣ ក្នុងឆ្នាំ២០២១ មកនៅត្រឹម២០ ក្នុងឆ្នាំ ២០២៥ កម្ពុជាស្ថិតក្នុងលេខរៀងទី១៦៣ ក្នុងចំណោម ១៨២ ប្រទេសនៅទូទាំងពិភពលោក។ការធ្លាក់ចុះនៃសន្ទស្សន៍នេះ គឺជាសក្ខីភាពបញ្ជាក់ថា រដ្ឋាភិបាលត្រូវពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឱ្យបានម៉ឺងម៉ាត់បំផុត៕









