មីស៊ីល​របស់​អ៊ីរ៉ង់​បាន​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​តំបន់​​រោង​​ចក្រ​​ហ្គាស​ដ៏​ធំ​នៅ​ប្រទេស​កាតា

កាតា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៨ខែ​មីនា​ថា មីស៊ីល​របស់​អ៊ីរ៉ង់​បាន​បង្ក​ឱ្យ​មាន «ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ» នៅ​ទីក្រុង​ឧស្សាហ​កម្ម Ras Laffan ដែល​ជា​ទីតាំង​នៃ​រោង​ចក្រ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក។

ក្រសួងការបរទេសកាតាបានថ្កោលទោសការវាយប្រហារនេះថាជា «ការ​បង្កើន​ជម្លោះដ៏​គ្រោះ​ថ្នាក់ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អធិប​តេយ្យ​ភាព​រដ្ឋ និង​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិ​សុខ​ជាតិ​របស់​ខ្លួន ក៏​ដូច​ជា​ស្ថិរ​ភាព​ក្នុង​តំបន់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបានបញ្ជាក់ថា កាតារក្សា​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​ស្រប​តាម​សិទ្ធិ​ការ​​ពារ​​ខ្លួន ដែល​ត្រូវ​បាន​ធានា​ក្រោម​ច្បាប់​អន្តរ​ជាតិ។

តម្លៃប្រេងឆៅប្រភេទ Brent ដែលជាសន្ទស្សន៍តម្លៃអន្តរជាតិ បានហក់ឡើងខ្ពស់​ជាង ៧% រហូត​ដល់​ ១១១,២៣ ដុល្លារ ត្រឹម​ម៉ោង ៤:៥២ នាទី​ល្ងាច (ម៉ោង​នៅ​តំបន់​ភាគ​ខាង​កើត​សហរដ្ឋ​អាមេ​រិក) ថ្ងៃ​ទី​១៨ខែ​មីនា។ រី​ឯ​តម្លៃ​ប្រេង​​ឆៅ West Texas Intermediate របស់​សហរដ្ឋ​អាមេ​រិក បាន​កើន​ឡើង​ប្រហែល​ ៤% ក្នុង​តម្លៃ ១០០,០៤ ដុល្លារ។

ឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់បានគំរាមកំហែងវាយ​ប្រហារលើមូលដ្ឋានថាមពលនានាក្នុងប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរោងចក្រកែច្នៃឧស្ម័នធម្មជាតិមួយ​​នៅក្នុងប្រទេសអ៊ីរ៉ង់។

យោងតាមការបង្ហោះលើបណ្តាញសង្គមពីក្រុមហ៊ុនរដ្ឋ QatarEnergy ក្រុមការងារសង្គ្រោះបន្ទាន់ត្រូវបានដាក់​​ពង្រាយ​ដើម្បីគ្រប់គ្រងអគ្គិភ័យនៅ Ras Laffan។ មិនមានសេចក្តីរាយការណ៍អំពីអ្នករងគ្រោះថ្នាក់ឡើយ។ ក្រោយ​មក ក្រសួង​មហា​ផ្ទៃកាតា បានឱ្យដឹងថា អគ្គិភ័យនៅទីតាំងនោះត្រូវបានគ្រប់គ្រងបានជាជំហាន​ដំបូងហើយ។

កាតាបានផ្អាកផលិតកម្ម LNG កាលពីថ្ងៃទី​២ ខែមីនា ដោយសារការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់នៅ Ras Laffan និង​ទីក្រុងឧស្សាហកម្ម Mesaieed។ ប្រទេស​នៅតំបន់ឈូងសមុទ្រមួយនេះ គឺជាអ្នកនាំចេញ LNG ធំបំផុតទីពីរ​នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា​យោបល់ផ្នែកថាមពល Kpler កាតាគ្របដណ្តប់ជិត ២០% នៃការនាំចេញ LNG សកល។

ការកើនឡើងនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា កំពុង​គំរាម​កំហែងដល់​ការ​​បង្កើន​ការ​រំខាន​ការ​ផ្គត់​ផ្គង់​ថាមពល​យ៉ាង​ធ្ងន់​ធ្ងរ ដែលបង្កឡើងដោយសង្រ្គាមអ៊ីរ៉ង់។

ចរាចរណ៍នាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់​លើនាវា​ពាណិជ្ជកម្ម។ ច្រក​សមុទ្រនេះ គឺជាចំណុចយុទ្ធ​សាស្ត្រពាណិជ្ជកម្ម​ប្រេងដ៏សំខាន់​បំផុត ដែលមានការផ្គត់ផ្គង់ប្រហែល ២០% នៃពិភពលោកឆ្លងកាត់មុនពេលសង្រ្គាមផ្ទុះឡើង។

អ្នកវិភាគមកពី Citigroup បានប្រាប់អតិថិជននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី១៨មីនាថា តម្លៃប្រេង Brent អាច​នឹង​ឡើង​ដល់មធ្យមភាគ ១៣០ ដុល្លារ​ក្នុងត្រីមាសទី ២ និងទី ៣ ប្រសិនបើមានការវាយប្រហារ​ទ្រង់ទ្រាយធំ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធថាមពល ហើយច្រកសមុទ្រនេះនៅតែបន្តបិទទ្វារក្នុងរយៈពេលយូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ