អង្គការផ្នែកបរិស្ថានមួយ បានឱ្យដឹងថា ផ្ទៃដីទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រខេត្តកោះកុង បានកើនឡើងពីទំហំប្រមាណ ១ហិកតា កាលពីឆ្នាំ២០២២ ដល់ ៨ហិកតា គិតត្រឹមដើមឆ្នាំ២០២៦នេះ ដែលការណ៍នេះជាក្តីបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ សត្វព្រៃ និងការបាត់បង់ព្រៃស្រោង ដោយសារតែការពង្រីកទីលានចាក់សំរាមនៅតំបន់ការពារធម្មជាតិមួយនេះ។
ក្នុងវីដេអូឃ្លីបរយៈពេលជាង២នាទីរបស់អង្គការចលនាមាតាធម្មជាតិ ដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ទីលានគំនរចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កើនដល់ ៨ហិកតា យ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ។
ប្រភពបន្តថា បើតាមការវិភាគដោយរូបភាពផ្កាយរណប គំនរសំរាមនេះ បានកើនឡើងពីទំហំប្រមាណ ១ហិកតា កាលពីដើមឆ្នាំ២០២២ ដល់ ៨ហិកតា ត្រឹមឆ្នាំ២០២៦នេះ។
យុវជនចលនាមាតាធម្មជាតិ បានលើកឡើងក្នុងវីដេអូឃ្លីបថា៖ «ទីលានគំនរចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កើនដល់ ៨ហិកតា យ៉ាងឆាប់រហ័សគួរឱ្យព្រួយបារម្ភ។ ផ្នែកមួយនៃតំបន់ការពារនេះ ត្រូវបានយាយី និងបំពុល ដោយទីលានចាក់សំរាម គ្មានការការពារ និងគ្មានការទប់ស្កាត់ទាល់តែសោះ ព្រៃស្រោងដែលឈូសឆាយដើម្បីចាក់សំរាម បានបន្តកើនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនឡើងពីទំហំប្រមាណ ១ហិកតា កាលពីឆ្នាំ២០២២ ទៅ ៤ហិកតា នៅឆ្នាំ២០២៤ និងបន្តកើនដល់ ៨ហិកតា ក្នុងឆ្នាំ២០២៦ថ្មីៗនេះ»។
អនុក្រឹត្យថ្មីមួយរបស់រដ្ឋាភិបាល បានកំណត់ឡើងវិញជាផ្លូវការនូវព្រំប្រទល់នៃដែនជម្រកសត្វព្រៃពាមក្រសោប ហើយទីលានគំនរចាក់សំរាម ៨ហិកតានេះ គឺស្ថិតក្នុងតំបន់ការពារធម្មជាតិទាំងស្រុង នេះបើគេផ្ទៀងផ្ទាត់ទៅតាមផែនទី និងចំណុចនិយាមកាពីលេខ ២២ ដល់លេខ ២៥ នៃអនុក្រឹត្យលេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមការលើកឡើងបន្ថែមរបស់អង្គការចលនាមាតាធម្មជាតិ។
ពួកគេបានចោទជាសំណួរទៅកាន់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងផងដែរថា ហេតុអ្វីបានជាការចាក់សំរាម ត្រូវស្ថិតនៅក្នុងដែនជម្រកសត្វព្រៃយ៉ាងដូច្នេះ?
អ្នកស្រី ស៊ុន រដ្ឋា សមាជិកចលនាមាតាធម្មជាតិ បានលើកឡើងនៅថ្ងៃទី១៩ ខែមីនានេះថា ការដាក់ឱ្យមានទីលានចាក់សំរាមនៅតំបន់ការពារដែនជម្រកសត្វព្រៃពាមក្រសោបនេះ ជាក្តីបារម្ភយ៉ាងខ្លាំងពីការប៉ះពាល់ដល់ជីវចម្រុះ បរិស្ថាន សត្វព្រៃ និងការបំពុលទឹក ដី ខ្យល់ ដែលមានលក្ខណៈយូរអង្វែង ហើយពិបាកនឹងស្តារឡើងវិញ។
អ្នកស្រីថា៖ «ដែនជម្រកសត្វព្រៃមានតម្លៃខ្លាំងមែនទែន សម្រាប់បរិស្ថាន ក៏ដូចជាជីវិតរបស់យើង ហើយដែនជម្រកសត្វព្រៃមិនគួរត្រូវបានយកទៅធ្វើជាទីលានចាក់សំរាមទេ។ ខ្ញុំគិតថាសម្រាប់ជាដំណោះស្រាយ អាជ្ញាធរគួរតែបញ្ឈប់ ហើយនិងហាមឃាត់ភ្លាមៗ និងបិទទីលានចាក់សំរាមហ្នឹងតែម្តង ហើយកំណត់ការអនុវត្តច្បាប់ឱ្យបានតឹងរឹង ក៏ដូចជាការដាក់ពិន័យដល់ក្រុមហ៊ុនណាដែលបានយកសំរាមទៅចាក់ចោលកន្លែងហ្នឹង គឺយើងអត់ជឿទេថាអាជ្ញាធរអត់ដឹងទាក់ទងនឹងរឿងហ្នឹង[…] តើបញ្ហាហ្នឹងអាជ្ញាធរអត់ដឹងច្បាប់ ឬក៏អាជ្ញាធរដឹងពីច្បាប់ហើយ ប៉ុន្តែមិនអនុវត្តច្បាប់ ឬក៏មានបញ្ហាអីនៅពីក្រោយហ្នឹង យើងក៏ចង់ដឹងដូចគ្នា»។
អ្នកស្រី ស៊ុន រដ្ឋា ក៏សង្ឃឹមថា អាជ្ញាធរខេត្តនឹងរកទីកន្លែងសមស្រប សម្រាប់រៀបចំជាទីលានចាក់សំរាម ជំនួសឱ្យទីតាំងចាក់សំរាមដែលនៅតំបន់ដែនជម្រកសត្វព្រៃដែលហាមឃាត់ដោយអនុក្រឹត្យ ស្តារបរិស្ថានឡើងវិញដោយសម្អាតសំរាមចេញពីតំបន់ការពារ ដាំដើមឈើឡើងវិញ ធ្វើការតាមដានប្រព័ន្ធអេកូឡូស៊ីឱ្យបានដិតដល់ ត្រួតពិនិត្យ និងដាក់ពិន័យក្រុមហ៊ុនដែលយកទីតាំងដែនជម្រកសត្វព្រៃធ្វើជាទីលានចាក់សំរាម ព្រមទាំងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីការពារដែនជម្រកសត្វព្រៃឱ្យមានប្រសិទ្ធភាព។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និងប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បានទេនៅថ្ងៃទី១៩ ខែមីនានេះ។
តែកន្លងមក រដ្ឋបាលខេត្តកោះកុង ធ្លាប់បានចេញសេចក្តីបំភ្លឺ ដោយថា ទីតាំងចាក់សំរាមនោះ មិនស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃពាមក្រសោប ដូចការលើកឡើងរបស់ចលនាមាតាធម្មជាតិនោះទេ។ រដ្ឋបាលខេត្ត បន្តថា ទីតាំងចាក់សំរាមនោះ ស្ថិតក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា ហើយថាតំបន់នេះ ត្រូវបានកាត់ដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុង កាលពីអំឡុងឆ្នាំ២០២១។
ការឆ្លើយតបរបស់រដ្ឋបាលខេត្តនេះ ធ្វើឡើងក្រោយពីក្រុមយុវជន ព្រះសង្ឃ និងសកម្មជនចលនាមាតាធម្មជាតិជាង ១០អង្គ/នាក់ បានហែរក្បួនដាក់ញត្តិនៅក្រសួងបរិស្ថាន កាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០២៤ ដោយស្នើក្រសួងជួយអន្តរាគមន៍បញ្ឈប់ការយកដីមួយផ្នែកនៃដែនជម្រកសត្វព្រៃពាមក្រសោប ទៅធ្វើជាទីលានចាក់សំរាម។
ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេ ហើយមានទីតាំងនៅទឹកដីខេត្តកោះកុងនៃប្រទេសកម្ពុជា។ កាលដើមឡើយដែនជម្រកសត្វព្រៃនេះ មានផ្ទៃដីទំហំ ២៣ ៧៥០ហិកតា តែត្រូវបានបង្រួមមកត្រឹម ១៦ ៩៨២ហិកតាវិញក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងរក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៦៤ របស់រាជរដ្ឋាភិបាល៕









