សាធារណ​ជន​បន្ត​ចោទ​សួរ​ពី​មូល​ហេតុ លោក ហ៊ុន ម៉ាណែត មិន​​ប្តឹង​​ថៃ​​ដើម្បី​​ទាម​ទារ​ទឹក​ដី

ខណៈ​​មាន​​ការ​​ជំរុញ​​កាន់​​តែ​​ខ្លាំង​​ឱ្យ​​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត​ ​ប្រើសិ​ទ្ធិ​ស្វ័យ​​ការ​​ពារ​​ទឹក​​ដី​ ​​ឱ្យ​​​​បា​ន​​ខ្លាំង​ក្លា​​​​កុំ​ឱ្យ​​ថៃ​ឈ្លាន​​ពាន​តាម​​ចិត្ត​ក្រោយ​​បទ​​ឈប់​​​បាញ់​នោះ សាធារណជ​ន​បន្ត​ចោទ​សួរ​​ពី​មូល​ហេតុ​ដែល​មេដឹក​នាំ​ខ្មែរ មិន​ព្រម​​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​ទាម​ទារ​ដី​ខ្មែរ​យក​ត្រឡប់​មក​វិញ។

ជ្រុង​មួយ​នៃ​បញ្ហា​នេះ លោក​​បណ្ឌិត មាស នី ​អ្នក​សិក្សា​ស្រាវ​ជ្រាវ ​បាន​សរសេរលើ​បណ្តាញ​សង្គម​របស់​លោក​​នៅថ្ងៃ​ទី​១៨​ខែ​​មីនា​​ថា លោកបាន​​​ជជែកជាមួយបញ្ញវ័ន្ត​ឯករាជ្យថៃ តាម​អន​ឡាញ​ស្តី​​ពី​រដ្ឋាភិ​បាល​លោក អាភីស៊ីត និង​លោក​ ឈួន លីផៃ ដែល​បាន​យកសន្ធិសញ្ញាព្រមព្រៀងបារាំង-សៀមឆ្នាំ​១៩០៧ ទៅទុក​នៅ​ឯអង្គការសហប្រជា​ជាតិ​ ហើយ​ពួក​គាត់មានសំណួរធំពីរដែលលោក​ឆ្លើយ​មិនចេញ។

សំណួរទី១​ សួរ​ថា តើ​​កម្ពុជាមានកំណត់ត្រាអឹមអូយូនេះ​ជាភាសារខ្មែរដែរឫទេ? បើមាន​​តើ​​​ទុក​នៅ​ឯណា? ហើយ​​បើ​​គ្មាន​​តើ​​ហេតុអ្វី? ខាងថៃគាត់បាននិយាយថា អឹមអូយូនេះ​មានជាភាសារថៃ ហើយបោះពុម្ភផ្សាយជាសាធារណ:។

ចំណែក​សំណួរទី​២​ កម្ពុជាបាននិយាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរ ចុះ​ហេតុអ្វីបានជាកម្ពុជាមិន​បង្ហោះ​​​​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ​​កំពុងកាន់កាប់ ដាក់់លើ​បណ្តាញសង្គម ​ឬ​វេបសាយ ឬ​ដាក់​​បង្ហាញនៅតាមតំបន់ចំណុច​ព្រំដែន​នីមួយៗ​ឲ្យសាធារជនបានដឹងផង? ​និងថា​តើកម្ពុជាមានដាក់ពាក្យប្តឹងថៃ​ហើយឬនៅ? បើ​តាម​លោក​​បណ្ឌិត​ មាស នី ​​ថា លោក​​ឆ្លើយ​​សំណួរ​ទាំង​នេះ​មិន​ចេញ​ទេ​។

យ៉ាងណាក្តី ​លោក ​ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​ប្រាប់​វីអូឌីនៅថ្ងៃទី​១៩ខែ​​មីនា​​នេះ​ថា សំណួរ​​ដែល​បញ្ញវន្តថៃ ​បាន​ចោទ​សួរ ​លោក​បណ្ឌិត មាស នី មាន​តែ​លោក ​ឡាំ ជា ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​​ធិកា​រដ្ឋាន​កិច្ច​ការព្រំដែន និង​មន្ត្រី​របស់​គាត់ ​​ដូចជា ​​​អ្នក​ស្រី ​កុយ ពិសី ​ប៉ុណ្ណោះ​​​ទើប​អាច​ឆ្លើយ​បាន​។

ប៉ុន្តែ​​លោក ​ម៉ែន ណាត ​បាន​លើកឡើងថា ដើម្បី​ដឹង​ថា ថៃ​រំលោភ​ឬមិន​រំលោភ​ព្រំដែន​ខ្មែរ ​គឺ​ត្រូវ​ធ្វើការ​សិក្សា​​​លើ​​ផែនទី ​និង​បង្គោល​ព្រំដែន​​ដែល​មាន​ស្រាប់​ ស្របតាម​សន្ធិ​សញ្ញាបារាំង​សៀមឆ្នាំ​១៩០៤-១៩០៧ សិក្សា​លើ​ភូមិដ្ឋាន​ដែ​ល​ពល​រដ្ឋ​ខ្មែរ​​បាន​រស់នៅ​ជាក់​ស្តែង​ និង​ត្រូវ​បាន​ជម្លៀស​ចេញ​ដូចជាតំបន់​បឹង​​ត្រកួន ព្រៃចាន់ និង​ថ្មដា​ជាដើម ​ដែល​នៅ​ពេល​នេះ​ ​កង​ទ័ព​ថៃ​បាន​រារាំង​មិន​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ចូល​ទៅ​រស់​នៅ​​ផ្ទះ​​របស់​ខ្លួន​​នៅ​ទីតាំង​ទាំងនោះវិញ​ឡើយ​បន្ទាប់​ពី​រត់​ភៀស​សឹក​។

បន្ថែម​ពីនេះ ​​ត្រូវ​សិក្សា​លើ​សវតា​ប្រវត្តិ​សាស្ត្រ​​ជាពិសេស​ទីតាំង​ប្រវត្តិសាស្ត្រ ​ដូច​ជា ប្រាសាទតាមាន់​តូច ប្រាសាទ​តាមាន់​​​ធំ ប្រាសាទ​តាក្របី ​​ភ្នំទ្រព្យ ​និង​តំបន់​ផ្សេង​ៗ​ទៀត​ជាដើម។ បើ​តាម​លោក ម៉ែន ណាត  បញ្ហា​​​ព្រំដែន​​គេត្រូវ​សិក្សា​និង​​ផ្ទៀងផ្ទាត់​លើ​​ផែនទី និង​បង្គោល​ព្រំ​ដែន​​ដែល​មាន​ស្រាប់​ ពីព្រោះ​បង្គោល​ព្រំដែន​​ដែល​មាន​ស្រាប់ ​វាស្រប​ទៅ​តាមសន្ធិសញ្ញា​អន្តរជាតិ​ដែល​គេ​ទទួលស្គាល់។

បញ្ហាជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ​បាន​អូសបន្លាយ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ​បើ​រាប់​ចាប់​តាំងពីការ​ផ្ទុះ​អាវុធ​លើក​ទី​១​ កាល​ពីខែកក្កដា ឆ្នាំ​២០២៥។​ មក​ដល់​ពេលនេះ ​ជា​ពេល​វេលា​សម​ស្រប​ណាស់​ដែល ​លោក ​ម៉ែន ណាត ថា ​រដ្ឋាភិបាល​កម្ពុជា​​ចាំបាច់​ត្រូវ​បញ្ជាក់​ជំហ៊រ​ជាថ្មីក្នុង​ការ​ប្តឹងថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ​ពី​បទ​​​ឈ្លាន​​ពាន​​ទឹក​​ដី​កម្ពុជា ​និង​បំផ្លាញ​ប្រាសាទ​បុរាណនិង​ប្តឹងទៅ​ ICCពីបទ​ធ្វើឱ្យ​ជន​ស៊ីវិល​ស្លាប់​និង​រត់​ភៀស​សឹក​រងទុក្ខវេទនា។

លោកថា៖ «ជារឿង​សម​ហេតុ​សម​ផល​ដែល​កម្ពុជា​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ ​ហើយ​នៅ​ពេល​​នេះ​​មិន​អាច​ពន្យា​តទៅ​ទៀត​បាន​ទេ។​ បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ពន្យា​ពេល​មិន​ប្តឹង​ ឬមិន​បាន​បញ្ជាក់​​ជំហរ​​ពីការ​ប្តឹងថៃ​ទេ ​គឺ​ថៃនឹង​បន្តប្រមាថគឃ្លើន​ឈ្លាន​ពាន​កម្ពុជា​មិន​ឈប់​មិន​ឈរ។ រាល់ថ្ងៃពង្រីក​ការ​​ឈ្លាន​ពាន​នេះ ​ញុះញង់​ឱ្យកម្ពុជា​ទប់​កំហឹងមិនបាន​តដៃ ប្រើសិទ្ធិ​បាញ់​ប្រហារឈ្លាន​ពាន​បន្ថែម​នឹង​ថៃ​អ៊ីចឹង ដូច្នេះរដ្ឋាភិបាល​កម្ពុជា​ដឹងច្បាស់​ហើយ​ថាអ្វី​ត្រូវធ្វើ​មុនអ្វី​ត្រូវ​ធ្វើ​ក្រោយ​»

​លើសពីនេះ ​រឿង​ដែល​សំខាន់ ​គឺ​​កម្ពុជា​​ត្រូវប្រើសិទ្ធិ​​របស់​ខ្លួន​ក្នុងការ​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​​​​​ឱ្យ​​បាន ​មិន​អាច​បណ្តោយ​​​ឱ្យ​ថៃ​ចូល​មក​​ឈ្លាន​ពាន​រាល់ថ្ងៃ ​​តាម​អំពើ​ចិត្ត​​ ហើយសរ​សេរតែ​លិខិត​តវ៉ាការទូត​​តែមួយ​មុខនោះ​ទេ​។ ​អ្នក​ឃ្លាំមើល​រូប​នេះ​ បញ្ជាក់​ថា លិខិតការទូត​ត្រូវ​តែ​តវ៉ា​រាល់​ថ្ងៃ​ទៅ​លើ​គ្រប់​ចំណុច​ដែល​ថៃ​ចូល​ឈ្លាន​ពាន​ ហើយ​​​ត្រូវ​ដើរនយោបាយ​ការទូត​អន្តរជាតិ​ក្នុង​កម្រិត​​ខ្ពស់​បំផុតសកម្ម​បំផុត​។​

លោកថា៖ «កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​​បានគ្រប់​គ្រាន់​​នៅក្នុង​រឿង​នេះ បើមិន​អ៊ីចឹង​ទេ​សៀម​មិន​ឈប់​​ការប្រមាថទេ ហើយ​រដ្ឋាភិបាល​ក៏មិន​អាច​ផ្តល់​សេចក្តីទុកចិត្ត​​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​​ផ្ទៃក្នុង​​ជាតិ​បាន​ដែរ​។ ​ចឹង​ហើយ​​បាន​​កន្លង​ទៅ ​យើង​​បាន​​ជំរុ​ញ​​ថា ​រដ្ឋាភិ​បាល ​លោក ​ហ៊ុន ម៉ាណែត ​បើ​​មិន​​កើត​​ជា​ការ​​អី​ទេ​សូម​​ឱ្យ​​រដ្ឋ​​សភា​កម្ពុជា​នឹង​​​​ធ្វើ​​ញ្ញតិ​ស្តីបន្ទោស ​ហើយ​ដាក់​មនុស្ស​ថ្មី ​ដើម្បី​ដឹក​នាំជានាយក​រដ្ឋមន្ត្រី​ដែល​មាន​សមត្ថ​ភាព​ជាង ​ហ៊ុន ម៉ាណែត​ ហើយ​​និង​​អ្នក​ដែល​មាន​សមត្ថ​ភាព​​ជាង​រដ្ឋមន្ត្រីការពារ​ជាតិ​ លោក ទៀ សីហា ​អ៊ីចឹងទៅ។ ​នេះដែល​យើង​ជំរុញ​ ពី​ព្រោះ​​បញ្ហា​ជាតិ​វា​មិន​អាច​ទុកទ្រឹង ​អីចឹងហើយ​មនុស្ស​អត់មាន​សមត្ថ​ភាព​​ដឹកនាំបន្តអ៊ីចឹងទៀត​បានទេ»។

វីអូឌី ​មិន​អាច​ទាក់​ទង លោក ឡាំ ជា និង​​អ្នក​ស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​ដើម្បី​ស្នើ​សុំ​​ធ្វើ​​អត្ថា​​ធិប្បាយ​​លើ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃទី​១៩ខែ​​មីនា​​នេះ។​ ក៏ប៉ុន្តែ​លោក ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិ​បាល បាន​ថ្លែង​នៅ​​ថ្ងៃទី​១៩ខែ​មីនា​នេះ នៅក្នុង​កម្មវិធី​ផ្សាយ​បន្តផ្ទាល់​ ​ស្តី​ពី ​បច្ចុប្បន្នភាព​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​ថា ​កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​​ ចំពោះ​ការ​រំលោភ​បំពានមក​លើ​បូរណភាព​​ទឹកដីកម្ពុជា​និង​អំពី​​សារ​សំខាន់​​នៃការ​តវ៉ា ​ក្នុង​ដំណើរការ​ការ​​ការពារ​អធិបតេយ្យ​ភាព​ជាតិ ​បូរណភាព​ទឹកដី ​ស្របតាម​ច្បាប់​អន្តរ​ជាតិ​។

លោក​លើកឡើងថា កាលពីថ្ងៃទី​១៧ខែ​មីនា ​​កម្ពុជា​បាន​តវ៉ា​ជំទាស់​ជាថ្មី​ទៀត​​ប្រឆាំង​នឹងសកម្ម​ភាព​ឈ្លាន​ពាន​ និងការ​​កាន់​កាប់​ទឹកដី​ដោយ​ខុសច្បាប់​​ដោយ​កងកម្លាំង​​ប្រដាប់​អាវុធថៃ​ មក​លើ​អធិបតេយ្យ និង​បូរណ​ភាព​​ទឹកដីកម្ពុជា ​បន្ទាប់​ពីបទ​ឈប់​បាញ់​ចូល​ជាធរមាន ​កា​​ល​ពីថ្ងៃទី​២៧ ​ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​តាម​ទីតាំង​មួយ​​ចំនួន។

បើ​តាម ​លោក​ បូណា ​តំបន់​ដែលកងកម្លាំង​ប្រដាប់​អាវុធ​ថៃ​ចូល​ដណ្តើម​​កាន់​កាប់ ​ប្រើគ្រឿង​ចក្រ​ធុនធ្ងន់​ជីក​កកាយ ឈូសឆាយ​​កសាង​លេណដ្ឋាន​បេតុងថ្មី ធ្វើផ្លូវ​និង​សាង​សង់​សំណង់​ផ្សេង​ៗ​​ជាអចិន្ត្រៃយ៍​នោះ ​រួម​​មាន ​នៅ​​ប្រាសាទ​តាមាន់​ធំ ​​មុំ​បី ​ភ្នំ៤៦៩​ ថ្មដូន ​​​តំណាក់​ស្តេច​ ក្បែរច្រក​ ​​អាន​សេះ អូរផ្កាស្នេហ៍ ​ភ្នំ៦៧៧ ភ្នំ៥០០​ ​តាថាវ ប្រាសាទ​ដូន​ទុន ភ្នំ៣៣៣ តាសឹម ចាក់​ច្រែង​ ភ្នំទ្រព្យ​​ និង​ប្រាសាទខ្នារ​ជាដើម​។ ​តំបន់​ទាំង​នេះ ​​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ទាំង​ស្រុង​ ដូច​ដែល​បាន​កំណត់​ដោយ​ផែនទី​មាត្រដ្ឋាន​មួយ​លើ​ពីរ​​រយពាន់​​របស់​គណៈ​កម្មការ​កំណត់​ព្រំ​ដែន​​​ឥណ្ឌូ​ចិន-​សៀម ស្រប​​តាម​អនុសញ្ញា​​បារាំង​-​សៀម​​ឆ្នាំ​១៩០៤ និង​​សន្ធិ​សញ្ញា​​បារាំង​-សៀម​​ឆ្នាំ​​១៩០៧។ នេះ​បើតាម​ លោក​ ប៉ែន បូណា។

ជាមួយគ្នា​នេះ ​កម្ពុជា​​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជាបន្ទាន់​​នូវសកម្មភាព​ ​ដែល​បាន​ធ្វើឡើង​ក្នុង​តំបន់​ខាង​លើ​ និង​​នៅ​តំបន់​ផ្សេង​ទៀត ​ដើម្បី​​បន្ធូរ​បន្ថយ​ស្ថានការណ៍​ លើកកម្ពស់ការជឿ​ជាក់​និង​ទំនុកចិត្តគ្នា​ទៅ​វិញ​​ទៅមក​ ព្រម​ទាំង​រក្សាសន្តិភាព​និង​ស្ថិរភាព​និងភាព​ជាអ្នក​ជិត​ខាង​ល្អ​នៅ​តាម​ព្រំដែន​កម្ពុជាថៃ។

អ្នក​ជំនាញ​កិច្ចការព្រំដែន លោក ​អ៊ុំ សំអាន ​​អតី​តតំណា​ង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​ធ្វើ​បទ​បង្ហាញ​មួយ​​នៅ​ក្នុង​សមាជ​របស់​រដ្ឋាភិបាល​ក្រៅ​ប្រទេស​​២៣​តុលា កាលពីថ្ងៃទី​១៥ខែ​​មីនា ​នៅ​សហរដ្ឋ​អាមេរិក​ដោយ​​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​​ថា ទឹក​ដី​ខ្មែរ​ដែល​ថៃ​បាន​ដណ្តើម​គ្រប់​គ្រង​​នា​ពេល​​បច្ចុប្បន្ន ​នៅ​លើ​ដី​គោក​មាន​​​​ចំនួន​ ​៤៧​ទីតាំង ​មាន​ទំហំ​យ៉ាង​​តិចជាង​​ ២៧៤គីឡូម៉ែត្រ​ការ៉េ​​ បូក​​ពាក់​កណ្តាល​នៃ​កោះ​គជ់​ជាង​ ៥០​គីឡូ​ម៉ែត្រ​ការ៉េ​ និង​ដែន​សមុទ្រត្រួតស៊ីគ្នា​ ២៦០០០​​គីឡូ​ម៉ែត្រ​ការ៉េ​។ ​ដូច្នេះ​បើ​បូក​សរុប​ទាំង​ដែន​គោក និង​ដែន​​ទឹក ​គឺ​ថៃបាន​គ្រប់​គ្រង​ទឹក​ដីកម្ពុជា​រហូត​ដល់​​ជាង ​២ម៉ឺន៦ពាន់​​គីឡូម៉ែត្រ​ការ៉េ គឺ​មាន​ទំហំ​ធំជាង​ខេត្ត​តាកែវ​​៧ដង ខណៈ​​ខេត្ត​តាកែវមាន​ផ្ទៃដី​សរុប​ទំហំ ៣៥៦៣​​គីឡូ​ម៉ែត្រ​​​ការ៉េ​​។

លោកថា៖ «នេះធំណាស់​គិតថែថៃ អត់គិតយួនទេ យួន​​​យក​​កោះ​ត្រល់​ កោះ​​ក្រចក​​សេះ​ តំបន់​​​ទឹក​​ប្រវត្តិ​សាស្ត្រ​យក​​ដែន​​​សមុទ្រ​​យើង​​ដាក់​​រួម​​​ចំនួន ​១០​ម៉ឺន​​គីឡូ​ម៉ែត្រ​ការ៉េ​ យួន​​​គ្រ​ប់​​គ្រង​​ដែន​​សមុទ្រ​យើង​​ចំនួន​​​៣០​ពាន់​​​គីឡូ​ម៉ែត្រ​​ការ៉េ ហើយ​នៅ​​ដែន​​គោក​​យើង​​បាត់​​​ច្រើន​​ទៀត ​​​លោក ​ហ៊ុន សែន ​​ស៊ី​ញ៉េ​តាម​រយៈ​សន្ធិ​សញ្ញា​​៨២-៨៣​ និង​៨៥​ ហើយ​​បាន​​ធ្វើ​​ឱ្យ​​​រស់​​ឡើង​​វិញ ​តាម​​រយៈ​​សន្ធិ​​សញ្ញា​​បំពេញ​​បន្ថែម​​ឆ្នាំ​២០០៥ ដែល​គំរាម​ស្តេច​​ចង់​​ដូរ​របប ដូច្នេះ​ដី​​​យើង​​ដែល​​បាត់​​ទៅ​​ថៃ​​៧ដង​​នៃ​ខេត្ត​តាកែវ។ ​នេះ​ស្នាដៃត្រ​កូល​ហ៊ុន»។

បើ​តាម ​លោក​អ៊ុំ សំអាន ដំណោះ​ស្រាយ​ដែល​អាច​ទាម​ទារ​ទឹកដីកម្ពុជា​​​ពីថៃ​​មក​វិញ​បាន​មាន​៣ ​ទី​១ ​ត្រូវ​ច្បាំង​​យក​​មក​​វិញ ប៉ុន្តែ​កងទ័ពកម្ពុជាខ្សោយ​មិន​អាច​ច្បាំងឈ្នះ​ថៃ​បាន​ទេ ដោយ​សារ​លោក ​ហ៊ុន សែន ​មិន​បាន​​​ពង្រឹងកង​​ទ័ព​​ជាតិ​​ឡើង គឺ​​ពង្រឹង​តែកង​អង្គរក្ស​របស់ខ្លួន។ ទី២​​ជាជម្រើ​សដែល​ល្អ​គឺ​កម្ពុជា​ត្រូវ​ប្តឹង​ថៃ​​ទៅ​​ICJ និងប្តឹង​ទៅ​​សហប្រធាន​នៃកិច្ច​ព្រមព្រៀង​សន្តិ​ភាព​​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ​ចំណែក​ចំណុច​ទី​៣ ​គឺ​ត្រកូល​ហ៊ុន​​ត្រូវ​ចុះ​ចេញ​​ពី​តំណែង​។

បើ​តាម​ លោក ​សំអាន ​រហូត​មក​​ដល់​​ពេល​នេះ រដ្ឋាភិ​បាល​​របស់ ​លោក ​ហ៊ុន ម៉ាណែត ​មិន​​ទាន់​​បាន​​ដាក់​​ពាក្យ​​ប្តឹង​​​​ទៅ​​​​ICJ​​នៅ​​​ឡើយ​​​ទេ ក្រៅ​​​តែ​​​ពី​ជូន​ដំណឹង​​ទៅ​​តុលាការ​អន្តរ​ជាតិ​​​កំពូល​​នេះ កាល​ពី​ខែ​​មិថុនា ឆ្នាំ​​២០២៥។

ជាមួយ​​គ្នា​​នេះ​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​​សរ​សេរ​​បង្ហោះ​នៅលើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ «ខ្មែរ​យើងត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីទាមទារឲ្យសៀមដកទ័ពឈ្លានពានរបស់គេចេញពីទឹកយើងឲ្យអស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ