ការទិញ​តំណែង​តាម​រយៈ​សែ​ស្រឡាយ​បន្ត​មាន​ក្នុង​រដ្ឋាភិ​បាល​​ថ្មី លោក ហ៊ុន ម៉ាណែត បីឆ្នាំ​ដំបូង

ក្រោយ​ការ​ដឹក​នាំ​តាម​បែប​មជ្ឈ​ការ​អំណាច​យ៉ាង​រឹង​មាំ​អស់​រយៈ​ពេល ៣៨ ឆ្នាំ របស់​លោក ហ៊ុន សែន ការ​ឡើង​បន្ត​វេន​របស់​ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ចាត់​ទុក​ថា ជា​របត់​ថ្មី​ដ៏​សំខាន់​សម្រាប់​ធ្វើ​ទំនើប​កម្ម​រដ្ឋ​បាល​សាធារណៈ ជា​ជាង​​គ្រាន់​​តែ​ជា​ការ​ផ្លាស់​ប្តូរ​តួអង្គ​ដឹក​នាំ​ធម្មតា។

ក្នុង​នោះ យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ បាន​ដើរ​តួ​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ក្នុង​គោល​ដៅ​ប្រែ​ក្លាយ​កម្ពុជា ឱ្យ​ទៅ​ជាប្រ​ទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០។ យ៉ាង​ណា​ក្តី​ នៅ​​​​​​​ពី​ក្រោយ​រូប​ភាព​នៃមេដឹក​នាំ​ដែល​ទទួល​បាន​ការ​អប់​រំ​ពី​​បស្ចិម​ប្រទេស និង​វោហា​សាស្ត្រ​អំពី​ការ​ធ្វើ​ទំនើ​ប​កម្ម​រដ្ឋ​បាល​សាធារណៈ រដ្ឋាភិ​បាល​ថ្មីនេះ នៅ​តែ​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ លើ​ប្រព័ន្ធ​បក្ខ​ពួក​និយម​ទ្រង់​ទ្រាយ​ធំ ដើម្បី​​ធានា​នូវ​សន្តិសុ​ខ​នយោ​បាយ ដែល​ជា​ថ្នូរ​នឹង​ការ​លះ​បង់​នូវ​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ឱ្យ​បាន​ស៊ី​ជម្រៅ​។

បញ្ហាប្រឈមស្នូលដែលការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត កំពុងប្រឈមមុខ គឺផ្ទុយគ្នារវាងតម្រូវការផ្នែកបច្ចេក​ទេស​ ដើម្បីធ្វើឱ្យរដ្ឋបាលសាធារណៈមានលក្ខណៈវិជ្ជាជីវៈ និងភាពចាំបាច់ខាងនយោបាយក្នុងការរក្សាបណ្តាញឥស្សរ​ជន​​ដែល​ជា​បង្អែកទ្រទ្រង់គណបក្សប្រជាជនកម្ពុជា។

បញ្ហាប្រឈមស្នូលដែលការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត កំពុង​ប្រឈម​មុខ គឺ​ផ្ទុយ​គ្នារ​វាង​តម្រូវ​ការ​ផ្នែក​បច្ចេក​ទេស ដើម្បី​ធ្វើ​ឱ្យ​រដ្ឋ​បាល​សាធារណៈ​មាន​លក្ខណៈ​វិជ្ជា​ជីវៈ និងភាពចាំបាច់ខាងនយោបាយក្នុងការរក្សាបណ្តាញឥស្សរជនដែលជាបង្អែកទ្រទ្រង់គណបក្សប្រជាជនកម្ពុជា។

ជាក់ស្តែង នៅពេលឈានចូលដល់ឆ្នាំ​២០២៦ ទិន្នន័យពីសន្ទស្សន៍អន្តរជាតិ និងលទ្ធផលគោលន​យោបាយ​​​ក្នុងស្រុកបានបង្ហាញថា ទោះបីជាអភិបាលកិច្ចមានការវិវឌ្ឍតាមរយៈការធ្វើឌីជីថលូបនីយកម្ម និងការ​​ប្រឡងជ្រើសរើសមន្ត្រី​តាមសមត្ថភាពក៏ដោយ ប៉ុន្តែខ្លឹមសារនៃយន្តការរដ្ឋនៅតែបន្តបម្រើឱ្យការប្រមូលផ្តុំទ្រព្យសម្បត្តិរបស់ក្រុមឥស្សរជន និងការបង្ក្រាបលើក្រុមអ្នករិះគន់ដដែល។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញក្នុងសម័យប្រជុំពេញអង្គដំបូងនៃ​គណៈ​​រដ្ឋមន្ត្រីអាណត្តិទី ៧ កាលពីថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣ គឺជាមាត្រដ្ឋានអភិបាលកិច្ចដ៏​ច្បាស់លាស់របស់ លោក ហ៊ុន ម៉ាណែត ដោយផ្អែកលើបាវចនាចំនួនប្រាំគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដើម្បីជំរុញ​ការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ច។

ខុសពីយុទ្ធសាស្ត្រចតុកោណនាពេលកន្លងមក ក្របខ័ណ្ឌបញ្ចកោណថ្មីនេះ បានបង្កើនការយកចិត្តទុក​ដាក់​​ខ្លាំង​លើ​បច្ចេក​វិទ្យា និងអភិបាលកិច្ចឌីជីថល ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាក្នុងការធ្វើទំនើបកម្មយន្តការរដ្ឋ​​​ឱ្យ​កាន់តែមានភាព​ស៊ី​វិល័យ។ ទោះបីយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដើម្បីដោះស្រាយ​​​​បញ្ហា​សំខាន់ៗរបស់ជាតិ ប៉ុន្តែ​ការអនុវត្តជាក់ស្តែងជារឿយៗ នៅតែរងការរារាំងដោយសារភាពទន់ខ្សោយ​នៃ​ស្ថាប័ន។

សសរស្តម្ភដ៏លេចធ្លោបំផុតមួយក្នុងរបៀបវារៈកំណែទម្រង់របស់រដ្ឋបាល លោក ហ៊ុន ម៉ាណែត គឺ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​វិជ្ជា​ជីវៈ​ក្នុង​វិស័យ​មុខ​ងារ​សាធារណៈ។

ភារកិច្ចគន្លឹះនេះ ត្រូវបានប្រគល់ជូនក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ដែល​ត្រូវជាប្អូន​ប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី ហើយលោកក៏ត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុងគោលបំណងបង្កើនឥទ្ធិពល និងប្រសិទ្ធភាពដល់ការដឹកនាំកំណែទម្រង់ទាំងនេះ។

រដ្ឋាភិបាលបានដាក់ចេញនូវអភិក្រម«ឡើងដោយមោទនភាព ធ្លាក់ដោយកិត្តិយស» ដែលជាពាក្យស្លោកដ៏សំខាន់សម្រាប់ស្តារទំនុកចិត្តរបស់សាធារណជនឡើងវិញ ចំពោះដំណើរការជ្រើសរើសមន្ត្រីរាជការ។

ជាការផ្លាស់ប្តូរដ៏ធំធេងពីការអនុវត្តនាពេលកន្លងមក ដែលជារឿយៗធ្លាប់មានការរិះគន់រឿង ការទិញតំណែង ឬការ​ប្រើប្រាស់ខ្សែស្រឡាយនយោបាយ ដើម្បីទទួលបានតំណែង រដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ឱ្យប្រើប្រាស់នូវក្រប​ខ័ណ្ឌនីតិវិធីថ្មីមួយសម្រាប់ការជ្រើសរើសបុគ្គលិកមុខងារសាធារណៈឱ្យកាន់តែមានតម្លាភាព។

ចាប់តាំងពីឆ្នាំ​២០២៤ រហូតដល់ដើមឆ្នាំ​២០២៥ រដ្ឋាភិបាលបានរៀបចំការប្រឡងជ្រើសរើសមន្ត្រីដាច់ដោយ​ឡែកពីគ្នាចំនួន ៤២ លើក សម្រាប់ក្រសួង និងស្ថាប័នចំនួន ៨ ផ្សេងគ្នា រួមមានទាំងការជ្រើសរើសគ្រូ​បង្រៀន​បឋមសិក្សាក្នុងខែតុលា ឆ្នាំ​២០២៥ និងមន្ត្រីការទូតជាន់ខ្ពស់​ ក្នុងខែសីហា ឆ្នាំ២០២៥។ ដំណើរ​​ការ​ប្រឡងទាំងនេះ ដែលមានបេក្ខ​ជន​ចូលរួមជាង២ម៉ឺននាក់(២០០០០)ត្រូវបានអនុវត្តក្រោមការត្រួត​ពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការ​លេចធ្លាយវិញ្ញាសានិងលទ្ធផលប្រឡង ដោយក្នុងនោះមានការប្រើប្រាស់ប្រព័ន្ធតេស្តជំនួយដោយកុំព្យូទ័រ ដើម្បីធានា​ឱ្យបាននូវសត្យានុម័តភាព និងយុត្តិធម៌។

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ជាបន្តបន្ទាប់អំពីសារៈសំខាន់នៃវត្តមានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការចុះពិនិត្យដោយផ្ទាល់ ដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅដោយ​គ្មានការសូកប៉ាន់ ឬអំពើពុករលួយឡើយ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ ប៊ឺតធែលស្មាន ស្ទីហ្វទុង ឆ្នាំ ២០២៤ (Bertelsmann Stiftung’s Transformation​ Index-BTI) បានបង្ហាញថា ប្រព័ន្ធបក្ខពួកនិយមនៅតែបន្តចាក់ឫសយ៉ាងជ្រៅនៅក្នុងរចនាសម្ព័ន្ធមុខងារសាធារណៈ។

ខណៈការប្រឡងជ្រើសរើសមន្ត្រីកម្រិតដំបូង អាចនឹងមានភាពស្អាតស្អំជាងមុន ប៉ុន្តែការសម្រេចតំណែងក្នុងកម្រិត​មធ្យមនិងកម្រិតខ្ពស់ នៅតែត្រូវបានធ្វើឡើងដោយផ្អែកលើភាពស្មោះត្រង់​ផ្នែកនយោបាយចំ​ពោះ​​គណបក្ស​ប្រជាជន​កម្ពុជា និងការបង់វិភាគទានក្រៅផ្លូវការជូនដល់ថ្នាក់លើ។

ការវាយតម្លៃរបស់ BTI ក៏បានកត់សម្គាល់ផងដែរថា ប្រព័ន្ធពុករលួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធ​សាស្ត្រ​​នយោបាយ ដោយវាជាយន្តការសម្រាប់ធានានូវភាពស្មោះត្រង់របស់មន្ត្រីជាន់ខ្ពស់ តាមរយៈការ​បង្កើតនូវប្រភពលាភសក្ការៈ ដែលរដ្ឋអាចប្រើប្រាស់ជាឧបករណ៍សម្រាប់ដាក់វិន័យ ឬការកាត់ទោសប្រឆាំង​អំពើ​ពុករលួយដោយជ្រើសរើសបានគ្រប់ពេលវេលា។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីខែមករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ផ្អាកការជ្រើសរើសមន្ត្រីរាជការថ្មីជាបណ្តោះអាសន្ន លើកលែងតែវិស័យអាទិភាពដូចជា សុខាភិ​បាល និងអប់រំ ដើម្បីសន្សំសំចៃថវិកាជាតិ។

គោលដៅចម្បងនៃវិធានការនេះ គឺដើម្បីផ្ដោតលើការកសាងសមត្ថភាពមន្ត្រីរាជការ​ដែលមានស្រាប់​​ប្រ​មាណជា ២០​​​ម៉ឺន​​នាក់ (២០០ ០០០នាក់) ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ជា​ជាង​ការ​បន្ត​ពង្រីក​ចំនួន​មន្ត្រី​ដែល​កំពុង​ហើម​ប៉ោង​ខ្លាំង។

គោលនយោបាយនេះ ក៏បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រពង្រឹងសារពើពន្ធសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ក្នុងបំណងគ្រប់គ្រងបំណុលសាធារណៈដែលបានកើនឡើងដល់ ១២.០៣ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២៤។ ទន្ទឹមនឹងការរឹតបន្តឹងចំណាយ រដ្ឋាភិបាលក៏បានដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្តថ្មីមួយនៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃឆ្នើម និងជំរុញឱ្យមានការផ្តល់សេវាសាធារណៈគំរូ។

យ៉ាងណាក្តី បើ​តាម​សេចក្តី​ថ្លែងការណ៍​អំពី​បរិយាកា​ស​វិនិយោគ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការ​បរទេស​អាមេ​រិក បាន​កត់​សម្គាល់​ថា រដ្ឋាភិ​បាល​ជា​រឿយៗ​នៅ​តែ​ខក​ខាន​ ក្នុង​ការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ដិត​ដល់​ជាមួយ​សហគមន៍​ធុរកិច្ច មុននឹងដាក់ចេញនូវគោលនយោបាយថ្មីៗទាំងនេះ ហើយកង្វះតម្លាភាពក្នុងដំណើរការសម្រេច និង​អនុម័តផ្សេងៗរបស់រដ្ឋាភិបាល នៅតែជាឧបសគ្គចម្បងដែលរារាំងដល់ការទាក់ទាញលំហូរវិនិយោគ​បរទេសដែលមានគុណភាពខ្ពស់មកកាន់កម្ពុជា។

ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រងការរិះគន់ថារដ្ឋាភិបាល «បន្តពូជពង្សនិយម» ជាជាងការផ្លាស់ប្តូររចនាសម្ព័ន្ធ​រដ្ឋបាលតាមបែបវិជ្ជាជីវៈ។

សមាសភាពគណៈរដ្ឋមន្ត្រីខែសីហា ឆ្នាំ​២០២៣ ត្រូវបានចាក់ស្រែះ​ដោយ​បណ្តាញ​ខ្សែ​ស្រឡាយ​ក្រហម​ ដែល​​ផ្សារ​ភ្ជាប់​នាយក​រដ្ឋ​មន្ត្រី​ទៅ​នឹង​បណ្តា​ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដទៃទៀត តាមរយៈចំណងលោហិត អាពាហ៍ពិពាហ៍ និងផលប្រយោជន៍សេដ្ឋកិច្ច។

ជាក់ស្តែង វត្តមាននៃមន្ត្រីថ្មីប្រមាណបីភាគបួន ដែលជាកូនចៅបន្តត្រកូលពីមន្ត្រីជំនាន់មុន គឺជាការតម្កល់ប្រព័ន្ធ​បក្ខពួកនិយមពីសម័យលោក ហ៊ុន សែន ឱ្យកាន់តែរឹងមាំទ្វេដង។​

រចនាសម្ព័ន្ធដែលដឹកនាំដោយតួអង្គគន្លឹះ ដូចជា លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត លោក ស សុខា និងលោក ទៀ សីហា បម្រើឱ្យយុទ្ធសាស្ត្រទ្វេភាគ៖ ទីមួយ គឺការទប់ស្កាត់ការបែកបាក់ផ្ទៃក្នុងតាមរយៈការបែងចែក​ផលប្រយោជន៍​រវាងគ្រួសារឥស្សរជន និងទីពីរ គឺការធានាថា រាល់កំណែទម្រង់ ត្រូវតែស្ថិតក្រោមឥទ្ធិពល​នៃភាពស្មោះត្រង់ដាច់ខាតចំពោះបក្ស។

ក្រុមអ្នករិះគន់ រួមមាន លោកសាស្ត្រាចារ្យ បណ្ឌិត អៀ សុផល អ្នកជំនាញកិច្ចការទំនាក់ទំនងការទូត និងគោល​នយោបាយ​ការបរទេស បានលើកឡើងថា រចនាសម្ព័ន្ធអំណាចបែបនេះ បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីដែលកំពុងហាត់ការ ដែលប្រតិបត្តិការក្រោមស្រមោលដ៏មានឥទ្ធិពលរបស់ឪពុក​លោក ដែលនៅតែបន្តកាន់តំណែងជាប្រធានព្រឹទ្ធសភា និងជាប្រមុខបក្សកាន់អំណាច។

ការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានផ្តល់ឱ្យ លោក ហ៊ុន សែន នូវវេទិ​កា​​ផ្លូវការមួយ​ដើម្បីបន្តទទួលស្វាគមន៍ឥស្សរជនបរទេស និងបន្តមានឥទ្ធិពលលើការសម្រេចចិត្តជាយុទ្ធ​សាស្ត្រ​ធំៗ​របស់ជាតិ ដូចជា ការជំរុញគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃរាប់ពាន់លានដុល្លារ​ជាដើម។

ទោះបីមានការដាក់ចេញនូវគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងសារាចរណែនាំនានាដើម្បីលុបបំបាត់ទម្លាប់​អាក្រក់ក្នុងសង្គមក៏ដោយ ក៏លទ្ធផលនៃអភិបាលកិច្ចនៅក្នុងសន្ទស្សន៍អំពើពុករលួយ និងនីតិរដ្ឋអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញពីនិន្នាការធ្លាក់ចុះគួរ​ឱ្យព្រួយ​បារម្ភ ដោយពិន្ទុរបស់កម្ពុជាបានធ្លាក់ចុះពី២៣ ក្នុងឆ្នាំ២០២១ មកនៅត្រឹម​២០ ក្នុងឆ្នាំ​​២០២៥ ដែល​​ផ្អែកតាមរបាយការណ៍ កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ បានបង្ហាញថា កម្ពុជាស្ថិតក្នុងលេខរៀងទី​១៦៣ ក្នុងចំណោម ១៨២ ប្រទេសនៅទូទាំងពិភពលោក។

ការធ្លាក់ចុះនៃសន្ទស្សន៍នេះ គឺជាសក្ខីភាពបញ្ជាក់ពីការលើកឡើងរបស់លោក សេង វណ្ណលី អំពី​តម្រូវ​ការចាំបាច់​ក្នុង​ការអនុវត្ត​ច្បាប់ប្រឆាំង​អំពើ​ពុករលួយ​ឱ្យបានម៉ឺងម៉ាត់។

បើទោះជាការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិមានសញ្ញាល្អប្រសើរខ្លះក៏ដោយ។ ប៉ុន្តែអ្នកជំនាញភូមិ​សាស្ត្រនយោបាយរូបនេះ យល់ថា វឌ្ឍនភាពទាំងនេះ នៅមិនទាន់អាចលុបលាងនូវបញ្ហាអភិបាលកិច្ចដែល​ចាក់ឫសក្នុង​ប្រព័ន្ធតុលាការ និងខ្សែរយៈដឹកនាំជាន់ខ្ពស់បានឡើយ ដែលកត្តានេះហើយគឺជាចំណុចខ្សោយ​ដ៏រ៉ាំរ៉ៃនៃប្រព័ន្ធរដ្ឋបាលកម្ពុជា។

សន្ទស្សន៍នីតិរដ្ឋឆ្នាំ​២០២៤ និងឆ្នាំ​២០២៥ របស់គម្រោងយុត្តិធម៌ពិភព​លោក (World Justice Project) កាន់តែបញ្ជាក់​ច្បាស់ពីស្ថានភាពនេះ ដោយបានចាត់ថ្នាក់កម្ពុជាឱ្យស្ថិតនៅលេខរៀងទី ១៤១ នៅទូទាំងពិភព​លោក និងបាន​កត់សម្គាល់ថាប្រព័ន្ធតុលាការកម្ពុជា បានបាត់បង់ឯករាជ្យភាពរបស់ខ្លួនស្ទើរតែទាំង​ស្រុង ដោយ​បានប្រែក្លាយ​ទៅជាឧបករណ៍សម្រាប់បម្រើឱ្យគោលបំណងនយោបាយតែប៉ុណ្ណោះ។

បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់រដ្ឋបាល លោក ហ៊ុន ម៉ាណែត គឺការ​រីក​សាយ​ភាយ​នៃមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ដែលវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកក្នុងឆ្នាំ​២០២៤ បានប៉ាន់ប្រមាណថា ចំណូលខុសច្បាប់មានទំហំលើសពី ១២.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងប្រហែល ៥០% នៃផលិត​ផល​ក្នុងស្រុកសរុប (GDP) របស់ជាតិ។

ប្រតិបត្តិការទុច្ចរិតទាំងនេះ ជារឿយៗតែងតែពាក់ព័ន្ធនឹងអំពើហិង្សា ការធ្វើទារុណកម្ម ការជួញដូរមនុស្ស និង​ការបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់ ដែលភាគច្រើនមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រោម​​កម្មសិទ្ធិរបស់ក្រុមឥស្សរជនដែលមានទំនាក់ទំនងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយក្នុងខែកុម្ភៈ ឆ្នាំ​២០២៦ ដើម្បី​បង្កើន​​ទម្ងន់ទោសឱ្យកាន់តែធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់មេខ្លោង ខណៈដែលអាជ្ញាធរក៏ធ្លាប់បានបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំកាលពីខែកក្កដា ឆ្នាំ​២០២៤ ដែលនាំទៅដល់ការ​បិទទីតាំងឆបោកចំនួន ២៥០ កន្លែង និងការបណ្តេញជនបរទេសចំនួន ១០,០០០ នាក់។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ឆ្នាំ​២០២៤ និងឆ្នាំ​២០២៥ របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញ​ថា ក្រុម​ឧក្រិដ្ឋជននៅតែអាចបន្តសូកប៉ាន់សមត្ថកិច្ចដោយគ្មានការដាក់ទោស ហើយរដ្ឋាភិបាលក៏មិន​ទាន់បានចាត់វិធានការ និងកាត់កាត់ទោសអ្នកសមគំនិតកម្រិតខ្ពស់នៅឡើយទេ។

ស្របពេលដែលរដ្ឋាភិបាលរក្សាភាពជឿជាក់លើកំណើនរឹងមាំ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានបង្ហាញនូវភាព​ប្រុងប្រយ័ត្ន ដោយបានទម្លាក់ការព្យាករណ៍កំណើន GDP ពីក្នុងរង្វង់ ៥,៨% ក្នុងឆ្នាំ​​២០២៤ មកនៅត្រឹមចន្លោះពី ៤,០% ទៅ ៥,០% សម្រាប់ឆ្នាំ​២០២៦ ដោយលើកឡើងពីបញ្ហាឧបសគ្គផ្នែកស្ថាប័ន និងហានិភ័យ​នៃអន្ទាក់ចំណូលមធ្យម។

កម្លាំងចលករចម្បងនៃកំណើន គឺវិស័យផលិតកម្ម និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែល​របាយ​ការណ៍​​ឆ្នាំ​​២០២៥ របស់ IMF បានកត់សម្គាល់ពីការខ្វះខាតចំណូលពន្ធពី ៣ ទៅ ៤ ភាគរយ បើធៀប​​នឹង​មធ្យម​ភាគ​នៃ​​បណ្ដា​​ប្រទេស​កំពុងអភិវឌ្ឍន៍ (EMDEs)។ លើសពីនេះ សេដ្ឋកិច្ចកម្ពុជានៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើការ​វិនិ​យោគ​ពី​ចិន ដែលមានចំណែករហូតដល់ទៅជាង ៧០% នៃ FDI សរុបចំនួន ៥.២ ពាន់លានដុល្លារក្នុងឆ្នាំ​២០២៥ ដែល​ភាពប្រមូលផ្ដុំនេះ ធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យពីការប្រែប្រួលនៃគោលនយោបាយផ្ទៃក្នុង​របស់​ចិន។

ពាក់ព័ន្ធនឹងសេរីភាពប្រជាធិបតេយ្យ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានវាយតម្លៃរដ្ឋាភិបាលបន្តវេន​នេះថាជា«ស្រាចាស់ក្នុងដបថ្មី» ដោយសារការបង្កើនការប្រើប្រាស់ច្បាប់គាបសង្កត់លើសមាជិកគណបក្ស​ភ្លើងទៀននិងគណបក្សកម្លាំងជាតិ ក្នុងឆ្នាំ​២០២៤ និងឆ្នាំ​២០២៥ រួមទាំងការកើនឡើងនៃការគាបសង្ក​​​ត់ឆ្លងដែនដូចជាករណីឃាតកម្មអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លឹម គឹមយ៉ា ជាដើម។

សេរីភាព​សារព័ត៌មាន ក៏បានធ្លាក់ចុះដល់លេខរៀងទី ១៦១ ក្នុងឆ្នាំ​២០២៥ ខណៈដែលការចាប់ខ្លួន និងឃា​តកម្មលើអ្នកកាសែត និងស្ថានភាពពន្ធនាគារដែលផ្ទុកមនុស្សលើសចំណុះដល់ទៅ ២០០% តាមការរក​ឃើញរបស់លីកាដូ (LICADHO) នៅចុងឆ្នាំ​២០២៤ ក៏ជាក្តីកង្វល់ដ៏ធំធេងផងដែរ។

ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គម រដ្ឋបាលបានផ្តល់អាទិភាពលើ «កម្មវិធីគោលនយោបាយអាទិភាពទាំង៦» តាម​រយៈការបែងចែកថវិកាជាតិឆ្នាំ​២០២៦ ចំនួន ១០.១ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គ្រួសារក្រីក្រ យុវជន និងវិស័យកសិកម្ម។

ទោះបីជាមានការស្នើឱ្យបង្កើនចំណូលពន្ធពីស្ថាប័នអន្តរជាតិក៏ដោយ ក៏រដ្ឋបាលនៅតែរក្សាគោលន​យោបា​យ​ពន្ធទាប ដូចជាការលើកលែងពន្ធលើប្រាក់បៀវត្សរ៍ក្រោម ១.៥ លានរៀល ដើម្បីរក្សាមូលដ្ឋានគាំទ្រនយោ​បាយ។

ជារួម ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គឺជាការប៉ុនប៉ងសម្រុះសម្រួល​គំរូ​អភិបាល​កិច្ច​ពីរ​ដែល​ផ្ទុយ​គ្នា​ស្រឡះ គឺ​ការិយា​ល័យ​ធិប​តេយ្យ​បែប​ទំនើប និងអំណាចផ្តាច់ការផ្អែកលើបក្ខពួកនិយម។

ទោះបីជាសម្រេចបាននូវរូបរាងនៃកំណែទម្រង់តាមរយៈឌីជីថលូបនីយកម្មក៏ដោយ ប៉ុន្តែខ្លឹមសារនៃអំណា​ច​នៅ​តែបន្តបម្រើផលប្រយោជន៍ក្រុមឥស្សរជន និងការពារអំណាចដាច់ខាតតាមរយៈប្រព័ន្ធតុលាការ។

ការបន្តរីកសាយភាយនៃឧស្សាហកម្មឆបោកអនឡាញ បានលាតត្រដាងយ៉ាងច្បាស់នូវដែនកំណត់នៃអំ​ណា​ច​របស់ លោក ហ៊ុន ម៉ាណែត ក្នុងការទម្លាយរបាំងរចនាសម្ព័ន្ធនៃអំពើពុករលួយ។ នៅចំពោះមុខការត្រៀមចាកចេញពីស្ថាន​ភាព​ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ​២០២៩ កម្ពុជានឹងត្រូវប្រឈមមុខយ៉ាង​ធ្ងន់​ធ្ងរ​នឹង «អន្ទាក់ចំណូល​មធ្យម» ប្រសិនបើវិបត្តិផ្ទុយគ្នានៃប្រព័ន្ធបក្ខពួកនិយមមិនត្រូវបានដោះស្រាយ​ឱ្យបា​ន​ស៊ី​ជម្រៅ។

សរុប​មក ក្នុងរយៈពេលបីឆ្នាំដំបូងនៃអាណត្តិទី ៧ នេះ បានសបញ្ជាក់ថា អន្តរកាលអំណាចនេះ គឺគ្រាន់តែជាការកំណត់របត់ជំនាន់ថ្មីនៃ «ប្រព័ន្ធចាស់» ក្នុងគោលបំណងធានានូវការបន្តក្តោបក្តាប់អំណាចដាច់ខាតឱ្យ​កាន់​តែមានចីរភាព ក្រោមរូបភាពរដ្ឋបាលដែលមើលទៅស៊ីវិល័យ ​និងទំនើបកម្មផ្នែកបច្ចេកវិទ្យាតែប៉ុណ្ណោះ។

ជាដំណោះស្រាយ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ​២០៥០ តម្រូវ​ឱ្យ​រដ្ឋ​បាល​ លោក ហ៊ុន ម៉ាណែត ធ្វើ​ការ​ផ្លាស់​​ប្តូរ​ជា​យុទ្ធ​សាស្ត្រ​លើស​ពី​ត្រឹម​តែ​រូប​ភាព​ខាង​ក្រៅ​នៃ​ទំនើប​កម្ម​ឌីជី​ថល។

ជាកិច្ចចាប់ផ្ដើមរដ្ឋាភិបាលចាំបាច់ត្រូវផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការស្ដារឡើងវិញនូវឯករាជ្យភាពនៃប្រ​ព័ន្ធ​​តុលាការ ដើម្បីឱ្យស្ថាប័ននេះអាចបំពេញ​តួនាទី​ជាបង្អែកយុត្តិធម៌ពិតប្រាកដ សម្រាប់ពលរដ្ឋគ្រប់រូប និង​​ជាខែលការពារការរំលោភបំពានអំណាច ជាជាងក្លាយជាឧបករណ៍នយោបាយសម្រាប់បង្ក្រាបមតិផ្ទុយ​។

ទន្ទឹមនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ការពង្រឹងភាពស្អាតស្អំនៃរដ្ឋបាលសាធារណៈ មិនគួរត្រូវបានធ្វើ​ឡើង​​ត្រឹម​តែ​ការប្រឡងជ្រើសរើសមន្ត្រីថ្នាក់ទាបប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានយន្តការត្រួតពិនិត្យ និងដាក់វិន័យ​យ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីជាន់ខ្ពស់ដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ និងបណ្តាញបក្ខពួក​និយមដែលកំពុងរារាំង​ដល់​ប្រសិទ្ធ​ភាព​នៃ​ការ​កែទម្រង់រចនាសម្ព័ន្ធ។

បន្ថែមលើនេះ ដើម្បីធានាឱ្យសេដ្ឋកិច្ចជាតិចាកផុតពីអន្ទាក់ចំណូលមធ្យម កម្ពុជាត្រូវតែធ្វើពិពិធកម្មប្រភពទុន​វិនិយោគ និងទីផ្សារនាំចេញឱ្យបានទូលំទូលាយ ដោយកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ និង​ងាក​មក​​ពង្រឹង​​បរិយា​កាស​ធុរកិច្ចឱ្យមានតម្លាភាពដើម្បីទាក់ទាញវិនិយោគិនពីគ្រប់តំបន់ ជាពិសេសបស្ចិម​ប្រទេស។

ក្នុងន័យនេះ ការសម្អាតឧស្សាហកម្មឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន គឺជាកិច្ច​ការ​បន្ទាន់​ដែល​ត្រូវ​ធ្វើ​ឡើង​​ដោយ​ឆន្ទៈ​នយោ​បាយ​ពិត​ប្រាកដ ដើម្បី​ស្រោច​ស្រង់​កេរ្តិ៍​ឈ្មោះ​ជាតិ​នៅ​លើ​ឆាក​អន្តរ​ជាតិ និង​ធានា​បាន​នូវ​សន្តិ​សុខ​​សង្គម​យូរ​អង្វែង។

ជាចុងក្រោយ ស្ថិរភាពនយោបាយពិតប្រាកដនឹងកើតមានទៅបាន លុះត្រាតែមានការបើកលំហសេរីភាពសារព័ត៌​មាន និងការអនុញ្ញាតឱ្យសង្គមស៊ីវិលរួមទាំងគណបក្សក្រៅរដ្ឋាភិបាល អាចចូលរួមចំណែកក្នុងការកែលម្អសង្គមតាម​បែបប្រជាធិបតេយ្យ ដែលវានឹងជួយឱ្យរដ្ឋាភិបាលអាចមើលឃើញនូវបញ្ហាប្រឈមពិតប្រាកដ និងអាចដោះស្រាយ​​បានទាន់ពេលវេលា ចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិវិសមភាពសង្គមដ៏ជ្រៅ ដែល​អាចរង្គោះរង្គើដល់គ្រឹះនៃអភិវឌ្ឍន៍ជាតិនៅពេលអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ