វប្បធម៌​និទណ្ឌ​ភាព​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍ បំផ្លាញ​ជំនឿ​ចិត្ត​ពលរដ្ឋ​លើ​ប្រព័ន្ធ​ច្បាប់

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ខណ្ឌ​ឫស្សី​កែវ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ ខែ​មីនា ហាក់​ក្លាយ​​​ជា​ព្រឹត្តិ​ការណ៍​​ដុត​កំហឹង​មហា​ជន​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ។

កំហឹង​នេះ មិន​ត្រឹម​តែ​កើត​ឡើង​ដោយ​សារ​ជន​បង្ក​ជា​មន្ត្រី​រាជ​ការ និង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ឡើយ​ តែ​វា​ជា​ហេតុ​ការណ៍​ដែល​ចាក់​ឆ្កឹះ​ដំបៅ​ពលរដ្ឋ​ ដែល​ឈឺ​ចាប់​នឹង​ភាព​អយុត្តិ​ធម៌​ជា​ហូរ​ហែរ ដែល​ជន​​បង្ក​​​គ្រោះ​​ថ្នាក់​ច​រាចរណ៍​តែង​រួច​ខ្លួន ឬទ​ទួល​ទោស​ទណ្ឌ​មិន​សក្តិ​​សម​នឹង​កំហុ​ស​ដែល​​ពួក​គេ​​បាន​​ប្រព្រឹត្ត។

ភាពឈឺចាប់ និងការអស់ទំនុកចិត្តរបស់ប្រជាជនកម្ពុជាទៅលើប្រព័ន្ធច្បាប់ បាន​កើន​ឡើង​ដល់​ចំណុច​កំពូ​ល​ចាប់​តាំង​ពី​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើស្ពាន​ជ្រោយ​ចង្វារ កាល​ពី​ចុង​ឆ្នាំ​២០២២ ដែល​ឆក់​​យក​ជីវិត​ទារក​ម្នាក់ដែ​លមា​ន​អាយុ​ទើប​២ខែ។ ទោះ​មាន​ដីកា​តុលាការ​បង្គាប់​ឱ្យ​ចូល​ខ្លួន តែ​ជន​​បង្ក​ហេ​តុ​ឈ្មោះ សោម ណូរីទីឃា បាន​បាត់​ដំណឹង​មក​ទល់​ពេល​បច្ចុប្បន្ន។

ករណីមួយទៀត បង្កឡើងដោយមន្ត្រីក្រសួងសេដ្ឋកិច្ច លោក នាង សំអូន កាលពីឆ្នាំ​២០២៤ បើក​​បរ​ក្រោ​ម​ស្ថាន​ភាព​ស្រវឹង បុករះក្រោមស្ពានអាកាសឫស្សីកែវ បណ្ដាល​ឱ្យ​មនុស្ស​៤នាក់​​ស្លាប់។ តុ​លា​​កា​​រ​បាន​​កាត់​ទោស​ជនបង្ករូបនេះ ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ។ ប៉ុន្តែ​ពលរដ្ឋ​ថា ការ​បាត់​បង់សេ​រីភាព​៥ឆ្នាំនេះ​ មិន​ស្មើនឹងអាយុជីវិតមនុស្ស៤នាក់ ដែល​មាន​ម្នាក់​ជា​សិស្ស​ស្ថា​ប​ត្យ​​កម្ម​នោះឡើយ។

ចំណែកករណីកាន់តែចាប់អារម្មណ៍មួយទៀតនោះ គឺមន្ត្រីក្រសួងមហាផ្ទៃ ​លោក ហ៊ុន ហេង ស្រវឹង​បង្ក​គ្រោះ​​​ថ្នាក់​បុក​រះ​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ កាលពីឆ្នាំ២០២៥ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​​ស្លាប់ និង​ច្រើន​នាក់​របួស ដែល​ត្រូវ​បាន​កាត់​ទោស​​ជាប់​ពន្ធនា​គារ​៣ឆ្នាំ តែ​ព្យួរ​២ឆ្នាំ ដោយ​អនុវត្ត​ទោ​សតែ១ឆ្នាំ។

ពលរដ្ឋនៅខេត្តបាត់ដំបង កញ្ញា រិន ចាន់ធី យល់ឃើញ​ថា ការ​ដែលពលរដ្ឋ​ចោម​​រោម​ចាប់​​ជន​​បង្ក​ឃាត់​ទុក និង​ពេល​ខ្លះ​បង្ក​ហិង្សា ក៏ព្រោះ​តែពួកគាត់ឈឺចាប់ និងគ្មានទំនុក​ចិត្តលើ​អាជ្ញាធរ ជាពិសេ​ស​ប្រព័​ន្ធ​ច្បាប់​កម្ពុជា។ មិន​ខុសពីពលរដ្ឋទាំងនោះ កញ្ញា​ក៏​អស់​ជំនឿ​ចិត្ត​លើ​ប្រ​ព័ន្ធ​​ច្បាប់​នៅកម្ពុជាដែរ ដោយ​ហេតុ​ថា​កញ្ញាចងចាំហេតុ​ការណ៍គ្រោះ​ថ្នាក់ចរាចរណ៍​ជាច្រើន ដែល​​មិ​នទាន់​មានយុត្តិ​ធម៌​​ឱ្យ​គ្រួ​សារ​ជន​រង​​​​គ្រោះ ទោះបី​សាច់​​ញាតិ​ពួក​គេ​បាន​បាត់​ប​ង់​ជីវិត​ក្ដី។

កញ្ញា រិន ចាន់ធី និយាយថា៖ «ផលប៉ះពាល់ទៅលើទំនុកចិត្តភពប្រជាពលរដ្ឋ គឺធ្ងន់ធ្ងរ! អាច​និយាយ​បាន​ថា ​ប្រ​​ជា​ពលរដ្ឋ​គា​​ត់​លែង​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​ច្បាប់​​នៅ​ក្នុង​ប្រទេស ដែល​គាត់​​រស់​​នៅ គឺ​​អាចថា អ្នកណា​ក៏ដឹងថា ច្បាប់​វា​នៅ​ក្រោម​លុយ វានៅក្រោមអំណាច​តួនាទី»។

ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ គឺកញ្ញា ស៊ុន រស្មី លើកឡើងថា អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​ជា​ង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ គឺ​ភាព​អយុត្តិ​ធម៌​ និង​ការ​ដោះ​លែង​ឱ្យ​ជន​បង្ក​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់។ កញ្ញា​បន្ត​ថា បញ្ហា​នេះ​បាន​បំផ្លាញ​​ទាំង​ទំនុក​ចិត្ត និង​ផ្លូវ​ចិត្ត​ពលរដ្ឋ​ ដែល​ត្រូវ​រង​គ្រោះ​​បាត់​បង់​ស​មាជិក​​គ្រួសារ ហើយ​នៅ​មក​ត្រូវ​ជួប​ភាព​អយុត្តិ​ធម៌​មួយ​ជាន់​បន្ថែម​ទៀត។

កញ្ញា ស៊ុន រស្មី និយាយ​ថា៖ «ខ្ញុំសង្ឃឹមថា ប្រព័ន្ធ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ផ្តល់​យុត្តិ​ធម៌ ឱ្យ​ជន​រង​គ្រោះ​​ឱ្យ​បាន​​​សមរម្យ និង​សម​ស្រប​នៅ​ពេល​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ដោយ​​ប្រការ​ណាមួ​​​យ​កើត​ឡើង​ ដើម្បី​ឱ្យ​ប្រជា​ជន​គាត់​មាន​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​ច្បាប់ ឱ្យ​ប្រជា​ជន​គាត់​រ​ស់​នៅ​ដោយ​មាន​តម្លា​​ភាព ឱ្យ​ប្រជាជន​គាត់​ដូច​ថា បាន​អស់​ចិត្ត»។

មិនខុសពីជនបង្កករណីមុនៗ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សី​កែវ កាលពីថ្ងៃ​ទី​១៨ ខែ​មីនា​នេះ ​​គឺ​បង្ក​ឡើង​ដោយ​មន្ត្រី​រាជ​ការ​នៅ​ស្រុក​កង​មាស ដែល​បើកប​រ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ បណ្ដា​ល​​ឱ្យ​​ក្មេង​​ម្នាក់​រង​របួស​ធ្ងន់។ មន្ត្រីរូ​ប​នោះ បាន​បោះ​ពាក្យ​សម្ដី​ថា ​បើ​ស្លាប់​នឹង​សង​២ម៉ឺន​ដុល្លារ និង​រុញ​កា​រ​ទ​ទួល​​ខុស​ត្រូវ​ឱ្យ​ស្ត្រី​ម្នាក់​ទៀត​ ដែល​អះ​អាង​ថា​ជា​អ្នក​បើក​បរ​រថយន្ត​ក្នុង​ពេល​បង្ក​ហេតុ។

ករណីនេះ​កំពុងធ្វើឱ្យពលរដ្ឋបារម្ភថា ជនបង្កអាចនឹងប្រើប្រាស់​អំណាច​ទឹក​ប្រាក់​​ដើម្បី​គេច​ពី​ទោស​​ព្រហ្ម​ទ​ណ្ឌ​ជា​មិន​ខាន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជាសាធារណៈនៅថ្ងៃទី២០ ខែ​មីនា នេះ​ថា សមត្ថ​​កិច្ច​ជំ​នាញ​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ផ្លូវ​គោក បាន​នាំ​ខ្លួន​ជន​ទាំង​២នាក់​ ទៅ​​សាក​សួរ​តាម​ច្បាប់ ហើយ​​បន្ត​អង្កេត​ស្រាវ​ជ្រាវ​តាម​ជំនាញ​បច្ចេក​ទេស​ ក្នុង​គោល​ដៅ​សុក្រឹត​ភា​ព​នៃ​ការ​ទ​ទួល​ខុស​ត្រូ​​វ ក្នុង​នា​​ម​ជា​អ្នក​បើក​បរ​បង្ក​ហេតុ​ មុន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ឆាប់ៗ​នេះ។

ទាក់ទិនរឿងនេះ អ្នកវិភាគនិងតាមដានសង្គម លោក មាស នី មិន​គាំទ្រ​ឱ្យ​​ពល​រដ្ឋ​ប្រើ​អំពើ​ហិ​ង្សា​​លើ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ឡើយ។ តែយ៉ាងណា លោក​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​​បាន​ម៉ឺង​ម៉ាត់ និង​លុប​បំបាត់​ឱ្យ​បាន​នូវ​អំពើ​ពុក​រលួយ​ដែល​យក​លុយ​ដោះ​ស្រាយ​បញ្ហា ដើម្បី​កសាង​​ទំនុ​ក​ចិ​ត្ត​ដល់​ពលរដ្ឋ​ឡើង​វិញ។

លោក មាស នី ថ្លែងថា៖ «បើច្បាប់យើងនៅតែដំណោះស្រាយ​ត្រឹម​តែ​បង់​លុយ​ ហើយ​រួច​ខ្លួន អាហ្នឹង​​​ទៅ​ថ្ងៃ​អនា​​គត ឱ្យ​តែ​គេមា​ន​លុយ គេ​អាច​ធ្វើ​អី​ក៏​បាន​ដែរ​ ហើយ​គេ​បើក​បង្ក​គ្រោះ​ថ្នាក់​អី​ម៉េច ក៏​គេមិ​នខ្វ​ល់​ខ្វាយ​ដែរ គេ​មាន​​លុយ​យក​ទៅ​បោះ​ឱ្យ​មួយ​ដុំៗ​អញ្ចឹង​ទៅ ​ក៏​រួច​ខ្លួន​បាត់»។

តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា ការបើកបរដោយធ្វេស​ប្រហែស ​បណ្ដាល​​ឱ្យ​អ្នក​ដទៃ​​ស្លាប់ ត្រូវជាប់ពន្ធនាគារ ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ ៤លាន ទៅ ១៥​លាន​​រៀល។ បើមាន​កត្តា​ធ្ងន់ (ស្រវឹង រត់​គេច​ខ្លួន គ្មាន​​ប័ណ្ណ​បើក​បរ ឬ​បើក​បរ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់) ត្រូវ​ជាប់​​ពន្ធនា​គារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ ១០លាន ទៅ ២៥​លាន​រៀល។

ទន្ទឹមនឹងការចង់បានភាពយុត្តិធម៌ ប្រជាពលរដ្ឋចង់ឃើញ​រដ្ឋាភិ​បាល​រឹត​បន្តឹង​ ឬ​កែ​ច្បាប់​បន្ថែម​ទម្ងន់​ទោស​ដល់​ជន​បង្ក​ណា​ដែល​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង ហើយ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ផង​ដែរ ដើម្បី​​កាត់​​បន្ថយ​ការ​អាង​អំណាច​ទឹក​លុយ​ទិញ​ជីវិត​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ