អតិថិជនរាប់រយនាក់ដែលត្រូវធនាគារបង្កកប្រាក់ ក្នុងនោះមានទាំងអតិថិជន លោក ហ៊ុន តូ ផងដែរ ជំរុញឱ្យធនាគារជាតិពន្លឿនដោះស្រាយសងប្រាក់ពួកគេត្រឡប់មក ដើម្បីបង្ហាញការទទួលខុសត្រូវ និងកុំឱ្យអតិថិជន កំពុងដាក់ប្រាក់បញ្ញើនៅធនាគារជាច្រើនទៀត បាក់ទឹកចិត្ត ដោយសារតែភាពមិនច្បាស់លាស់នេះ។
ពលរដ្ឋរស់នៅរាជធានីម្នាក់ ក្នុងចំណោមពលរដ្ឋជិត ៣០០នាក់ ដែលត្រូវធនាគារផេនដា បង្កកប្រាក់ប្រមាណ ១ខែហើយនោះ គឺកញ្ញា សៀវ លីង ថ្លែងប្រាប់វីអូឌីថា ពួកគេគ្រោងផ្ដិតមេដៃរួមគ្នាទាំងជិត ៣០០នាក់ ដាក់ស្នើធនាគារជាតិនៅដើមសប្ដាហ៍ក្រោយ ដើម្បីពន្លឿនដោះស្រាយបង្វិលសាច់ប្រាក់របស់ខ្លួនវិញ បន្ទាប់ពីធនាគារនេះបានផ្អាកដំណើរការ។
កញ្ញារៀបរាប់ថា ខ្លួនបានដាក់ប្រាក់សន្សំនៅធនាគារផេនដា ចំនួន ៦ពាន់ដុល្លារ ជាថ្នូរការប្រាក់ប្រចាំថ្ងៃ។ ទោះយ៉ាងណា ក្រោយដាក់សន្សំជាង ១១ខែមក កញ្ញាពុំដែលបានដកប្រាក់មកប្រើម្ដងទេ ដោយសារធនាគារនេះមានបញ្ហាវេរប្រាក់តាមប្រព័ន្ធបាគង ឬ KHQR តាំងពីពេលនោះមក។ ដោយសារកញ្ញាមិនមានពេលទៅដកសាច់ប្រាក់ផ្ទាល់នៅទីស្នាក់ការធនាគារ ទើបចេះតែទុកប្រាក់នៅក្នុងគណនីរហូតដល់មានបញ្ហាកើតឡើង ទើបកញ្ញាបារម្ភបាត់បង់ប្រាក់។
កញ្ញា សៀវ លីង និយាយថា៖ «ពួកយើងសំណូមពរឱ្យខាងធនាគារជាតិ ធនាគារផេនដា ជាមួយខាងម៉ូរីសុនកាក់ ចេញលិខិតបញ្ជាក់ថាពិតជាបានទទួលពាក្យស្នើសុំរបស់ពួកយើងដែលជាអតិថិជនពិតប្រាកដមែនទី១។ មួយទៀត ខ្ញុំចង់ឱ្យធនាគារជាតិ និងម៉ូរីសុនកាក់ ចេញលិខិតបញ្ជាក់ថា គាត់នឹងទូទាត់សងសំណងដល់ពួកយើងវិញនៅថ្ងៃណា ខែណាឱ្យបានជាក់ច្បាស់។ ព្រោះតែពួកយើងទាំងអស់គ្នាត្រូវការប្រើប្រាស់លុយនឹង ហើយពួកយើងចង់ទទួលបានសំណងត្រឡប់មកវិញ 100%»។
អតិថិជនមួយរូបទៀតដែលដាក់ឈ្មោះថា Pino Rosso បានសរសេរលើហ្វេសប៊ុកជាភាសាអង់គ្លេស ដែលមានន័យថា លោកបានលក់ផ្ទះនៅប្រទេសកំណើតមករស់នៅកម្ពុជា និងយកប្រាក់ទាំងអស់មកតម្កល់នៅធនាគារផេនដា។ លោកបន្តថា បានយកចំណូលទាំងអស់បង់ថ្លៃផ្ទះជួល ទឹកភ្លើង និងអាហារ ដែលជាការចូលរួមចំណែកដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលលោកចាត់ទុកថា ស្អាតស្អំបំផុតនៅលើពិភពលោក។
ប៉ុន្តែលោកចោទជាសំណួរថា តើលោកធ្វើអ្វីខុសមែនទេ ហេតុអ្វីបានជាប្រព័ន្ធធនាគារកម្ពុជា បោកប្រាស់យកប្រាក់របស់លោកបែបនេះ? លោកបន្តសួរថា ហេតុអ្វីបានជាធនាគារជាតិផ្តល់អាជ្ញាប័ណ្ណធនាគារទៅឱ្យបុគ្គលដែលមិនចេះធ្វើអាជីវកម្មធនាគារទៅវិញ ទោះគ្មានចំណេះដឹងទាល់តែសោះពីវិស័យនេះ? លោកព្រមានថា បើលោកមិនទទួលបានប្រាក់ត្រឡប់មកវិញទាំងអស់ ក្នុងរយៈពេលពីរខែខាងមុខនេះទេ លោកនឹងប្រាប់ទៅកាន់ស្ថាប័នសារព័ត៌មានជាច្រើនជុំវិញពិភពលោកថា ការមករស់នៅ និងយកប្រាក់ដាក់បញ្ញើនៅកម្ពុជា គឺមិនមានសុវត្ថិភាពនោះទេ។
ទោះយ៉ាងណា នៅមានសំណូមពរ និងមតិជាច្រើនជុំវិញករណីធនាគារផេនដា ដោយពួកគេបន្តសរសេរសារបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិ និងអគ្គទេសាភិបាលធនាគារជាតិ អ្នកស្រី ជា សិរី ក្រោយពីស្ថាប័ននេះចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ពីដំណោះស្រាយចំពោះធនាគារអេភីឌី និងធនាគារព្រីនស៍ (Prince) ខណៈដំណោះស្រាយសម្រាប់អតិថិជនធនាគារផេនដានៅបន្តគ្មានលទ្ធផលគិតត្រឹមថ្ងៃទី២០ មីនា នេះ។
ធនាគារផេនដា បានទទួលអាជ្ញាប័ណ្ណនៅឆ្នាំ២០១៩។ ធនាគារនេះ មានទ្រព្យសកម្មសរុបប្រមាណ ៧៧៦ លានដុល្លារអាមេរិក ឥណទានប្រមាណ ៥៣៦ លានដុល្លារអាមេរិក និងប្រាក់បញ្ញើប្រមាណ ៥០២ លានដុល្លារអាមេរិក ដែលស្មើនឹងចំណែកទីផ្សារ ០,៧៧% នៃប្រព័ន្ធធនាគារកម្ពុជា គិតត្រឹមឆ្នាំ២០២៥។
ធនាគារនេះ ត្រូវបានធនាគារជាតិដកអាជ្ញាប័ណ្ណ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ម៉ូរីសុនកាក់ ត្រួតពិនិត្យដំណើរការបញ្ចប់ប្រតិបត្តិការជូនអតិថិជន។ បើតាមកាសែតខេមបូចា ធនាគារនេះមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយដែលស្ថិតក្រោមទណ្ឌកម្ម និងរងការចោទប្រកាន់ថា បានលាងលុយរាប់ពាន់លានដុល្លារឱ្យបណ្ដាញឆបោក។ ក្រៅពីនេះធនាគារផេនដាបានផ្ដល់ការប្រាក់រហូតដល់ ១០ភាគរយ សម្រាប់អតិថិជនដាក់បញ្ញើ ដែលជាអត្រាមួយខ្ពស់ជាងគេនៅកម្ពុជា។
វីអូឌី បានព្យាយាមសុំការបំភ្លឺពី អ្នកស្រី ជា សិរី តែអ្នកស្រីមិនតបសារទេ ទោះអ្នកស្រីបានចូលមើលហើយ គិតត្រឹមរសៀលថ្ងៃទី២០ ខែមីនា។ ប៉ុន្តែកាលពីថ្ងៃទី១៨ ខែមីនា អ្នកស្រី ជា សិរី បានចេញសារជាវីដេអូពន្យល់ថា ក្រុមហ៊ុនសវនកម្មកំពុងវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ ដោយទាមទារពេលវេលា។
ក្រោយការវាយតម្លៃរួច ធនាគារជាតិនឹងធ្វើការជិតស្និទ្ធជាមួយម្ចាស់ភាគហ៊ុនធនាគារនោះ។ ករណីធនាគារមិនមានលទ្ធភាពបន្តអាជីវកម្មជាប្រក្រតីទេ ក្រុមហ៊ុនសវនកម្មនឹងគ្រប់គ្រងប្រតិបត្តិការរបស់ធនាគារនោះ ដែលមានន័យថា នឹងវាយតម្លៃទ្រព្យសម្បត្តិដែលអាចបំប្លែងជាសាច់លុយ ដើម្បីបើកជូនអតិថិជន។ ប៉ុន្តែបើការបំប្លែងទ្រព្យសម្បត្តិទាំងអស់នោះលឿនពេក គឺធ្វើឱ្យតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ថោក នឹងនាំឱ្យការសងមិនបានពេញលេញ។
អ្នកស្រី ជា សិរី និយាយថា៖ «ចំពោះអតិថិជនរបស់ធនាគារ ព្រីនស៍ (Prince) និងធនាគារ ផេនដា (Panda) ដែលកន្លងមកមានការព្រួយបារម្ភ ខ្ញុំសូមឱ្យអតិថិជនទាំងអស់មានការយោគយល់ និងទុកពេលវេលាឱ្យអ្នកជម្រះបញ្ជីគាត់ធ្វើការងារគាត់ដោយមានប្រសិទ្ធភាព។ ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជម្រះបញ្ជីទាំងនោះ ដើម្បីពន្លឿននីតិវិធី ហើយធ្វើយ៉ាងណាឱ្យអតិថិជនរបស់ធនាគារអាចទទួលបានប្រាក់បញ្ញើវិញយ៉ាងឆាប់រហ័ស»។
ជុំវិញបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចឯករាជ្យមួយរូបគឺ លោក អាន ស៊ីថាវ ពន្យល់ថា ការចាប់ផ្តើមអាជីវកម្មធនាគារដំបូង ធនាគារជាតិនឹងដកទុនបម្រុងទុក។ ក្នុងករណីធនាគារមានអត្រាបំណុលមិនល្អ ធនាគារជាតិនឹងមានវិធានការដ៏តឹងរ៉ឹងដើម្បីការពារកុំឱ្យធនាគារទាំងនោះមានបញ្ហា ដែលអាចប៉ះពាល់ដល់អ្នកសន្សំប្រាក់ដែលជាអាទិភាពចម្បង។ ក្នុងករណីធនាគារមានបញ្ហា ធនាគារជាតិនឹងឱ្យក្រុមហ៊ុនសវនកម្មចូលមកជម្រះបញ្ជី ដើម្បីយកទ្រព្យសម្បត្តិ និងដើមទុនទាំងអស់មកទូទាត់សងអតិថិជន។
លោក អាន ស៊ីថាវ និយាយថា៖ «ទោះបីជាប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរដោះស្រាយឱ្យបានលឿនក៏ដោយ ប៉ុន្តែពេលខ្លះវាត្រូវការពេលវេលា ឧទាហរណ៍ដូចជាការលក់ទ្រព្យសកម្ម ដីធ្លី ឬអគាររបស់ធនាគារដែលមានបញ្ហានោះ ដើម្បីយកប្រាក់មកដោះស្រាយជូនវិញ»។
ក្រៅពីអតិថិជនធនាគារផេនដា មានអតិថិជនក្រុមហ៊ុន ហ៊ុយ វ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ម្នាក់ទៀតក៏ស្នើដល់ធនាគារជាតិពន្លឿនការសងត្រឡប់ទៅពួកគេវិញដែរ។ ពលរដ្ឋម្នាក់ដែលធ្លាប់ប្រកបរបរដូរប្រាក់ជាមួយក្រុមហ៊ុននេះប្រមាណ ៤ឆ្នាំ គឺលោក សាល អាល់ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២០ ខែមីនាថា តាំងពីក្រុមហ៊ុនធំនៅផ្លូវមុនីវង្សបិទទ្វារមក លោកពុំអាចដកលុយទេ។
ទោះយ៉ាងណា លោកព្រលយថា បើចង់ដកក៏អាចដកបានដែរ ប៉ុន្តែត្រូវខាតសេវាច្រើនរហូត ៨០ភាគរយនៃចំនួនទឹកសរុបរបស់ខ្លួន។ ក្នុងន័យនេះ លោកចង់សំដៅថា ប្រព័ន្ធវេរលុយរបស់ក្រុមហ៊ុនរបស់លោក ហ៊ុន តូ នៅបន្តដំណើរការដោយលួចលាក់ដដែល ទោះធនាគារជាតិបានដកហូតអាជ្ញាធរក្រុមហ៊ុននេះជាផ្លូវការហើយក្ដី។
សម្រាប់លោកគឺនៅតែរង់ចាំការដោះស្រាយរបស់រដ្ឋាភិបាល ព្រោះមិនចង់ខាតបង់ច្រើន ហើយលោកនៅប្រាក់ក្នុងគណនីជាង ៥០០០ដុល្លារដែរ។
លោក សាល អាល់ និយាយថា៖ «ពាក់ព័ន្ធនឹងរឿងហ្នឹង គឺ វាមិនមែនតែខ្ញុំទេ វាជាបញ្ហារបស់ពលរដ្ឋជាច្រើន ដែលគាត់ថាជាប់លុយនៅកន្លែងហ្នឹង ហើយគាត់ត្រូវការទុនដើម្បីបង្វិលក្នុងការរកស៊ី។ អ៊ីចឹង ប្រសិនបើរដ្ឋាភិបាលរបស់យើងដោះស្រាយ និយាយរួមមានដំណោះស្រាយដោះស្រាយជូនពលរដ្ឋ ខ្ញុំក៏សប្បាយរីករាយដែរ ហើយបងប្អូនដទៃទៀតក៏គាត់ ខ្ញុំគិតថា អត់គិតខុសពីខ្ញុំទេ ដូចគ្នាអ៊ីចឹងដែរ»។
ជុំវិញករណីនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២០ ខែមីនាថា បញ្ហាធនាគារជាច្បាប់អន្តរជាតិ ដូច្នេះធនាគារជាតិមិនអាចយកលេសថា គ្មានលុយបើកឱ្យអតិថិជនទេ ព្រោះធនាគារនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិ។ លោកបន្តថា បើក្រុមហ៊ុននោះរកស៊ីមិនត្រឹមត្រូវ ឬពាក់ព័ន្ធនឹងការរកស៊ីបោកប្រាស់ នោះអាជ្ញាធរមិនអាចជួយបិទបាំងទេ គឺត្រូវតែមានវិធានការភ្លាម ដូចជា បញ្ចេញលុយជួយផ្តល់ទៅដល់អតិថិជនជាមុន ហើយចាំដោះស្រាយជាមួយធនាគារនោះតាមក្រោយ។
លោក សុន ឆ័យ ថ្លែងថា៖ «តាមខ្ញុំយល់ពីលក្ខណៈនៃច្បាប់គ្រប់គ្រងធនាគារ។ ហើយយើងមិនអាចមានរដ្ឋការអីទៅបើកបានខ្លះ យកភាគរយអី អាហ្នឹងរឿងខុសច្បាប់ទាំងអស់។ ហើយចាំបាច់ណាស់ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការបាក់មុខមាត់ ពាក់ព័ន្ធការរកស៊ី Scam តាមអនឡាញ រកស៊ីបោកប្រាស់អីហ្នឹង មិនគួរណាធនាគារជាតិបន្តឱ្យមានការរំខាន ឬការកេងបំបាត់លុយ ដែលអតិថិជនដាក់ក្នុងធនាគារ ឱ្យមានជាចលាចលបែបនេះទេ ត្រូវតែដោះស្រាយរឿងនេះឱ្យបានឆាប់រហ័សបំផុត»។
សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការដោះស្រាយបញ្ហាធនាគារទាំងនេះ គឺចំណុចសំខាន់គឺការអនុវត្តច្បាប់ ព្រោះកាលណាកម្ពុជាអនុវត្តបានត្រឹមត្រូវ គឺអាចធានាបាននូវភាពច្បាស់លាស់មួយដល់អតិថិជន។ លោកថា ធនាគារជាតិគួរតែបង្ហាញទិន្នន័យឱ្យបានច្បាស់លាស់ ហើយនឹងធ្វើការកំណត់យន្តការតាមវិធានរដ្ឋបាល និងការអនុវត្តដោយឈរទៅលើគោលការណ៍ច្បាស់លាស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវមួយជូនទៅដល់អតិថិជនទាំងអស់។
លោកថា បើការដោះស្រាយបញ្ហានេះពុំបានល្អ វាធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់ កិត្តិយស ជាពិសេសការបាត់ទំនុកចិត្តពីប្រព័ន្ធធនាគារជាតិនៅក្នុងប្រទេសកម្ពុជាទាំងអស់។ លើសពីនេះ លោកជំរុញឱ្យពលរដ្ឋត្រូវតស៊ូតាមផ្លូវច្បាប់។
លោក សេក សុជាតិ ថ្លែងថា៖ «យើងដឹងថាពួកគាត់មានអារម្មណ៍មិនសូវជាល្អទេ នៅពេលដែលធនាគារដែលគាត់ដាក់លុយហើយមានបញ្ហា ហើយគាត់មានការព្រួយបារម្ភ គឺជារឿងត្រឹមត្រូវរបស់គាត់ដែរ។ ដូច្នេះមានតែរដ្ឋទេដែលដើរតួនាទីច្បាស់លាស់ ដើម្បីកំណត់កិច្ចការទាំងអស់ហ្នឹង បើសិនជាគាត់ធ្វើបានហើយ ប្រជាពលរដ្ឋក៏មានជំនឿដែរ»។
បញ្ហាធនាគារផេនដា និងក្រុមហ៊ុន ហួយ វ័នផេ ប្រហាក់ប្រហែលនឹងនឹងធនាគារព្រីនស៍ដែរ ដោយសារក្រុមហ៊ុនទាំងនោះទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ ធនាគារពិភពលោក និងស្ថាប័នវាយតម្លៃហិរញ្ញវត្ថុអន្តរជាតិ (IMF) ព្យាការណ៍ថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ និង ២០២៧ មានកំណើនយឺតយ៉ាវ និងស្ថិតក្នុងភាព «ប្រុងប្រយ័ត្ន» បំផុត។ សម្រាប់វិស័យធនាគារ និន្នាការនៃការច្របាច់បញ្ចូលគ្នា នឹងកើតមានកាន់តែច្រើន ដោយសារស្ថាប័នតូចៗ ដែលខ្វះភាពចម្រុះក្នុងអាជីវកម្ម នឹងត្រូវដួលរលំក្រោមសម្ពាធនៃកម្ចីខូច (NPLs) និងការបាត់បង់ទំនុកចិត្តពីអតិថិជន៕









