អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ផ្សះ​ផ្សា​ជាតិ​ដើម្បី​ទាម​ទារ​ទឹក​ដី​ពី​បរទេស​ឈ្លាន​ពាន

ខណៈ​យោធា​ថៃ​នៅ​តែ​បន្ត​ពង្រីក​ព្រំដែន​រំលោភ​យក​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​មក អ្នក​​​ឃ្លាំ​មើល យល់​ថា មាន​តែ​ការ​ផ្សះ​ផ្សា​ជាតិ​ទេ ទើប​អាច​ទប់​ទល់​ទៅ​នឹង​បរទេស​ឈ្លាន​ពាន​បាន ខណៈ​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

ការ​ជំរុញនេះ ចំពេលអ្នកនយោបាយជំទាស់ និងសកម្មជនសង្គមជាច្រើនទៀត ត្រូវគេជឿ​នៅ​បន្ត​ជាប់​ឃុំនិង​ជាប់​ចោទ ក្រោយ​តុលាការ​ដែល​គ្រប់គ្រងដោយមេដឹកនាំគណបក្សកាន់អំណាច។

មួយវិញទៀត ការជំរុញនេះ ក៏ចំពេល​​សាលា​​ឧទ្ធរណ៍​​ភ្នំពេញ ​​​បាន​​កំណត់​​ពេល​​បើក​​សវនា​​ការ​​សំណុំ​​រឿង​​ក្តី​​លោក​ ​រ៉ុង ឈុន ​ទី​ប្រឹក្សាគណបក្ស​កម្លាំងជាតិ ​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ និង​បង្កភាព​វឹកវរ​ធ្ងន់​​ធ្ងរ​​​ដល់​សង្គម ហើយ​​សាលាដំបូងរាជធានីភ្នំពេញ​​​ បាន​សម្រេច​ដក​សិទ្ធិ​ធ្វើនយោបាយ ​និង​សិទ្ធ​បោះ​ឆ្នោត​​របស់លោក​​។

លោក ​រ៉ុង ឈុន ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​​ភ្នំពេញ ​ចេញ​ដីកាកោះ​ហៅ​កាល​ពីថ្ងៃទី​១៦ខែ​មីនា​ឱ្យ​​ចូល​​រួម​សវនាការ​​នៅ​រសៀល​​ថ្ងៃទី​៣១ខែ​មីនា​ ដើម្បី​​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ពីបទញុះញង់​​បង្កភាព​វឹកវរធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខសង្គម​​(ការមិន​រាងចាលក្នុង​បទ​មជ្ឈិម បន្ទាប់​ពីការ​ផ្តន្ទាទោស​បទមជ្ឈិម)​ប្រព្រឹត្ត​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​​ឆ្នាំ​​២០២៤។

លោក ​រ៉ុង ឈុន ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២០ខែ​មីនា​នេះ​​ថា លោក​និង​មេធាវី​បាន​ត្រៀម​ខ្លួន​​រួច​រាល់​ហើយ​ដើម្បី​​​ទៅ​ចូល​រួម​សវនាការ​សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃទី​៣១ខែ​មីនា ​ដោយ​លោក​បានចាត់​ទុក​បទ​ចោទប្រកាន់​លើ​​រូប​លោកថា​​​ជា​រឿង​​អយុត្តិធម៌​​​ ពីព្រោះ​រូប​លោក​ពុំ​បានទៅ​ធ្វើ​ការ​​ញុះ​ញង់​អ្នកណា ​និង​ពុំ​បាន​បង្កភាព​វឹក​វរ​ណាមួយ​កើតឡើង ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​នោះឡើយ។

កាលពីថ្ងៃទី​៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៥ ​សាលា​ដំបូង​រាជធានីភ្នំពេញ ​បាន​សម្រេច​ផ្តន្ទាទោស ​លោក ​រ៉ុង ឈុន​ឱ្យ​​​ជាប់​ពន្ធនាគារ​៤ឆ្នាំ​ ពិន័យ​ជាប្រាក់​៤លាន​រៀល និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​មិន​ឱ្យឈរឈ្មោះ​បោះ​ឆ្នោត​និង​​​​ចូល​រួម​បោះ​ឆ្នោត​ឡើយ​ក្រោម​ការ​ចោទ​ប្រកាន់​ ​ពីបទញុះញង់​បង្កភាព​វឹកវរធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​(ការ​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម បន្ទាប់​ពីការ​ផ្តន្ទាទោស​បទមជ្ឈិម) ​បន្ទាប់​ពីលោក​ត្រូវបាន​ដោះ​លែង​​ពី​ពន្ធនា​គារ​​ក្នុង​សំណុំ​រឿង​ព្រំ​ដែន​​កម្ពុជា-​វៀតណាម ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពីឆ្នាំ​២០២១។

លោក រ៉ុង ឈុន និយាយក្នុង​សម្តី​ដើម​​ថា៖ «​លោក​ត្រូវបាន​តុលាការ​កាត់ទោស​យ៉ាងអយុត្តិធម៌ ពីព្រោះ​លោក​​មិន​បាន​ធ្វើ​អ្វីខុសច្បាប់​នោះ​ទេ ហើយក៏មិន​បាន​ញុះ​ញង់​អ្នកណា ​ឬក៏បង្កភាព​វឹកវរ​ដល់​សង្គមជាតិ​​អ្វី​នោះ​​ដែរ ពីព្រោះ​លោក​​​គ្រាន់​តែ​ចុះ​សួរ​សុខទុក្ខ​សំណេះ​សំណាល ​និង​ស្តាប់ពិ​​កង្វល់​​របស់​ប្រជាពល​រដ្ឋ​នៅ​តាម​​មូល​ដ្ឋាន ​​និ​ងផ្តល់​សម្ភាស​​ដល់​អ្នក​សារព័ត៌មាន​នានា ​ក្នុងនាម​លោក​ជាអ្នក​នយោបាយ ​គឺ​​ធ្វើ​អ្វី​ៗ​ទៅ​តាម​​ច្បាប់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ​»។

ជាមួយគ្នា​នេះ ​ទាំង​លោក ​រ៉ុង ឈុន ​​លោក ​អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ និង​លោក ​នី សុខា ប្រធាន​សមាគមអាដហុក ​​បាន​​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​បង្រួប​បង្រួម​​ផ្សះ​ផ្សា​​ជាតិ​ខ្មែរ​ ដោយ​ចាប់​​ផ្តើម​ពី​ការ​​​ដោះ​លែង​ លោក កឹម សុខា លោក​ថាច់ សេដ្ឋា កញ្ញា​សេង ធារី​​ និង​ដោះ​លែង​អ្នក​នយោ​បាយ​​សកម្ម​ជ​ន​​ដែល​កំពុង​​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ទាំង​អស់។

លើសពីនេះ ​​ក៏ត្រូវលើកលែង​ការ​ចោទ​ប្រកាន់​​និង​បើក​ផ្លូវ​ឱ្យ លោក ​សម រង្ស៊ី​ និង​លោក​​ស្រី​ មូរ សុខហួរ ​រួម​​ទាំង​​សកម្ម​​​ជន​នយោបាយ ​និង​សកម្មជន​សង្គម​ទាំង​អស់​ នៅ​ក្រៅ​ប្រទេស​បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ដើម្បី​​រួបរួមគ្នា​កសាង​​ជាតិ ​ក្រោម​បាវចនា​ជាតិ សាសនា ព្រះ​មហាក្សត្រ​ ដើម្បី​ឱ្យ​ខ្មែរ​មាន​កម្លាំងខ្លាំង​អាច​ទប់​​ទល់​ទៅ​នឹង​ថៃ​ឈ្លាន​ពាន​បាន ​ដូច​ដែល​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​តែង​តែលើក​ឡើង​ថា ខ្មែរ​រួប​​រួម​ខ្មែរ​ខ្លាំង។

លោក ​អំ សំអាត បាន​ប្រាប់​វីអូឌីនៅថ្ងៃទី២០ខែ​​មីនា​នេះថា ការបន្តចាប់​ឃុំខ្លួន ចោទប្រកាន់​​សកម្ម​ជន​​នយោ​បាយ​ សកម្ម​ជន​បរិស្ថាន ​សកម្ម​ជន​​សង្គម​ សកម្ម​ជន​សហជីព​​ជាបន្តបន្ទាប់​​កន្លង​មក​នេះ ​បាន​ធ្វើ​ឱ្យ​អង្គ​ការ​​សិទ្ធិមនុស្ស​ជាតិ​​និង​អន្តរជាតិ ​រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ ​ក៏​ដូច​​ជា​សហគមន៍​​​អន្តរជាតិ ​ជាពិសេស​សហគមន៍​អឺរ៉ុប ​បាន​ធ្វើការរិះគន់​កម្ពុជា​​ថា បាន​​រិតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​​មតិ​លំហរសេរីភាព​នយោបាយ​ លំហរសេរីភាព​សារព័ត៌មាន និង​លំហរសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ​ដែលការណ៍​នេះ​ធ្វើ​ឱ្យប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ពល​រដ្ឋ​។

លោកថា៖ «គួប​ផ្សំនឹងកាលៈ​ទេសៈ​បច្ចុប្បន្ន​ទៀត ​ដែល​កម្ពុជា​ត្រូវការ​សាមគ្គីភាព​ឯកភាពជាតិ​ ដើម្បី​ធ្វើ​ម៉េច​​ឱ្យ​កម្ពុជា​យើង​ខ្លាំង ​ខ្មែរ​រួបរួមគ្នា​ខ្មែរខ្លាំង ​ដូច្នេះ​អង្គការសង្គម​ស៊ីវិល​​​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ទាំង​ជាតិ​និង​អន្តរ​ជាតិ ​រួម​ទាំង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​ក៏តែង​តែ​ទទូច​ហើយ​ថា សូម​ឱ្យ​​មាន​​ការ​​ដោះ​លែង ​និង​ទម្លាក់​​បទ​ចោទប្រកាន់​ទៅលើសកម្មជន​គណ​បក្ស​​នយោបាយ ​សកម្មជន​បរិស្ថាន ​សកម្ម​ជន​​សហជីព ​សកម្ម​ជនការ​ងារ​ ​សកម្ម​ជន​សិទ្ធិ​មនុស្ស ​​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាសនៃការ​គោរព​​សិទ្ធិ​​​មនុស្ស​​ហ្នឹង​មាន​ភាព​ល្អប្រសើរ​»។

សម្រាប់​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ លោក ​រ៉ុង ឈុន ​​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​​និង​ទទួល​រង​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​​​នាពេល​កន្លងមក ​រហូតមក​ដល់​បច្ចុប្បន្ន នៅ​ក្នុង​តុលាការ ​គឺ​ដោយ​សារ​តែ​ភាព​សកម្ម​របស់​លោក ​ក្នុង​ការ​​​​ចូល​រួមជីវភាព​​នយោបាយ ​និង​ចូល​រួមក្នុង​កិច្ចការ​ងារ​សង្គម​។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជាករណី​របស់​លោក ​រ៉ុង ឈុន​ នេះមាន​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​តាម​ដាន​ពី​សហគ​មន៍​​​អន្តរជាតិ​​ជាប់ជា​ប្រចាំ។

លោកថា៖ «ចឹង​ករណីនេះ ​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នយោបាយ​ទាំង​អស់​គួរតម្កល់​អត្ថប្រយោជន៍​ជាតិ ​​អត្ថ​ប្រយោ​ជន៍​ប្រជាពល​រដ្ឋ​ជាធំ ហើយ​យើង​បន្តនូវវប្បធម៌​សន្ទនា​ការ​បង្រួប​បង្រួម​ជាតិ ​ការឯក​ភាព​​ជាតិ​និង​​ការ​សាមគ្គីភាព​ជាតិ​ជាធំ ​ដូច្នេះករណីលោក ​រ៉ុង ឈុន នេះ​គួរ​ត្រូវបាន​ទម្លាក់​បទ​ចោទ​ប្រកាន់ ហើយ​វិល​មក​បន្ត​​​នូវវប្បធម៌ការ​សន្ទនា ​បង្រួបបង្រួមជាតិ ​វា​ជារឿងល្អ​មួយ​ផងដែរ​នៅក្នុង​កាលៈ​ទេសៈ​នេះ»

ជាមួយគ្នា​នេះ ​លោក ​នី សុខា ប្រធានសមាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក ​ក៏​បាន​ប្រាប់​វីអូឌី​ផង​ដែរ​ថា ការ​នៅ​​​តែបន្ត​ចាប់​ឃុំ​ខ្លួន ឃាត់​ខ្លួន​ក៏ដូច​ជាចោទ​ប្រកាន់ ​និង​ការ​កាត់​ទោស​ទៅ​លើ​សកម្ម​​​​ជន​សង្គម សកម្ម​ជន​នយោ​បាយ ​សកម្ម​ជន​សិទ្ធិមនុស្ស ​បរិស្ថាន ហូរហែកន្លងមក​នេះ ​គឺ​ដោយ​សារ​តែ​ការប្រើប្រាស់​សេរីភាព​នៃ​​ការ​​បញ្ចេញមតិ​​របស់​ពួកគេ។ លោក​ថា ករណីទាំង​នេះ​ បង្ហាញពីការ​បន្តខក​ខាន​របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ការ​គោរព​​និង​លើក​ស្ទួយ​សិទ្ធិមនុស្ស ​ក្នុងនាម​ជាប្រទេស​ដែល​ជាហត្ថលេខី​​នៃ​កក្តិការសញ្ញា ក៏​ដូច​ជា​​សេចក្តីប្រកាសជា​សកល​ស្តីពី​សិទ្ធិមនុស្ស ​សិទ្ធិ​ពលរដ្ឋ ​សិទ្ធិនយោបាយ ​សិទ្ធិសេដ្ឋកិច្ច ​សង្គម វប្បធម៌​របស់​​អង្គការសហ​ប្រជា​ជាតិ​។

សម្រាប់​ប្រធានសមាគមអាដហុករូប​នេះ នេះជាការ​បរាជ័យមួយរបស់​រដ្ឋាភិបាលកម្ពុជា ​​ក្នុង​ការខក​ខាន​លើ​​ការ​​​លើក​​កម្ពស់​ក្នុងការ​​​​គោរពសិទ្ធិ​មនុស្ស ​​ក៏ដូចជា​មិន​ទាន់​បាន​ឆ្លើយតប​ជាវិជ្ជ​មាន​ចំពោះ​ការ​ស្នើ​​ឡើ​ង ​ឬក៏​ជា​អនុសាសន៍​​របស់​សហ​គមន៍អន្តរជាតិ​​ មាន​អង្គការសហ​ប្រជា​ជាតិ​ សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជាដើម ​ដើម្បី​ឱ្យ​កម្ពុជា​ស្តារឡើង​វិញ​នូវការ​ធ្លាក់​ចុះ​នៃ​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ ​ពិសេស​សិទ្ធិ​សេរី​​ភាព​​​បញ្ចេញ​មតិ​ និង​សិទ្ធិ​សេរី​ភាព​ជួបជុំ​​។

លោកថា៖ «ចំពោះការបន្តចាប់ឃុំខ្លួន​ទៅលើ​សកម្មជន​ទាំង​អស់ហ្នឹង ដោយសារតែការ​ប្រើប្រាស់ភាព​សកម្ម​​​របស់​ខ្លួន​​​នៅក្នុងការ​បញ្ចេញមតិ ​ខ្ញុំយល់​ថា ពុំ​មែន​ជាការ​អនុវត្ត​ច្បាប់​ត្រឹម​ត្រូវ​​នៅក្នុង​​ប្រទេស​មួយ​ដែល​​ប្រកាន់​នូវគោល​ការណ៍នីតិរដ្ឋទេ។​ យើង​ដឹង​ហើយ ​ថ្វីត្បិត​តែនៅក្នុង​មាត្រាមួយ​ចំនួន​នៃរដ្ឋ​ធម្មនុញ្ញ​ក៏​​ដូច​​ជា​កតិការ​សញ្ញា ស្តីពីសិទ្ធិ​ពល​រដ្ឋ​​នយោបាយ​ ទាក់​ទង​ទៅនឹងការ​បញ្ចេញមតិ​​ដែល​អាច​រិតត្បិត​បាន​ក៏ដោយ ​ក៏ប៉ុន្តែការ​រិតត្បិតសេរីភាព​បញ្ចេញ​​មតិនេះ ​ត្រូវតែមានកក្តា​ចាំបាច់​មួយចំនួន ទើ​ប​រដ្ឋាភិបាល​ទើប​អាជ្ញាធរ​​អាច​ធ្វើការ​រិតត្បិត​​បាន ​មិន​មែន​យើង​​ផ្អែក​តែលើកក្តាច្បាប់ ​ដោយមិនមាន​ហេតុផល​សមរម្យ ​ហើយ​​យើង​​យក​ទៅធ្វើការ​រិតត្បិតសេរីភាព​ទាំងអស់នឹងទេ»។

ជាមួយគ្នា​នេះ ​លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត​សភាកម្ពុជា ​​បាន​ថ្លែង​​​នៅ​ក្នុង​កិច្ច​ពិភាក្សាតុមូល​​កាល​ពីថ្ងៃទី​១៣ខែ​មីនា ​ក្រៅពី​ជំរុញ​ឱ្យ​រដ្ឋភិបាល​ធ្វើ​​កំណែទម្រង់ ​និង​កម្ចាត់​អំពើ​ពុក​រលួយ​​បក្ខ​ពួកនិយម​​ជាបន្ទាន់ ​លោក​ក៏បាន​ជំរុញ​ឱ្យ​ធ្វើ​ទំនើប​បកម្ម​វិស័យ​ការ​ពារ​ជាតិ ​និង​ក៏​ត្រូវ​បណ្តុះ​​ស្មារតី​​សាមគ្គី​​ឯក​ភាព​​ជាតិ​​ក្នុង​ចំណោម​ប្រជាជាតិ​ខ្មែរផងដែរ។

លោកថា៖ «គឺ​យើង​បណ្តុះ​ស្មារតី​សាមគ្គី​ឯក​ភាព​ជាតិ​​ទស្សនវិជ្ជាសម្រាប់មនុស្ស​ជំនាន់​ក្រោយ​ហ្នឹង ​គឺ​សំខាន់​​​​ណាស់ ហើយ​​ដើម្បី​ធ្វើ​អាហ្នឹង​បាន ​គឺ​ត្រូវ​បើក​ចិត្ត​ទូលាយ​ជជែកគ្នា​ មាន​បើក​ទ្វារ មាន​បិទ​ទ្វា​រ យើង​​ជជែក​គ្នា​​​ទៅ ​អាហ្នឹង​គឺល្អ​មែន​ទែន​ ​ហើយ​កុំ​រើស​អើង​នយោបាយ​​មក​ពីនេះ​​មក​ពីនោះ ​ខ្ញុំ​ស្អប់​បំផុត ​អ្នក​រើស​អើង​​នយោបាយ ខ្ញុំស្អប់ណាស់​​និយាយ​ត្រង់​ហ្នង​ទៅ​ ពីព្រោះ​វាអត់​មាន​ប្រយោជន៍អី​សោះ»។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​​លោក​ ប៉ែន បូណា​ អ្នក​នាំពាក្យ​រដ្ឋាភិ​បាល ដើម្បី​ស្នើ​សុំ​ធ្វើការ​អត្ថាធិប្បាយ​លើ​បញ្ហានេះ​បាន​​ទេ​ នៅថ្ងៃទី​២០ខែ​មីនា​នេះ។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ថៃ​បាន​បើកការ​ឈ្លាន​ពាន​យ៉ាង​កំរោល​​មក​លើ​ទឹកដីកម្ពុជាលើក​ទី១ ​​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​​​២០២៥​​មក ​​ទាំង​​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​​តែង​តែ​ថ្លែង​ផ្ញើសារ​​អំពាវនាវ​ឱ្យ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​រួប​រួម​សាមគ្គី​គ្នា ​ក្រោម​ហេតុផលថា ខ្មែររួប​រួម​ខ្មែរខ្លាំង​ខ្មែរ​ឈ្នះ​។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំហើយ ​គេមិនត្រឹម​តែមិន​​ឃើញ​មាន​តម្រុយ​ណា​​មួយ​ ដែលបង្ហាញ​ថា លោក ​ហ៊ុន សែន ​និង​លោក​ ហ៊ុន ម៉ាណែត ​ធ្វើ​ការបង្រួប​បង្រួមជាតិ ​​តាម​រយៈ​ការ​​ដោះ​​លែង ​ឬក៏ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​អ្នក​នយោបាយ​​ប្រឆាំង ​​ឬសកម្មជន​សង្គម​​ណាម្នាក់​នោះ​ទេ​ ថែម​ទាំ​ងនៅ​តែ​សម្រុក​បង្កើន​​ការចាប់​ឃុំខ្លួន​អ្នក​នយោ​​បាយ​​ប្រឆាំង ​និង​សង្គម​ជាបន្តបន្ទាប់​បន្ថែម​ទៀត ​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ជាប់​ឃុំ​បាន​​កើនឡើង​រហូត​ដល់​ជិត​១០០​នាក់​នៅ​ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ