ផ្លូវលំមួយខ្សែចាប់ពីផ្លូវសាមសិប ឆ្ពោះទៅផ្សារភូមិភាគខាងមុខប្រាសាទអង្គរវត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កំពុងរងខូចខាតមានជង្ហុកច្រើន ហើយនៅរដូវវស្សាផ្នែកខ្លះផ្លូវមានភក់ល្បាប់ពិបាកធ្វើដំណើរ។ បញ្ហានេះកើតមានជាង ១០ឆ្នាំមកហើយ ពុំទាន់ឃើញអាជ្ញាធរដោះស្រាយឱ្យជ្រះស្រឡះនៅឡើយទេ។
រីឯផ្លូវមួយខ្សែទៀតក្នុងតំបន់អង្គរ ចាប់ពីផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង ឆ្ពោះទៅតំបន់រដ្ឋបាលសាលាខេត្តសៀមរាបចាស់ក៏រងការខូចខាតជាច្រើនឆ្នាំមកហើយដែរ ដោយគ្មានការកែលម្អ និងជួសជុលឡើងវិញនៅឡើយទេជាង ១០ ឆ្នាំកន្លងទៅនេះ ។
ចំណែកឯផ្លូវខ្លះទើបតែសាងសង់រួចរាល់ថ្មីៗនេះ កំពុងរងការខូចខាតជាបណ្ដើរៗដូចជា ផ្លូវក្រាលកៅស៊ូ ចាប់ពីផ្សារអង្ក្រងក្នុងឃុំកន្ទ្រាំង ជាប់ផ្លូវជាតិលេខ៦ ឆ្ពោះទៅឃុំត្បែង ស្រុកបន្ទាយស្រី ដែលមានប្រវែងជិត ២០ គីឡូម៉ែត្រ (១៨.៤៥៤) ក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនាគ្មានគុណភាពនោះទេ។ នេះបើតាមការលើកឡើងរបស់ពលរដ្ឋ ដែលវីអូឌីសម្ភាសន៍ផ្ទាល់។
ពលរដ្ឋរស់នៅតំបន់អង្គរក្នុងសង្កាត់គោកចក លោក អុល តុល ប្រាប់វីអូឌីនៅថ្ងៃទី២០ ខែមីនាថា ផ្លូវក្រាលកៅស៊ូមុខផ្ទះរបស់លោកខូចខាតរៀងរាល់ឆ្នាំ ខណៈដែលផ្លូវនេះសម្បូរភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទៅទស្សនាអង្គរ។
លោកថា ជិត ១០ឆ្នាំកន្លងទៅនេះ ផ្លូវក្រាលកៅស៊ូមួយនេះ ឱ្យតែដល់រដូវភ្លៀងបែកភក់ស្អុយលូបង្គន់ ហើយនៅរដូវប្រាំងជង្ហុកដីហុយ លំបាកដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។ ជារឿយៗលោកថា តែងតែមានគ្រោះថ្នាក់ចរាចរណ៍។
លោក អុល តុល និយាយថា៖«វល់បែកភក់បែកម៉ាប់អ៊ីចឹង ហើយដល់ពេលអត់ភ្លៀងហុយ ហុយខ្លាំងពិបាករស់នៅ ចម្រានហូបចុក ហុយពិបាកនៅទាំងអស់គ្នា។ មើលតុ កន្លែងលក់ដូរហុយពេញហ្នឹង ហើយពុំមែនមួយឆ្នាំ ២ឆ្នាំទេ រាប់ឆ្នាំ តាំងពីខ្ញុំមក ២០១៨មក ឃើញតែអ៊ីចឹង អត់ដែលឃើញស្អាតបានយូរផង»។
ពលរដ្ឋម្នាក់ទៀតរស់នៅតំបន់អង្គរ លោក គុច គិម ទទួលស្គាល់ថា រដ្ឋាភិបាលកសាងផ្លូវមួយចំនួនក្នុងក្រុងសៀមរាបល្អប្រសើរច្រើន ក៏ប៉ុន្តែមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ លោកថា នៅពេលផ្លូវលំបាកធ្វើដំណើរ សហគមន៍មូលដ្ឋានមានជីវភាពពឹងផ្អែកលើវិស័យទេសចរជាអ្នករងគ្រោះផ្ទាល់ ហើយភ្ញៀវទេសចរក៏ធុញទ្រាន់ដែរ។
លោកបញ្ជាក់ថា ពលរដ្ឋជាច្រើនពាន់គ្រួសាររស់នៅតំបន់អង្គរ និងអ្នកទេសចររាប់ពាន់នាក់ក្នុងមួយថ្ងៃៗតែងតែធ្វើដំណើរលើផ្លូវនេះ ក៏ប៉ុន្តែនៅគ្រាផ្លូវខូចមានជង្ហុកច្រើន មិនបានឆ្លើយតបនឹងតម្រូវការចាំរបស់របស់ពលរដ្ឋនៅឡើយទេ។
លោកអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយរឿងនេះ និងកសាងផ្លូវមានគុណភាពគ្មានអំពើពុករលួយ។
លោក គុច គិម និយាយថា៖ «ផ្លូវហ្នឹងមានការលំបាក ជង្ហុកច្រើនជួបការលំបាក ផ្លូវធ្វើដំណើរ ទៅមកៗមានជង្ហុក ជូនកាលពេលធ្វើដំណើរមានភ្ញៀវទៅលេងអង្ករ វាអត់ស្រួល»។
ពលរដ្ឋខេត្តសៀមរាប ឆ្ងល់ថា រដ្ឋាភិបាលទទួលបានប្រាក់ចំណូលរាប់រយលានដុល្លារ ពីវិស័យទេសចរណ៍ក្នុងមួយឆ្នាំៗ តាមរយៈលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក៏ប៉ុន្តែល្បឿននៃការអភិវឌ្ឍផ្លូវថ្នល់ តាមភូមិ/ឃុំ/សង្កាត់នៅតែតិចតួចនៅឡើយ មិនទាន់គ្រប់ជ្រោងជ្រោយ។
ពលរដ្ឋខ្លះ អស់ជំនឿចិត្តចំពោះការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល តាមរយៈកសាងផ្លូវជាអាទិភាព ដូចការសន្យានៅមុនពេលបោះឆ្នោតជាច្រើនអាណត្តិមកហើយ។
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំកន្ទ្រាំងស្រុកប្រាសាទបាគង អ្នកស្រី ហ៊ាន ចុត សង្កេតឃើញថា កន្លងទៅ អាជ្ញាធរធ្វើផ្លូវគ្មានគុណភាពនោះទេ ប្រើប្រាស់មិនបានប៉ុន្មានឆ្នាំផងផ្លូវខូច ដោយមានជង្ហុកច្រើន ងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍។
អ្នកស្រីថា ក្នុងពេលផ្លូវខូចពិបាកធ្វើដំណើរ អាជ្ញាធរមិនពន្លឿនជួសជុល ឬកសាងភ្លាមៗនោះឡើយ ទុកឱ្យផ្លូវខូចកាន់តែធ្ងន់រាប់សិបឆ្នាំ ទើបអាជ្ញាធរកសាងថ្មី។ ក៏ប៉ុន្តែនៅពេលកសាងផ្លូវថ្មីរួចរាល់ក្នុងឆ្នាំ ២០២៥ អាជ្ញាធរនៅតែស្ថាបនាផ្លូវគ្មានគុណភាពដដែលៗ។
អ្នកស្រី ហ៊ាន ចុត និយាយថា៖ «គេធ្វើឱ្យស្អាត ជាប់ឱ្យយូរអង្វែងទៅមុខទៀត វគ្គមុន ធ្វើទៅខូច បាន១ខែ ២ខែខូចអស់»។
វីអូឌី មិនទាន់អាចទាក់ទង សុំការបំភ្លឺជុំវិញរឿងនេះ ពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
កន្លងទៅ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយផ្តោតកសាងហេដ្ឋារចនាសម្ព័ន្ធ ឬផ្លូវថ្នល់មានគុណភាពធ្វើឱ្យពលរដ្ឋមានជីវភាពរស់នៅសមរម្យ ឆ្លើយតបនឹងតម្រូវការជាអាទិភាពរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណតម្លៃជីវិតរស់នៅរបស់ពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ឱ្យប្រើប្រាស់គោលនយោបាយនេះ ហើយណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ រួមទាំងសហគមន៍មូលដ្ឋានជនបទ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចូលរួមសហការឱ្យបានពេញលេញ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី យល់ថា ផ្លូវមានសារៈសំខាន់ជួយសម្រាលសេដ្ឋកិច្ចសហគមន៍ និងលើកកម្ពស់វិស័យទេសចរ ប្រសិនបើអាជ្ញាធរកសាងផ្លូវមានគុណភាពគ្រប់ច្រកល្ហក នឹងចូលរួមកាត់បន្ថយភាពក្រីក្រច្រើន ព្រមទាំងលើកមុខមាត់ជាតិផងដែរ។
លោកថា ដើម្បីកុំឱ្យខ្មាសភ្ញៀវទេសចររដ្ឋាភិបាលគួរតែជួសជុលផ្លូវ និងកសាងផ្លូវមានគុណភាពរួមចំណែកជួយសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។
លោក ខៀវ ធី និយាយថា៖ «ផ្សារភូមិភាគ និងភូមិគោកតាចាន់ មុខអង្គរវត្ត។ ជួសជុលដដែលៗខូចដដែលៗ ផ្លូវនេះភ្ញៀវទេសចរប្រើច្រើនដែរ សង្ឃឹមថា អាជ្ញាធរខេត្តនឹងជួសជុលផ្លូវ ចាប់ពីផ្លូវ ៣០ ម៉ែត្រ ទៅផ្លូវបាឡុង នឹងជួយសម្រាលចរាចរណ៍របស់យើង ហើយក៏ជួយសម្រាលសេដ្ឋកិច្ចរបស់អ្នកភូមិដែរ»។
ពលរដ្ឋទទូចឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋ ផ្សាភ្ជាប់វិស័យទេសចរ ដោយត្រូវកសាងផ្លូវមានគុណភាព និងស្តង់ដារខ្ពស់គ្រប់ច្រកល្ហកទាំងអស់ដូចប្រទេសជិតខាង។ ពួកគាត់យល់ថា ការស្ថាបនាផ្លូវមានគុណភាពល្អមិនត្រឹមតែជួយដល់សកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍នោះទេ វាក៏ជាមធ្យោបាយទាក់ទាញឱ្យតំបន់អង្គរ ដែលចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាន់តែល្បីល្បាញបន្ថែមទៀត៕









