ចំពេលដែលរដ្ឋាភិបាលកម្ពុជាសាកល្បងដាក់ឱ្យអនុវត្តគោលការណ៍លើកលែងទិដ្ឋាការដល់ពលរដ្ឋចិន រយៈពេល៤ខែ ចាប់អនុវត្តចាប់ពីថ្ងៃទី១៥ខែមិថុនានេះទៅ ដើម្បីសង្ក្រោះវិស័យទេសចរណ៍នោះ អ្នកឃ្លាំមើលព្រួយបារម្ភថា ឧក្រិដ្ឋកម្មអនឡាញនឹងងើបឡើងវិញ បើការអនុវត្តច្បាប់ខ្វះតម្លាភាព។
ជ្រុងមួយនៃក្តីបារម្ភនេះ ក្នុងវេទិការដំណើរទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន រៀបចំនៅខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ទី១៨ ខែមីនា មន្ត្រីរដ្ឋាភិបាលបានសម្រេចបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” រហូតដល់បំណាច់ឆ្នាំ២០២៧។
ក្នុងនោះ កម្ពុជា ក៏បានសម្រេចដាក់ឱ្យអនុវត្តគោលការណ៍ លើកលែងទិដ្ឋាការដល់ពលរដ្ឋចិន រយៈពេល៤ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចេណ៍ និងអ្នកវិនិយោគចិន ចូលមកកម្ពុជាឱ្យបានច្រើនថែមទៀត។
អភិបាលរងខេត្តព្រះសីហនុ លោក ឯម ភាព បង្ហាញក្តីសង្ឃឹមថា ការសម្រេចដាក់ឱ្យអនុវត្តគោលការណ៍ លើកលែងទិដ្ឋាការដល់ពលរដ្ឋចិន រយៈពេល៤ខែរបស់រដ្ឋាភិបាលនេះ ជាការបើកទំព័រសករាជថ្មីមួយទៀតនៃគោលនយោបាយបើកចំហរជើងមេឃ ក្រោមក្របខណ្ឌ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥-២០២៦»។
លោកគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយនេះ ដើម្បីបង្ហាញអំពីឆន្ទៈនិងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាវិស័យសក្តានុពលផ្សេងៗទៀត រវាងកម្ពុជា-ចិន ផងដែរ។
សម្រាប់មន្ត្រីរដ្ឋាភិបាលរូបនេះ គោលការណ៍លើកលែងទិដ្ឋាការដល់ពលរដ្ឋចិននេះ មិនប៉ះពាល់ដល់ វិធានការប្រយុទ្ធប្រឆាំង និងឧក្រិដ្ឋកម្មអ៊ីនធឺណិត និងប្រតិបត្តិការឆបោកខុសច្បាប់ Scams Online នោះទេ ដោយបង្ហាញជំនឿថា រដ្ឋាភិបាលបានប្ដេជ្ញាខ្ពស់លុបបំបាត់សកម្មភាពឆបោកនេះ ជាមួយភាគីពាក់ព័ន្ធអន្តរជាតិ រួមទាំងសមភាគីចិនផងដែរ។
យ៉ាងណា សម្រាប់អ្នកតាមដានវិញ មានជំនឿតិចតួចលើការអនុវត្តគោលនយោបាយនេះថា បានជោគជ័យ ពួកគេជឿថា ឧក្រិដ្ឋកម្មអនឡាញនឹងងើបឡើងវិញ តាមរយៈយន្តការនេះ បើការអនុវត្តច្បាប់ខ្វះតម្លាភាព និងមិនបោសសម្អាត ក្រុមឧក្រិដ្ឋជនក្នុងបញ្ជីខ្មៅឱ្យអស់ជាមុននោះ ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការសម្រេចលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន មិនមានអ្វីខុសទាស់ទេ ប៉ុន្តែអ្វីដែលលោកបារម្ភ គឺការអនុវត្តច្បាប់ និងរបៀបគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលវានឹងធ្វើឱ្យឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាងើបឡើងវិញ។
លោកថា៖«ដោយសារតែយើងជួបប្រទះនូវវិបត្តិផ្ទួនៗគ្នា ដូច្នេះការលើកកម្ពស់វិស័យទេសចរណ៍ និងការវិនិយោគទុននេះ យើងនៅតែរំពឹងតែទៅលើប្រទេសចិនទេ ដែលអាចមានសក្តានុពលវិស័យទាំងពីរ នៅកម្ពុជា។ សម្រាប់ការយល់ឃើញរបស់ខ្ញុំ មិនមានអ្វីខុសទេ ក៏ប៉ុន្តែរឿងមួយដ៏សំខាន់នោះ គឺយើងត្រូវធ្វើម៉េច ដើម្បីកុំឲ្យមេរោគចាស់វិលត្រឡប់មកវិញ គឺមេរោគឧក្រិដ្ឋកម្មឆ្លងដែននេះ»។
លើសពីនេះ លោកចោទជាសំណួរថា តើមកដល់ពេលនេះ រដ្ឋាភិបាលបានចាត់វិធានការហើយឬនៅចំពោះឧក្រិដ្ឋជនដែលជាប់ក្នុងបញ្ជីខ្មៅនៃបទឧក្រិដ្ឋឆបោក ដែលគេរកឃើញថាកំពុងមានវត្តមាននៅកម្ពុជា។
លោកថា៖ «ខ្ញុំមិននិយាយថា ជនជាតិចិនសុទ្ធតែអាក្រក់ទាំងអស់ទេ ក៏ប៉ុន្តែតើរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចស្រេចហើយឬនៅ ក្នុងការត្រួតពិនិត្យ ហើយនឹងធ្វើការគ្រប់គ្រងជនអន្តោប្រវេសន៍ ចូលមកស្រុកយើង ជាពិសេសពីប្រទេសចិន ឬពីប្រទេសមួយចំនួនទៀត ដែលជាប់នៅក្នុងបញ្ជីស្គែមអនឡាញ។ ហើយយើងរៀនសូត្រពីបទពិសោធន៍ហ្នឹង ហើយរៀបចំផែនការថ្មី ដើម្បីជៀសវាងកុំឲ្យយើងបើកចំហរមោ រួចហើយវានឹងវិលទៅរករបួសចាស់វិញ ដែលធ្វើឲ្យយើងពិបាកនៅក្នុងការដោះស្រាយ»។
ប្រហាក់ប្រហែលនេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា ឧក្រិដ្ឋកម្មអនឡាញដែលគេរកឃើញថា បានរីករាលដាលខ្លាំងនៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងងើបឡើងវិញ តាមរយៈគោលនយោបាយបើកលំហជើងមេឃថ្មីនេះ បើរដ្ឋាភិបាលមិនអាចកាត់ផ្តាច់ប្រព័ន្ធបញ្ជារបស់ពួកឧក្រិដ្ឋជនបាន។
លោកថា៖ «ឬក៏អាចប្រើទិដ្ឋាការចូលនោះ ដើម្បីទៅប្រព្រឹត្តអំពើអប្បាយមុខមួយចំនួន ដូចយើងបានដឹងបានឮកន្លងមក ទាក់ទងជាមួយស្គែមអនឡាញ។ ហើយត្រង់ចំណុចនេះ រដ្ឋាភិបាល គឺត្រូវតែធ្វើការដោយយកចិត្តទុកដាក់ ដើម្បីធានាថា ពួកគេនឹងមិនអាចប្រើលេសណាមួយ ដើម្បីធ្វើឲ្យពួកគេអាចរស់នៅ ឬក៏អាចឆ្លងកាត់ចូលមកក្នុងប្រទេសកម្ពុជា ហើយអាចយកទៅប្រើប្រាស់នៅក្នុងមធ្យោបាយទុច្ចរិតផ្សេងៗ »។
យ៉ាងណា លោកគិតថា គោលនយោបាយនេះ អាចជោគជ័យ បើមានការធានាអះអាងរវាងរដ្ឋនិងរដ្ឋថា លំហូរចូលជនជាតិគេមកកម្ពុជា ពួកគេទាំងនោះមិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ។
លោកថា៖ «ត្រូវតែមានការធានាពីរដ្ឋ និងរដ្ឋ តាមរយៈការផ្តល់ព័ត៌មានជាក់លាក់របស់ភ្ញៀវទេសចរ ឬក៏អ្នកដែលត្រូវទទួលទិដ្ឋាការចូលមកក្នុងប្រទេសកម្ពុជាហ្នឹង។ តើគោលបំណងរបស់គាត់មានភាពច្បាស់លាស់ឬអត់? តើគាត់មកក្នុងក្រុមអ្នកទេសចរ តើមានក្រុមហ៊ុនទេសចរណ៍ខ្មែរទទួលឬអត់? ហើយបើសិនជាពួកគាត់មកក្នុងលក្ខណៈផ្ទាល់ខ្លួន តើគាត់មានការធានាពីប្រជាពលរដ្ឋចិន ដែលរស់នៅក្នុងប្រទេសកម្ពុជា ឬក៏មានក្រុមហ៊ុនណាធានាពួកគាត់ដែរឬអត់?»។
ជុំវិញបញ្ហានេះ លោក ចេន ហ្ស៊ី ជាទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបានស្ថាប័នអន្តរជាតិចាត់វិធានការបង្កកទ្រព្យសម្បត្តិ ក្រោយពីរកឃើញថា ឧកញ៉ាលំដាប់់ខ្ពស់នៅកម្ពុជារូបនេះ ជាមេឧក្រិដ្ឋជនលំដាន់អន្តរជាតិ។
ច្រើនខែក្រោយមក ពោលគឺនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចាប់ បញ្ជូន លោក ចេន ហ្ស៊ី ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់ ដោយមិនទុកកាត់ទោស នៅកម្ពុជាឡើយ បើទោះបីមេឧក្រិដ្ឋជនរូបនេះទទួលបានសញ្ជាតិខ្មែរក៏ដោយ។
លើសពីនេះ អំឡុងខែឧសភា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ចអាមេរិក តាមរយៈបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) បានស្នើឱ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ។
តាមប្រភពនោះ លោក ហ៊ុន តូ ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបោកបញ្ឆោតក្នុងទំនាក់ទំនងស្នេហាផ្លូវភេទ ការបោកប្រាស់ក្នុងគម្រោងវិនិយោគ ឬការចាប់ជំរិតជាដើម និងថា ក្រុមហ៊ុន Huione ក៏ជាបណ្តាញលាងលុយកខ្វក់ឱ្យក្រុមចោរព័ត៌មានវិទ្យា ឬHacker កូរ៉េ។
បន្ថែមពីនេះ អាមេរិកក៏បានរកឃើញ ឧកញ៉ា ទ្រីភាព និងឧកញ៉ា លី យ៉ុងផាត់ ក៏ជាប់ពាក់ពន្ធនឹងបទឧក្រិដ្ឋប្រហាក់ប្រហែលគ្នានេះដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមឧកញ៉ាដែលស្ថិតក្នុងបញ្ជីខ្មៅ នៃឧក្រិដ្ឋកម្មនេះ មិនត្រូវបានចាប់ខ្លួនយកមកកាត់ទោសទេ បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តបោសសម្អាតបណ្តាញមេខ្លោងឧក្រិដ្ឋកម្មក្តី។
ជាការកត់សម្គាល់ ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ច្រើនខែមកនេះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនសង្ស័យភាគច្រើន គឺជាជនជាតិចិន។
ការរីករាលដាលនៃបទឧក្រិដ្ឋអនឡាញនេះ ស្ថាប័នអន្តរជាតិជាច្រើន បានលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជាមិនអាចកម្ទេច និងទប់ស្កាត់ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពបាននោះទេ ដោយសារតែឥស្សរជននយោបាយជាន់ខ្ពស់សំខាន់ៗរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនជាប់ពាក់ព័ន្ធដោយត្រង់ និងដោយប្រយោលជាមួយឧស្សាហកម្មកខ្វក់នេះ។
របាយការណ៍ «ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៥ (TIP)» ចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥រកឃើញថា “មន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សារដ្ឋាភិបាលទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការ រួមទាំងជាម្ចាស់កម្មសិទ្ធិនៃទីតាំងប្រតិបត្តិការឆបោកទាំងនោះ។ ការគប់គិតគ្នាជាផ្លូវការនៅគ្រប់កម្រិតរហូតដល់មន្ត្រីជាន់ខ្ពស់ បានរារាំងសកម្មភាពអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលនៅតែរីករាលដាលនៅឆ្នាំនេះ”។
របាយការណ៍របស់គណៈកម្មការពិនិត្យឡើងវិញអំពីសេដ្ឋកិច្ច និងសន្តិសុខ អាមេរិក-ចិន នៃសភាខុនក្រែសរបស់សហរដ្ឋអាមេរិក ចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖ “យោងតាមរបាយការណ៍ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់កម្ពុជាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ជាមួយបណ្តាញឧក្រិដ្ឋជនចិនដែលកំពុងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេស៕









