សមាគមអាដហុក បង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៥ នៅបន្តប្រឈមនឹងនិន្នាការរឹតត្បិតខ្លាំងលើសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងសិទ្ធិទទួលបានយុត្តិធម៌ ខណៈការប្រើប្រាស់បទចោទព្រហ្មទណ្ឌ ជាពិសេសបទ «ញុះញង់» ដើម្បីដាក់សម្ពាធលើការបញ្ចេញមតិរិះគន់ ការគំរាមកំហែងលើសកម្មជន និងការរឹតត្បិតសេរីភាពជួបជុំដោយសន្តិវិធី បានធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងអាចប៉ះពាល់ដល់កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។
របាយការណ៍ស្ថានភាពសិទ្ធិមនុស្ស ស្តីពី «ឆ្លុះបញ្ចាំងការអនុវត្តសេរីភាពមូលដ្ឋានឆ្នាំ២០២៥» របស់សមាគមអាហុក ចេញផ្សាយថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៦ បានលើកឡើងថា ផ្អែកលើទិន្នន័យឃ្លាំមើលឆ្នាំ២០២៥ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរទេ បើធៀបនឹងឆ្នាំ២០២៤ ជាពិសេសបញ្ហាប្រឈមនឹងនិន្នាការរឹតត្បិតលំហរសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងបញ្ហាប្រព័ន្ធយុត្តិធម៌។
តាមរយៈរបាយការណ៍កម្រាស់១៩ទំព័ររបស់ខ្លួន សមាគមអាដហុកបានរកឃើញ និងចងក្រងករណីរំលោភសិទ្ធិ និងការរឹតត្បិតសេរីភាពចំនួន ២១៥ករណី ក្នុងឆ្នាំ២០២៥ ក្នុងនោះមានជនរងគ្រោះ និងអ្នកទទួលរងផលប៉ះពាល់ដោយផ្ទាល់ប្រមាណ ១៥ ០៣៩នាក់ (ស្រី្ត ៥០.៣%) ដែលភាគច្រើនជាអ្នកមានជីវភាពក្រីក្រ និងជំពាក់បំណុល។ ហើយការរឹតត្បិតសេរីភាពភាគច្រើន ផ្តោតទៅលើសកម្មជននិយោបាយ និងសកម្មជនសង្គម រួមមាន អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សហជីព និងក្រុមយុវជន ព្រមទាំងអ្នកបើប្រាស់បណ្តាញសង្គមក្នុងការបញ្ចេញមតិ។
សម្រាប់និន្នាការរឹតត្បិតសេរីភាពបញ្ចេញមតិ អាដហុករកឃើញថា មានការប្រើប្រាស់បទ ញុះញង់ នៃក្រមព្រហ្មទណ្ឌ យ៉ាងទូលំទូលាយ ដើម្បីចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នលើបុគ្គលដែលបញ្ចេញមតិរិះគន់តាមបណ្តាញសង្គម ដោយមិនមានភស្តុតាងច្បាស់លាស់បញ្ជាក់ពី«ហានិភ័យជាក់ស្តែងនឹងអាចកើតមានអំពើហិង្សា ឬបទឧក្រិដ្ឋដែលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈជិតមកដល់» នោះឡើយ។
សមាគមអាដហុក បានគូសបញ្ជាក់ក្នុងសំណេរដើមថា៖ «យោងតាមរបាយការណ៍ឃ្លាំមើលឆ្នាំ២០២៥ មានការចាប់ខ្លួននិងឃុំខ្លួនសរុបចំនួន ៨៧ករណី(មនុស្ស៨៧នាក់ក្នុងនោះស្ត្រី០៣នាក់) ដែលផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ខែ ទៅ៦ឆ្នាំជាង។ ក្នុងនោះ ៤១ករណី ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ដោយសារការបញ្ចេញមតិតាមបណ្តាញសង្គម(ហ្វេសប៊ុក) អំពីភាពអសកម្មរបស់រដ្ឋាភិបាលអំពីបញ្ហាព្រំដែន អំពីសេចក្តីព្រាងច្បាប់ដកសញ្ជាតិ អំពីបញ្ហាផ្តល់ប័ណ្ណក្រីក្រ និងអំពីករណីចាប់ជំរិត(Scame)នៅកម្ពុជា»។
ចំណែក ការរឹតត្បិតសេរីភាពជួបជុំដោយសន្តិវិធី អាដហុកលើកឡើងថាមាន ៧៥% នៃសកម្មភាពផ្សព្វផ្សាយនិងវគ្គបណ្តុះបណ្តាល ត្រូវបានអាជ្ញាធរមូលដ្ឋានរារាំង ឬឃ្លាំមើលយ៉ាងតឹងរឹង ដែលការអនុវត្តបែបនេះ ជាការជ្រៀតជ្រែកលើសិទ្ធិឯកជន និងសេរីភាពជួបជុំដោយសន្តិវិធី ផ្ទុយពីស្មារតីច្បាប់។
សម្រាប់បញ្ហាប្រព័ន្ធយុត្តិធម៌ និងការទទួលបានយុត្តិធម៌ តាមរយៈការឃ្លាំមើលសវនាការ អាដហុក រកឃើញមានករណីឃុំខ្លួនបណ្តោះអាសន្នលើសកំណត់ និងការលើកពេលសវនាការដោយមិនកំណត់ថ្ងៃច្បាស់លាស់ ដែលសកម្មភាពទាំងនេះប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិទទួលបានយុត្តិធម៌ ធានការដោយកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សិទ្ធិជំនុំជម្រះដោយឆាប់រហ័ស និងសិទ្ធិមេធាវីក្នុងការចូលប្រើសំណុំរឿង ខណៈជនរងគ្រោះជាង ៩០ភាគរយដែលសមាគមរកឃើញ មិនដាក់ពាក្យបណ្តឹង ដោយសារខ្វះទំនុកចិត្ត ភ័យខ្លាច និងខ្វះជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌។ ក្រៅពីនោះ អាដហុកក៏រកឃើញទិន្នន័យធ្វើទារុណកម្មមានចំនួន ២៦ករណី ក្នុងអំឡុងពេលសួរចម្លើយ ដោយមានការប្រើអំពើហិង្សាបង្ខំឱ្យសារភាព និងផ្តិតមេដៃលើកំណត់ហេតុ។
បើតាមអង្គការផ្នែកសិទ្ធិមនុស្សមួយនេះ សេរីភាពមូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះសំខាន់នៃប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការដាក់កម្រិត ការរឹតត្បិតសេរីភាពជាមូលដ្ឋាននាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន ហើយការប្រើប្រាស់បទចោទព្រហ្មទណ្ឌ ជាពិសេសបទញុះញង់ ដើម្បីដាក់សម្ពាធលើការបញ្ចេញមតិរិះគន់ ការរឹតត្បិតសេរីភាពជួបជុំដោយសន្តិវិធី ការគំរាមកំហែងសកម្មជន និងការធ្វើទារុណកម្មក្នុងដំណាក់កាលសួរចម្លើយមានលក្ខណៈស្រដៀងៗគ្នា ដែលអាចប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងអាចប៉ះពាល់ដល់កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។
អាដហុកថា៖ «សរុបមក និន្នាការទាំងនេះ បង្កឥទ្ធិពលអវិជ្ជមានដល់ការគោរពសិទ្ធិមនុស្ស និងទំនុកចិត្តសាធារណៈលើប្រព័ន្ធយុត្តិធម៌។ ដើម្បីធានាបរិយាកាសសង្គមដែលគោរពសិទ្ធិសេរីភាព តាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ តម្រូវឱ្យមានការកែទម្រង់ជាប្រព័ន្ធ ការអនុវត្តច្បាប់ដោយស្មើភាព និងការគោរពកាតព្វកិច្ចសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងស្តង់ដាអន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់»។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍បន្ថែមលើរបាយការណ៍ថា អ្វីដែលជាឧបសគ្គខ្លាំងនៃការរារាំងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងសិទ្ធិនយោបាយនោះ គឺការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ជាពិសេសបទ ញុះញង់ ដើម្បីចោទប្រកាន់ទៅលើអ្នកហ៊ានបញ្ចេញមតិរិះគន់ ដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ការណ៍នេះ លោកថា សមាគមអាដហុកបានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ក្នុងការដោះស្រាយ និងកែលម្អនូវភាពអវិជ្ជមានទាំងនោះឡើងវិញ។
លោក យិន ម៉េងលី ថ្លែងថា៖ «ទី១គឺពាក់ព័ន្ធទៅនឹងរឿងក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និង៤៩៥នេះ យើងចង់ឱ្យមានការធ្វើវិសោធនកម្ម ដែលយើងមើលឃើញថា ច្បាប់នេះវាអត់ស្របគ្នាទៅនឹងច្បាប់អន្តរជាតិទេ ហើយជាពិសេសគឺសេចក្តីពន្យល់ទូទៅលេខ៣៤ របស់អង្គការសហប្រជាជាតិ អំពីសេរីភាពនៃគំនិតនិងការសម្តែងមតិនេះ គឺឃើញថាវាផ្ទុយគ្នា អីចឹងសុំទៅរដ្ឋាភិបាល ឬក៏ក្រសួងពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់នេះចេញ»។
ក្រៅពីនោះ លោកថា សមាគមក៏ស្នើដល់ក្រសួងមហាផ្ទៃ ពង្រឹងការអនុវត្តសេចក្តីជូនដំណឹងលេខ២០០៦ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ និងដាក់ពិន័យដល់អាជ្ញាធរមូលដ្ឋានដែលមិនអនុវត្តតាម ឬអនុវត្តផ្ទុយពីសេចក្តីជូនដំណឹងនោះ ដោយរឹតត្បិតសេរីភាពនៃការជួបជុំ និងសកម្មភាពរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។
ជាមួយគ្នានោះ លោកក៏ជំរុញឱ្យពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ អំពីសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងធានាសិទ្ធិជំនុំជម្រះឆាប់រហ័សនិងយុត្តិធម៌ កែលម្អការគ្រប់គ្រងសវនាការ និងធានាសិទ្ធិមេធាវីចូលប្រើសំណុំរឿងពេញលេញផងដែរ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះ ពីអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក ស៊្រាង ចិន្តា បានទេ ខណៈអ្នកនាំពាក្យមួយរូបទៀត គឺ លោក ប៉ា ប៉ុណ្ណារ៉ាដា បដិសេធឆ្លើយតប ដោយថាជាប់ធុរៈផ្ទាល់ខ្លួន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ស្របចំពោះការរកឃើញរបស់សមាគមអាដហុកដែរ ខណៈលោកសង្កេតឃើញមានការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ជាពិសេសបទ ញុះញង់ ដែលជាបទចោទដ៏ពេញនិយម ត្រូវបានចោទប្រកាន់ទៅលើអ្នកហ៊ានបញ្ចេញមតិរិះគន់។
លោកថា៖ «ជាក់ស្តែងយើងឃើញចឹងមែន ទោះបីជាយើងមិនមែនជាអ្នកស្រាវជ្រាវដើម្បីធ្វើរបាយការណ៍អី ប៉ុន្តែការរស់នៅជាក់ស្តែង យើងពិនិត្យឃើញអញ្ចឹង ឃើញបទញុះញង់ស្អីៗ ការចោទប្រកាន់ហ្នឹងជាហូរហែចឹង ធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិហ្នឹង មែនទែនធ្វើឱ្យមាន ការភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋ សម្រាប់អ្នកកាសែត សម្រាប់អ្នកបញ្ចេញមតិក្នុងសង្គមអីហ្នឹង មានការព្រួយបារម្ភ។ ហើយស្ថានភាពសិទ្ធិមនុស្សជាមូលដ្ឋានហ្នឹង មិនបានប្រសើរឡើង ខ្ញុំមើលឃើញកត្តាចាំបាច់មួយ គឺគណបក្សក្រៅរដ្ឋាភិបាល ព្រោះមិនមានសំឡេងដែលអាចមានប្រសិទ្ធភាពបាន ជាពិសេសជាអ្នកតំណាងរាស្ត្រក្តីអីក្តីនៅក្នុងសភាហ្នឹងហាក់ដូចជា វាអត់មានសំឡេងជំទាស់ ហើយអត់មានសំឡេងដើម្បីការពារពលរដ្ឋដែលមានមតិ ឬក៏មាននិន្នាការផ្ទុយពីរដ្ឋាភិបាលហ្នឹង ម្លោះហើយវាធ្វើឱ្យស្ថានភាពនៅចឹងហើយ។ បើសិនជាប្រព័ន្ធប្រជាធិបតេយ្យយើងមានភាពប្រសើរឡើង បញ្ហានីតិរដ្ឋមានភាពប្រសើរឡើង ការគោរពសិទ្ធិមនុស្សវាប្រសើរឡើងហើយ»។
បើតាម លោក អ៊ូ ច័ន្ទរ័ត្ន កត្តាចាំបាច់ដើម្បីស្តារការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺមានតែការរៀបចំប្រព័ន្ធប្រជាធិបតេយ្យឱ្យបានប្រសើរឡើង និងការពង្រឹងនីតិរដ្ឋ ជាពិសេសការរៀបចំការបោះឆ្នោតមួយដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការការពារសិទ្ធិមនុស្សលីកាដូ ក៏បានចេញអត្ថបទខ្លីមួយ ដោយលើកឡើងស្រដៀងគ្នាដែរថា ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរនៃសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែមានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះ បានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្តាញសង្គម។
ប្រភដដែលបន្តថា ក្រោយការចាប់ខ្លួន អាជ្ញាធរបានប្រើប្រាស់បទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ ដើម្បីចោទប្រកាន់លើពលរដ្ឋទាំងនោះ ដែលបទចោទនេះ អាចនឹងឱ្យពួកគាត់ជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ។
អង្គការសិទ្ធិមនុស្សមួយនេះ បានអំពាវនាវដល់រាជរដ្ឋាភិបាល គោរព និងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងអស់ ក្នុងការបញ្ចេញគំនិត មតិយោបល់ និងទស្សនៈរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្តាញសង្គមនោះទេ ហើយអាជ្ញាធរត្រូវតែបញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន និងសកម្មជននយោបាយ ដោយគ្រាន់តែអ្នកទាំងនោះបានបញ្ចេញមតិរបស់ពួកគេ ៕









