រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានសម្តែងការឈឺចាប់ និងសោកស្តាយជាពន់ពេក ពេលបានទៅឃើញប្រាសាទព្រះវិហារ ត្រូវរងការខូចខាតយ៉ាងដំណំ ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ ក្នុងសង្គ្រាមឈ្លានពានចំនួន២លើក ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ។ ប៉ុន្តែអ្នកស្រីមិនបាននិយាយពីការប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារឱ្យទទួលខុសត្រូវចំពោះការខូចខាតនេះឡើយ។
សកម្មភាពឈ្លានពាន និងរំលោភបំពានប្រមាថមាក់ងាយយ៉ាងកំរោលរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និងបាញ់ផ្លោងដាក់ប្រាសាទដែលជាសម្បតិបេតិកភណ្ឌពិភពលោកនេះ ត្រូវបានគេមើលឃើញថា គឺបានកើតឡើងបន្ទាប់ពី លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រើតុលាការឱ្យរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន ដែលជាការដកចេញនូវប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ធ្វើឱ្យកម្ពុជាមានការបែកបាក់ជាតិ និងចុះខ្សោយកាន់តែខ្លាំង ទើបធ្វើឱ្យថៃហ៊ានប្រមាថមើលងាយកម្ពុជាយ៉ាងខ្លាំង ដែលពុំធ្លាប់កើតមានពីមុនមកបែបនេះ។
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសរសេរនៅលើបណ្តាញសង្គមរបស់អ្នកស្រី កាលពីថ្ងៃទី២២ខែមីនា ក្នុងសំណេរដើមជាមួយនឹងរូបថតឈរនៅជាប់ជញ្ជាំងប្រាសាទ ដែលត្រូវគ្រាប់កាំភ្លើងឡើងសុះថា៖ «ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ ជាស្នាមរបួសនៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។ ទាំងថ្ម ទាំងមនុស្សឈឺផ្សាដូចៗគ្នា។ ឈរលើកំពូលភ្នំក្រោមកម្លាំងព្យុះ ព្រះវិហារគឺជាទឹកភ្នែកមួយដំណក់នៃបេតិកភណ្ឌខ្មែរ ដែលកំពុងដក់ជាប់នៅលើផ្ទៃមុខមនុស្សជាតិ ក្រោមលំហនៃពេលវេលាជាអន្តន»។
សំណេរនេះ បានសរសេរឡើងបន្ទាប់ពីកាលពីថ្ងៃទី២០ ខែមីនា អ្នកស្រីបានដឹកនាំក្រុមការងារទៅពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ។
ក្នុងបេសកកម្មលើកនេះ អ្នកស្រីរដ្ឋមន្រ្តី និងក្រុមការងារ បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុត ចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
អ្នកស្រី សកុណា បាននិយាយថា ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះ មានទំហំរាប់រយដង លើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅ ដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២កន្លែង។
អ្នកស្រីរដ្ឋមន្ត្រី លើកឡើងថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះបើផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។
វីអូឌី មិនអាចទាក់ទង លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះបានទេ នៅថ្ងៃទី២៣ខែមីនានេះ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី២៣ខែមីនានេះថា ករណីប្រាសាទព្រះវិហារ កម្ពុជាមានឯកសារផ្លូវច្បាប់រឹងមាំ និងសាលដីការបស់តុលាការអន្តរជាតិ ដែលបានសម្រេចឱ្យកម្ពុជាឈ្នះក្តី កាលពីឆ្នាំ១៩៦២ និងចេញសេចក្តីបញ្ជាក់បន្ថែមពីភាពស្របច្បាប់របស់កម្ពុជាក្នុងការកាន់កាប់លើតំបន់បេតិកភណ្ឌដ៏ល្បីល្បាញមួយនេះ កាលពីឆ្នាំ២០១៣។ លោកថា បច្ចុប្បន្នកម្ពុជាគ្រាន់តែកសាងឯកសារបន្ថែម ពាក់ព័ន្ធនឹងថៃបំផ្លិចបំផ្លាញនឹងដាក់ទៅតុលាការឡាអេទៅ ដើម្បីទាមទារឱ្យថៃសងជំងឺចិត្ត។
លោកថា៖ «ករណីប្រាសាទព្រះវិហារឱ្យថៃទទួលខុសត្រូវការបំផ្លិចបំផ្លាញទាំងអស់។ អាហ្នឹងយើងនិយាយតែចំពោះករណីប្រាសាទព្រះវិហារតែមួយទេ ដែលធ្លាប់មានសាលក្រមរួចហើយ នៅតុលាការឡាអេ ហើយសំណុំរឿងប្រាសាទព្រះវិហារ អាចប្តឹងដោយឡែកក៏បានដែរ ចង់ឱ្យថៃសងជំងឺចិត្តមកកម្ពុជាពីព្រោះអាហ្នឹងជាការបំផ្លាញបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ដូច្នេះអ្នកស្រី ភឿង សកុណា ហ្នឹងមិនអាចសម្តែងអារម្មណ៍ហ្នឹងឱ្យសាធារណជនដឹងថា អូ! មានការសោកស្តាយធម្មតាបានទេ ពីព្រោះគាត់ជាថ្នាក់ដឹកនាំរដ្ឋាភិបាលមួយរូបដែរ អ៊ីចឹងគាត់គួរដឹងថាតើគាត់គួរធ្វើអីចំពោះការខូចខាតប្រាសាទព្រះវិហារហ្នឹង ត្រូវឱ្យថៃទទួលខុសត្រូវយ៉ាងម៉េច»។
ជាមួយគ្នានេះ លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីអមរិន្ទ បានថ្លែងថា ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិភណ្ឌពិភពលោកទៅហើយ ហើយតំបន់នោះក៏មានផ្លាកសញ្ញាថាជាតំបន់បេតិភណ្ឌពិភពលោកដែរ នេះមានន័យថា មិនអាចមានប្រទេសណាមួយ មកប៉ះពាល់បាននោះទេ។ ដូចនេះ ប្រសិនបើថៃបានធ្វើឱ្យខូចខាតដោយបាញ់ផ្លោងគ្រាប់កាំភ្លើងចូលតំបន់នោះ ហើយបណ្តាលឱ្យមានការខូចខាតនោះ ប្រាកដជាត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត។
ប៉ុន្តែលោកថា ថៃប្រាកដជាអះអាងថា កម្ពុជាបានដាក់កងទ័ព និងកំាភ្លើងផ្លោងក្នុងតំបន់នោះ ហើយបានបាញ់ទៅលើខ្លួន ទើបខ្លួនផ្លោងកាំភ្លើងធំចូលតំបន់នោះ។ ដូច្នេះបើថៃមានភស្តុតាងបង្ហាញថា មានទ័ពកម្ពុជានៅក្នុងតំបន់នោះមែននោះ នោះកម្ពុជាអាចទៅជាអ្នកទទួលខុសត្រូវចំពោះការខូចខាតនោះទៅវិញ។ ដូចនេះជាការសំខាន់ណាស់ ដែលកម្ពុជាត្រូវមានភស្តុតាងរឹងមាំ បង្ហាញពីទ្រង់ទ្រាយពេលប្រាសាទមិនទាន់មានការខូចខាត បង្ហាញភស្តុតាងឱ្យឃើញថានៅទីនោះមិនមានវត្តមានកងទ័ព ឬកាំភ្លើងរបស់កម្ពុជានោះទេ ហើយបង្ហាញឱ្យឃើញថា គឺទ័ពថៃជាអ្នកធ្វើឱ្យខូចខាតនិងការខូចខាតមានទំហំប៉ុណ្ណាជាដើម។
បើតាមមេធាវីចាស់វស្សារូបនេះ ក្នុងរឿងនេះ អង្គការសហប្រជាជាតិ បានត្រឹមតែធ្វើការថ្កោលទោសតែប៉ុណ្ណោះ ដូចនេះ ដើម្បីទាមទារឱ្យមានការសងការខូចខាតនោះ កម្ពុជាត្រូវដាក់ពាក្យបណ្តឹងទៅICJ ព្រោះមានតែតុលាការទេ ដែលមានសិទ្ធិសម្រេចឱ្យសង ឬមិនសង ដូចនេះ បើយើងមិនដាក់ពាក្យប្តឹងទាមទារ ថៃប្រាកដជាមិនអើពើឡើយ។
សម្រាប់ លោក ម៉ែន ណាត ដែលក៏ជាអ្នកជំនាញកិច្ចការព្រំដែនម្នាក់ផងដែរនោះ បានផ្តល់ជាគំនិតថា មិនមែនមានតែប្រាសាទព្រះវិហារតែមួយទេ ដែលកម្ពុជាត្រូវប្តឹងថៃ គឺត្រូវយកសំណុំរឿងព្រំដែនទាំងអស់ ដែលថៃបានប្រើកម្លាំងទ័ពចូលមកដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ប្តឹងទៅតុលាការអន្តរជាតិទាំងទៅ ICJ និង ICC រួមទាំងយន្តការច្បាប់អន្តរជាតិផ្សេងៗទៀត ដើម្បីទាមទារឱ្យថៃសងជំងឺចិត្ត និងត្រូវតែដកកងទ័ពចេញពីទឹកដីកម្ពុជាឱ្យអស់។
លោកថា៖ «យើងទទូចហើយទទូចទៀតរដ្ឋាភិបាលកម្ពុជាគួរធ្វើកិច្ចការងារនេះ ឱ្យបានញាប់ដៃញាប់ជើងក្នុងការកសាងឯកសារប្តឹងថៃទៅតុលាការអន្តរជាតិ។ អានេះយើងនិយាយដោយឡែក ក្រៅពីការងារការទូត និងដោយឡែកពីការប្រើសិទ្ធិការពារខ្លួន ករណីថៃញុះញង់បំពានកម្ពុជាបន្តទៀត។ ឥឡូវករណីនេះអ្នកស្រី ភឿង សកុណា បានទៅឃើញហើយ ប្រាសាទព្រះវិហារវាខូចខាតយ៉ាងម៉េចហើយ ឱ្យរដ្ឋមន្ត្រីដទៃទៀត ឱ្យសមាជិករដ្ឋសភាដទៃទៀត រួមទាំង លោក ហ៊ុន ម៉ាណែត ផងឱ្យដើរមើលតំបន់ព្រំដែនថាតើខូចខាតរងគ្រោះអ្វីខ្លះ រួចត្រូវធ្វើអ្វីខ្លះ ដើម្បីបំពេញបំណងប្រាថ្នារបស់កម្ពុជា ក្នុងនាមជាមេដឹកនាំជាតិដូចជាទាមទារឱ្យថៃទទួលខុសត្រូវចំពោះការបំផ្លាញទ្រព្យសម្បត្តិខ្មែរ និងទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជាឱ្យអស់»។
ការសែត The Nation Thailand កាលពីពេលថ្មីៗនេះ បានចុះផ្សាយសំដីរបស់ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានចោទកម្ពុជាថា បានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ប៉ុន្តែក្រសួងវប្បធម៌តាមរយៈសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយបញ្ជាក់ថា កម្ពុជាមានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការការពារប្រាសាទព្រះវិហារ ដូចដែលបានបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
គណៈកម្មាធិការអាយស៊ីស៊ីព្រះវិហារ កាលពីថ្ងៃទី១៩ខែមីនា បានបើកកិច្ចប្រជុំពេញអង្គលើកទី១១ ដោយមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការបន្ទាន់ សង្រ្គោះប្រាសាទព្រះវិហារ ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធទាំងពីរលើក កាលពីឆ្នាំ២០២៥។ បើតាមក្រសួងវប្បធម៌ លទ្ធផលនៃកិច្ចប្រជុំពេញមួយថ្ងៃ អង្គប្រជុំ សហប្រធានចិន-ឥណ្ឌា ព្រមទាំងបណ្តារដ្ឋសមាជិក(ICC-Preah Vihear) និងអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធានទាំងពីរបានបង្ហាញជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះនៅពេលដែលស្ថានភាពវិលមករកប្រក្រតីភាពវិញ។
លោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ បានចាត់ទុកស្ថានភាពដែលកងទ័ពថៃចូលមកឈរជើងនៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្នថា ជារបត់គ្រោះថ្នាក់ និងបានជំរុញឱ្យមានតម្លាភាពលើបញ្ហាព្រំដែន និងអធិបតេយ្យភាពនៃបូរណៈភាពទឹកដី ដោយលោកថា បញ្ហានេះវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ជាតិនិយមខ្លាំងបំផុត។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់មានភាពល្បីល្បាញ ដោយសារតែភាពសកម្មយ៉ាងខ្លាំងរបស់លោក ក្នុងការតស៊ូមតិនៅក្នុងរដ្ឋសភា ដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ កាលពីគណបក្សប្រឆាំងមិនទាន់ត្រូវបានរំលាយរូបនេះ បានសរសេរលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី២២ខែមីនាថា៖ «ការផ្តល់ព័ត៌មានច្បាស់លាស់៖ រដ្ឋាភិបាលគួរបង្ហាញផែនទី ការចរចា និងភស្តុតាងច្បាប់អន្តរជាតិឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីជៀសវាងការយល់ច្រឡំ និងការផ្ទុះឡើងនៃកំហឹងមហាជន។ ការអភិវឌ្ឍតំបន់ព្រំដែន៖ បង្កើតឱ្យមានសកម្មភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដើម្បីបញ្ជាក់ពីការគ្រប់គ្រងជាក់ស្តែង»។
លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែន បាននិយាយថា ទឹកដីកម្ពុជាប្រមាណជាជិត៥០ទីតាំង មានទំហំរាប់រយគីឡូម៉ែតការ៉េ ដែលកងទ័ពថៃបានចូលមកដណ្តើមកាន់កាប់តាមអំពើចិត្ត ដោយគ្មានការទប់ស្កាត់ ចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកនោះ គឺមិនអាចទាមទារយកមកវិញបានទេ ប្រសិនបើកម្ពុជាមិនដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យជួយអន្តរាគមន៍ដោះស្រាយ និងកម្ពុជាមិនប្រើសិទ្ធិការពារទឹកដីរបស់ខ្លួនឱ្យសកម្មបំផុតទេនោះ៕









