អ៊ីរ៉ង់​គំរាម​សង​សឹក​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ឱសាន​វាទ​របស់ លោក ត្រាំ

អ៊ីរ៉ង់​ បាន​ព្រមាន​ថា ខ្លួន​នឹង​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល និង​ទឹក​នៅ​ទូទាំង​តំបន់​ឈូង​សមុទ្រ​ ប្រសិន​​បើ​ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក លោក Donald Trump អនុ​វត្ត​តាម​ការ​គំរាម​កំហែង​របស់​លោក​ ក្នុង​ការ​វាយ​ប្រហារ​លើ​បណ្តាញ​អគ្គិសនី​របស់​ខ្លួន ដែល​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​រំខាន​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​ ដែល​ពឹង​ផ្អែ​កខ្លាំ​ង​លើ​ការ​បន្សុទ្ធ​ទឹក​សមុទ្រ​សម្រាប់​ប្រើ​ប្រាស់​ជា​ទឹក​ពិសារ។

លោក Trump បានកំណត់ឱសានវាទនៅត្រឹមម៉ោងប្រហែល ៧:៤៥នាទីយប់ ម៉ោង​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេ​រិក​នា​​ថ្ងៃទី​២៣ខែ​មីនា ដោយ​បាន​ព្រមាន​កាល​ពី​យប់​ថ្ងៃ​ទី​២១ខែ​មីនា​ថា សហរដ្ឋ​អាមេរិក​នឹង​វាយ​ប្រហារ​រោង​ចក្រ​អគ្គិសនី​របស់​អ៊ីរ៉ង់ លុះ​ត្រា​តែ​ទីក្រុង​តេអេរ៉ង់​បើក​ច្រក​សមុទ្រ Hormuz ឡើង​វិញ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល ៤៨ ម៉ោង​។

លទ្ធ​ភាព​នៃការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បាន​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​កាន់​តែ​មាន​ភាព​​មិន​ប្រាកដ​ប្រជា ដោយ​តម្លៃ​ប្រេង​បាន​ចាប់​ផ្តើម​មាន​ការប្រែប្រួលខ្លាំងនៅក្នុងការជួញដូរដំបូងនៅតំបន់អាស៊ី។

បន្ទាប់​ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាអស់រយៈពេលជាងបីសប្តាហ៍​ ពីសំណាក់​សហរដ្ឋ​អាមេ​រិក និង​អ៊ីស្រា​អែល​ ដែល​​មន្ត្រី​នានា​លើក​ឡើង​ថា បាន​កាត់​បន្ថយ​សមត្ថ​ភាព​មីស៊ីល​របស់​អ៊ីរ៉ង់​យ៉ាង​ខ្លាំង​នោះ ទីក្រុង​តេ​អេរ៉ង់ នៅ​តែ​បន្ត​​បង្ហាញ​ពី​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ការ​វាយ​បក​វិញ។ សំឡេងស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារតាមអាកាស បាន​បន្លឺ​​ឡើងនៅពាសពេញផ្នែកខ្លះនៃភាគខាងជើង និងកណ្តាលនៃប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុងទែលអាវីវ (Tel Aviv) និងតំបន់វេសប៊ែង (West Bank) ដែលកំពុងស្ថិតក្រោមការកាន់កាប់ កាលពីយប់ថ្ងៃ២២មីនា ដើម្បីព្រមាន​​ពីមីស៊ីលដែលបាញ់មកពីប្រទេសអ៊ីរ៉ង់។

ប៉ុន្មានម៉ោងមុននេះ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានបញ្ចប់រលកនៃការវាយប្រហារ​លើ​ទីក្រុង​តេអេ​រ៉ង់​ ដែល​​​មាន​គោលដៅ​លើ​​មូល​ដ្ឋាន​ទ័ព ក៏​ដូច​ជា​ទីតាំង​ផលិត និងស្តុកទុកអាវុធផងដែរ។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr បានរាយការណ៍នៅព្រឹកថ្ងៃទី២៣ខែ​មីនានេះថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ស្ថានីយ៍​វិទ្យុ​មួយ​នៅ​ក្នុង​កំពង់​ផែ Bandar Abbas នៃ​ឈូង​សមុទ្រ​អ៊ីរ៉ង់ ហើយ​ប្រព័ន្ធ​ការ​ពារ​អាកាស​ត្រូវ​បានដំណើរការនៅភាគខាងកើតទីក្រុងតេអេរ៉ង់។

ការព្រមានរបស់លោក Trump បានកើតឡើងមិនដល់មួយថ្ងៃផង បន្ទាប់ពីលោកបានបង្ហាញសញ្ញាថា សហរដ្ឋ​អាមេ​រិក​ អាច​​នឹងពិចារណាកាត់បន្ថយជម្លោះ បើទោះបីជាកងម៉ារីន និងនាវាដឹកជញ្ជូនធុនធ្ងន់របស់​សហរដ្ឋ​អាមេ​រិក​​​កំពុង​​​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​ក៏​ដោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ លោក Ebrahim Zolfaqari បានថ្លែងថា៖ «ប្រសិន​បើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រេង​ឥន្ធនៈ និង​ថាមពល​របស់​អ៊ីរ៉ង់ ត្រូវ​បាន​វាយ​ប្រហារ​ដោយ​សត្រូវ នោះ​រាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល ក៏​ដូច​ជា​បច្ចេក​វិទ្យា​ព័ត៌​មាន… និង​ទីតាំង​បន្សុទ្ធ​ទឹកសមុទ្ររបស់សហរដ្ឋអាមេរិក និងរបស់ប្រទេសនៅក្នុង​តំបន់ នឹងក្លាយជាគោលដៅវាយប្រហារស្របតាមការព្រមានពីមុនៗ»។

ប៉ុន្តែខណៈដែលការវាយប្រហារលើប្រព័ន្ធអគ្គិសនីអាចប៉ះពាល់ដល់អ៊ីរ៉ង់ វាក៏អាចបង្កជាមហន្តរាយដល់ប្រទេសជិតខាង​​ក្នុង​តំបន់ឈូងសមុទ្រ ដែលប្រើប្រាស់ថាមពលក្នុងម្នាក់ៗច្រើនជាងអ៊ីរ៉ង់ប្រហែលប្រាំដង។ អគ្គិសនីគឺជាអ្វីដែល​​ធ្វើ​​ឱ្យទីក្រុងដ៏ទំនើបៗ​ នៅកណ្តាលវាលខ្សាច់របស់ពួកគេអាច​រស់នៅបាន ដោយផ្នែកខ្លះគឺតាមរយៈការផ្តល់​ថាម​ពល​​​​ដល់​រោងចក្របន្សុទ្ធទឹកសមុទ្រ ដែលផលិតទឹកសម្រាប់ប្រើប្រាស់ ១០០% នៅក្នុងប្រទេសបារ៉ែន និងកាតា។ រោង​​​ចក្រ​​​​ទាំង​នោះ​ ប្រើប្រាស់ទឹកសមុទ្រដើម្បីផ្គត់ផ្គង់តម្រូវការទឹកពិសាលើសពី ៨០% នៅក្នុងប្រទេសអារ៉ាប់រួម និង ៥០% នៃ​​ការ​​ផ្គត់ផ្គង់ទឹកនៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានសង្កត់ធ្ងន់បន្ថែមដោយសរសេរលើបណ្តាញសង្គម X ថា ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ និងទីតាំងថាមពលនៅក្នុងមជ្ឈិមបូព៌ា អាចនឹងត្រូវ “បំផ្លាញ​ចោល​ទាំង​ស្រុង​ដោយ​មិន​អាច​​ស្តារ​ឡើង​វិញ​បាន” ប្រសិនបើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ